​ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត បានប្រកាសថា កម្ពុជា​មិនអាច​អត់ឱន​ដល់​ជន​ណា​ដែល​ផលិត​មាតិកា​វីដេអូ​ប្រឌិត ធ្វើឱ្យ​ខូច​មុខមាត់ និង​កិត្តិយស​កម្ពុជា​ឡើយ ដោយ​លោក​បាន​ព្រមាន​អនុវត្ត​ច្បាប់​យ៉ាង​តឹងរ៉ឹង​ដល់​ជន​ណា​ដែល​ធ្វើ​ទង្វើ​បែបនេះ​។​


​លោក ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​ដូចនេះ នា​ថ្ងៃទី​​ ១៩ ខែកុម្ភៈ ក្នុង​ពិធីបើកការដ្ឋាន​សាងសង់​ស្ពាន​ឆ្លងទន្លេ​បាសាក់ (​ចាក់អង្រែ​ក្រោម​-​ព្រែកប្រា​) ក្នុង​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ​។

លោក​បាន​ថ្លែងថា​៖ «​សូម​ព្រមាន​ទៅដល់​អ្នក​ដែល​យក​ប្រទេស​កម្ពុជា ធ្វើជា​កន្លែង​អាជីវកម្ម​ថត​ជា​វីដេអូ​ដើម្បី​បាន view បាន​អ្នកមើល​ច្រើន គឺ​ត្រូវអនុវត្ត​ច្បាប់​ឱ្យបាន​ម៉ឺងម៉ាត់ អនុវត្ត​ជាប់គុក ​២ ​ឆ្នាំ ហើយ ចេញពី​គុក​ត្រូវ​បណ្តេញ​ចេញពី​ប្រទេស​កម្ពុជា ​ហើយ​ដាក់​ក្នុង black list ឈប់​ឱ្យចូល​ស្រុក​ខ្មែរ​មួយជីវិត​»​។​


​លោក​បន្ថែមថា ប្រជាជន​ខ្មែរ​បាន​ទទួលរង​ទុក្ខ​​វេទនាណាស់​ទៅហើយ ខំ​កសាង​ប្រទេស ជា​ប្រជាជន​ដែល​ល្អ ទេសចរ​មក​ខំ​ស្វាគមន៍​ដោយ​ញញឹម តែ​ថា​តើ​ប្រជាជន​កម្ពុជា​ខុស​អី​បានជា​អ្នកឯង ​(​អ្នក​ផលិត​វីដេអូ​) ចង់​ចំណេញ ចង់បាន​លុយ​បែរជា​នាំគ្នា​ផលិត​ជា​វីដេអូ​បំផ្លើស​ថា មាន​ករណី​ចាប់ជំរិត ឬ​ជួញដូរ​គ្រឿងក្នុង​ជាដើម​។​

​លោក​បញ្ជាក់ថា​៖ «​វា​ប៉ះ​ពាល់​ដល់​កិត្តិយស​ជាតិ​យើង​ដែល​មិនអាច​ឱ្យធ្វើ​ទៅបាន​។ អ៊ីចឹង​! ខ្ញុំ​សូម​ជូន​សារ​នេះ​ឱ្យ​ច្បាស់​ថា អ្នកណា​ដែល​យក​ស្រុក​​ខ្មែរ​ (​ជា​កន្លែង​ផលិត​មាតិកា​វី​ដេ​​អូ​ប្រឌិត​)​ គឺ​មិនអាច​លើកលែង​បានទេ ហើយ​ត្រូវ​មើល​បន្ថែមទៀត បើ​ដាក់ទោស​ ២ ​ឆ្នាំ​ហើយ នៅតែមាន​អ្នក​មិន​រាងចាល​ទៀត ត្រូវ​ពិនិត្យមើល​ឱ្យ​វែង​ជាងនេះទៀត ព្រោះ​មិនអាច​យក​ស្រុក​ខ្មែរ​ធ្វើជា​កន្លែង​លេងសើច​បានទេ​»​។​


