ព្រឹត្តិការណ៍​បុណ្យ​ទន្លេ​លើក​ទី​៨ នឹង​រៀបចំឡើង​រយៈពេល​២​ថ្ងៃ ពោលគឺ​ថ្ងៃទី​ ១៦ ដល់​ថ្ងៃទី ​១៨ ខែមីនា ឆ្នាំ ​២០២៤ ខាងមុខនេះ ដោយ​នឹងមាន​រៀបចំ​នូវ​ព្រឹត្តិការណ៍​កម្សាន្ត​ជាច្រើន ខណៈ​ក្រសួងទេសចរណ៍ និង​អាជ្ញាធរ​ខេត្តសៀមរាប​រំពឹងថា​នឹងមាន​ភ្ញៀវទេសចរ​ចូលរួម​នៅក្នុង​ព្រឹត្តិការណ៍​ធំ​ប្រចាំ​ឆ្នាំនេះ​។​


លោក តុ​ប សុភ័ក អ្នកនាំពាក្យ​ក្រសួងទេសចរណ៍ បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​១៨ ខែកុម្ភៈ​ថា ព្រឹត្តិការណ៍​បុណ្យ​ទន្លេ​លើក​ទី​៨​នេះ គ្រោង​នឹង​រៀបចំ សកម្មភាព​កម្សាន្ត​ជាច្រើន​ដូចជា ទស្សនីយភាព​សិល្បៈ ការតាំងពិព័រណ៍ ការប្រណាំង​កង់ ការរត់​កម្សាន្ត ការប្រណាំង​ទូក ការប្រកួត​វាយកូនគោល ជាដើម​។ 

​លោក​បាន​ប្រាប់​ឱ្យដឹងថា កាលពីដើម​ខែកុម្ភៈ​កន្លងទៅ ក្រសួងទេសចរណ៍ បាន​ចាត់តាំង​តំណាង​ចូលរួម​កិច្ចប្រជុំ​ពិភាក្សា​ការងារ និង​ពិនិត្យ​ទីតាំង​ត្រៀម​រៀបចំ​ព្រឹត្តិការណ៍​បុណ្យ​ទន្លេ​លើក​ទី​៨​រួចហើយ ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​បុណ្យ​ទន្លេ​ឆ្នាំនេះ មាន​ទស្សនីយភាព​ប្លែកៗ និង​អាច​ប្រព្រឹត្តទៅបាន​ដោយ​រលូន​ទទួលបាន​ភាពជោគជ័យ​។​


​លោក​បាន​បញ្ជាក់ថា​៖«​យើង​រំពឹងថា នឹងមាន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ចូលរួម​ព្រឹត្តិ​ក​ការណ៍​នេះ​ច្រើន ដូច​បណ្តា​ឆ្នាំមុនៗ​ដែរ​។ ក្រៅពី​មានបំណង​ចង់​ទាក់ទាញ​ភ្ញៀវទេសចរ​ចូលរួម​បុណ្យ​ទន្លេ​នេះ​ក៏​ជា​ឱកាស​បំផុស​ចលនា​មហាជន​ឱ្យ​ចូលរួម​ក្នុង​ការងារ​អភិវឌ្ឍន៍​ធនធាន​ទន្លេ​ប្រកបដោយ​និរន្តរភាព និង​ចូលរួម​សម្រេច​យុទ្ធនាការ​ពិពិធ​កម្ម​ទេសចរណ៍ តាមរយៈ​ការបង្កើត​ព្រឹត្តិការណ៍​ទេសចរណ៍​ថ្មីៗ នៅតាម​បណ្ដា​ខេត្ត ជាប់​តាម​ដង​ទន្លេ របស់​កម្ពុជា​ផងដែរ​»​។​


លោក តុ​ប សុភ័ក បាន​បន្ថែមថា ពិធីបុណ្យ​ទន្លេ​ត្រូវបាន​រៀបចំឡើង ក្នុង​គោលបំណង​បំផុស​ចលនា​មហាជន​ឱ្យ​ចូលរួម​ក្នុង​ការងារ​អភិវឌ្ឍន៍​ធនធាន​ទន្លេ​ប្រកបដោយ​និរន្តរភាព និង​ចូលរួម​សម្រេច​យុទ្ធនាការ​ពិពិធ​កម្ម​ទេសចរណ៍ តាមរយៈ​ការបង្កើត​ព្រឹត្តិការណ៍​ទេសចរណ៍​ថ្មីៗ សម្រាប់​ខេត្ត ជាប់​តាម​ដង​ទន្លេ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ឲ្យ​បាន​ច្រើន មក​ចូលរួម​ទស្សនា​កម្សាន្ត ក្នុងអំឡុង​ព្រឹត្តិការណ៍​នេះ​។


