​ភ្នំពេញៈ លោក ប៉ែន បូ​ណា អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បាន​ថ្លែង​ដោយ​ប្រាកដនិយម​ថា ក្នុង​រយៈពេល​ប្រមាណ​ ២៥ ​ឆ្នាំ​ទៅមុខទៀត គោលដៅ​នៅ​ឆ្នាំ ​២០៥០ ​ដែល​រាជរដ្ឋាភិបាល​បាន​​ដាក់ចេញ​ជា​ប្រទេស​មាន​ចំណូល​កម្រិត​ខ្ពស់ នឹង​ឈាន​មកដល់ គឺ​កម្ពុជា​ឆ្នាំ​ ២០៥០ ​ជា​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​ធន់ រឹងមាំ​និង​បរិ​យាប​ន្ន​។​


​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់ចេញ​ផែនការ​យុទ្ធសាស្ត្រ​ដោយ​កំណត់​ចក្ខុវិស័យ​ក្នុងការ​ប្រែក្លាយ​កម្ពុជា​ឱ្យ​ក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​ ២០៣០ និង​មាន​ចំណូល​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​ ២០៥០​។

លោក ប៉ែន បូ​ណា បាន​លើកឡើងថា ក្នុងការ​ដាក់ចេញ​ចក្ខុ​វិស័យ​នៃ​យុទ្ធសាស្ត្រ​បញ្ច​កោណ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត បាន​សម្លឹង​ឃើញ​ប្រកបដោយ​ភាពប្រាកដនិយម ក្នុង​ការបោះ​ជំហាន​ ២ ​ទៀត​យ៉ាងសំខាន់​គឺ «​ឆ្នាំ ​២០៣០ យើង​ចាក​ចេញពី​ប្រទេស​ដែលមាន​ចំណូល​មធ្យម​កម្រិត​ទាប ទៅ​ប្រទេស​ចំណូល​មធ្យម​កម្រិត​ខ្ពស់​។​ ​ឆ្នាំ​ ២០៥០ ​ចេញពី​ចំណូល​មធ្យម​កម្រិត​ខ្ពស់​ទៅ​ប្រទេស​មាន​ចំណូល​ខ្ពស់​តែម្ដង​ដែលជា​ប្រទេស​អភិវឌ្ឍន៍​អាច​និយាយថា​ប្រទេស​អ្នកមាន​។ នេះ​គឺជា​មហិច្ឆតា​ធំ​ណាស់​»​។​


​ក្នុង​វេទិកា​អ្នកសារព័ត៌មាន​លើក​ទី​២ ស្តីពី​សមិទ្ធផល​ការងារ​រយៈពេល ៦​ ខែ របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី៧ នៃ​រដ្ឋសភា ក្រោម​ការដឹកនាំ​របស់​លោក ហ៊ុន​ ម៉ា​ណែ​ត កាលពី​ថ្ងៃទី​១៦ ខែ​​កុម្ភៈ នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី លោក ប៉ែន បូ​ណា លើកឡើងថា តើ​ហេតុអ្វី​បានជា​រាជរដ្ឋាភិបាល​ហ៊ាន​ដាក់​គោលដៅ​នេះ​គឺ​ដោយ​​សារ​គ្រឹះ​រឹងមាំ​ដែល​កសាង​ដោយ​អតីត​នាយករដ្ឋមន្ត្រី​លោក ហ៊ុន​ ​សែន ហើយ​ក្រុម​អ្នកដឹកនាំ​ថ្មី​ស្រករ​ក្រោយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​សុទ្ធតែជា​អ្នកខ្លាំង​ពូកែ មាន​សមត្ថភាព​ខ្ពស់ និង​មាន​ឆន្ទៈ​មោះមុត​។ 