​លោកនាយក​រដ្ឋមន្ត្រី​បាន​ព្រមាន​ដូចនេះ បន្ទាប់ពី​មាន​ករណី​ទាក់ទង​នឹង​យុវជន​ជនជាតិ​​តៃវ៉ាន់​បាន​បង្កើតជា​វីដេអូ​បំផ្លើស​ពី​រូប​ភាពមិន​ពិត​ពី​ប្រទេស​កម្ពុជា​។

លោក​លើកឡើងថា សមត្ថកិច្ច​បាន​ចាប់ខ្លួន​យុវជន​ជនជាតិ​តៃ​វ៉ាន់​ចំនួន​ ២ ​នាក់ កាលពី​ថ្ងៃទី​ ១៤ ខែកុម្ភៈ ដែល​ពួកគាត់​ជា​អ្នកលេង​តិកតុក ដោយបាន​ជ្រើសរើស​ប្រទេស​កម្ពុជា ដោយបាន​ថត​វី​ដេ​អូ​ពី​ការចាប់​ជំរិត​នៅ​ទីតាំង​ខេត្ត​ព្រះសីហនុ ដោយបាន​ក្លែង​ធ្វើជា​ជនរងគ្រោះ​ដោយ​ត្រូវបាន​គេ​ចាប់ជំរិត​នៅ​កម្ពុជា ដោយបាន​ថត​រួច​ផ្ញើឱ្យ​ប្រពន្ធ​របស់គាត់​នៅ​តៃវ៉ាន់​បង្ហោះ​ពី​ករណីនេះ​ថា ពិតជា​មាន​ករណី​ចាប់ជំរិត​នេះ​មែន​។ 

​លោក​បន្តថា​៖ «​នៅពេលដែល​គេ​ចាប់ខ្លួនបាន ហើយ​សួរថា ហេតុ​អី​អ្នកឯង​ធ្វើ​អ៊ីចឹង​? គាត់​ថា គាត់​ថត​បង្ហោះ​ដើម្បី​បាន​អ្នក​មើល​ (view)​ ច្រើន ហើយ​ខ្ញុំ​នឹង​លក់​ផលិតផល​របស់ខ្ញុំ​។ គាត់​មក​បំផ្លាញ​ស្រុក​យើង គាត់​ធ្វើឱ្យ​មនុស្ស​រាប់សែន រាប់លាន​នាក់​ដែល​មើល​តិកតុក​គាត់​ថា ស្រុក​​ខ្មែរ​អ​សុវត្ថិភាព ដោយសារ​គាត់​ចង់បាន​អ្នកមើល​ច្រើន​ដើម្បី​លក់​ផលិតផល​គាត់​។ តើ​នេះ​ឬ​ដែលជា​ការស្រឡាញ់​មក​ប្រទេស​កម្ពុជា​? យើង​មិន​អាចឱ្យ​អ្នក​ហ្នឹង​ធ្វើ​អ៊ីចឹង​បានទេ​»​។​

​យុវជន​ជនជាតិ​តៃវ៉ាន់​ ២ ​រូបនេះ ត្រូវបាន​សាលាដំបូង​ខេត្ត​ព្រះ​សីហនុ សម្រេច​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ចំនួន ​២​ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ក្នុង​ម្នាក់ៗ​ចំនួន ៤ ​លាន​រៀល ពីបទ​ល្មើស​ញុះញង់​បង្កឱ្យមាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិ​​សុខ​សង្គម នៅ​ខេត្ត​ព្រះសីហនុ​កាលពី​ថ្ងៃទី​ ១៥ ខែកុម្ភៈ​។​

