សៀមរាបៈ ​ប្រជា​ពលរដ្ឋ​នៅ​ស្រុក​ពួក ​ខេត្ត​សៀមរា​ប នៅតែ​បន្ត​ប្រតិ​បត្តិ​ពិធី​លៀង​មេម​ត់ ​ដើម្បី​លា​បំណន់ និង​លា​មាត់ ​ដែល​បាន​បន់​ស្រន់ ​និង​គោរព​លើ​អមនុស្ស​ ក្រោយ​ពី​អ្នក​ជំងឺ​បាន​ជា​សះ​ស្បើយ​ និង​មាន​សេចក្ដី​សុខ​។​ 

​ពិធី​លៀង​មេមត់​នេះ​ ជា​ជំនឿ​ដែល​ខ្មែរ​គោរព​តាំង​ពី​យូរ​មក​ហើយ ​និង​នៅតែ​បន្ត​ប្រតិ​បត្តិ​រហូត​ទល់​សព្វ​ថ្ងៃ ជា​ពិសេស​អ្នក​រស់​នៅ​ក្នុង​តំបន់​អង្គរ​ ហើយ​ជំនឿ​នេះ​ ក៏មាន​ការ​គោរព​អមនុស្ស​ផង​ដែរ ​ដូច​ជា​ព្រលឹង​ដូន​តា អារក្ស​អ្នក​តា​ម្ចាស់​ទឹក​ ម្ចាស់​ដី​ជា​ដើម ​តាម​រយៈ​ការដឹង​គុណ ​ដែល​អមនុស្ស​អាច​ជួយ​ឱ្យ​ពួក​គាត់​បាន​សេចក្ដី​សុខ​ចម្រើន និង​រួច​ផុត​ពី​ជំងឺ​នានា​។ នេះ​បើ​យោង​តាម​ហ្វេស​ប៊ុក​របស់​អាជ្ញា​ធរ​ជាតិ​អប្សរា​នៅ​ថ្ងៃទី​១៩ ​ខែកុម្ភៈ ​ឆ្នាំ​២០២៤​។​

​អាជ្ញា​ធរ​ជាតិ​អប្សរា ​បាន​លើក​ឡើង​ថា ​ពិធី​លៀង​មេមត់​ គឺ​ពិតជា​សំខាន់​ខ្លាំង​ណាស់​សម្រាប់​មនុស្ស​ខ្មែរ​នៅតំបន់​អង្គរ ព្រោះ​ជា​ផ្នែក​មួយ​នៃ​ការ​រស់​នៅ​របស់​ពួក​គាត់​ទាក់​ទង​នឹង​ជំនឿដែល​ផ្តាច់​មិន​បាន​។ បន្ថែម​ពីនេះ វា​ក៏​បង្ហាញ​ពី​ការ​ដឹង​គុណ​ចំពោះ​បុព្វ​បុរស​ជា​គ្រូ​បា​អា​ចារ្យ ​ជា​ឪពុក​ម្ដាយ​ដែល​បាន​ចែក​ឋាន​ទៅ​ហើយ​ផង​ដែរ​។ 


​អាជ្ញាធរ​ជាតិ​អប្សរា​ បាន​បញ្ជាក់​ថា​៖ «​ការ​ជឿជា​ក់និង​ការ​ឃើញ​រឿងហេតុ​ការណ៍​នៅ​ក្នុង​ពិធី​ជា​អ្វី​ដែល​ធ្វើឱ្យ​អ្នក​ស្រុក​អង្គរ​យល់​ថា វត្ថុ​ស័ក្ដិ​សិទ្ធិ​និង​បារមី​នៅតែ​មាន​ជីវិត​រស់នៅ​លើ​ដែន​ដី​អង្គរ​មិន​សាប​សូន្យ​ទៅ​ណា ​ហើយ​ការ​គោ​រព​ប្រតិ​បត្តិ​ទាំង​នេះ​ជាការ​រួម​ចំណែក​មួយ​ក្នុង​ការ​ថែរក្សា​មរតកជំនឿ​ឱ្យ​នៅតែ​មាន​ជីវិត​គ្រប់​ជំនាន់​របស់​ជាតិ​ខ្មែរ​»​។​

