​ភ្នំពេញៈ​ ការស្ថាបនា​ស្ពាន​ឆ្លងទន្លេ​បាសាក់ ចាក់អង្រែ​ក្រោម​ព្រែកប្រា​ដែលមាន​តម្លៃ​ប្រមាណ ជាង​ ៦០​ លាន​ដុល្លារ​អាមេរិក ដោយ​ប្រើ​ឥណទាន​សម្បទាន​ពី​មិត្ត​ចិន បានចាប់ផ្តើម​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​នា​ថ្ងៃទី​ ១៩ ខែកុម្ភៈ ក្រោម​អធិបតីភាព​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន ម៉ា​ណែ​ត និង​លោក​វ៉ាង វិ​ន​ធាន ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា​។​


​លោក ប៉េង ពោធិ៍​នា រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ថ្លែងឱ្យដឹងថា គម្រោង​នេះ​គ្រោង​នឹង​បញ្ចប់​នៅក្នុង​អំ​ឡុង​ឆ្នាំ​ ២០២៧ ដោយ​គ្រោង​ចំណាយ​ថវិកា​សរុប​ប្រមាណ ៦០,២ ​លាន​ដុល្លារ​អាមេរិក ​ដែលជា​ឥណទាន​សម្បទាន​ពី​រដ្ឋាភិបាល​ចិន ​រួមជាមួយ​នឹង​ថវិកាបដិភាគ​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា សម្រាប់​ការដោះស្រាយ​ផល​ប៉ះ​ពាល់​ការ​បោស​សម្អាត​គ្រាប់មីន យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ និង​ពន្ធ​​អាករ​ផ្សេងៗ​។ 

​លោក​ថ្លែងថា​៖«​ស្ពាន​ឆ្លងកាត់​ទន្លេបាសាក់ ​(​ចាក់​អង្រែ​ក្រោម​-​ព្រែកប្រា​) និង​ផ្លូវ​ត​ភ្ជាប់​នេះ គឺជា​ចំណងដៃ​ដ៏​ពិសិដ្ឋ​ថ្លៃថ្លា​ថ្មី​មួយ​បន្ថែមទៀត​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា នៅក្នុង​អាណត្តិ​ទី​៧​ ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដើម្បី​ប្រើប្រាស់ ជា​ប្រយោជន៍​ទូទៅ និង​យូរអង្វែង​»​។ 


​លោក​រដ្ឋមន្ត្រី​បន្ថែមថា​ការសាងសង់​ស្ពាន និង​ផ្លូវ​ត​ភ្ជាប់​នេះ គឺ​អនុវត្ត​ស្របតាម​កម្មវិធី​នយោបាយ របស់​រាជរដ្ឋាភិបាល​ក្នុងការ​ត​ភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ស្ពាន​សំខាន់ៗ ឱ្យមាន​ភាព​ប្រទាក់ក្រឡា​គ្នា និង​កាន់​​តែ​ល្អ​ប្រសើរឡើង​ប្រកបដោយ​គុណភាព ដើម្បី​ឆ្លើយតប​ទៅនឹង​ការរីកចម្រើន​របស់​ប្រទេសជាតិ​នាពេល​បច្ចុប្បន្ន និង​សម្រាប់​បម្រើឱ្យ​សកម្មភាព​សង្គម​សេដ្ឋកិច្ច ដែល​កំពុងតែ​មានការ​រីក​លូត​-​លាស់​។ 

​ស្ពាន​ឆ្លងកាត់​ទន្លេបាសាក់​នេះ ជា​ប្រភេទ​ស្ពានបេតុង​ភ្លោះ មាន​ប្រវែង ៨៤៥,៧ ​ម៉ែត្រ មាន​ចំណុច​ចាប់ផ្ដើម​ពី​ត្រើយ​ខាងលិច​ទន្លេបាសាក់ ស្ថិតក្នុង​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ និង​ចំណុច​បញ្ចប់​នៅ​ត្រើយ​ខាងកើត​ទន្លេបាសាក់ ស្ថិតក្នុង​សង្កាត់​ព្រែក​ប្រា ខណ្ឌ​ច្បារអំពៅ​។ ស្ពាន​នីមួយៗ​មាន​គន្លង​ផ្លូវ​ សម្រាប់​រថយន្ត​ចរាចរណ៍​ចំនួន ២ ​គន្លង ប្រវែង ៧ ​ម៉ែត្រ គន្លង​ផ្លូវ​សម្រាប់ទោ​ចក្រយាន​មាន​ចំនួន ១​ គន្លង ប្រវែង ២,៥ ​ម៉ែត្រ ផ្លូវ​ថ្មើរជើង មាន​ចំនួន ​១​ គន្លង ប្រវែង ២​ ម៉ែត្រ បង្កាន់ដៃស្ពាន​សងខាង​សរុប​ប្រវែង ១,២៥​ ម៉ែត្រ គម្លាត​សុវត្ថិ​ភាព​ប្រវែង​កន្លះ​ម៉ែត្រ និង​មាន​ទំហំ​ឆ្លង​​កាត់​សម្រាប់​នាវាចរ​ផ្នែក​ខាងក្រោម​ស្ពាន ៩០ ​ម៉ែត្រ x ១១,៥ ​ម៉ែត្រ​។​


