​តាកែវៈ ​ក្រសួងបរិស្ថាន ​និង​អង្គ​ការ​ជីវិត​ធម្មជាតិ​នៅ​កម្ពុជា ​បានស្នើ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​ចាត់​​វិធានការ​ច្បាប់​ចំពោះ​ជនល្មើស​ដែល​បាន​បំពុល ជួញដូរ ក៏​ដូច​បរបាញ់​សត្វ​គ្រប់​ប្រភេទ​នៅក្នុង​តំបន់​បឹង​ព្រែក​ល្ពៅ ខេត្តតាកែវ ដើម្បី​ការពារ​សុខភាព​ពលរដ្ឋ​និង​ការពារ​សត្វព្រៃ​ដែល​កំពុង​រង​ការគំរាមកំហែង​ឈានទៅ​ផុត​ពូជ​។​


​លោក ​ខ្វៃ អាទិ​ត្យា អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​បាន​ប្រាប់​នៅ​ថ្ងៃទី ​១៩ ខែកុម្ភៈ​ថា ក្រសួង​សោកស្តាយ​ចំពោះ​ករណី​បំពុល​សត្វ​ស្លាប​ព្រៃ​មួយ​ករណី​នៅ​តំបន់ការពារទេសភាព​បឹង​ព្រែក​ល្ពៅ ក្នុងស្រុក​បុរី​ជលសា និង​ស្រុក​កោះអណ្តែត ខេត្តតាកែវ ថ្មីៗ​នេះ​ដែល​បណ្តាលឱ្យមាន​ស​ត្វ​ស្លាប​ជាច្រើន​បាន​ស្លាប់​។​

​លោក​បាន​បន្តថា ក្រសួងបរិស្ថាន​ក៏មាន​ការព្រួយបារម្ភ​ពី​ការគំរាមកំហែង​ដល់​អាយុជីវិត​សត្វព្រៃ​តាមរយៈ​ការដាក់​ថ្នាំ​បំពុល​នៅតាម​វាលស្រែ បឹងបួ និង​ត្រពាំង​នានា​ក៏ដូចជា​ទី​ដែល​សត្វព្រៃ​ត្រូវ​ទៅរក​ចំណី ខណៈដែល​ការប្រើ​ថ្នាំ​បំពុល វា​ក៏​ធ្វើឱ្យប៉ះពាល់​ដល់​សុខភាព​របស់​មនុស្ស​ផងដែរ​។​


​លោក​បាន​ថ្លែងថា​៖ «​សូម​ស្នើឱ្យ​អាជ្ញាធរ​ចាត់វិធានការ​ច្បាប់​ចំពោះ​ជនល្មើស ព្រមទាំង​ស្នើឱ្យ​បញ្ឈប់​ជាបន្ទាន់​ចំពោះ​អំពើ​ល្មើសច្បាប់ ដូចជា ការបំពុល ការ​បរបាញ់ ជួញដូរ និង​បរិភោគ​សត្វព្រៃ ដែល​បង្ក​ផលវិបាក​ធ្ងន់ធ្ងរ​ខ្លាំងណាស់​ដល់​ជីវៈចម្រុះ និង​សុខភាព​មនុស្ស​សត្វ​»​។​

​លោក ខ្វៃ អាទិ​ត្យា បាន​បន្តថា​៖ «​មិន​ត្រឹមតែ​ប៉ះពាល់​ដល់​ការស្លាប់ សត្វ​គ្រប់​ប្រភេទ រាប់ទាំង​សត្វព្រៃ​ជិត​ផុត​ពូជ មច្ឆា សត្វស្រុក​ផ្សេងទៀត ដែល​ផឹកទឹក​នៃ​ប្រភព​បំពុល និង​ប្រជា​ពលរដ្ឋ​ដែល​រស់នៅ​តំបន់​ដែលមាន​ការបំពុល​ហ្នឹង តែ​ក៏បាន​ប៉ះពាល់​ប្រភេទ​សត្វព្រៃ​រងគ្រោះ និង​ជិត​ផុត​ពូជ​នៅលើ​ពិភព​លោក​ផងដែរ​»​។​


​បើតាម​លោក ​ខ្វៃ អាទិ​ត្យា ចំពោះ​ករណី​បំពុល​សត្វ​ស្លាប​ទាំងនេះ មកទល់ពេលនេះ មន្ត្រី​ជំនាញ បានធ្វើ​កំណត់ហេតុ​និង​បានដាក់​ពាក្យបណ្តឹង​ទៅ​រដ្ឋបាល​ស្រុក​និង​ខេត្ត​ដើម្បី​សហ​ការស្វែងរក​ចាប់ខ្លួន​និង​ទប់ស្កាត់​បទល្មើស​រួចរាល់​ហើយ​។​

​ជាមួយគ្នានេះ លោក​បាន​ស្នើឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​និង​ប្រជា​​ពលរដ្ឋ​បង្កើន​ការចូលរួម​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុងការ​ការពារ​និង​អភិរក្ស​ធនធានធម្មជាតិ តាមរយៈ​ការទប់ស្កាត់​និង​បង្ក្រាប​ការបំពុល​សត្វព្រៃ​ក៏ដូចជា​បញ្ឈប់​ការ​បរបាញ់​និង​ការដាក់​អន្ទាក់​សត្វព្រៃ​គ្រប់​ប្រភេទ​ដើម្បី​យក​ធ្វើជា​អាហារ​ឬ​យកទៅលក់​នៅតាម​ទីផ្សារ​។​