​លោក​ ឌិន ហាន​ ដែលជា​​អ្នក​ស្នង​រូប បាន​រៀប​ចំ​ពិធី​លៀង​មេមត់​​នៅផ្ទះ​រប​ស់លោក ​ក្នុង​ភូមិ​ត្នោត​ជ្រំ ​ឃុំ​ដូន​កែវ ស្រុក​ពួក​ បាន​ថ្លែង​ថា បន្ទាប់​ពី​បន់​ស្រន់​រួច​ហើយ ​ប្រសិនបើ​អ្នក​ជំងឺ​បា​នជា​សះ​ស្បើយ​ហើយ ​គឺ​ត្រូវ​រៀ​បចំ​ពិធី​លៀង​មេ​មត់​ទៅ​តាម​ថ្ងៃខែ​​ដែល​បាន​សន្យា​ជា​មួយ​គ្រូ​។ តាម​ជំនឿ ​គេ​ធ្វើ​ពិធី​លៀង​មេម​ត់​ឱ្យចំ​ថ្ងៃ​ព្រហស្បតិ៍ ចំ​ថ្ងៃ​ពេញ​បូណ៌​មី ​ខែ​មាឃ​។ 


​លោក​បាន​បន្ត​ថា មុន​នឹង​ដល់​ពិធី​លៀង​មេមត់​នេះ ​គឺត្រូវ​ធ្វើ​ពិធី​ឡើង​អ្នក​តា នៅ​ថ្ងៃ​៣​កើត ​ខែមាឃ​ ហើយ​បន្ទាប់​ពី​ពិធី​ឡើង​អ្នក​តា ​គឺមាន​កិច្ច​ពិធី​សំពះ​គ្រូ ​ដោយ​ធ្វើ​ឱ្យចំ​ខែពេញ​បូណ៌មី​​។ ផុតពី​នោះ បើ​គ្រូ​ណា​ចង់​លៀង ​គឺ​ស្រេច​តែ​គ្រូ ​មិន​កំណត់​ថា ធ្វើ​ជា​រៀង​រាល់​ឆ្នាំ​ទេ​ គឺ​វា​អាស្រ័យ​លើ​ការ​សន្យា​ជា​មួយ​គ្រូ ​និង​រយៈពេ​ល​ប៉ុន្មាន​ឆ្នាំ​ត្រូវ​លៀង​មេ​មត់​ជូន​គ្រូ​។ 


​លោក​បាន​​បញ្ជាក់​ថា​៖ «​ពិធី​លៀង​មេមត់​ ធ្វើឡើ​ង​ដើម្បី​លា​បំណន់ និង​លា​មាត់​ដែល​បាន​បន់ស្រន់​ ក្រោយ​ពី​អ្នក​ជំងឺ​បាន​ជា​សះ​ស្បើយ និង​ដើម្បី​សុំ​សេចក្ដី​សុខ ​និង​សេចក្ដី​ចម្រើន​ឱ្យ​ព្រលឹង​ដូន​តា​ដែល​ជា​គ្រូ​កំណើត​ឱ្យ​បាន​សប្បាយ​ផង ​និង​ឱ្យ​អ្នក​ស្នង​រូប​បាន​ជា​ពី​ជំងឺ​ផ្សេងៗ ​ព្រមទាំ​ង​ការ​បង្ហាញ​ពី​ការ​នឹក​គុណ​ដល់​ខ្មោច​ជីដូន​ជីតា ដែល​បាន​ថែ​រក្សា​ក្រុម​គ្រួ​សារ​ឱ្យ​សុខ​សប្បាយ​កន្លង​មក​»​។​

​ទាក់​ទង​នឹង​ជំនឿ​នេះ លោក ​សំបូរ មា​ណ្ណា​រ៉ា សាស្ត្រាចា​រ្យ​ផ្នែក​ប្រវត្តិ​សាស្ត្រ ​បាន​ឱ្យដឹ​ង​ដែរ​ថា ពិធី​លៀង​មេមត់​នេះ​ អ្នក​ស្រុក​នៅ​តំបន់​អង្គរ​ ក៏ដូ​ចជា​ អ្នក​នៅ​តំបន់​ព្រៃភ្នំ​មាន​ជំនឿ​ជា​យូរ​មក​ហើយ​ ខណៈ​តម្លៃ​នៃ​ជំនឿ​នេះ ​គឺ​ជួយ​ឱ្យ​មនុស្ស​ចាក​ចេញ​ភាព​តប់​ប្រ​មល់ មក​បរិ​បទ​ធូរ​ស្រាល​។ 

