ស្ថានទូត​ថៃ​ប្រចាំ​នៅ​កម្ពុជា បានរៀបចំ​កម្មវិធី «​ពិព័រណ៍​ការងារ និង​អប់រំ នៅ​ប្រទេស​ថៃ​ឆ្នាំ​ ២០២៤» ដើម្បី​ជួយ​ដល់​យុវជន សិស្ស​-​និស្សិត​កម្ពុជា ទទួលបាន​ព័ត៌មាន និង​ប្រឹក្សា​យោបល់​ពី​ឱកាស​ការងារ​នៅតាម​ក្រុមហ៊ុន​ធំៗ​ក៏ដូចជា​ឱកាស​ទទួលបាន​អាហារូបករណ៍​នៅតាម​សាកលវិទ្យាល័យ​ល្បីៗ​នៅក្នុង​ប្រទេស​ថៃ​។​


ពិព័រណ៍​នេះ​បានធ្វើ​ឡើង​នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​-​ជប៉ុន (CJCC) ក្នុង​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ កាលពី​ថ្ងៃទី​ ១៧ ខែកុម្ភៈ ឆ្នាំ​ ២០២៤​។

លោក ឈើ​ត​កៀត អត្ថា​កន (CherdkiatAtthakor) ឯកអគ្គរាជទូត​ថៃ​ប្រចាំ​នៅ​កម្ពុជា បាន​ថ្លែង​ក្នុង​ពិធី​ពិព័រណ៍​ថា ​កាល ពី​ដំបូង​ឡើយ ស្ថានទូត​ថៃ បានរៀបចំ​កម្មវិធី​ពិព័រណ៍​តែ​ការងារ​ប៉ុណ្ណោះ ក៏ប៉ុន្តែ​ចាប់តាំងពី​ឆ្នាំ​ ២០២៣ រហូតមកដល់​ឆ្នាំនេះ ស្ថានទូត​ថៃ បានរៀបចំ​បែងចែក​ជា​កម្មវិធី​នេះ ជា​ពិព័រណ៍​ការងារ​ផង និង​ពិព័រណ៍​ការអប់រំ​ផង​។


លោក​ថា មូល​ហេតុដែល​ស្ថានទូត​ថៃ បង្កើត​កម្មវិធី​ពិព័រណ៍​ការសិក្សា​បន្ថែម​នេះ គឺ​ដោយសារ​មើលឃើញ​ទាំង​ការងារ និង​ការសិក្សា វា​មាន​សារៈសំខាន់​ដូចគ្នា និង​ត្រូវ​ដើរ​ទន្ទឹមគ្នា​ជាមួយ​ការងារ​ផងដែរ​។​

លោក​បាន​ថ្លែង​បញ្ជាក់ថា​៖ «​ពីដំបូង​ឡើយ​យើង​រៀបចំ​ផ្ដោតទៅលើ​ការងារ​ជាសំខាន់ ប៉ុន្តែ​ក្រោយមក​យើង​មើលឃើញ​ទាំង​ការងារ និង​ការសិក្សា គឺមាន​សារៈសំខាន់​ដូចគ្នា ដូច្នេះហើយ​យើង​បាន​បង្កើត​ឱ្យ​កម្មវិធី​ពិព័រណ៍​ការសិក្សា​បន្ថែម​ទៀត ពីព្រោះ​វា​ដើរ​ទន្ទឹមគ្នា​ជាមួយ​ការងារ​»​។​


លោក ​ឈើ​ត​កៀត អត្ថា​កន បានលើកឡើង​ទៀតថា កម្មវិធី​ពិព័រណ៍​ការសិក្សា​ឆ្នាំនេះ គឺមាន​សាកលវិទ្យាល័យ​ដែល​ចូលរួម​មានការ​កើនឡើង​ជាង​ឆ្នាំមុន ដោយឡែក​កម្មវិធី​ពិព័រណ៍​ការងារ​វិញ ក៏មាន​ក្រុមហ៊ុន​ជាង​២០ បាន​ចូលរួម​ដែរ ខណៈ​ពី​ឆ្នាំមុនៗ រហូតមកដល់​ពេលនេះ​មាន​ក្រុមហ៊ុន​ធំៗ​មួយចំនួន បានជ្រើសរើស​អ្នក​ដែល​មក​ចូលរួម​កម្មវិធី​ពិព័រណ៍​នេះ​ទៅធ្វើ​ការ​ជាមួយ​ក្រុមហ៊ុន​ទាំងនោះ​រួចមកហើយ​។​

