​ភ្នំពេញៈ គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជាបានប្រកាសថា កម្ពុជា​នឹង​បន្ត​ឆន្ទៈ​មុតមាំ​លើ​ការការពារ និង​លើកកម្ពស់​សិទ្ធិមនុស្ស រួមទាំង​ការពារ​ជន​គ្រប់រូប​ពី​ការបាត់​ខ្លួន​ដោយ​បង្ខំ ក្នុងនាម​ជា​រដ្ឋ​ភាគី នៃ​អនុសញ្ញា​អន្តរជាតិ ដែល​ស្តែងឡើង​ដោយ​កិច្ចខិតខំ​ប្រឹង​​ប្រែង​របស់​ក្រសួង​ស្ថាប័ន​មាន​សមត្ថ​កិច្ច​ពាក់ព័ន្ធ​។​


​ការប្តេជ្ញា​បន្ត​ឆន្ទៈ​របស់​កម្ពុជា​នេះ​នឹង ធ្វើឡើង​តាមរយៈ​ការចូលរួម​កិច្ចប្រជុំ​ពិនិត្យ​របាយការណ៍​ជាតិ​លើកដំបូង​ស្តីពី «​ការអនុវត្ត​អនុសញ្ញា​អន្តរជាតិ​ស្តីពី ការការពារ​ជន​គ្រប់រូប​ពី​ការបាត់​ខ្លួន​ដោយ​បង្ខំ​» ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វ៊ី​ស ចាប់ពី​ថ្ងៃទី ​១៩ និង ​២០ ខែកុម្ភៈ ឆ្នាំ​ ២០២៤​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​គណៈកម្មាធិកា​រ​សិទ្ធិមនុស្ស​កម្ពុជា នៅ​ថ្ងៃទី​ ១៧ ខែកុម្ភៈ ឆ្នាំ ​២០២៤​។​

​គណៈប្រតិភូ​កម្ពុជា​ដឹកនាំ​ដោយ​លោក​ កែវ សុទ្ធិ អនុប្រធាន​គណៈ​ក​ម្មា​ធិ​ការ​សិទ្ធិមនុស្ស​កម្ពុជា រួម​នឹង​មន្ត្រីជាន់ខ្ពស់​ដែល​មកពី​ក្រសួងយុត្តិធម៌​,​អគ្គស្នងការ​នគរបាល​ជាតិ រួម​នឹង​មន្ត្រី​តំណាង​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​មួយចំនួន​ទៀតផង​ដែរ​។ ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​បាន លើក​ឡើ​ថា កម្ពុជា​ជា​ប្រទេស​តែ ​១ ​គត់​នៅ​អាស៊ីអាគ្នេយ៍​ដែល​បានផ្តល់​សច្ចាប័ន និង​ចូលរួម​ជា​សមាជិក​នៃ​អនុសញ្ញា​អន្តរ​ជាតិ​ស្តីពី​ការការពារ​ជន​គ្រប់រូប​ពី​ការបាត់​ខ្លួន​ដោយ​បង្ខំ កាលពី​ថ្ងៃទី ​២៧ ខែមិថុនា ឆ្នាំ​ ២០១៣ កន្លងទៅ​។​


​គណៈកម្មាធិការ​ដដែល​បាន​សង្កត់​ធ្ងន់​ថា​៖ «​កម្ពុ​ជាមាន​ឆន្ទៈ​យ៉ាង​មុតមាំ​ក្នុងការ​លើកកម្ពស់​និង​ការការពារ​សិទ្ធិ​មនុស្ស តាមរយៈ​ការផ្តល់​សច្ចាប័ន​និង​ការចូលរួម​ជា​សមាជិក​កតិកាសញ្ញា និង​អនុសញ្ញា​សិទ្ធិមនុស្ស​អន្តរជាតិ​ចំនួន​ ៨ ក្នុងចំណោម​សន្ធិសញ្ញា​សិទ្ធិមនុស្ស​អន្តជាតិ​សំខាន់ៗ​ចំនួន​ ៩»​។​

​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា បាន​បន្តទៀតថា កម្ពុ​ជាមាន​កាតព្វកិច្ច​សរសេរ​របាយការណ៍​ដាក់ជូន គណៈ​​ក​ម្មា​ធិ​ការ​អនុសញ្ញា​អន្តរជាតិ​ស្តីពី​ការបាត់​ខ្លួន​ដោយ​បង្ខំ និង​ត្រូវបញ្ជូន​គណៈប្រតិភូ​ទៅ​ចូលរួម​ការពិនិត្យ​របា​យ​ការណ៍​នៅ​ចំពោះមុខ​គណៈ​ក​ម្មា​ធិ​ការ​ចំពោះ​កិច្ច​នេះ​ក្នុង​ទម្រង់​ជា​កិច្ច​សន្ទនា​បែប​ស្ថាបនា ដោយសារ​កម្ពុជា​ជា​រដ្ឋ​ភាគី​នៃ​អនុសញ្ញា​នេះ​។​


​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុ​ជាមាន​ជំនឿ​ជឿជាក់ថា គណៈប្រតិភូ​របស់​កម្ពុ​ជា នឹង​ផ្តល់​ជា​វេទិកា​អន្តរជាតិ​នេះ​នូវ​ការបង្ហាញ​សមិទ្ធផល​សំខាន់ៗ​របស់​កម្ពុជា​ដែល​សម្រេចបាន ហើយ​រំពឹងថា នឹង​ទទួលលទ្ធផល​ល្អ​ដោយ​សារ​កិច្ចខិតខំ​របស់​ក្រសួង​ស្ថាប័ន​មាន​សមត្ថកិច្ច ដែល​បាន​អនុ​វត្តបទ​ប្បញ្ញត្តិ​នៃ​អនុសញ្ញា​អន្តរជាតិ​នេះ​កន្លងមក​។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះដែរ លោក​ អំ សំអាត នាយក​ចាត់ការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ បានលើកឡើង ថា ការចូលរួម​របស់​ក​ម្ពុ​ជា​ទៅ​បង្ហាញខ្លួន នៅ​ចំពោះមុខ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​នៃ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​អនុ​សញ្ញា​អន្តរជាតិ​ស្តីពី​ការការពារ​ជន​គ្រប់រូប​ពី​ការបាត់​ខ្លួន​ដោយ​បង្ខំ​នេះ ជា​កិច្ចការ​ប្រពៃណី​ដែល​ប្រទេស​សមាជិក​ត្រូវ​ធ្វើតាម​ការកំណត់ ហើយ​លោក​ក៏​ទទួលស្គាល់​ផងដែរ​ចំពោះ​ការខិតខំ​របស់​រដ្ឋា​ភិ​បាល​ចំពោះ​ការ​អនុវត្តតាម​អនុសញ្ញា​មួយ​នេះ​៕​