​លោក​ពន្យល់ថា ពាក្យ​ថា​ចំណូល​ខ្ពស់​នេះ​មិនមែន​ត្រឹមតែ​គិតតែ ១​ ជ្រុង​រឿង​ចំណូល​ទេ «​ចំណូល​វា​សំខាន់​ហើយ​។ ជ្រុង​សេដ្ឋកិច្ច​ទី​ ១ ​គឺ​ប្រជាពលរដ្ឋ ឬក៏​សេដ្ឋកិច្ចជាតិ​មាន​ចំណូល​ខ្ពស់ ប៉ុន្តែ​ត្រូវតែ​ជា​សេដ្ឋកិច្ច​មួយ​ដែលមាន​ភាព​ធន់ រឹងមាំ ហើយ​និង​បរិ​យាប​ន្ន​។ ភាព​​ធន់​ហ្នឹង​បានន័យថា ជា​សេដ្ឋកិច្ច​ដែល​មិន​ងាយ​មាន​អ្វី​មក​ប៉ះ ធ្វើឱ្យ​រង្គើ​បានទេ​។ រឹងមាំ​ក៏​អ៊ីចឹង​ដែរ គ្មាន​ឥទ្ធិពល​អី​ដែល​ងាយ​នឹង​ផ្តួលរំលំ​សេដ្ឋកិច្ចកម្ពុជា​បានទេ​ហើយ​បរិ​យាប​ន្ន​គឺ​មានន័យថា ការ​បែងចែក​ភាគ​ផល​ទៅដល់​ប្រជា​​ពលរដ្ឋ​ប្រកបដោយ​សមធម៌​»​។​


​ពាក់ព័ន្ធ​ជ្រុង​នយោបាយ​វិញ លោក ប៉ែន បូ​ណា ថ្លែងថា អ្វីដែល​រាជរដ្ឋាភិបាល​គ្រោង​ទៅដល់​ឆ្នាំ​ ២០៥០​ គឺ​កម្ពុជា​គឺជា​រដ្ឋ​មួយ​ដែល​រឹងប៉ឹង មាន​សុខសន្តិភាព​ស្ថិរភាព​នយោបាយ នីតិរដ្ឋ មាន​យុត្តិធម៌​សង្គម ជា​រដ្ឋ​ឯករាជ្យ ម្ចាស់ការ អធិបតេយ្យភាព បូរ​ណ​ភាព​ទឹកដី មាន​កិត្យានុភាព​ខ្ពស់​នៅលើ​ឆាក​អន្តរជាតិ​ហើយ «​ស្មើមុខ​គេឯង​នៅលើ​ឆាក​អន្តរ​​ជាតិ​»​។

ចំពោះ​ជ្រុង​សង្គមកិច្ច​វិញ​លោក​លើកឡើងថា​៖ «​គឺ​កម្ពុជា​គឺជា​ប្រទេសមួយ​ដែល​ប្រជាពលរដ្ឋ​គ្រប់រូប​ទទួលបាន​ការ​គាំ​ពារ​ពី​សង្គម​គ្រប់បែបយ៉ាង​ទាំង​​អស់​នៅពេលដែល​ពួកគាត់​មាន​ជួប​បញ្ហា ដូចដែល​ខ្ញុំ​បានលើកឡើង​កម្មវិធី​គោលនយោបាយ​អាទិភាព​ ៦ ​ចំណុច​អម្បាញ់មិញ​នេះ ដែល​រៀប​ចំនេះ ជា​ចន្ទល់​ដើម្បី​ឈានទៅដល់​អាហ្នឹង​កម្ពុជា​ឆ្នាំ​ ២០៥០»​។​