​ជាមួយគ្នា​នោះដែរ​លោក​ ហ៊ុន ម៉ា​ណែ​ត ​បាន​ថ្លែង​នា​ពិធី​នោះដែរ​ថា ស្ពាន​នេះ​មិនមែន​តែ​សម្រាប់​ប្រជាពលរដ្ឋ​រស់នៅ​រាជធានី​ភ្នំពេញ​ប៉ុណ្ណោះ​ទេ តែ​សម្រាប់​ជា​អត្ថប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​នៅ​ទូទាំងប្រទេស​ក្នុង​ការជួយ​សម្រួល​ដល់​ការធ្វើដំណើរ​ឆ្លងកាត់​ពី​ត្រើយ​ខាង​កើត ទៅ​ត្រើយ​ខាងលិច​បាន​ឆាប់រហ័ស និង​សុវត្ថិភាព​។ 

​លោក​ថា​៖ «​គោលនយោបាយ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន គឺជា​អាទិភាព​ទី ​២​ ដែល​រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់ និង​ដាក់ចេញ​ក្នុង​គោលនយោបាយ និង​យុទ្ធ​សា​​ស្ដ្រ​ជាតិ​បន្ទាប់ពី​មនុស្ស​។ តាមរយៈ​កំណើន ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន​នៅ​ទូទាំងប្រទេស​កម្ពុជា​បាន​ចូលរួម​រុញ​កំណើន​រោងចក្រ សហគ្រាស​ជាច្រើន​ទៅដល់​បណ្ដា​ខេត្ត បង្កើន​ការងារ និង​មុខរបរ​ជាច្រើន​ដល់​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស​»​។​

​នាឱកាស​នោះដែរ​លោក ​ហ៊ុន ម៉ា​ណែ​ត ក៏បាន​បញ្ជាក់ដែរថា គោលដៅ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ នៅក្នុង​ប្រទេស​កម្ពុជា គឺ​រាជរដ្ឋាភិបាល មិនមាន​ការដកថយ​ឡើយ​។ លោក​ថា ៖ «​មាន​ផ្លូវ​កាន់តែ​រឹងមាំ ក្តីសង្ឃឹម​កាន់តែ​រឹងមាំ មាន​ផ្លូវ​កាន់​តែ​ច្រើន ក្តីសង្ឃឹម​ក៏​កាន់តែច្រើន​។ ផ្លូវ​ដូច​សរសៃឈាម​អ៊ីចឹង ផ្លូវ​ទៅដល់​ទីណា​ជួយ​ចិញ្ចឹម​សរីរាង្គ​នៅ​ទីនោះ ហើយ​ផ្លូវ គឺ​ជួយ​សម្រួល​ក្នុង​ការធ្វើ​ចរាចរណ៍ កាត់បន្ថយ​ការចំណាយ និង​បើកឱកាស​ឱ្យ​ប្រជាពលរដ្ឋ អាច​ប្រកប​របរ​រកស៊ី​បាន​ផងដែរ​»​។​

​ផ្លូវ​មិនមែន​ប្រើ​សម្រាប់តែ​ការធ្វើ​ចំណាកស្រុក​ប៉ុណ្ណោះ​ទេ តែ​ផ្លូវ បានរួម​ចំណែក​រុញ​រោងចក្រ និង​ការងារ​ជូន​ប្រជាពលរដ្ឋ​។ បើតាម​លោក ហ៊ុន​ ម៉ា​ណែ​ត បច្ចុប្បន្ន​កម្ពុជា មាន​ស្ពាន​ឆ្លងកាត់​ទន្លេ​ចំនួន ​២៥​ស្ ពាន​ក្នុងនោះ ស្ពាន​ចំនួន​ ១៩ ​ធ្វើ​រួចរាល់​, ៣​ ស្ពាន​កំពុង​សាង​សង់ និង ៣​ ស្ពាន​ទៀត កំពុង​សិក្សា​។​

​ចំណែក លោក វ៉ាង វិ​ន​ធាន ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា បាន​ថ្លែង​ក្នុង​ពិធីបើកការដ្ឋាន​នេះ​ថា ស្ពាន​នេះ​គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ផែនការ​នៃ​បណ្តាញ​ផ្លូវ​នៅ​តំបន់​ភាគខាងត្បូង​នៃ​រាជធានី​ភ្នំពេញ ហើយនឹង​ក្លាយជា​ច្រក​ដ៏​សំខាន់​មួយ​ត​ភ្ជាប់​ពី​ត្រើយ​ខាងលិច ទៅ​ត្រើយ​ខាង​កើត​នៃ​ទន្លេបាសាក់ ដែល​នឹង​ចាក់ឫស​នៃ​ការសម្របសម្រួល​លើ​ការអភិវឌ្ឍ​ផ្នែក​ខាងត្បូង​នៃ​រាជធានី​ភ្នំពេញ ក្រុង​តាខ្មៅ និង​តំបន់​អាកាសយានដ្ឋាន​ភ្នំពេញ​ថ្មី​នាពេល​ខាងមុខនេះ​។​

