ព្រះវិហារៈ​ ក្រុម​ការ​ងារ​ស្រាវ​ជ្រាវ​នៃ​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ និ​ង​សាលា​បារាំង​ចុង​បូព៌ា​ (EFEO) ដោយ​មាន​ការ​ចូល​រួម​ពី​អ្នក​ជំនាញ​ភូ​គ​ព្ភ​វិទូ​មកពី​ប្រទេស​បារាំង​ និង​ភូ​គ​ព្ភ​វិទូ​មក​ពី​ក្រសួង​រ៉ែ​ និង​ថាម​ពល ​និង​បុរាណ​វិទូ​មក​ពី​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​ បាន​សិក្សា​ស្រាវ​ជ្រាវ​រក​ឃើញ​តំបន់ ​និង​ទីតាំង​យក​រ៉ែ ​និង​ទីតាំង​ផលិត​លោហៈ​បុរាណ ​សំខាន់ៗ​ចំនួន ​៥ ស្ថិត​ក្នុង​តំបន់​នៅ​ក្នុង​ស្រុក​ឆែប ខេត្ត​ព្រះវិហារ​ ចាប់​តាំងពី​​ឆ្នាំ​ ២០២១​ រហូត​មក​ទល់​បច្ចុប្បន្ន​។

​ទីតាំង​ទាំង​៥​នោះ​រួមមាន ​តំបន់​ទី​១-​ ត្រពាំង​ជាន់​សន្លុង ​ទំហំ​ប្រមាណ​ជាង ​១០ ​ហិក​តា ដែល​មាន​ត្រពាំង​បុរាណ​ចំនួន​ ២ ​ទួល​អាចម៍​ដែក ​និង​ទួល​ទង់​ដែង​ជាង ​១០០ ​កន្លែង​។ តំបន់​ទី​២-​ ភ្នំ​យក្ស​​ព្រៅ ​ទំហំ​ប្រមាណ​ជាង ៣៥​ ហិកតា​ ដែ​លមាន​ភ្នំ​យក្ស​ព្រៅ​តំបន់​រ៉ែ​ទង់​ដែង និ​ង​រ៉ែ​ដែក និង​មាន​ទួល​អាច​ម៍​ដែក​ និង​ទ​ង់ដែង​សរុប​ចំនួន​ ៣០​។ តំបន់​ទី​៣- ឆែប ​០០១ ​ទំហំ​ប្រមាណ​ជាង​ ៦​ ហិក​តា ជាទី​តាំង​យក​រ៉ែ​ដែក​។ 


​ចំណែក​តំបន់​ទី​៤- ត្រពាំង​ស្វាយ​ទោល ​ទំហំ​ប្រមាណ​ជាង​ ១០​ ហិក​តា ដែ​លមាន​ទួល​អាច​ម៍ដែក​ចំនួន ​១០​ នៅក្បែរ​ត្រពាំង​ស្វាយ​ទោល ​និង​តំបន់​ទី​៥.- ​ភ្នំ​ជ្រាប់​ផ្តៅ ទំហំ ​៨,៥ ​ហិកតា ​ជាទី​តាំង​យក​រ៉ែ​ទង់​ដែង​បុរាណ​ដ៏​ធំ ដែល​មាន​បណ្តោយ​ប្រវែង​ ២០០ ​ម៉ែត្រ ទទឹង​ប្រវែង​ ៦០ ​ម៉ែត្រ ​និង​ជម្រៅ​រហូត​ដល់​ ២៥​ ម៉ែត្រ ​ដែល​នៅ​តំបន់​នេះ​ក៏​ជា​ការដ្ឋាន​យក​ថ្មបាយ​ក្រៀម​បុរាណ​ផង​ដែរ​។​ នេះ​បើ​យោង​តាម​ហ្វេស​ប៊ុក​របស់​ក្រសួង​វប្ប​ធម៌ និង​វិចិត្រ​សិល្បៈ កាល​ពី​ថ្ងៃទី​ ១៨ ​ខែ​កុម្ភៈ​។​

