អង្គការជីវិតធម្មជាតិនៅកម្ពុជា បានផ្ដួចផ្ដើមបង្កើតក្រុមល្បាតដែលមានស្ដ្រីជាលើកដំបូង នៅក្នុងសហគមន៍ទួលនាងសាវផ្លូវហ្លួង ដើម្បីចូលរួមជាមួយក្រុមល្បាតបុរស ក្នុងកិច្ចការងារគ្រប់គ្រង និងអភិរក្ស ធនធានធម្មជាតិនៅក្នុងសហគមន៍របស់ខ្លួន។
លោក ប៊ូ វរសក្ស នាយកអង្គការជីវិតធម្មជាតិនៅកម្ពុជា បានប្រាប់ឱ្យដឹងនៅថ្ងៃទី១៨ ខែកុម្ភៈថា សហគមន៍ទួលនាងសាវផ្លូវហ្លួង ស្ថិតក្រោមការដឹកនាំដោយស្ដ្រី ក៏ប៉ុន្តែនៅក្នុងសហគមន៍នេះ នៅមិនទាន់មានសមាជិកជាស្ដ្រីបានចូលរួមលើការអភិរក្សធនធានធម្មជាតិច្រើននៅឡើយទេ។
លោកបានបន្តថា ហេតុនេះហើយបានជាអង្គការជីវិតធម្មជាតិនៅកម្ពុជា បានរៀបចំការបណ្ដុះបណ្ដាលពីតួនាទីយេនឌ័រ និងលើកកម្ពស់ការចូលរួមរបស់ស្ដ្រីក្នុងកិច្ចការងារការគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិក្នុងសហគមន៍របស់ពួកគាត់។
លោកបានបន្តទៀតថា ក្នុងកិច្ចការងារនេះដែរ ក៏មានការជំរុញស្ដ្រីឱ្យក្លាយជាអ្នកដឹកនាំឱ្យបានច្រើននៅក្នុងសហគមន៍ ខណៈដែលក្រុមចុះល្បាតធនធានធម្មជាតិភាគច្រើនជាបុរស ដែលជាអ្នកចូលរួម និងធ្វើការដឹកនាំ ក៏ដូចជាគ្រប់គ្រងនៅក្នុងសហគមន៍។
លោកប៊ូ វរសក្ស បានលើកឡើងថា ៖ «ដូច្នេះដើម្បីឱ្យមានវត្តមានស្ដ្រី បានចូលរួមកិច្ចការអភិរក្សធនធានធម្មជាតិ គឺអង្គការជីវិតធម្មជាតិនៅកម្ពុជា បានផ្ដួចផ្ដើមបង្កើតក្រុមល្បាតស្ដ្រី ដែលឥឡូវនេះ ក្រុមល្បាតស្ដ្រីទាំងនោះកំពុងចាប់ផ្ដើមការងារហើយ»។
បន្ថែមពីនេះ លោកថា ការចូលរួមរបស់ស្ដ្រី ក្នុងកិច្ចការងារចុះល្បាតធនធានធម្មជាតិ គឺមានសារៈសំខាន់ណាស់ពីព្រោះកន្លងមកស្ដ្រីតែងតែចូលរួមប្រជុំ ដើម្បីទទួលបានព័ត៌មានពីការអភិវឌ្ឍ ប៉ុន្តែការចូលរួមទាំងនោះ នៅមិនទាន់ធ្វើឱ្យស្ដ្រីទទួលបានព័ត៌មានគ្រប់គ្រាន់នោះទេ វាហាក់បីដូចជាខ្វះព័ត៌មានច្រើនពីទីតាំងដែលពួកគាត់គ្រប់គ្រងនៅក្នុងសហគមន៍ការពារធម្មជាតិនេះ។
លោកថ្លែងថា៖ «អ៊ីចឹង! ការចូលរួមល្បាតរបស់ស្ត្រីនេះ គឺពួកគាត់អាចនឹងដឹងស្ថានភាពនៅទីវាលថាវាមានការគំរាមកំហែងកម្រិតណា? ហើយធនធានធម្មជាតិនៅក្នុងសហគមន៍វាល្អកម្រិតណា?។ ទន្ទឹមនឹងនេះ ការចុះល្បាតពីស្ដ្រី វាអាចល្អជាងបុរស ក្នុងន័យថាគាត់អាចធ្វើការអប់រំផ្សព្វផ្សាយទៅដល់អ្នកដែលដកហូតធនធានធម្មជាតិនៅក្នុងសហគមន៍របស់គាត់»។
