ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានចុះកិច្ចព្រមព្រៀង​ជាមួយសមាគម និងអង្គការមិនមែន​រដ្ឋាភិបាលចំនួន​ ៣០ ក្នុងទំហំថវិកា​ជាង ១៨,៥ លានដុល្លារ​អាមេរិក សម្រាប់រយៈពេល ៣ ឆ្នាំ ក្នុងគម្រោង​ជួយដល់កិច្ច​គាំពារកុមារ ជនងាយ​រងគ្រោះ និងលើកកម្ពស់​សេដ្ឋកិច្ច​គ្រួសារក្រីក្រ។ 
 
ពិធី​ចុះហត្ថលេខានេះ ប្រព្រឹត្តឡើង​ក្រោមវត្តមានរវាង​លោក ស៊ូនី វង្សវិសិដ្ឋ រដ្ឋលេខាធិការ ក្រសួង​សង្គមកិច្ច ជាមួយនឹង​សមាគម អង្គការមិនមែន​រដ្ឋាភិបាលចំនួន ៣០ នៅទីស្តីការ​ក្រសួង កាលពីរសៀល​ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤។ នេះបើតាម​ការជូនដំណឹង​របស់​ក្រសួង​សង្គមកិច្ច​តាមរយៈ ហ្វេសប៊ុក។
 
នៅក្នុងចំណោម​អង្គការទាំង ៣០ ដែលបាន​ចុះហត្ថលេខា មានអង្គការ​អន្តរជាតិ (អង្គការមិនមែន​រដ្ឋាភិបាល​បរទេស) ចំនួន ១៦ និងអង្គការមិនមែន​រដ្ឋាភិបាលក្នុងស្រុក​ចំនួន ១៤។ 
 
ក្រសួង​សង្គមកិច្ចបញ្ជាក់​ថា៖«ក្នុងនោះ​សមាគម និងអង្គការ​មិនមែនរដ្ឋាភិបាល​ចំនួន ២០ អនុវត្ត​គម្រោងពាក់ព័ន្ធ​លើវិស័យ​កុមារ, សមាគម និងអង្គការ​ចំនួន ៦ អនុវត្ត​គម្រោងពាក់ព័ន្ធ​លើវិស័យ​គាំពារ​ជនរងគ្រោះ, សមាគម និងអង្គការចំនួន ៤ ទៀត អនុវត្តគម្រោង​ពាក់ព័ន្ធនឹង​វិស័យ​កិច្ចការគ្រួសារ»។ 
 
ឆ្លៀតក្នុងឱកាស​នោះ លោក ស៊ូនី វង្សវីស្សិត បានថ្លែងអំណរគុណ​ចំពោះសមាគម និងអង្គការមិនមែន​រដ្ឋាភិបាលទាំងអស់​ដែលបានសហការយ៉ាងល្អ​ជាមួយក្រសួង​សង្គមកិច្ច​នាពេល​កន្លងមក។ 
 
ពិសេសនោះ អង្គការបានបន្តខិតខំ​ស្វែងរក​មូលនិធិ អនុវត្តគម្រោង​ដែលជាប្រយោជន៍​ជួយគាំពារ និងអភិវឌ្ឍន៍​ដល់ស្ត្រី កុមារ ជនរងគ្រោះ និងងាយ​រងគ្រោះ គ្រួសារក្រីក្រ ដោយលោក​បានគូស​រំលេចថា កិច្ចការទាំងនេះ​នឹងចូលរួមចំណែក​ជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍ​សង្គមសេដ្ឋកិច្ច ស្របតាម​យុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ​របស់​រាជរដ្ឋាភិបាល​កម្ពុជា។
 
សូមជម្រាប​ថា បច្ចុប្បន្ន​មានអង្គការ សមាគមចំនួន ១៤២ បានចុះកិច្ចព្រមព្រៀង​អនុវត្ត​គម្រោង ជាមួយក្រសួង​សង្គមកិច្ច​អតីតយុទ្ធ ជននិងយុវនីតិ​សម្បទា ក្នុងនោះអង្គការ​ធ្វើការលើ​វិស័យ​កុមារ​ចំនួន ៩១ អង្គការ លើកិច្ចការគាំពារ​ជនរងគ្រោះចំនួន ១៥ អង្គការ និងកិច្ចការ​គ្រួសារចំនួន ១៧ និងតាម​វិស័យផ្សេងៗមួយ​ចំនួនទៀត៕