​ក្រសួង​បាន​បន្ត​ទៀត​ថា​៖ «​តំបន់​យក​រ៉ែ និង​តំបន់​ផលិត​លោហៈ​ ក្នុង​ស្រុក​ឆែប ​គឺជា​តំបន់​បេតិក​ភណ្ឌ​តែ ១ គ​ត់ ដែល​មាន​ទាំង​កន្លែង​យក​រ៉ែ និង​កន្លែង​ផលិត​ទង់​ដែង​ដំបូង​គេ​ក្នុង​ចំណោម​តំបន់​ផ្សេងៗ​ទៀត​ដែល​ផលិត​ទង់​ដែង​ សម្រាប់​ផ្គត់​ផ្គង់​ដល់​ចក្រ​ភព​អង្គរ​»​។​


​ក្រសួង​បន្ថែម​ថា ​បច្ចុប្បន្ន​នៅ​អាស៊ី​អាគ្នេយ៍ ​គេ​រកឃើញ​អណ្តូង​រ៉ែ​ទង់​ដែង​បុរាណ​ខ្នាត​ធំ​ចំនួន​៤ គឺ​នៅក្នុង​ប្រទេស​ថៃ ​នៅ​ជ្រលង​ភ្នំ Khao ​Wong Prachan​ខេត្ត Lopburi,​ជ្រលង​ភ្នំ​Phu Lon ខេត្ត Nong Khai​និង​ខេត្ត ​Savannakhet​ក្នុង​ប្រទេស​ឡាវ​ និង​នៅ​កម្ពុជា​ ស្ថិត​ក្នុង​ស្រុក​ឆែប​ ខេត្ត​ព្រះវិហារ​។​

​លោក​ គង់ ពុទ្ធិ​កា អ្នក​នាំពា​ក្យ​ក្រសួង​វប្ប​ធម៌ ​និង​ជា​អគ្គ​នាយក​អាជ្ញាធ​រ​ជាតិ​ព្រះវិ​ហារ ​បាន​ឱ្យ​ដឹង​នៅ​ថ្ងៃទី​ ១៩​ ខែកុម្ភៈ​ថា ​ការ​សិក្សា​ដែល​បាន​រក​ឃើញ​តំបន់ ​និង​ទីតាំង​យក​រ៉ែ និង​ទីតាំង​ផលិត​លោហៈ​បុរាណសំខាន់ៗ​ចំនួន​៥ ​ផ្តោត​សំខាន់​ទៅលើ​ទីតាំង​ស្ថា​នីយ​ឡ ស្ល​ដែក​ ឬ​លោ​ហៈ​បុរាណ ស្ថិត​នៅ​ស្រុក​ឆែប ខេត្ត​ព្រះ​វិហារ​ ដែល​មាន​នៅ​សល់​សំណល់អាចម៍​ដែក ​និង​លោហៈ​ធាតុ​បុរាណ​ច្រើន​។​


​លោក​ គង់ ​ពុទ្ធិកា បាន​បញ្ជាក់​ថា​៖ «តាម​ឯកសារ​ប្រវត្តិ​សាស្ត្រ​នានា ​បាន​និយាយ​ថា ​តំបន់​ខេត្ត​ព្រះវិ​ហារ គឺជា​តំបន់​ផលិត​ដែក​ ឬ​ផលិត​លោហៈនៅ​ក្នុង​សម័យ​អង្គរ​ដើម្បី​យក​ទៅ​ធ្វើជា​អាវុធ ​សម្រាប់​ប្រើ​ប្រាស់​។ នៅ​ក្នុង​សម័យ​អង្គរ​ ដែក​មិន​ទាន់​ត្រូវ​បាន​គេ​ប្រើ​ប្រាស់​សម្រាប់​សំណង់​ទេ​»​។​

