ក្រសួងសុខាភិបាល បានរៀបចំពិធីសំណេះសំណាលជាមួយគណៈវិជ្ជាជីវៈសុខាភិបាលទាំង ៥ ដើម្បីពិភាក្សារកវិធីសាស្រ្តលើកកម្ពស់ និងធានាស្តង់ដាគុណភាពរបស់អ្នកប្រកបវិជ្ជាជីវៈសុខាភិបាល ក្នុងការប្រតិបត្តិឱ្យបានត្រឹមត្រូវទាំងបច្ចេកទេសវិជ្ជាជីវៈ ក្រមសីលធម៌វិជ្ជាជីវៈ និងសម្បទាវិជ្ជាជីវៈ ក្នុងការផ្តល់សេវាសុខាភិបាលដែលមានសុវត្ថិភាពដល់អ្នកជំងឺ ឬអតិថិជន។
 
ពិធីសំណេះសំណាលនេះ ត្រូវបានរៀបចំឡើងកាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ ២០២៤ ក្រោមវត្តមានលោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជាមួយនឹងគណៈវិជ្ជាជីវៈសុខាភិបាលទាំង ៥ រួមមានគណៈគ្រូពេទ្យ គណៈទន្តពេទ្យ គណៈឆ្មប គណៈគិលានុបដ្ឋាក និងគណៈឱសថការី។ នេះបើតាមការជូនដំណឹងក្រសួងសុខាភិបាល តាមរយៈតេឡេក្រាម។
 
បន្ទាប់ពីទទួលជ្រាបនូវរបាយការណ៍សង្ខេប និងសំណូមពររបស់គណៈវិជ្ជាជីវៈសុខាភិបាលទាំង ៥ រួចមក លោក ឈាង រ៉ា បានផ្តល់នូវដំណោះស្រាយចំពោះបញ្ហាប្រឈមទាំងនោះ និងផ្តល់នូវអនុសាសន៍ជាគន្លឹះសំខាន់ៗ ដើម្បីការបម្រើសេវាសុខាភិបាលកាន់តែមានប្រសិទ្ធភាពថែមទៀតជូនដល់ប្រជាពលរដ្ឋ។


 ក្នុងជំនួបនោះ លោករដ្ឋមន្រ្តី បានណែនាំឱ្យផ្តោតសំខាន់លើការពង្រឹងកិច្ចសហប្រតិបត្តិការរវាងគណៈវិជ្ជាជីវៈសុខាភិបាលទាំងអស់ ក៏ដូចជា ជាមួយភាគីពាក់ព័ន្ធនានា និងគ្រប់កម្រិតទាំងថ្នាក់ជាតិ រាជធានី ខេត្ត និងថ្នាក់មូលដ្ឋាន (មន្ទីរពេទ្យ និងមណ្ឌលសុខភាព) ទាំងរដ្ឋ និងឯកជន។

 ត្រូវពង្រឹងតួនាទី និងភារកិច្ចដើម្បីធានាបាននូវក្រមសីលធម៌ វិន័យ និងវិធីសាស្រ្តក្នុងការបំពេញការងារ និងចូលរួមពង្រឹងការអនុវត្តច្បាប់ និងបទប្បញ្ញតិនានា ទាំងផ្នែកសាធារណៈ និងឯកជន ដើម្បីធានាគុណភាព និងសុវត្ថិភាពសេវា។ លោកបានគូសបញ្ជាក់ថា៖«ត្រូវពង្រឹងសមត្ថភាពទាំងស្ថាប័ន វិជ្ជាជីវៈទាំងមុនពេលបម្រើការងារ និងពេលកំពុងបម្រើការងារ និងក្នុងការបំពេញភារកិច្ចត្រូវប្រកាន់ខ្ជាប់នូវស្មារតី យុត្តិធម៌ ក្រមសីលធម៌ ព័ត៌មាន បច្ចេកវិទ្យា និងសមាហរណកម្ម»។
 
ពិធីសំណេះសំណាលខាងលើនេះ ត្រូវបានរៀបចំនៅទីស្តីការក្រសួងសុខាភិបាល និងតាមប្រព័ន្ធ ZOOM ដែលមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងសុខាភិបាល និងមន្រ្តីនៃគណៈវិជ្ជាជីវៈសុខា ភិបាលទាំង ៥ សរុបចំនួន ១០០៧ រូប ក្នុងនោះចូលរួមដោយផ្ទាល់ចំនួន ១០៥ រូប ក្នុងគោល បំណង ស្វែងយល់ពីសមិទ្ធផលបញ្ហាប្រឈម និងសំណូមពររបស់គណៈវិជ្ជាជីវៈសុខាភិបាល ក៏ដូចជាពិភាក្សា រកវិធីសាស្រ្តដើម្បីលើកកម្ពស់ និងធានាស្តង់ដាគុណភាពរបស់អ្នកប្រកបវិជ្ជាជីវៈសុខាភិបាល៕