លោក ប៊ូ វរសក្ស បានឱ្យដឹងទៀតថា ក្រោយពីអង្គការជីវិតធម្មជាតិនៅកម្ពុជា បានផ្សព្វផ្សាយពីគំនិតផ្ដួចផ្ដើមនេះ មកដល់ឥឡូវនេះ មានស្ដ្រី ចំនួន ៨នាក់ បានចូលរួមជាសមាជិក និងជាក្រុមល្បាតជាមួយគណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិទួលនាងសាវផ្លូវហ្លួង ដើម្បីចូលរួមអង្កេតតាមដានជីវៈចម្រុះក្នុងសហគមន៍ចំនួន ៤ដងក្នុង១ខែ។
លោកបានថ្លែងថា៖ «យើងរៀបចំឱ្យគាត់ចុះល្បាតជាមួយក្រុមបុរស ក្នុង១ជើងមានបុរស ៣នាក់ និងស្ដ្រី២នាក់ អ៊ីចឹងខាងស្ដ្រីគាត់ជាអ្នកផ្សព្វផ្សាយ ចំណែកខាងបុរសជាអ្នកពិនិត្យមើលរាល់បទល្មើសផ្សេងៗក្នុងតំបន់ការពារធម្មជាតិទួលនាងសាវផ្លូវហ្លួង»។
លើសពីនេះទៀត លោកថា គំនិតផ្ដួចផ្ដើមថ្មីនេះ គឺអង្គការជីវិតធម្មជាតិនៅកម្ពុជា បានបង្កើតក្រុមល្បាតដែលមានស្ដ្រីជាលើកដំបូងនៅក្នុងសហគមន៍ទួលនាងសាវផ្លូវហ្លួងប៉ុណ្ណោះ។ ដោយឡែកនៅក្នុងសហគមន៍ផ្សេងទៀត គឺអង្គការរបស់លោកគ្រាន់តែជំរុញឱ្យមានស្ត្រីចូលរួម ដោយមិនទាន់មានការបង្កើតក្រុមល្បាតដែលជាស្ដ្រីនៅឡើយទេ។
លោកបន្ថែមថា ក៏ប៉ុន្តែនៅពេលអនុវត្តគំនិតផ្ដួចផ្ដើមនេះ នៅក្នុងសហគមន៍ទួលនាងសាវផ្លូវហ្លួងហើយ ប្រសិនជាមានប្រសិទ្ធភាពល្អយ៉ាងណានោះ គឺអង្គការជីវិតធម្មជាតិនៅកម្ពុជា នឹងគ្រោងពង្រីកទៅសហគមន៍ផ្សេងៗទៀតនៅទូទាំងប្រទេសដែលអង្គការនេះបានគាំទ្រ។
លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន មិនអាចទាក់ទងសុំការអធិប្បាយបានទេ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាម២០២៤។
សូមបញ្ជាក់ថា អង្គការជីវិតធម្មជាតិនៅកម្ពុជា បាននិងកំពុងអនុវត្ដគម្រោង «លើកកម្ពស់ការចូលរួមរបស់សហគមន៍ក្នុងការគ្រប់គ្រងតំបន់រ៉ាមសារស្ទឹងសែន» ក្រោមថវិកាគាំទ្ររបស់មូលនិធិ Critical Ecosystem Partnership Fund។
គោលបំណងសំខាន់មួយនៃគម្រោងគឺ ពង្រឹងសមត្ថភាព និងលើកកម្ពស់ការចូលរួមរបស់ស្ដ្រី តាមរយៈការរៀបចំវគ្គបណ្ដុះបណ្ដាល និងបង្កើតឱកាសចូលរួមនានាក្នុងសហគមន៍ ហើយគំនិតផ្ដួចផ្ដើមបង្កើតក្រុមល្បាតជាស្ដ្រីនេះ វាជាផ្នែកមួយនៃការអនុវត្តគម្រោងនេះផងដែរ៕