
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ រូបថត STPM
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានសម្រេចដាក់ឱ្យអនុវត្តកម្មវិធីកាត់បន្ថយ និង/ឬលុបបំបាត់ពន្ធគយរបស់កម្ពុជា ស្របតាមនាមវលី (សៀវភៅដែលមានរាយឈ្មោះទំនិញ) នៃតារាងពន្ធគយសុខដុមរបស់អាស៊ាន ឆ្នាំ២០២២ ក្រោមកិច្ចព្រមព្រៀង ភាពជាដៃគូសដ្ឋកិច្ចទូលំទូលាយរវាងរដ្ឋជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងជប៉ុន ( AJCEP)ដោយអនុវត្តចាប់ពីពាក់កណ្តាលខែមេសា ឆ្នាំ២០២៤ តទៅ។
ការដាក់ឱ្យអនុវត្តកម្មវិធីកាត់បន្ថយ ឬលុបបំបាត់ពន្ធគយរបស់កម្ពុជាក្រោមកិច្ចព្រមព្រៀង AJCEP បានធ្វើឡើងតាមរយៈអនុក្រឹត្យលេខ៣០ អនក្រ ប្រក ដែលត្រូវបានលោក ហ៊ុន ម៉ាណែត ចុះហត្ថលេខាដោយផ្ទាល់ ដោយត្រូវអនុវត្តចំពោះតែទំនិញនាំចូលទាំងឡាយណា ដែលមានដើមកំណើតនៅបណ្តាប្រទេសជាសមាជិកនៃកិច្ចព្រមព្រៀងនេះតែប៉ុណ្ណោះ ដោយអនុលោមតាមបទប្បញ្ញត្តិនៃជំពូកទី៣ ស្តីពីវិធានដើមកំណើត នៃកិច្ចព្រមព្រៀងនេះ។
បើតាមមាត្រា ៣ នៃអនុក្រឹត្យនេះបានចែងថា អ្នកនាំចូលត្រូវគោរពតាមវិធាន និងនីតិវិធីនានា ដែលកំណត់ដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងការអនុវត្ត កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយរវាងរដ្ឋជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងជប៉ុន។
លោក ស៊ិន ចន្ធី ប្រធានសមាគមភ័ស្តុភារកម្ពុជា បានប្រាប់ឱ្យដឹងនៅថ្ងៃទី១៩ ខែកុម្ភៈ ថា កិច្ចព្រមព្រៀងនេះ នឹងធ្វើឱ្យពាណិជ្ជកម្មអាស៊ាន-ជប៉ុន មានភាពល្អប្រសើរដើម្បីឆ្លើយតបទៅនឹងការវិវឌ្ឍសេដ្ឋកិច្ចពិភពលោក តាមរយៈការធ្វើសេរីភាវូបនីយកម្មលើពាណិជ្ជកម្ម សេវាកម្ម បំផ្លាស់ទីរូបវន្តបុគ្គល និងការវិនិយោគ។
លោកបានលើកឡើងថា៖«កិច្ចព្រមព្រៀងនេះល្អ ព្រោះថាក្នុងនាមយើងជាប្រទេសអ្នកផលិត និងនាំចេញមួយដែរ ការកាត់បន្ថយរបាំងពន្ធគយ នឹងជួយសម្រួលបានច្រើនប៉ុន្តែធ្វើយ៉ាងណា យើងត្រូវបង្កើនការនាំចេញឱ្យបានច្រើន ជាងនាំចូលទើបយើងទាញប្រយោជន៍បានច្រើនពីកិច្ចព្រមព្រៀងនេះ។ ជាមួយគ្នានេះវាក៏នឹងផ្ដល់នូវប្រយោជន៍ជាសារវន្ដដល់សង្គមជាតិកម្ពុជាទាំងមូល តាមរយៈការជំរុញកំណើនសេដ្ឋកិច្ចជាតិផងដែរ»។
ចំណែក លោក ហុង វណ្ណៈ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានប្រាប់ឱ្យដឹងដែរថា កម្ពុជាជាប្រទេសមានសក្តានុពលច្រើនលើផ្នែកកសិកម្ម សម្បូរកម្លាំងពលកម្មជំនាញ ពលកម្មមានតម្លៃសមរម្យព្រមទាំងភាពអំណោយផលនៃទីតាំងភូមិសាស្ត្រដែលស្ថិតនៅកណ្តាលតំបន់អាស៊ាន និងមានប្រព័ន្ធដឹកជញ្ជូនងាយស្រួលផងដែរ។
