​នាវា​កង​ស្វ័យការពារ​ជើង​ទឹក​ជប៉ុន ២​ គ្រឿង អម​ជាមួយ​ឧទ្ធម្ភាគចក្រ​គ្រោង​ចូល​ចត​កំពង់ផែ​ក្រុងព្រះសីហនុ​រយៈពេល ៣ ​ថ្ងៃ ពីថ្ងៃ​ទី​ ដល់​ថ្ងៃទី ​២៤ ខែកុម្ភៈ ដើម្បី​បំពេញ​ទស្សនកិច្ច​ពង្រឹង​កិច្ចសហប្រតិបត្តិការ និង​មិត្តភាព​ជាមួយ​កម្ពុជា អំឡុងពេល​កំពុង​ហ្វឹកហ្វឺន​សកម្មភាព​សមុទ្រ​ដល់​នាវិក​។​


ដំណើរ​នៃ​នាវាចម្បាំង​ទាំង​២ គ្រឿង​នេះ​ដឹកនាំ​បេសកកម្ម​ដោយ​លោក យូ​ណា​ជី​ហា​រ៉ ម៉ា​កូ​តូ មេបញ្ជាការ​កងពលធំ​ទី​១ ហ្វឹកហ្វឺន ស្វ័យការពារ​ជប៉ុន ដែល​គ្រោង​នឹង​ជួបពិភាក្សា​ការងារ​ជាមួយ​លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ​, មេបញ្ជាការ​មូលដ្ឋាន​ស​មុ​ទ្រ​រាម ក៏ដូចជា​មន្ត្រីជាន់ខ្ពស់​របស់​ក្រសួងការពារជាតិ​កម្ពុ​ជា​ផងដែរ​។ នេះ​បើតាម​លោក ឃាង ភារ​ម្យ អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​ព្រះសីហនុ បានឱ្យដឹង​នៅ​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២៤​។​

លោក​បាន​ប្រាប់ថា​៖ «​ខ្ញុំ​សូមបញ្ជាក់ថា បើតាម​ការគ្រោងទុក នៅ​ថ្ងៃទី​២២ ខាងមុខនេះ នាវា​កង​ស្វ័យការពារ​ជើង​ទឹក​ជប៉ុន​នឹង​ចូល​ចត ព្រមទាំង​ធ្វើ​ទស្សនកិច្ច​នៅ​កំពង់ផែ​ក្រុងព្រះសីហនុ​របស់​យើង ហើយក៏​មានការ​ចូលជួប​សម្ដែង​ការគួរសម​ជាមួយនឹង​ឯកឧត្តម​អភិបាលខេត្ត​របស់​យើង​ផងដែរ​»​។​


​សូមបញ្ជាក់ថា នាវា​ទាំង​២​គ្រឿង​នោះ ទី​១ មានឈ្មោះ​ហៅថា (DDG-172) TV-3521 SHIMAKAZE  ដឹកនាំ​ដោយ​លោក​មេបញ្ជាការ កា​នី​ម៉ា​រូ រី​យូ​ហៃ ដែល​នាវា​នេះ​មាន​បណ្តោយ​ប្រវែង ១៥០​ ម៉ែត្រ ទទឹង ១៦,៤​ ម៉ែត្រ អាច​ផ្ទុក​ទម្ងន់​បាន ៤ ៦៥០​តោន នាវាចរ​ក្នុង​ជម្រៅ​ទឹក​ប្រវែង ៤,៨​ម៉ែត្រ ដែល​ផ្ទុក​នាវិក​សរុប​ចំនួន ២៦០​នាក់​។ ចំណែក​នាវា​ទី​២ មាន​ឈ្មោះថា DD-114 SUZUNAMI ដឹកនាំ​ដោយ​លោក​មេបញ្ជាការ គី​ណូ​ហ្សី​តា យូ​តា​កា ដែល​នាវា​នេះ​មាន​បណ្តោយ​ប្រវែង ១៥១​ម៉ែត្រ និង​ទទឹង​ចំនួន ១៧,៤ ​ម៉ែត្រ អាច​ផ្ទុក​ទម្ងន់​បាន ៤ ៦៥០​ តោន ក្នុង​ជម្រៅ​ទឹក ៥,៣​ម៉ែត្រ ដោយ​ផ្ទុក​នាវិក​សរុប​ចំនួន ១៧៥​នាក់​។​

លោក ស៊ឺន សម អ្នកជំនាញ​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា ថ្លែងថា ការចូល​ចត​នេះ​នឹង​ជួយ​ជំរុញ​កិច្ចសហប្រតិបត្តិការ​យោធា​រវាង​កម្ពុជា និង​ជប៉ុន​។ 


លោក​ថ្លែងថា​៖ «​ជប៉ុន​ជា​ប្រទេស​ស្ងៀមស្ងាត់ ប៉ុន្តែ​ជប៉ុន​មាន​សក្តានុពល​និង​ខ្លាំងក្លា​ទាំង​ផ្នែក​សេដ្ឋកិច្ច និង​យោធា​។ កិច្ចសហប្រតិបត្តិការ​ផ្នែក​កងទ័ពជើងទឹក​នេះ​ល្អ​ណាស់ ដែល​កម្ពុជា​យើង​អាច​ទាញយក​លទ្ធភាព​ដើម្បី​ពង្រឹងសមត្ថភាព​កងទ័ព​ខ្លួន​ដោយ​ការសិក្សា ការធ្វើ​សមយុទ្ធ​យោធា​ជាដើម​»​។​

លោក​ថុង ម៉េង​ដាវី​ត ប្រធាន​ផ្នែក​ស្រាវជ្រាវ​នៅ​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី ​(AVI) ថ្លែងថា ដំណើរ​ទស្សនកិច្ច​រប​ស់​កងទ័ពជើងទឹក​ជ​ប៉ុន​នេះ​អាច​ចូលរួមចំណែក​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី ក៏ដូចជា​ជួយ​ពង្រឹងសមត្ថភាព​កងទ័ព​និង​ចែករំលែក​បទពិសោធន៍​រវាង​កងទ័ពជើងទឹក​នៃ​ប្រទេស​ទាំង​២​។ 

លោក ថុង ម៉េង​ដាវី​ត ប្រាប់ថា ៖ «​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ក​ង​ទ័ពជើងទឹក​ជាមួយ​នឹង​ជប៉ុន កម្ពុជា​អាច​ស្នើសុំ​ពង្រីក​កិច្ចសហប្រតិបត្តិការ​យោធា​ផ្នែក​ជួយសង្គ្រោះ ទប់ស្កាត់​ការជួញដូរ​ខុសច្បាប់ សកម្មភាព​មនុស្សធម៌ និង​យុទ្ធសាស្ត្រ​យោធា​ជាដើម​ផងដែរ​»៕