​ត្បូងឃ្មុំៈ ​ប្រធាន​មន្ទីរ​ទេស​ចរណ៍​ខេត្ត​ត្បូងឃ្មុំ​បានឱ្យដឹងថា ឆ្នាំនេះ ពិធី​ចុះ​ចាប់​ត្រី​តាមបែប​បុរាណ​នៅ​បឹង​ត្រពាំង​ក្រម មាន​អ្នកចូលរួម​សរុប​ជិត​ ១០ ​​ម៉ឺន​នាក់ បើ​ធៀប​នឹង​ឆ្នាំ​ ២០២៣ មានការ​កើនឡើង​អ្នកចូលរួម​ប្រមាណ​ ៥២,២៤​ ភាគរយ​។​


​លោក អឿន រិ​ទ្ធ ប្រធាន​មន្ទីរ​​ទេសចរណ៍​ខេត្ត​ត្បូងឃ្មុំ​បាន​ប្រាប់​នៅ​ថ្ងៃទី ​១៨ ខែកុម្ភៈ​ថា ពិធី​ចុះ​ចាប់​ត្រី​តាមបែប​បុរាណ​នៅ​បឹង​ត្រពាំង​ក្រម​កាលពី​ថ្ងៃទី​ ១៧ ខែកុម្ភៈ មានការ​ចូលរួម​ពី​ថ្នាក់​ដឹកនាំ​ខេត្ត មន្ទីរ​អង្គភាព និង​មន្ត្រីរាជការ​ជុំវិញ​ខេត្ត ព្រមទាំង​ភ្ញៀវ​ចូលរួម​សរុប​ប្រមាណ​៩៨ ៥០០ ​នាក់  ​ក្នុងនោះ​មាន​ភ្ញៀវ​​អន្តរជាតិ​ចំនួន​ ២ ​នាក់​។​

​លោក​បាន​បន្តថា កម្មវិធី​ចុះ​ចាប់​ត្រី​តាមបែប​បុរាណ​នៅ​បឹង​ត្រពាំង​ក្រម​នេះ អាជ្ញាធរ​តែង​រៀបចំ ​១ ​ឆ្នាំ​ម្តង ខណៈ​នៅ​ឆ្នាំ​នេះ អ្នកចូលរួម​កើន​ដល់​ជិត ​១០​ ម៉ឺន​នាក់ បើ​ធៀប​នឹង​ឆ្នាំ​២០២៣ មាន​អ្នកចូលរួម​តែ​ជាង​ ៦ ​ម៉ឺន​នាក់​ប៉ុណ្ណោះ​។​


​លោក​បាន​បញ្ជាក់ថា​៖ «​បើ​ធៀប​នឹង​ឆ្នាំ​ ២០២៣ ទំហំ​នៃ​ការ​កើនឡើង​នេះ​មាន​ ៥២,២៤​ ភាគ​រយ ដោយសារ​តែមាន​រៀបចំ​ប្រគំ​តន្ត្រី​ខ្នាត​ធំ​ក៏ដូចជា មានការ​តាំងពិព័រណ៍​ផងដែរ​»​។​


​លោក​ អឿន រិ​ទ្ធ បានឱ្យដឹង​ដែរ​ថា ទន្ទឹមនេះ រដ្ឋបាលខេត្ត ក៏មាន​ការរៀបចំ​ផ្តល់​រង្វាន់​លើកទឹកចិត្ត​ដល់​អ្នក​ចាប់​ត្រី​បាន​ច្រើនជាងគេ​ផងដែរ​។ ក្នុងនោះ​អ្នក​បាន​ជយលាភី​លេខ ១ ទទួលបាន​ថវិកា​ចំនួន ​៥០​ ម៉ឺន​រៀល​, លេខ ​២ បាន​ចំនួន ​៤០​ ម៉ឺន​រៀល​, លេខ​ ៣ បាន​ ៣០ ​ម៉ឺន​រៀល​, លេខ​ ៤ បាន​ ២០ ​ម៉ឺន​រៀល​,​លេខ ​៥ បាន ​១០ ​ម៉ឺន​រៀល ហើយ​និង​ពី​លេខ​ ៦ ដល់​លេខ ​១០ ក្នុង​ម្នាក់ៗ​បាន​ថវិកា ៥ ​ម៉ឺន​រៀល​។​


​លោក​បាន​បន្តថា ក្រោម​ការ​​ផ្តួចផ្តើម​ពី​លោក ជាម ច័ន្ទ​សោ​ភ័ណ អភិបាលខេត្ត​ត្បូងឃ្មុំ ពិធី​ចាប់​ត្រី​នេះ​ធ្វើឡើង​កាន់តែ​ធំ​ពី​ ១​ ឆ្នាំទៅ​ ១ ​ឆ្នាំ​ក្នុង​គោលបំណង​ដើម្បី​រំឭក​ប្រពៃណី​នៅតាម​ភូមិ​ស្រុក ថែរក្សា​អភិរក្ស​កេរដំណែល​ដូនតា​ពី​បុរាណ​តរៀងមក ក៏​ដូច​ជា​បង្កើន​បរិយាកាស​ស​ប្បាយ​​រីករាយ​ជួបជុំ​ប្រជាពលរដ្ឋ​ក្រោម​ម្លប់​សុខសន្តិភាព​។​

