លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំឱ្យមន្ដ្រីកសិកម្មឃុំដែលនឹងចុះបំពេញការងារឆាប់ៗខាងមុខនេះ ត្រូវក្តាប់ការងារ និងស្ថានភាពកសិកម្មឱ្យបានច្បាស់លាស់ ទាំងស្ថានភាពសេដ្ឋកិច្ច និងការផ្ដល់បច្ចេកទេសកសិកម្មដល់ប្រជាកសិករ ជាពិសេស ត្រូវបង្កើនកិច្ចសហការល្អជាមួយអង្គភាពពាក់ព័ន្ធ ដើម្បីជួយដោះស្រាយបញ្ហាប្រឈមផ្សេងៗជូនពលរដ្ឋឱ្យមានប្រសិទ្ធភាពបំផុត និងទទួលបានការផ្តល់ទំនុកចិត្តពីពលរដ្ឋ។
 
ការណែនាំនេះ បានធ្វើឡើង ក្នុងពេលដែលលោកបានអញ្ជើញជាអធិបតីក្នុងកម្មវិធីបិទវគ្គបណ្តុះបណ្តាលតម្រង់ទិសដំបូងសម្រាប់មន្ត្រីកសិកម្មឃុំ២៥០នាក់ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម មុននឹងពួកគេ ចាប់ផ្តើមការងារនៅតាមឃុំសង្កាត់ ក្នុងស្រុកចំនួន៨៩ នៃខេត្តចំនួន ១៧។


តាមរយៈហ្វេសប៊ុកក្រសួងកសិកម្ម បានឱ្យដឹងថា ក្នុងកម្មវិធីនេះ លោករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ណែនាំដល់មន្ត្រីកសិកម្មឃុំទាំង ២៥០ នាក់ ដែលទើបបានបញ្ចប់វគ្គបណ្តុះបណ្តាលតម្រង់ទិសដំបូង ត្រូវយល់ឱ្យបានច្បាស់ពីគោលនយោបាយអាទិភាពក្នុងវិស័យកសិកម្ម ដែលផ្ដោតសំខាន់លើការធានាសន្តិសុខស្បៀង និរន្តរភាពសេដ្ឋកិច្ច និងបរិស្ថានជាដើម។


លោកបានបញ្ជាក់៖«មន្ដ្រីកសិកម្មឃុំត្រូវក្តាប់ការងារ និងស្ថានភាពកសិកម្មឱ្យបានច្បាស់លាស់ ទាំងស្ថានភាពសេដ្ឋកិច្ច ទាំងការផ្ដល់បច្ចេកទេសកសិកម្មដល់ប្រជាកសិករ។មន្ត្រីរាជការ គឺត្រូវបម្រើប្រជាពលរដ្ឋដោយឧត្តមគតិ និងស្មារតីទទួលខុសត្រូវ។ ដូច្នេះ មន្ដ្រីកសិកម្មឃុំត្រូវយកចិត្តទុកដាក់បង្កើនចំណេះដឹង និងជំនាញវិជ្ជាជីវៈ ព្រមទាំងមានយុទ្ធសាស្ត្រការងារ និងកិច្ចសហការល្អជាមួយអង្គភាពពាក់ព័ន្ធ ដើម្បីជួយដោះស្រាយបញ្ហាប្រឈមផ្សេងៗជូនពលរដ្ឋឱ្យមានប្រសិទ្ធភាពបំផុត និងទទួលបានការផ្តល់ទំនុកចិត្តពីពលរដ្ឋ»។
 
បើតាមក្រសួងកសិកម្ម ការដាក់ពង្រាយមន្រ្តីកសិម្មឃុំនៅទូទាំងប្រទេសក្នុងអាណត្តិទី៧នេះ ដែលជំហានដំបូង ២៥០ នាក់ បន្ទាប់មក ៨០០ នាក់ និងសម្រាប់ឆ្នាំ២០២៥ ចំនួន ៥៥០ នាក់ សរុបទូទាំងប្រទេសចំនួន ១៦០០ នាក់។  

លោករដ្ឋមន្រ្តី បានបញ្ជាក់ថា ៖«ធ្វើយ៉ាងណាឱ្យប្រជាកសិករយើងគ្រប់រូប នៅគ្រប់ទីកន្លែងទទួលបានសេវាគាំទ្របច្ចេកទេសកសិកម្មពីមន្រ្តីកសិកម្មឃុំ នៅក្នុងឃុំសង្កាត់ទាំងជាង១៥០០ ទាំងផ្នែកបច្ចេកទេស ទីផ្សារ និងសម្របសម្រួលក្នុងការរកទុនជួយដល់កសិករ»។
 
ទាក់ទងនឹងការជួយដល់ប្រជាកសិករនេះដែរ លោករដ្ឋមន្ត្រី ឌិត ទីណា កាលពីថ្ងៃទី១៦ ខែកុម្ភៈ បានជួបជាមួយក្រុមហ៊ុន អាគ្រី ស្មាត (Agri Smart Innovation Co.,Ltd) ដោយលោករដ្ឋមន្រ្តី បានបង្ហាញនូវក្តីរីករាយដែលក្រុមហ៊ុនបានបង្ហាញនូវប្រភេទតួម៉ាស៊ីននីមួយៗ ដែលមានសារៈសំខាន់បម្រើដល់វិស័យកសិកម្ម។


លោករដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍ឱ្យក្រុមហ៊ុនមានការសិក្សាបច្ចេកទេស និងនវានុវត្តន៍ថ្មីបន្ថែមទៀតជួយដល់វិស័យកសិកម្ម និងដំណាំសក្តានុពលដូចជា ស្រូវ ស្វាយចន្ទី ជាដើម និងបានណែនាំឱ្យអគ្គនាយកដ្ឋានកសិកម្ម ពិនិត្យ និងតាមដានការងារវិស្វកម្ម ដោយចុះមើលដល់មូលដ្ឋានជាក់ស្តែង ព្រមទាំងដោះស្រាយបញ្ហាប្រឈមរបស់ប្រជាកសិករ ព្រមទាំងបង្កើនការយល់ដឹងបច្ចេកទេសប្រើប្រាស់ឱ្យត្រឹមត្រូវតាមស្តង់ដា និងមានប្រសិទ្ធភាព។

លោកបានបញ្ជាក់ថា៖«ការងារវិស្វកម្មនេះដើរតួសំខាន់ណាស់ក្នុងការបង្កភាពងាយស្រួល និងចំណេញពេលវេលានិងថវិកា ដើម្បីធ្វើយ៉ាងណាជួយកាត់បន្ថយថ្លៃដើមផលិតរបស់កសិករឱ្យមានប្រសិទ្ធភាព»៕