​មួយ​វិញ​ទៀត លោក​ថា​ ពីមុន​ដោយ​សារ​ប្រទេស​កម្ពុជា ​ស្ថិត​ក្នុង​ស្ថាន​ភាព​ក្រីក្រ ខ្វះ​​អ្នកជំ​នាញ​ក្នុង​ការ​ព្យា​បាល ឬ​ខ្វះ​អ្នក​ពិចារ​ណា​ខាង​វិជ្ជា​ពេទ្យ ​ឬក៏​អាច​ជា​ជំងឺ​ដែល​ពិបាក​ក្នុង​ការ​ព្យា​បាល ​ដូច្នេះ​ហើយ​ជា​ហេតុ​ធ្វើឱ្យ​ប្រជា​ពលរដ្ឋ​នា​សម័យ​នោះ ​គិត​ថា ​រាល់​ការ​មាន​ជំងឺ​លើ​ខ្លួន​ វា​ជា​ការ​ខុស​ឆ្គង​ដូន​តា ​ឬ​ការ​ដាក់​អំពើ​ជាដើម​។ 

​លោក​បាន​បន្ត​ថា ដោ​យសារ​ការគិត​បែប​នេះ​ហើយ ​បាន​ជា​ធ្វើ​ឱ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ​ ចូល​រួម​មាន​ជំនឿ​ខាង​លើក​តម្កើង​ពី​ធី​លៀង​មេមត់ ​ដើម្បី​ចង់​ដឹង​អំពី​ប្រភេទ​នៃ​ជំនឿ ​វិបត្តិ​ដែល​នាំ​ឱ្យ​ឈឺ ​ក៏ដូច​ជាចង់​ដឹង​ពី​របៀប​នៃ​ការ​ដោះស្រា​យ​បញ្ហា​ដែល​នាំ​ឱ្យ​ឈឺ​។​

​លោក​សំបូរ មា​ណ្ណា​រ៉ា   បាន​បញ្ជាក់​ថា​៖ «​ពិ​ធី​លៀង​មេមត់​នេះ បាន​ជួយ​សង្គម​ខ្មែរ​តាំង​ពី​យូរ​មក​ហើយ ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ទាល់​ច្រក​ដែល​អ្នក​ស្រុក​ព្រៃភ្នំ ​និង​អ្នក​នៅ​តំបន់​អង្គរ ​គាត់​មាន​ជំងឺ ​ដូច្នេះ​គាត់​ត្រូវ​ការ​បន់​ស្រន់​សុំ​សេចក្ដី​សុខ ​និង​ឱ្យ​ជា​ពី​ជំងឺ​។ ​ក៏ប៉ុន្តែ​យើង​ត្រូវ​ប្រកាន់​ខ្ជាប់​ថា ​ពិធី​ហ្នឹង​មិន​មែនជា​​វិទ្យា​សាស្ត្រ​ទេ ​អ៊ីចឹង​យើង​ត្រូវ​អប់រំ​ឱ្យ​រក​ការ​ព្យា​បាល​តាម​បច្ចេក​ទេស និង​តាម​វេជ្ជ​បញ្ជា​​»​។​

​យ៉ាង​ណា​មិញ លោក​បាន​លើក​ឡើង​ដែរ​ថា​ ប្រសិន​បើ​នៅតែ​មាន​ជំនឿ​បែបនេះ​​បន្ត​ទៀត​ វា​គ្រាន់​តែ​នាំ​ប្រជា​ពលរដ្ឋ​ខាត​ពេល​វេលា ​និង​អាច​នាំឱ្យ​មាន​គ្រោះ​ថ្នាក់​កាន់​តែ​ធ្ងន់ធ្ងរ​ ក្នុង​ករណី​ជំងឺ​នោះ​មាន​អាកា​រក្អួត​ផង​ រាកផង ក្ដៅ​ផង ​បើមិន​ប្រញាប់​យក​ទៅ​ព្យាបា​ល​នៅ​មន្ទីរ​ពេទ្យ ​បែរ​ជា​យក​ទៅ​បន់ស្រន់​ នោះ​វា​អាច​ធ្វើឱ្យ​បាត់​បង់​អាយុ​ជីវិត​ផង​ដែរ​៕