​ភ្នំពេញៈ ​របាយការណ៍​ពី​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ បាន​បង្ហាញថា ក្នុង​រយៈពេល​ ៤​​ ថ្ងៃ​ក្នុង​ខែកុម្ភៈ ឆ្នាំ​ ២០២៤ ពោលគឺ​ចាប់ពី​ថ្ងៃទី​ ៩,១០,១២ ​និង ​១៨ ខែកុម្ភៈ ឆ្នាំ​ ២០២៤​ នេះ ភ្ញៀវ​​ទេសចរ​ចម្រុះ​ជាតិ​សាសន៍​ជាង​ ៤ ៧០០​ នាក់ និង​នាវិក​ជិត ​៣ ០០០ ​នាក់ បាន​មកដល់​កំពង់​ផែ​ព្រះសីហនុ​តាម​នាវា​ទេស​​ចរណ៍​ចំនួន​ ៥​ គ្រឿង​ផ្សេងគ្នា​។​

​របាយការណ៍​បាន​បញ្ជាក់ថា នាវា​ទេសចរណ៍​ទាំង ​៥ ​គ្រឿង​នោះ​រួមមាន ទី​១-​ នាវា​ទេស​​ចរណ៍ ឈ្មោះ SEABOURN ENCORE ចេញដំណើរ​មកពី​ប្រទេស​ថៃ បាន​ចូល​ចត​នៅ​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ដោយ​សុវត្ថិភាព​ដែលមាន​នាវិក​សរុប​ចំនួន​ ៤២៥ ​នាក់ និង​មាន​ភ្ញៀវ​ទេសចរ​សរុប​ចំនួន ៥៦០​ នាក់ មាន ​២៨​ សញ្ជាតិ​។ ទី​២-​ នាវា​ទេសចរណ៍​ឈ្មោះ ​RIVIERA មកពី​ប្រទេស​វៀតណាម មាន​ភ្ញៀវទេសចរ​សរុប​១ ១៨៣ ​នាក់ មាន​ ៣៤ ​សញ្ជាតិ និង​នាវិក​ចំនួន ៧៦៤ ​នាក់​។​


​ចំណែក​ទី​៣-​ នាវា​ទេសចរណ៍​ឈ្មោះ​ AIDABELLA មកពី​ប្រទេស​វៀតណាម​មាន​ភ្ញៀវ​ទេស​ចរ​សរុប ១ ៩៧៦​ នាក់ មាន​ ២០​ សញ្ជាតិ និង​នាវិក​ចំនួន ៦២៥ ​នាក់​,​ រីឯ​ទី​៤-​ នាវា​ទេសចរណ៍​ឈ្មោះ SEVEN SEA EXPLORER មកពី​ប្រទេស​ថៃ​មាន​នាវិក​សរុប​ចំនួន ៥៤៨ ​នាក់​ និង​មាន​ភ្ញៀវទេសចរ​សរុប​ចំនួន​ ៧២៦ ​នាក់ មាន ​២៩ ​សញ្ជាតិ និង​ទី​៥-​ នាវា​ទេសចរណ៍ ឈ្មោះ CRYSTAL SYMPHONY មាន​ចំនួន​ភ្ញៀវទេសចរ ៣១៣ ​នាក់ មាន​ចំនួន ២៥ ​សញ្ជាតិ និង​នាវិក​ចំនួន ៤៤៣ ​នាក់​។​

​លោក​ តាំង សុ​ចិត្ត​គ្រឹ​ស្នា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ បានឱ្យដឹង​បន្ថែម​នៅ​ថ្ងៃទី​ ១៩ ខែកុម្ភៈ​ថា គោល​​បំណង​របស់​ភ្ញៀវទេសចរ​ដែល​មក​ទស្ស​នា​ប្រទេស​កម្ពុជា​រយៈ​ពេល​ ១ ​ថ្ងៃ​ តាមរយៈ​កប៉ាល់​នេះ គឺ​ដើម្បី​ដើរលេង​កម្សាន្ត​នៅក្នុង​ខេត្ត​ព្រះសីហនុ​ផ្ទាល់ ខេត្ត​កែប ខេត្តកំពត និង​ទៅ​ទស្សនា​ប្រាសាទអង្គរវត្ត​ជាដើម មុននឹង​នាវា​ចាកចេញ​ទៅវិញ​ឆ្ពោះទៅកាន់​ប្រទេសជិតខាង​ដូចជា ប្រទេស​វៀតណាម និង​ថៃ ជាដើម​។​


