​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​លោក ស សុខា បាន​បន្ត​ណែ​នាំឱ្យ​រដ្ឋបាល​រាជធានី​-​ខេត្ត ចូលរួម​បង្ក្រាប​ទីតាំង​ល្បែងស៊ីសង​ដោយ​ខុសច្បាប់​ឱ្យបាន​ម៉ឺងម៉ាត់ ខណៈ​លោក​បាន​កត់សម្គាល់ថា ចំនួន​ទីតាំង​ល្បែង​តាម​អន​ឡាញ មាន​ច្រើនជាង​ចំនួន​ជាក់ស្ដែង​ដែល​ត្រូវបាន​ចុះបញ្ជី​ត្រឹមត្រូវ​ស្របតាម​ច្បាប់​។


ការណែនាំ​នេះ ធ្វើឡើង​នាឱកាស​លោក ស សុខា អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​គណៈកម្មការ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស នៃ​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ ដែល​បានរៀបចំ​នៅ​សាលាខេត្ត​បន្ទាយមានជ័យ កាលពី​ថ្ងៃទី ​១៥ ខែ​កម្ភៈ ឆ្នាំ​ ២០២៤​ នេះ​។

លោក​បាន​សង្កត់ធ្ងន់ថា​៖«​ត្រូវ​បង្ក្រាប​ឱ្យអស់​នូវ​ទីតាំង​បញ្ចាំ​ខុសច្បាប់ និង​ទីតាំង​ល្បែង​ផ្សងសំណាង​ឬ​ឡូតូ​ខុសច្បាប់ ដែល​មាននៅ​គ្រប់​ភូមិ ឃុំ សង្កាត់​»​។


លោក​ទទួលស្គាល់ថា នៅក្នុង​នីតិកាល​ទី​៦ ​កន្លងទៅ ថ្នាក់ដឹកនាំ​រដ្ឋបាល​រាជធានី-ខេត្ត និង​អាជ្ញាធរ​ពាក់ព័ន្ធ ពិតជា​មិនបាន​ព្រងើយកន្តើយ​ចំពោះ​បញ្ហា​ទាំងនេះ​មែន ប៉ុន្តែ​លោក​សម្គាល់​ឃើញថា វិធាន​ការដែល​បានធ្វើ​កន្លងមក​មិនទាន់មាន​ប្រសិទ្ធភាព​គ្រប់​ជ្រុងជ្រោយ​នៅឡើយ ពោលគឺ​ក្រុម​ជន​ទុច្ចរិត នៅតែមាន​ឱកាស​បើក​ទីតាំង​ទទួល​បញ្ចាំ​ខុសច្បាប់​ដដែល ហើយ​ទីតាំង​ខុសច្បាប់​ទាំងនេះ គឺជា​ជម្រក​នៃ​ការ​ទទួលផល​ចោរកម្ម​។  នេះ​បើតាម​ហ្វេ​ស​ប៊ុ​ក​ក្រសួងមហាផ្ទៃ​។

បន្ថែម​ពីនេះ​លោក​ឧបនាយករដ្ឋមន្ត្រី បាន​ណែ​នាំឱ្យ​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ យកចិត្តទុកដាក់​ត្រួតពិនិត្យ និង​បង្ក្រាប​ឱ្យបាន​ច្បាស់លាស់ ពីព្រោះ​ទិន្នន័យ​ជាក់ស្ដែង​បានបង្ហាញ​ថា​ចំនួន​ទីតាំង​ល្បែង​តាម​អន​ឡាញ​មួយ​នេះ មាន​ច្រើនជាង​ចំនួន​ជាក់ស្ដែង​ដែល​បាន​ចុះបញ្ជី​ត្រឹមត្រូវ​ស្របតាម​ច្បាប់​។


ការបង្ក្រាប​ទីតាំង​បញ្ចាំ​ខុសច្បាប់ និង​ការបង្ក្រាប​ទីតាំង​លេងល្បែង​ស៊ីសង​ខុសច្បាប់ រួមទាំង​ល្បែង​ផ្សងសំណាង សុទ្ធតែជា​គោលដៅ នៃ​ការអនុវត្ត​មរតក​គោលនយោបាយ​ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​។  

​គួររំឭកថា កាលពី​ថ្ងៃទី​ ១៤​ ខែកុម្ភៈ​ ថ្មីៗ​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត បានចេញ​បញ្ជា​តាមរយៈ​សារ​ជា​សំឡេង ឱ្យ​អភិបាល​រាជធានី ខេត្ត​ទាំងអស់​នៅ​ទូទាំងប្រទេស ត្រួតពិនិត្យ​ជាបន្ទាន់​លើ​ទីតាំង​ល្បែង​ផ្សងសំណាង ក្នុងករណី​មាន​បន្ត​បើក​ថ្មី​ទៀត ត្រូវ​ចាត់វិធានការ​បិទ​ជាប​ន្ទា​ន់ និង​រាយការណ៍​ផ្ទាល់​ជូន​លោក​។

លោកនាយក​រដ្ឋមន្ត្រីបាន​លើកឡើងថា នេះ​គឺជា​ពេលវេលា ដែល​ត្រូវ​ចូលរួម​ទាំងអស់គ្នា​ក្នុងការ​អនុវត្ត​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ក្នុងការ​បង្កើន​ការកសាង និង​ពង្រាយ​សមិទ្ធផល​វិជ្ជមាន ដូចជា​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត ផ្លូវថ្នល់ ភ្លើង ប្រឡាយទឹក ពង្រាយ​មន្ត្រី​កសិកម្ម​ទៅតាម​មូលដ្ឋាន បង្កើត​រោងចក្រ សហគ្រាស ដើម្បី​ជួយ​បង្កើត​ការងារ និង​បង្កើន​ចំណូល​ជូន​ដល់​ពលរដ្ឋ មិនមែនជា​ពេលវេលា​ដែល​ត្រូវ​យកចិត្តទុកដាក់​ពង្រាយ​ទីតាំង​ល្បែង​នោះទេ ទោះបីជា​មានច្បាប់​អនុញ្ញាត​ក៏ដោយ​៕