​ចំណែក ជុំវិញ​ជ្រុង​បរិស្ថាន​វិញ​លោក ប៉ែន បូ​ណា បញ្ជាក់ថា កម្ពុជា​ឆ្នាំ​ ២០២៥​ ជា​ប្រទេសមួយ​ដែលមាន​បរិយាកាស​ល្អ​ដែលមាន​បរិស្ថាន​បៃតង និង​ការ​​អភិវឌ្ឍ​បៃតង​។ «​ប្រជាពលរដ្ឋ​សប្បាយចិត្ត​ទៅណា​ក៏មាន​បរិស្ថាន​ល្អ​»​។ ចំណែក​ជ្រុង​ធន​ធាន​មនុស្សលោក​ក៏បាន​បញ្ជាក់ដែរថា គឺជា​មូលធន​មនុស្ស​ដូច​ក្នុង​ជ្រុង​ទី​១​ នៃ​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដែល​បានបញ្ជាក់​អំពី​ការ​កសាង​មូលធន​មនុស្ស​ជា​ធនធានមនុស្ស​ដែលមាន​កម្រិត​ខ្ពស់ និង​មានចំណេះ​ជំនាញ​យ៉ាងតិច​ចំនួន​ ១ ​ដែល​ច្បាស់លាស់​។ លោក​ថា​៖ «​មិន​ត្រឹមតែ​ចំណេះ​ជំនាញ​ទេ ជា​មនុស្ស​ដែលមាន​គុណធម៌​មាន​សីលធម៌​មាន​សុខ​ភាពល្អ​មាន​ឆន្ទៈ​ការងារ​ខ្ពស់​»​។​

​លោក ប៉ែន បូ​ណា ថ្លែងថា​៖ «​ឥឡូវនេះ រាជរដ្ឋាភិបាល​បាន​គូសវាស​ចេញ​ហើយ​។ Team ថ្មី​របស់​អ្នក​បន្តវេន​គណបក្ស​​ប្រជាជន​កម្ពុជា​បានចាប់ផ្ដើម​ចេញដំណើរ​ហើយ យ៉ាង​ស្វាហាប់ ប្រកបដោយ​ឆន្ទៈ​មោះមុត ដើម្បី​ឈាន​ឆ្ពោះទៅ​សម្រេច​គោល​ដៅ​កម្ពុជា​ឆ្នាំ​ ២០២៥​។ អ៊ីចឹង បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​នឹង​សប្បាយចិត្ត នឹង​ស្រមៃ​ឃើញថា ចង់បាន​សង្គម​មួយ​ដែល​ខ្ញុំ​រៀបរាប់​អម្បាញ់មិញ​ទេ​? ពិតជា​ចង់​។ អ៊ីចឹង​សូម​អញ្ជើញ​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ដើម្បី​រុញ​ច្រាន​នាវា​កម្ពុជា​ឆ្ពោះទៅ​គោល​​ដៅ​កម្ពុជា​ឆ្នាំ​ ២០៥០ ​ក្លាយជា​ប្រទេស​ដែលមាន​ចំណូល​ខ្ពស់​»​។​

​ក្នុង​ពិធី​ប្រកាស​បើក​ការដ្ឋាន​សាងសង់​ស្ពាន​ឆ្លងទន្លេ​បាសាក់​ (​ចាក់អង្រែ​ក្រោម​-​ព្រែកប្រា​)​ នា​ថ្ងៃទី ១៩ ខែកុម្ភៈ​នេះ​លោក​ហ៊ុន​ ម៉ា​ណែ​ត​បាន​ថ្លែងថា ក្នុង​រយៈពេល​ ៦ ​ខែ នៃ​រាជរដ្ឋាភិបាល​អាណត្តិ​ទី៧​ នេះ​លោក​បាន​ចូលរួម​សម្ពោធ​ការតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ និង​សមិទ្ធផល​ច្រើន​។ ក្នុងនោះ​សមិទ្ធ​​ផល​ធំៗ​រួមមាន សម្ពោធ​ស្ពាន​កោះ​ពេជ្រ​-កោះនរា កំណាត់​ផ្លូវ​​ជាតិ​លេខ ​៥ ព្រលានយន្តហោះ​សៀមរាប និង​បុកគ្រឹះ​ធ្វើ​ផែ​ទឹក​​ជ្រៅ​ក្នុង​ខេត្ត​ព្រះសីហនុ​។ លើសពីនោះ ក្នុង​ខែមិថុនា​ខាងមុខ លោក​ក៏​នឹង​សម្ពោធ​ផែ​មួយទៀត​នៅក្នុង​ខេត្តកំពត ហើយ​ក្នុង​ឆ្នាំ​ ២០២៥ ​ខាងមុខ លោក​ក៏​នឹង​សម្ពោធ​ព្រលានយន្តហោះ​ថ្មី​មួយទៀត​ផងដែរ​។​