​លោក​បាន​បន្ថែម​ថា​៖ «​រីឯ​នៅ​សហ​ភាព​អឺរ៉ុប នៅ​សត​វត្សរ៍​ទី​១៥ ​ដែល​កាល​នោះ ​ឧស្សា​ហកម្ម​ដែក​ កើត​ឡើង​ផុស​ផុល​ បាន​គេ​យក​ដែក​ទៅធ្វើ​កប៉ាល់​ និង​សំណង់​។​នៅ​សត​វត្សរ៍​ទី​១២ ​ស្រុក​ខ្មែរ​ អត់​មាន​សំណង់​ណា​ធ្វើ​ពី​ដែក​ទេ​។ គេ​យក​ទៅ​ប្រើ​ប្រាស់​ជាអាវុ​ធយុទ្ធ​ភណ្ឌនិង​សម្ភារ​ប្រើ​ប្រាស់​ពី​ដែក​»​។ 

​យោង​តាម​ហ្វេ​ស​ប៊ុ​ក​របស់​មន្ទីរ​វប្ប​ធម៌ ​និង​វិចិត្រ​សិល្បៈ​ខេត្ត​ព្រះវិហារ​ នៅ​ថ្ងៃទី ​១៧ ​ខែកុម្ភៈ ​បាន​លើក​ឡើង​ដែរ​ថា​ កាលពី​ថ្ងៃទី​ ១០​ និង​ទី​ ១១ ​ខែកុម្ភៈ​កន្លង​ទៅ​ ក្រុម​ការងារ​បច្ចេក​ទេស​កា​រិ​យា​ល័យ​បេ​តិ​ក​ភណ្ឌ និង​សារ​មន្ទីរ​នៃ​មន្ទីរ​វប្បធម៌ ​និង​វិចិត្រ​សិល្បៈ​ខេត្ត​ព្រះវិ​ហារ បាន​ចូល​រួម​ជា​មួយ​ក្រុម​ការងា​រ​ស្រាវ​ជ្រាវ​របស់​សាលា​បារាំង​ចុង​បូព៌ា ​និង​ក្រសួង​វប្បធម៌​ ធ្វើការ​ស្រាវ​ជ្រាវ​ស្ថានីយ​ស្លដែក​បុរាណ​នៅ​ក្នុង​ភូមិ​ក្រសាំង​ ឃុំ​ឆែប​មួយ ​ស្រុក​ឆែប​ ខេត្ត​ព្រះវិហារ​ឈ្មោះ​ត្រពាំង​ជាន់​សន្លុង​ មាន​ទីតាំង​នៅ​ចំណុច​បង្គោល​ព្រំ​ប្រទល់​ព្រៃ​សហ​គមន៍​ក្រសាំង ​ដែល​មាន​ឡ​ស្ល​ដែក ​២០ ទីតាំង​នៅ​ជំវិញ​ស្ថា​នីយ​នោះ​។​

​តាម​រយៈ​ការ​ស្រាវ​ជ្រាវ​របស់​អ្នក​ជំនាញ​សាលា​បារាំង​ចុង​បូព៌ា​បាន​ឱ្យដឹង​ថា ​ស្ថានីយ​នេះ​ជា​តំបន់​ស្លដែក​ដ៏​សំខាន់​មួយ​ក្នុង​ប្រវត្តិ​សាស្ត្រ​ដែល​ធ្លាប់​ធ្វើ​ការ​ស្ល​ដែក​តាំង​ពី​សម័យ​បុរេប្រវត្តិ​រហូត​ដល់​សម័យ​អង្គ​រ ជា​ពិសេស​ស្ថានីយ​នេះ ​ជា​ស្ថានីយ​តែ​ ១ ​គត់​នៅ​ក្នុង​ខេត្ត​ព្រះ​វិហារ​ដែល​មាន​ស្ល​លោ​ហៈ​ទង់​ដែង​៕