 លោក សំកុល សុចិ​ត្រា អភិបាលរង​ខេត្តសៀមរាប បានឱ្យដឹង​ដែរ​ថា រដ្ឋបាលខេត្ត​បាន​បើក​កិច្ចប្រជុំ​២​ដង​រួចមកហើយ ដើម្បី​ស្វែងរក​ធាតុ​ចូល​នានា​ពី​បណ្តា​មន្ទីរ​អង្គរ​ភាព និង​វិស័យ​ឯកជន ដើម្បី​ឲ្យ​ព្រឹត្តិការណ៍​បុណ្យ​ទន្លេ​លើក​ទី​៨ កាន់តែ​មាន​ភាព​ទាក់ទាញ​កាន់តែខ្លាំង​។

 លោក​បាន​បន្ថែមថា ខាង​មន្ទីរ​ពាក់ព័ន្ធ គ្រោង​នឹងមាន​ការរៀបចំ​បង្ហាញ​នូវ​រូបភាព​ត្រី​ទឹកសាប ជាពិសេស​ប្រភេទ​ត្រី​ដែល​ជិត​ផុត​ពូជ ការដាំ​កូនឈើ​នៅ​មាត់បឹង​ទន្លេសាប ការ​ជិះទូក​កម្សាន្ត​នៅ​សហគមន៍​ទេសចរណ៍​នានា ការរៀបចំ​ប្រកួត​ប្រដាល់​គុន​ខ្មែរ ការបង្ហាញ​នូវ​មុខម្ហូប​របស់​ខ្មែរ​ដែល​ផលិត​អំពី​សាច់​ត្រី​ទឹកសាប​កម្ពុជា ការប្រកួត​គូរគំនូរ​របស់​កុមារ​ដែលមាន​ខ្លឹមសារ​អប់រំ​បរិស្ថានផងដែរ​។​

លោក​បាន​ថ្លែងថា​៖«​គិត​ជា​រយៈពេល នៅ​មិនមាន​ពេលវេលា​ច្រើន​ប៉ុន្មាន​នោះទេ​។ ដូច្នេះ​ខ្ញុំ​រំពឹងថា កិច្ចប្រជុំ​នេះ​នឹង​ផ្តល់​ធាតុ​ចូល​សំខាន់ៗ​នានា ដើម្បីឱ្យ​ព្រឹត្តិការណ៍​នេះ​កាន់​តែមាន​សារប្រយោជន៍ កាន់តែ​ប្លែក និង​កាន់តែ​ទាក់ទាញ​។ មិនទាន់​សម្រេច​១០០​ភាគរយ​ទេ ដោយ​យើង​កំពុង​រៀបចំ​ខ្លឹមសារ​សំខាន់ៗ ដើម្បី​ដាក់ជូន​អភិបាលខេត្ត​ពិនិត្យ​និង សម្រេច បន្ទាប់មក​ទើប​ដាក់ជូន​ទៅខាង​ក្រសួងទេសចរណ៍​ដែលជា​អ្នករៀបចំ​ពិធីបុណ្យ​»​។​

បើតាម​លោក​អភិបាលរង​ខេត្ត តាម​ការគ្រោង​បុណ្យ​ទន្លេ​លើ​ទី​៨ ដែល​ធ្វើឡើង​នៅ​ខេត្តសៀមរាប នឹងធ្វើ​នៅលើ​ទីតាំង​សួនច្បារ​កន្លែង​ហាត់ប្រាណ​ជិត​ព្រះរាជដំណាក់ និង​នៅតាម​ដងស្ទឹង​សៀមរាប ដោយ​ព្រឹត្តិការណ៍​នេះ នឹងត្រូវ​រៀបចំ​ឲ្យ​សម្បូរបែប ដូចជា ទស្សនីយភាព​សិល្បៈ ការតាំងពិព័រណ៍ និង​សកម្មភាព​កម្សាន្ត​ផ្សេងៗ ការប្រណាំង​កង់ ការរត់​កម្សាន្ត ការប្រណាំង​ទូក ការប្រកួត​វាយកូនគោល​ជាដើម​។​

​ជាមួយគ្នានេះ អ្នកពាក់ព័ន្ធ​ក៏​ពិនិត្យមើល​ពី​លទ្ធភាព​ពន្លាត​ទីតាំង​កម្សាន្ត​នានា​នៅតាម​បណ្តា​រមណីយដ្ឋាន​ទេសចរណ៍​ដែល​នៅ​មាត់បឹង​ទន្លេសាប​ផងដែរ​។ នា​ពិធីបុណ្យ​នេះ លោក ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី និង​ភរិយា​ក៏​នឹង​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​បើក​ជា​ផ្លូវការ​ពិធីបុណ្យ​ទន្លេ លើក​ទី​៨ នៅ​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០២៤ នៅ​ខេត្តសៀមរាប​នេះ​ផងដែរ​៕