ភ្នំពេញៈ តំណាងអង្គការសង្គមស៊ីវិលចំនួន ២២ ស្ថាប័ន បានស្នើសុំដល់រាជរដ្ឋាភិបាលកម្ពុជាឱ្យពន្លឿនការអនុម័តច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលគ្រឿងស្រវឹង ដើម្បីកាត់បន្ថយអត្រានៃការស្លាប់ដែលបណ្ដាលមកពីផលប៉ះពាល់នៃគ្រឿងស្រវឹងទាំងសុខភាព និងគ្រោះថ្នាក់ចរាចរណ៍។
ការស្នើនេះត្រូវបានអ្នកនាំពាក្យរាជរដ្ឋាភិបាល អះអាងថា កម្ពុជាមិនបានព្រងើយកន្តើយលើរឿងនេះទេ និងបានដាក់ចេញវិធានការជាបន្តបន្ទាប់ បើទោះបីជាមិនទាន់មានច្បាប់នេះនៅឡើយក្តី។
ការស្នើនេះ ធ្វើឡើងតាម រយៈសេចក្តីថ្លែងការណ៍រួម ចុះថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២៤ បន្ទាប់ ពីអង្គការ និងសមាគម បានរៀបចំព្រឹត្តិការណ៍ជួបជុំមួយដើម្បីជំរុញ និងលើកទឹកចិត្តដល់រដ្ឋាភិបាលពន្លឿនច្បាប់ស្តីពីការគ្រប់គ្រង ផលិតផលគ្រឿងស្រវឹង ព្រមទាំងវិធានការដំឡើងពន្ធ ការដាក់កម្រិតលើ ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងដោយមានការចូលរួមពីបញ្ញវន្ត កម្មករ ព្រះសង្ឃ អ្នកបើកបរ សង្គមស៊ីវិល និងសហគមន៍ផងដែរ។
សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា ដើម្បីកាត់បន្ថយអត្រានៃការស្លាប់ ដែលបណ្ដាលមកពីផលប៉ះពាល់ដែលជាប់ពាក់ព័ន្ធនឹងគ្រឿងស្រវឹង តំណាង អង្គការ សមាគម សហគមន៍ និងតំណាងប្រជាពលរដ្ឋ ស្នើដល់រាជរដ្ឋាភិបាលកម្ពុជាពន្លឿន សេចក្តីព្រាងច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលគ្រឿងស្រវឹង ដែលបានព្រាង និងឆ្លងអន្តរក្រសួងរួចរាល់ចាប់តាំងពីថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០១៥ ដើម្បីឆ្លងគណៈរដ្ឋមន្ត្រី និងបញ្ចូនទៅកាន់រដ្ឋសភាដើម្បីអនុម័ត។
សេចក្តីថ្លែងការណ៍រួមសង្កត់ធ្ងន់ថា៖ «ការហាមឃាត់ការផ្សាយពាណិជ្ជកម្ម ការដំឡើងពន្ធ និងការដាក់កម្រិតភាពងាយរកបាននៃគ្រឿងស្រវឹងគប្បីមានចែងយ៉ាងច្បាស់នៅក្នុងច្បាប់នេះ។ ការអនុម័តច្បាប់នេះ ជាការលើកកម្ពស់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទាំង ១៧ ដែលរាជរដ្ឋាភិបាលកម្ពុជា បានគាំទ្រ ជាពិសេសគោលដៅទី ៣ អំពី សុខុមាលភាព និងសុខភាពល្អ» ។
ក្នុងសេចក្តីថ្លែងការណ៍បានលើកឡើងទៀតថា ការប្រើប្រាស់ គ្រឿងស្រវឹងបានបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍យ៉ាងធ្ងន់ធ្ងរ រួមទាំងបង្កឱ្យមានអំពើហិង្សាលើស្ត្រី កុមារ អសន្តិសុខសហគមន៍ និងជាបន្ទុកជំងឺជាង ២០០ មុខ ដូចជា ជំងឺថ្លើម ទឹកនោមផ្អែម ជំងឺមហារីក លើសសម្ពាធឈាម ជាពិសេសជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាលជាដើម។ គ្រឿងស្រវឹង បង្កផលប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពសាធារណៈ និងសីលធម៌សង្គម។
លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព បានប្រាប់ឱ្យដឹងថា គ្រឿងស្រវឹងមិនមែនជាភេសជ្ជៈធម្មតាទេ វាជាភេសជ្ជៈស្រវឹង និងបង្កផលប៉ះពាល់ទាំងសុខភាព និងសុវត្ថិភាពសហគមន៍។