​លោក អាទិ​ត្យា បាន​បន្ថែមថា​៖ «​សូម​បញ្ឈប់​ការបរិភោគ​សាច់សត្វ​ព្រៃ ក៏ដូចជា​បញ្ឈប់​ការ​ដាក់លក់​សត្វព្រៃ​នៅតាម​ទីសាធារណៈ​និង​នៅតាម​ភោ​ជ​នី​យ​ដ្ឋា​ន​ដែល​សត្វព្រៃ​ទាំងនោះ ក៏​អាចជា​សត្វ​រង​ការបំពុល​ផងដែរ​ដែលមាន​ហានិភ័យ​ខ្ពស់​សម្រាប់​សុខភាព​អ្នក​បរិភោគ និង​អាច​បណ្តាល​ឱ្យស្លាប់​បាន​»​។​

​ដោយឡែក អង្គការ​ជីវិត​ធម្មជាតិ​នៅ​កម្ពុជា​បាន​លើក​ឡើង​តាម​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​នៅ​ថ្ងៃទី​ ១៨ ខែកុម្ភៈ​ថា ទាំង​គណៈ​គ្រប់គ្រង​តំបន់ការពារទេសភាព​បឹង​ព្រែក​ល្ពៅ​និង​អង្គការ​ជីវិត​ធម្មជាតិ​នៅ​កម្ពុជា​មានការ​ព្រួយបារម្ភ​ជាខ្លាំង​បន្ទាប់ពី​បាន​រកឃើញ​ករណី​បំពុល​សត្វ​ស្លាប​ព្រៃ​មួយ​ករណី កាលពី​ថ្ងៃទី ​១៦ ខែកុម្ភៈ​កន្លងមក​។ ការបំពុល​នេះ​បាន​បណ្តាលឱ្យមាន​សត្វ​ស្លាប​ជាច្រើន​បាន​ស្លាប់​នៅនឹងកន្លែង​មានដូចជា​៖ ​ទាកាប​ព្រៃ​ចំនួន​ ១០​ ក្បាល​ចង្កៀលខ្យង​ ១ ​ក្បាល កុកគ្រោង​តូច​ ១ ​ក្បាល និង​រអាត​ទន្សាយ​ ១ ​ក្បាល ​(​កំពុង​ត្រូវបាន​ជួយសង្គ្រោះ​)​។​

​អង្គការ​ដដែល​បាន​បន្តថា បច្ចុប្បន្ន​សំណាក​សត្វ​ស្លាប​ទាំងនោះ​ត្រូវបាន​កត់ត្រា​និង​វេច​​ខ្ចប់​យ៉ាង​ត្រឹមត្រូវ​ ដើម្បី​បញ្ជូន​បន្តទៅ​ស្ថាប័ន​ជំនាញ​ពិនិត្យ​បន្ថែម​តាមរយៈ​អង្គការ​សមា​គម​អភិរក្ស​សត្វព្រៃ (WCS Cambodia)​ ដែលជា​ដៃគូ​ផ្នែក​អង្កេត​តាមដាន​សុខភាព​សត្វព្រៃ​។​

​អង្គការ​ជីវិត​ធម្មជាតិ​នៅ​កម្ពុជា បាន​បញ្ជាក់ថា​៖ «​យើង​មានការ​​ព្រួយបារម្ភ​ព្រោះ​ការបំពុល​បង្ក​នូវ​ផលវិបាក​ធ្ងន់ធ្ងរ​ខ្លាំងណាស់ ពោលគឺ​វា​អាច​សម្លាប់សត្វ​គ្រប់​​ប្រភេទ​រាប់ទាំង​សត្វព្រៃ​ជិត​ផុត​​ពូជ មច្ឆា និង​សត្វស្រុក​ដែល​ផឹកទឹក​ហ្នឹង​ផងដែរ​។ បន្ថែម​លើ​នេះ​ទៀត​យើង​ដឹងថា ព្រាន​ដាក់​បំពុល​សត្វ​នេះ​ដើម្បី​យកទៅ​បរិភោគ និង​ដាក់លក់​នៅ​ទីផ្សារ​ដែល​អាច​បង្ក​ផលវិបាក​ដល់​សុខភាព និង​រហូតដល់​បាត់បង់​ជីវិត​មនុស្ស​ដែល​បាន​ទិញ​ទៅ​បរិភោគ​ផងដែរ​»​។​

​ទន្ទឹមនឹង​នេះដែរ​ក្នុងនាម​ជា​អង្គការ​ដៃគូ​ដែល​បាន​គាំទ្រ​សកម្មភាព​អភិរក្ស​លើ​ទីតាំង​នេះ​បាន​សំណូមពរ​ដល់​អាជ្ញាធរ​មូលដ្ឋាន និង​អ្នកពាក់ព័ន្ធ​ទាំង​អស់​ត្រូវ​រួមដៃគ្នា​ទប់ស្កាត់​ការបំពុល ​និង​ការ​បរបាញ់​គ្រប់​ប្រភេទ​ដែលមាន​នៅ​តំបន់​នេះ​ដើម្បី​ការពារ​សុខភាព​ប្រជាពលរដ្ឋ​ផង​ក៏ដូចជា ការពារ​សត្វព្រៃ​ដែល​កំពុង​រង​ការគំរាមកំហែង​ឈានទៅ​ផុត​ពូជ​ផងដែរ​៕