លោកបានបន្ថែមថា ការដករបាំង ឬក៏កាត់បន្ថយពន្ធគយរបស់ប្រទេសជាដៃគូក្នុងកិច្ចព្រមព្រៀង AJCEP ជាពិសេសប្រទេសជប៉ុន ចូលមកកាន់តំបន់អាស៊ាន ឬកម្ពុជា វានឹងមិនមានការខាតបង់អ្វីច្រើននោះទេ ខណៈដែលកិច្ចព្រមព្រៀងនេះ នឹងបង្កើនសមត្ថភាពភ័ស្តុភារកម្ម។
លោកបានបញ្ជាក់ថា ៖«ខ្ញុំយល់ឃើញថា ដូចជាមិនមានអ្វីខាតបង់ច្រើនទេ ដោយសារតែទំនិញដែលជប៉ុននាំមកកម្ពុជាភាគច្រើន ជាទំនិញស្តុកទុកសម្រាប់ប្រើប្រាស់កែច្នៃ តែកម្ពុជានាំទៅជប៉ុនវិញ ជាទំនិញដែលកែច្នៃរួច ដូចជាទំនិញកសិកម្មដែលកែច្នៃ ផលិតផលកង់ ជាដើម។ ដូចនេះការដករបាំងគយ ឬការកាត់បន្ថយរបាំងគយ ក្រោមកិច្ចព្រមព្រៀង AJCEP នេះ ខ្ញុំនៅតែយល់ថា វាចំណេញ»។
សូមរំឭកថា នៅក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០២៣ និងទិសដៅអនុវត្តបន្តឆ្នាំ២០២៤ របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជានាពេលកន្លងទៅថ្មីៗនេះ លោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានឱ្យដឹងថា ចំណូលប្រមូលបានក្នុងឆ្នាំ២០២៣ មានចំនួន ៩ ២៦៧,៤៨ ប៊ីលានរៀល (ស្មើនឹងប្រមាណ ២ ២៨៨,២៧ លានដុល្លារអាមេរិក) ថយចុះប្រមាណ ១៥,៧ ភាគរយ ធៀបនឹងចំណូលក្នុងឆ្នាំ២០២២។
លោកបានបញ្ជាក់ថា ៖«លទ្ធផលនេះសម្រេចបាន ៨២,៤ ភាគរយ នៃផែនការដែលកំណត់ដោយច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣»។
លោកបានបន្តថា៖ «ការប្រមូលចំណូលពុំបានសម្រេចតាមផែនការដូចនេះបណ្ដាលមកពីកត្តាប្រឈមធំៗមួយចំនួន ជាពិសេសការធ្លាក់ចុះទីផ្សារមុខទំនិញយានយន្ត ដែលកន្លងមកជាប្រភពចំណូលសំខាន់របស់ អគរ, កំណើនជាបន្តបន្ទាប់ទាំងវិសាលភាពនិងភាពស៊ីជម្រៅនៃការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី, ការរីកលូតលាស់នៃផលិតកម្មក្នុងស្រុកជំនួសការនាំចូល, និងការបន្តកើតមាននូវសកម្មភាពរត់គេចពន្ធដែលកាន់តែស្មុគស្មាញនិងជ្រកក្រោមរូបភាពថ្មីៗ ជាដើម»។
បើតាមអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាទំហំពាណិជ្ជកម្មនាំចូលមានចំនួន ២៤ ១៨៣ លានដុល្លារ ថយចុះប្រមាណ ៥ភាគរយ ធៀបនឹងឆ្នាំ២០២២ ដែលក្នុងនោះទំនិញនាំចូលសំខាន់ៗមានជាអាទិ៍ ផលិតផលតេលសិលា, វត្ថុធាតុដើមនិងគ្រឿងម៉ាស៊ីនបម្រើដល់គម្រោងវិនិយោគ, គ្រឿងសំណង់, យានយន្តនិងគ្រឿងចក្រ, គ្រឿងឧបភោគបរិភោគ និងទំនិញចម្រុះផ្សេងទៀត។
ចំណែក ទំហំពាណិជ្ជកម្មនាំចេញមានចំនួន ២២ ៨៥៨ លានដុល្លារអាមេរិក កើនឡើងប្រមាណ ១,៨ ភាគរយ ធៀបនឹងឆ្នាំ២០២២ ដែលក្នុងនោះ ផលិតផលវិនិយោគកាត់ដេរមានការថយចុះ ១៣,១ ភាគរយ, ផលិតផលវិនិយោគមិនមែនកាត់ដេរ (ដូចជា គ្រឿងបំណែកអេឡិចត្រូនិក, បង្គុំខ្សែភ្លើង, ផលិតផលពីឈើ, កង់, អំពូល, ស្បែកសត្វកែច្នៃ, សម្បកកង់រថយន្ត, ផលិតផលប្លាស្ទិក, គ្រឿងបន្លាស់រថយន្ត និងផលិតផលឧស្សាហកម្មផ្សេងៗទៀត) មានកំណើន ២០ ភាគរយ, និងកសិផលមានកំណើន ២៤,៣ ភាគរយ៕