​លោក​បាន​បន្ថែមថា នេះ​ជា​ស្ថាន​ភាពល្អ​មួយ​សម្រាប់​វិស័យ​ទេសចរណ៍​ក្នុង​ខេត្ត​ព្រះសីហនុ ដែល​ទទួលបាន​ភ្ញៀវទេសចរ​ជា​បន្តបន្ទាប់ បើទោះជា​មក​កម្សាន្ត​ក្នុង​រយៈពេល​ខ្លី តែ​ក៏​ជួយ​ដល់​សេដ្ឋកិច្ច​របស់​ពលរដ្ឋ​អ្នកបម្រើ​សេវាកម្ម​ចំណីអាហារ និង​ភោជនីយដ្ឋាន​នៅក្នុង​ខេត្ត​បាន​មួយចំណែក​ដែរ​។​

​លោក​ តាំង សុ​ចិត្ត​គ្រឹ​ស្នា បាន​បញ្ជាក់ថា​៖ «​ក្នុងនាម​មន្ទីរ​ទេស​ចរណ៍ ខ្ញុំ​សូមឱ្យ​អាជីវករ​ចូលរួម​ផ្ដល់​សេវាកម្ម​ឱ្យបាន​ល្អ និង​តម្លៃ​សមរម្យ​ដើម្បីឱ្យ​ភ្ញៀវ​ទេស​ចរមក​កម្សាន្ដ​ប្រកបដោយ​ភាព​​រីករាយ និង​ត្រឡប់​មកលេង​កម្សាន្ដ​នៅពេល​ក្រោយ​ទៀត និង​ចូលរួម​ទុកដាក់​សំរាម​ឱ្យបាន​ត្រឹមត្រូវ និង​បន្ដ​ថែរក្សា អ​នា​​ម័​យ​ដើម្បី​រមណីយដ្ឋាន​ក្នុង​ខេត្ត​យើង​ស្អាត​មាន​ភ្ញៀវ​មកលេង​ច្រើន​»​។​

​លោកស្រី ឆាយ ស៊ីវ​លីន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេស​ចរ​កម្ពុជា​បានឱ្យដឹង​ដែរ​ថា ថ្វីដ្បិតតែ​ភ្ញៀវ​មក​កម្សាន្ត​តាម​នាវា​ទេសចរណ៍​ត្រឹម​រយៈពេល​ខ្លី តែ​យ៉ាងហោចណាស់ ក៏បាន​ជំរុញ​ការផ្សព្វផ្សាយ​បន្ថែម​ឱ្យ​អន្តរជាតិ​បាន​ស្គាល់​កម្ពុជា​ថា ជា​ប្រទេស​ដែលមាន​ខេត្ត​ជាប់​ឆ្នេរសមុទ្រ​ដ៏​ស្រស់ស្អាត​និង​មាន​ភាព​ទាក់ទាញ​ដែល​អាច​ឱ្យគេ​គិតពិចារណា​ជ្រើសរើស​កម្ពុជា​ជា​គោលដៅ​ទេសចរណ៍​នៅលើ​ក​ក្រោយ​។​

​លោកស្រីបាន​បញ្ជាក់ថា​៖ «​ភ្ញៀវទេសចរ​មក​តាម​នាវា​ច្រើន ដោយសារតែ​ដល់​រដូវ High  season​។ សមាគម​ជាមួយ​ដៃគូ​ពាក់ព័ន្ធ កំពុង​រិះ​រកម​ធ្យោ​បាយ​ធ្វើយ៉ាងណា​ទាក់ទង​ខាង​ក្រុមហ៊ុន​នាវា​ទេសចរណ៍ ដើម្បី​ពិភាក្សាគ្នា​ក្នុងការ​ស្នើឱ្យ​ក្រុម​ហ៊ុន​នាវា​ទេសចរណ៍​ទាំងនោះ អាចមក​ចូល​ចត​នៅ​ខេត្ត​ព្រះ​សីហនុ​យើង​បានយូរ​ជាង​នេះ ព្រោះថា​ការចូល​ចត​កាន់តែ​យូរ យើង​នឹង​បាន​ប្រយោជន៍​កាន់តែច្រើន​»​។​

​ទោះជា​យ៉ាងណាក៏ដោយ លោកស្រី​ ឆាយ ស៊ីវ​លីន បានផ្តល់​យោបល់​ថា ការជំរុញ​ទាក់​​ទាញ​ទេសចរ​អន្តរជាតិ​បន្ថែម​នេះ មិន​មែនមាន​តួនាទី​តែ​ក្រសួងទេសចរណ៍​ឬ​សមាគម​ទេស​ចរណ៍​នោះទេ តែ​ប្រជាពលរដ្ឋ​ក៏ត្រូវ​រួមចំណែក​ក្នុងការ​ផ្សព្វ​​ផ្សាយ​ពី​គោលដៅ​ទេសចរណ៍​ល្អៗ​របស់​កម្ពុជា​ផងដែរ ដែល​នេះ​ទាមទារ​ឱ្យមាន​ការចូលរួម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់​ទើប​វិស័យ​ទេសចរណ៍​អាចមាន​កំណើន​ឡើងវិញ​បាន​ទៅតាម​ការ​ព្យាករ​ទុក​៕