កំពង់ឆ្នាំងៈ មន្ត្រីជាន់ខ្ពស់នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានឱ្យដឹងថា ក្រុមប្រឹក្សាភិបាលស៊ីម៉ាក់បានធ្វើទស្សនកិច្ចដើម្បីស្វែងយល់ពីការហ្វឹកហ្វឺនជំនាញដោះមីនក៏ដូចជាការហ្វឹកហ្វឺនសុនខហិតមីននៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពមីនខេត្តកំពង់ឆ្នាំង ក្នុងការរៀបចំផែនការយុទ្ធសាស្ត្រជាតិទៅឆ្នាំក្រោយៗទៀត។
លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានឱ្យដឹងនៅថ្ងៃទី ១៨ ខែកុម្ភៈថា ក្រុមប្រឹក្សាភិបាលស៊ីម៉ាក់ក្នុងអាណត្តិទី៧ នេះ មានសមាសភាពចូលរួមពីអន្តរក្រសួង បានបំពេញទស្សនកិច្ចស្វែងយល់បន្ថែមពីសកម្មភាពក្នុងវិស័យមីននិងវឌ្ឍនភាពការងាររៀបចំសាងសង់អគារហ្វឹកហ្វឺនរបស់វិទ្យាស្ថានបច្ចេកទេសសកម្មភាពមីនខេត្តកំពង់ឆ្នាំង។
លោកថា ក្នុងនោះក្រុមប្រឹក្សាភិបាលស៊ីម៉ាក់ក៏បានពិនិត្យពីវឌ្ឍនភាពការងាររបស់មណ្ឌលសុនខ និងអង្គភាពពិសេសកាត់បន្សាបគ្រាប់នៅទីនេះផងដែរ។
លោក ហេង រតនា បានបញ្ជាក់ថា រាល់សកម្មភាពបើកវគ្គហ្វឹកហ្វឺនរបស់វិទ្យាស្ថាននេះ គឺបានចូលរួមចំណែកពង្រឹងបន្ថែមនូវសមត្ថភាពជំនាញបច្ចេកទេសដល់មន្ដ្រីក្នុងការត្រៀមអនុវត្តកិច្ចប្រតិបត្តិការបោសសម្អាតមីនដើម្បីឆ្លើយតបទៅនឹងផែនការយុទ្ធសាស្ត្រជាតិរបស់រាជរដ្ឋាភិបាលនិងរបស់ស៊ីម៉ាក់ផងដែរ។
លោកថា៖ «ក្រុមប្រឹក្សាភិបាលស៊ីម៉ាក់ជាអន្តរក្រសួងដែលប្រៀបដូចជាថ្នាក់ដឹកនាំជួយតម្រង់ទិសក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រផ្សេងៗរបស់អង្គភាពស៊ីម៉ាក់។ អ៊ីចឹងដំណើរទស្សនកិច្ចស្វែងយល់ដឹងស៊ីជម្រៅពីការងារទាំងអស់ហ្នឹងគឺវាផ្ដោតសំខាន់លើការជួយកសាងផែនការយុទ្ធសាស្ត្រ និងគោលនយោបាយរបស់អង្គភាពស៊ីម៉ាក់នាពេលអនាគត»។
លោកបានបញ្ជាក់ថា៖ «ដូច្នេះដំណើរទស្សនកិច្ចស្វែងយល់បន្ថែមនេះយើងសង្ឃឹមថាពេលក្រោយៗទៀតនឹងផ្ដល់ភាពកាន់តែងាយស្រួលក្នុងការសហការគ្នាធ្វើផែនការយុទ្ធសាស្ត្រផ្សេងៗ»៕