​លោក​ថ្លែងថា ៖ «​ប្រទេស​ចិន និង​ប្រទេស​កម្ពុជា គឺជា​មិត្ត​ដែកថែប ដែល​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ ក្រោម​ការដឹកនាំ​នៃ​យុទ្ធ​សាស្ត្រ​របស់​មេដឹកនាំ​ប្រទេស​ទាំង​ ២​ ទំនាក់ទំនង​ភាពជា​ដៃគូ​សហប្រតិបត្តិ​​ការ​គ្រប់​ជ្រុងជ្រោយ ចិន និង​កម្ពុជា សម្រេចបាន​ការអភិវឌ្ឍ​ប្រកបដោយ​គុណភាព​ខ្ពស់ និង​និរន្តរភាព​»​។​

​លោក វ៉ាង វិ​ន​ធាន ក៏បាន​លើកឡើង​ដែរ​ថា ឆ្នាំនេះ​ជា​ឆ្នាំ​ដំបូង​សម្រាប់​ការកសាង​សហគមន៍​វាសនា​រួម​ចិន និង​កម្ពុជា​ក្នុង​យុគសម័យ​ថ្មី ក៏​ជា​ឆ្នាំ​នៃ​ការ​​ផ្លាស់ប្តូរ​ប្រជាជន និង​ប្រជាជន​ចិន និង​កម្ពុជា​។

លោក​ថា​៖ «​ភាគី​ចិន​រីករាយ​សហការ​ជាមួយ​ភាគី​កម្ពុជា​បន្ត​ពង្រីក​អត្ថន័យ​នៃ​ក្របខ័ណ្ឌ​កិច្ច​សហប្រតិបត្តិ​ការ​ត្បូង​ពេជ្រ​ដែលមាន​វិស័យ​អាទិភាព​ទាំង​ ៦ ​ជំរុញ​ឱ្យទទួល​បា​នស​មិទ្ធ​ផល​កិច្ច​​សហប្រតិបត្តិ​ការជាក់ស្តែង​កាន់តែច្រើន​ថែមទៀត ដោយ​ភាគី​ចិន​នឹង​បន្ត​វិនិយោគ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​កម្ពុជា និង​ត្រួស​ត្រាយផ្លូវ​នៃ​ការអភិវឌ្ឍ​​កាន់តែច្រើន ដោយ​កសាង​ស្ពាន​មិត្តភាព​ជាច្រើន​ទៀត​សម្រាប់​ជំនាន់​ក្រោយ និង​បើក​ទំព័រ​ថ្មី​នៃ​មិត្តភាព​ចិន​-​កម្ពុជា​»​។​

​ស្ពាន​ឆ្លងកាត់​ទន្លេបាសាក់​ ដែល​បាន​បើក​ការដ្ឋាន​សាងសង់​នា​ថ្ងៃទី​ ១៩ ខែ​កុម្ភៈ​នេះ គឺជា​ស្ពាន​ទី ​១៦ ​ហើយ បើ​គិត​ក្នុងចំណោម​ស្ពាន​ធំៗ ដែល​បាន​សាង​សង់​ក្រោម​ឥណទាន​សម្បទាន​ពីសា​ធា​រណ​រដ្ឋ​ប្រជាមានិត​ចិន​។ ក្នុងនោះ​រួមមាន​៖​ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន ​(​សេកុង​ស្ទឹងត្រែង​), ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន​ (​ព្រែក​ក្តាម​),​ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន ​(​ព្រែក​តា​មាក់​),​ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន ​(​ជ្រោយចង្វារ​ទី​២), ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន ​(​មេគង្គ​ស្ទឹងត្រែង​), ស្ពាន​​មិត្តភាព​កម្ពុជា​-​ចិន តាខ្មៅ​), ស្ពាន​មិត្ត​ភាព​កម្ពុជា​-​ចិន ​(​កោះធំ​)​។ 

​ស្ពាន​អាកាស​មិត្តភាព​កម្ពុជា​-​ចិន ​(​សែន​សុខ​),​ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន ​(​ស្ទឹងត្រង់​-​ក្រូចឆ្មារ​), ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន ​(​កោះអន្លង់ចិន​), ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន ​(​ឆ្លងកាត់​ទន្លេ​មេគង្គ​ក្រចេះ​), ស្ពាន​រំលង ឬ​ស្ពាន​អា​កាស​ចំនួន​ ៤ ​កន្លែង ​(​កាត់​ពីលើ​ផ្លូវជាតិ​លេខ ​៤ លេខ ​៣ លេខ ​២ និង​លេខ​ ២១) ជា​ផ្នែក​នៃ​គម្រោង​ផ្លូវ​ក្រវាត់ក្រុង​ទី​៣៕