​ក្រៅពី​ផ្ដល់​ការងារ​ហើយ លោក​ថា ក្រុមហ៊ុន​ទាំងនោះ​ក៏បានផ្ដល់​ឱកាស​ជា​អាហារូបករណ៍​សម្រាប់​សិស្ស​-​និស្សិត បាន​សិក្សា​នៅ​ប្រទេស​ថៃ និង​អាច​ត្រឡប់មកវិញ​បន្ត​ធ្វើការ​ជាមួយ​ក្រុមហ៊ុន​ទាំងនោះ​ផងដែរ​។​

មកដល់​បច្ចុប្បន្ននេះ​មាន​និស្សិត​កម្ពុជា​រាប់ពាន់នាក់​ហើយ ដែល​បាន​បន្ត​ការសិក្សា​នៅ​ប្រទេស​ថៃ ដែល​ភាគច្រើន​និស្សិត​កម្ពុជា​សិក្សា​លើ​ជំនាញ ពាណិជ្ជកម្ម វិស្វកម្ម និង​ជំនាញ​ភាសា​ថៃ​ជាដើម​។ នេះ​ជា​បន្ថែម​របស់លោក ឈើ​ត​កៀត អត្ថា​កន​។ 

ដោយឡែក លោក ប៉ុក ប៉ាន់ រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក៏បាន​លើកឡើង​ដែរ​ថា វេទិកា​ពិព័រណ៍​ការអប់រំ និង​ការងារ​នេះ បានធ្វើ​ឡើង​ក្នុងពេលដែល​កម្ពុជា​កំពុង​រស់នៅក្នុង​សុខសន្តិភាព ឯកភាព​ជាតិ និង​ស្ថិរភាព​នយោបាយ សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច ។ 

លោក​បាន​បន្តថា ហេតុនេះ​ការផ្ដល់​អាហារូបករណ៍​ដល់​សិស្ស​-​និស្សិត​កម្ពុជា ទៅ​បន្ត​ការសិក្សា​នៅ​បណ្ដា​សាលា និង​សាកលវិទ្យាល័យ​ផ្សេងៗ​នៅ​ប្រទេស​ថៃ គឺជា​រឹតចំណង​សាមគ្គីភាព ក៏ដូចជា​អភិវឌ្ឍ​គុណវុឌ្ឍិ​របស់​សិស្ស​-​និស្សិត​កម្ពុជា ឆ្លើយតប​នឹង​តម្រូវការ​មូលធន​មនុស្ស​របស់​រាជរដ្ឋាភិបាល​។​

លោក​ ប៉ុក ប៉ាន់ បាន​ថ្លែងថា​៖ «​វេទិកា​នេះ​រៀបចំឡើង​សម្រាប់​យុវជន សិស្ស​-​និស្សិត​កម្ពុជា និង​អន្តរជាតិ ដែល​មានបំណង​ស្វែងរក​ព័ត៌មាន បទពិសោធ និង​ឱកាស​ទទួលបាន​អាហារូបករណ៍ ដើម្បី​បន្ត​សិក្សា​ថ្នាក់​ឧ​ត្ត​ម​សិក្សា​នៅតាម​សាកល​វិទ្យា និង​គ្រឹះស្ថាន​ឈានមុខ​របស់​ប្រទេស​ថៃ ជាពិសេស​ក៏​ជា​ឱកាស​មួយ ​សម្រាប់​ក្មួយៗ​និស្សិត និង​អ្នកស្វែងរក​ការងារ​ក្នុង​ការ​ប្រឹក្សា​យោបល់​ពី​ការងារ និង​អាជីព ដែល​មានបំណង​ដាក់ពាក្យ​ ធ្វើការ​ជាមួយ​ក្រុមហ៊ុន​ថៃ​»​។

​បន្ថែម​ពីនេះ​ទៀត លោក​ជឿថា វេទិកា​ពិព័រណ៍​ការអប់រំ និង​ការងារ​ឆ្នាំ​២០២៤​ នេះ នឹងមាន​ការគាំទ្រ​ពី​យុវជន សិស្ស​-​និស្សិត​ពី​គ្រប់​មជ្ឈដ្ឋាន ជាពិសេស​ធ្វើឱ្យ​បណ្ដា​ប្រទេស​ទាំង​២​មាន​ទំនាក់ទំនង​កាន់តែ​ល្អប្រសើរ លើ​ការងារ​បណ្ដុះបណ្ដាល​ជំនាញ​ឯកទេស​ដែលមាន​តម្រូវការ​ខ្ពស់​សម្រាប់​ទីផ្សារការងារ​កម្ពុជា និង​តំបន់​អាស៊ាន​៕