លោកបានថ្លែងថា៖ «យើងមិនមែនទាមទារឱ្យធ្វើច្បាប់ហាមមនុស្សមិនឱ្យផឹកទេ តែជាការគ្រប់គ្រងគ្រោះថ្នាក់ដែលជាប់ពាក់ព័ន្ធនឹងគ្រឿងស្រវឹង។ យើងចង់ឃើញសេចក្តីព្រាងច្បាប់ ដែលជាប់គាំងតាំងពីឆ្នាំ ២០១៥ ត្រូវបានរដ្ឋាភិបាល លើកយកមកពិចារណា និងដាក់ជូនរដ្ឋសភាដើម្បីអនុម័ត»។
លោក យង់ គិមអេង បានបន្តថា ច្បាប់នេះត្រូវតែដាក់ធាតុសំខាន់ៗចូល ជាពិសេស ការហាមការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ការដំឡើងពន្ធ រួមទាំងការលក់ ការកំណត់អាយុអ្នកប្រើប្រាស់គ្រឿងស្រវឹងជាដើម។ ច្បាប់ស្តីពីការគ្រប់គ្រងគ្រឿងស្រវឹងនឹងមានសារៈសំខាន់ក្នុងការដោះស្រាយបញ្ហាសង្គមដែលជួយដល់ជនងាយរងគ្រោះ ក្រុមដែលមានហានិភ័យខ្ពស់ ជាពិសេសគឺយុវវ័យដែលបន្តវេនអភិវឌ្ឍន៍ប្រទេសជាតិ។
ឆ្លើយតបទៅនឹងសំណើនេះអ្នកនាំពាក្យរាជរដ្ឋាភិបាលលោក ប៉ែន បូណា នៅថ្ងៃទី ១៨ ខែកុម្ភៈ បានថ្លែងប្រាប់ឱ្យដឹងថា សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងគ្រឿងស្រវឹង បានពិភាក្សាជាច្រើនឆ្នាំមកហើយ ប៉ុន្តែពុំទាន់ចេញជារូបរាងច្បាប់នៅឡើយទេ ដោយសារមានជាប់ពាក់ព័ន្ធជាមួយតួអង្គភាគីច្រើន។
លោកបានបញ្ជាក់ថា៖ «ជាធម្មតាសង្គមស៊ីវិល ឬបុគ្គលម្នាក់ៗ មើលឃើញតែ ១ ជ្រុង គឺចង់រុញឱ្យបានលឿន ប៉ុន្តែរាជរដ្ឋាភិបាលមើលគ្រប់ជ្រុងទាំងអស់ មានន័យថា ជ្រុងនេះមានផលប៉ះពាល់អ្វីខ្លះ ប៉ះពាល់ទំហំប៉ុនណា អ៊ីចឹងត្រូវការកិច្ចពិភាក្សាជាមួយភាគីពាក់ព័ន្ធហើយថ្លឹងថ្លែងមុននឹងអនុម័តច្បាប់មួយនោះ»។
លោកបានបន្ថែមថា បញ្ហាគ្រឿងស្រវឹងនេះ មិនមែនតែជាបញ្ហារបស់កម្ពុជាតែមួយទេ គឺជាបញ្ហារបស់ពិភពលោកទាំងមូលសុទ្ធតែជួបការលំបាកដូចតែគ្នា។
លោកបានបញ្ជាក់ថា៖«ប៉ុន្តែរាជរដ្ឋាភិបាលមិនមែនអង្គុយរង់ចាំតែការអនុវត្តច្បាប់នោះទេ ពោលគឺបាននិងកំពុងធ្វើការងារយ៉ាងសកម្មដើម្បីទប់ស្កាត់គ្រោះថ្នាក់បណ្តាលមកពីគ្រឿងស្រវឹង»។
លោកថ្លែងថា កន្លងមក កម្ពុជាក៏មានសារាចរ អនុក្រឹត្យ និងសេចក្តីណែនាំផ្សេងៗទៀតពាក់ព័ន្ធការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងជាហូរហែ មានការត្រួតពិនិត្យ អ្នកបើកបរដែលមានសារធាតុស្រវឹង ហើយកាន់តែតឹងតែងដែលប្រឈមការផាកពិន័យធ្ងន់ធ្ងរ។ ក្រសួងព័ត៌មានកំពុងសហការជាមួយក្រសួងសុខាភិបាល និងក្រសួងពាណិជ្ជកម្ម រៀបចំឱ្យមានក្រមប្រតិបត្តិមួយឱ្យបានច្បាស់លាស់ជាក់លាក់ស្តីពីការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ហើយឥឡូវនេះក្រសួងទាំង ៣ កំពុងតែមមាញឹកធ្វើការរួមគ្នា ដើម្បីរៀបចំចេញជាក្រមប្រតិបត្តិឱ្យបាន។
បើសេចក្តីថ្លែងការណ៍រួមនេះ បានឱ្យថា តាមរបាយការណ៍អង្គការសុខភាពពិភពលោក ឆ្នាំ ២០២២ គ្រឿងស្រវឹងបង្កឱ្យមនុស្សស្លាប់ប្រមាណ ៣ លាននាក់នៅលើពិភពលោកជារៀងរាល់ឆ្នាំ។ ចំណែកគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា ឆ្នាំ ២០២៣ មានអ្នកស្លាប់ចំនួន ១ ៥៩០ នាក់ ធ្វើឱ្យខាតបង់ថវិកាប្រមាណជា ៤៦៦,៨ លានដុល្លារ៕