​លោកនាយក​រដ្ឋ​​មន្ត្រី​បញ្ជាក់ថា​៖ «​អ៊ីចឹង​គឺ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​យើង​ច្រើន ហើយ​ចេញទៅ​ក្រៅ​កំពុងតែ​ចរចា​ដើម្បី​ត​ភ្ជាប់​ផ្លូវ​ល្បឿន​លឿន​របស់​យើង​ពី​ភ្នំពេញ​ទៅ​បាវិត ហើយ​រៀបចំ​ចរចា​សិក្សា ដើម្បី​រៀបចំ​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​ទៅ​ប៉ោយប៉ែត​តាម​សៀមរាប ហើយ​ពិនិត្យមើល​លទ្ធភាព​ពង្រឹង​ផ្លូវដែក​របស់​យើង ១ ​កំណាត់​ខាងជើង​ ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​ការ​ដឹកជញ្ជូន​កាន់តែ​ល្អប្រសើរ​»​។​

​លោក យង់ ពៅ អគ្គលេខាធិការ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា ថ្លែងថា ឆន្ទៈ​រាជរដ្ឋាភិបាល​ស​ម្រា​ប់​ឆ្នាំ ​២០៣០ ​ដែល​កំណត់ថា កម្ពុជា​ជា​ប្រទេស​ដែលមាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ និង​ឆ្នាំ​ ២០៥០ ប្រទេស​កម្ពុ​ជាមាន​ចំណូល​កម្រិត​ខ្ពស់​គឺជា​ឆន្ទៈ​មួយ​ល្អ​ហើយក៏​ប៉ុន្តែ​ស្ថិតក្នុង​ស្ថានភាព​នៃ​វិបត្តិ​សេដ្ឋកិច្ច​សកល ដែល​អូសបន្លាយ​ទៅដោយ​ជំងឺ​កូ​វីដ​ ១៩ និង​បញ្ហា​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​នប​ញ្ហា​នៅ​សមុទ្រ​ក្រហម​ជា​ដើម​គឺ​បាន​អូសទាញ​វិបត្តិ​សេដ្ឋ​​កិច្ច​សកល​នៅ​បន្ត​ជាប់គាំង​ដែល​នេះ​ជា​បច្ច័យ​ដែល​លំបាក​មួយ​។​

​លោក​ថ្លែងថា​៖ «​តែ​យ៉ាងណា រាជរដ្ឋាភិបាល​កម្ពុជា​បាន​ប្រឹង​ប្រែង​ទៅលើ​កំណែទម្រង់​របស់ខ្លួន​យ៉ាងសកម្ម​។ អ៊ីចឹង​បើ​កំណែទម្រង់​យ៉ាងសកម្ម​ហើយ​ចំ​គោលដៅ​ត្រឹមត្រូវ​ទៅលើ​គោ​លន​យោ​បាយ​របស់ខ្លួន​ជា​ចំណែក​បច្ច័យ​មួយ​ដែល​អាច​នាំទៅដល់​បើ​មិន​ទៅដល់​គោលដៅ​ក៏​ក្បែរ​គោ​ដៅ​ដែរ​។ នេះ​ខ្ញុំ​មាន​សុទិដ្ឋិនិយម​បែបនេះ​»៕