​ដោយឡែក​លោក សំបូរ មា​ណ្ណា​រ៉ា សាស្ត្រាចារ្យ​ផ្នែក​ប្រវត្តិ​សាស្ត្រ បានឱ្យដឹង​ដែរ​ថា អាជ្ញា​​ធរ​ខេត្ត​ត្បូងឃ្មុំ តែងតែ​ធ្វើ​ពិធី​ចាប់​ត្រី​បែប​បុរាណ​នេះ​ជា​រៀង​រាល់​ឆ្នាំ ដែល​វា​ជាការ​បញ្ជាក់​ពី​ទំនៀមទម្លាប់​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ធ្វើ​នេសាទ​បែប​លក្ខណៈសាមញ្ញ​។​

​លោក​បាន​ប្រាប់ថា នេះ​មានន័យថា ដល់​រដូវ​ទឹក​ស្រក ប្រជា​ពលរដ្ឋ​អាច​ចុះ​នេសាទ​តាម​បឹង ដោយ​ប្រើប្រាស់​ឧបករណ៍​នេសាទ​បុរាណ រួមមាន អង្រុត ឈ្នាង និង​សំណាញ់​ជាដើម​។​

​លោក​បាន​បញ្ជាក់ថា​៖ «​ពិធី​ចាប់​ត្រី​នេះ តាម​ទស្សនៈ​ខ្ញុំ នេះ​គឺជា​ការថែរក្សា និង​អភិរក្ស​ទម្លាប់​របស់​ខ្មែរ​យើង​ឱ្យ​កូនចៅ​ជំនាន់​ក្រោយ​បាន​យល់​ពី​ដំណើរ​វិវឌ្ឍន៍​នៃ​ការប្រើប្រាស់​ឧបករណ៍​នេ​​សាទ​តាំងពី​បុរាណ ខណៈ​ឥឡូវ យើង​ច្រើន​ប្រើ​ឧបករណ៍​ឆក់ ដែល​ធ្វើឱ្យ​បាត់បង់​តម្លៃ​ធនធាន​ជីវចម្រុះ​ច្រើនណាស់ ជាពិសេស​មច្ឆជាតិ​»​។​

​ការបង្ហាញ​ប្រាប់​ឱ្យដឹងពី​ប្រពៃណី និង​ទំនៀមទម្លាប់​របស់​ខ្មែរ​ដល់​អ្នកជំនាន់ក្រោយ​នេះ​គឺ​ដោយសារតែ​ក្មេងៗ​សព្វថ្ងៃ​មិនបាន​ដឹង​ពី​របៀប​នៃ​ការចាប់​ត្រី​តាមបែប​បុរាណ​នេះឡើយ ជាពិសេស​ពិធី​នេះ​បាន​ចូលរួមចំណែក​ជួយ​អភិរក្ស​ធនធាន​ជីវចម្រុះ​និង​ជួយ​ដល់​មច្ឆជាតិ​ឱ្យនៅ​សេស​​សល់​ច្រើន​ផងដែរ​។ នេះ​ជាការ​​បន្ថែម​ពី​លោក សំបូរ មា​ណ្ណា​រ៉ា​។​

​សូមបញ្ជាក់ថា តំបន់​បឹង​ក្រម មាន​ផ្ទៃដី​ប្រមាណ ​៣០​ ហិកតា និង​ផ្ទៃ​បឹង​ទំហំ​ ១ ​ហិកតា ដោយ​រៀងរាល់ឆ្នាំ មុន​ពិធី​ចុះ​ចាប់​ត្រី គឺ​អាជ្ញាធរ​មិន​អនុញ្ញាតឱ្យ​ពលរដ្ឋ​នេសាទ​ត្រី​ក្នុង​បឹង​នេះឡើយ ដើម្បី​រក្សា​វត្តមាន​ត្រី​ទុក​សម្រាប់​ពិធី​ចាប់​ត្រី​។ ចំពោះ​ការចាប់​ត្រី​នេះដែរ ប្រជាពលរដ្ឋ​អាច​ប្រើ​ប្រាស់​បានតែ​ឧបករណ៍​បុរាណ​ប៉ុណ្ណោះ​។​

​កាលពី​ថ្ងៃទី​ ១១ ខែកុម្ភៈ កន្លងទៅ​ថ្មីៗ​នេះ អ្នកភូមិ​បង្កោង ឃុំ​អម្ពិល ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ក៏បាន​ធ្វើ​ពី​ចាប់​ត្រី​ត្រៀម​ឡើង​មាឃ​តាម​ទំនៀម​បុរាណ​ផងដែរ ដោយ​ពិធី​នេះ​តែងតែ​ធ្វើជា​រៀងរាល់ឆ្នាំ​មិនដែល​ខកខាន​ឡើយ​។​

​ជា​រៀងរាល់ឆ្នាំ ក្រោយពេល​ប្រមូល​ផល​ស្រូវ​រួចរាល់ ឱ្យតែ​មកដល់​ខែមាឃ ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុងភូមិ​បង្កោង ឃុំ​អម្ពិល ស្រុក​ប្រាសាទបាគង តែងតែ​នាំគ្នា​ប្រារព្ធ​ពិធី​ចាប់​ត្រី​រួម​ជា​លក្ខណៈ​សហគមន៍​គឺ​សម្រាប់តែ​សមាជិក​ក្នុងភូមិ​បង្កោង​តែប៉ុណ្ណោះ ដើម្បី​ត្រៀម​រៀបចំ​ពិធី​ឡើង​មាឃ​ឬ​ឡើងអ្នកតា​នៅ​ថ្ងៃ​បន្ទាប់​តាម​ទំនៀមទម្លាប់​តាំងពី​បុរាណ​មក​៕