​ជាមួយគ្នានេះដែរ លោក ហ៊ុន​ ម៉ា​ណែ​ត បាន​បង្ហើប​ឱ្យដឹងទៀតថា ទាក់ទង​នឹង​ករណីនេះ មាន​អ្នកស្នើសុំ​អន្តរាគមន៍​មក​លោក​ដោយ​លើកឡើងថា ម្តាយ​របស់​ពួកគេ​ឈឺ​នៅ​តៃវ៉ាន់ ប៉ុន្តែ​លោក​ឆ្លើយតប​វិញ​ថា «​បើ​ម្តាយ​ឈឺ គួរ​តែ​ដា​ក់វា​ឱ្យ​យូរ​។ បើ​ម្តាយ​ឈឺ​មិនគួរ​អកតញ្ញូ គួរតែ​នៅ​តៃវ៉ាន់​មើល​ម្តាយ​ឈឺ មិនគួរ​ជិះ​យន្តហោះ​មក​បំផ្លាញ​ស្រុក​គេ​ទេ​»​។

លោកនាយក​រដ្ឋមន្ត្រី​បាន​បន្តថា សកម្ម​ភាព​របស់​ពួកគេ​ដែល​បាន​ថត​វីដេអូ​បោកប្រាស់​នេះហើយ​ដែល​ធ្វើ​ឱ្យគេ​យល់ច្រឡំ​ពី​កម្ពុជា​ថា ជា​ប្រទេស​ដែលមាន​ការចាប់​​ជំរិត ធ្វើឱ្យ​មិនមាន​ទេសចរ​ចង់​មកលេង​ប្រទេស​កម្ពុជា​។​

​លោក យង់ ពៅ អគ្គលេខា​ធិ​ការ​រាជបណ្ឌិត្យសភាកម្ពុជា ថ្លែងថា ប្រទេស​កម្ពុជា​អនុវត្ត​ច្បាប់​ប្រជាធិបតេយ្យ ហើយ​ការ​​បញ្ចេញមតិ​ជា​សិទ្ធិសេរីភាព​របស់​ប្រជាពលរដ្ឋ​គ្រប់រូប ប៉ុន្តែ​ប្រសិន​​បើ​ការបញ្ចេញមតិ​ឬ​ការផ្តល់​ព័​ត៌​មាន ឬ​ការធ្វើ​មាតិកា​ព័ត៌មាន​នាំឱ្យមាន​ការប៉ះពាល់​ដល់​សន្តិ​សុខ​ជាតិ ប៉ះពាល់​ដល់​មុខមាត់​ប្រទេស កិត្តិយស​ប្រទេស ឬ​បុគ្គល​ជាដើម​នោះ គឺ​ត្រូវ​ទទួលខុស​ត្រូវ​ទៅតាម​ច្បាប់​ហើយ​។​

​លោក​បន្តថា ពាក់ព័ន្ធ​នឹង​ការ​​លើកឡើង ក៏ដូចជា​ការព្រមានរ​បស់​នាយករដ្ឋមន្ត្រី​ទាក់ទង​នឹង​ជនបរទេស​ដែល​បាន​បំផ្លាញ​មុខមាត់​ប្រទេស​កម្ពុជា​នេះ គឺ​ដាច់ខាត​កម្ពុជា​ត្រូវតែមាន​វិធាន​ការ​ច្បាប់​នានា ដើម្បី​ជាការ​ស្តារ​មុខមាត់​កម្ពុជា​ឡើងវិញ​។ 

​លោក​បញ្ជាក់ថា​៖ «​ការផ្សាយ​ព័ត៌មាន​មិន​ពិត​នេះ បានធ្វើឱ្យ​ប៉ះពាល់​ដល់​ប្រទេស​កម្ពុជា​យ៉ាងធ្ងន់ធ្ងរ​ទាំង​ទៅលើ​ទិដ្ឋភាព​នយោបាយ សេដ្ឋកិច្ច និង​វិស័យ​ទេសចរណ៍​តែម្តង ព្រោះ​បើ​ផ្សាយ​ថា កម្ពុជា​ជា​ប្រទេស​ដែល​សម្បូរ​ដោយ​ចោរកម្ម ឃាតកម្ម ឬ​ការ​ឆបោក ទាំងនេះ​ធ្វើឱ្យ​ទេសចរ​មានការ​ខ្លាចរអា មិន​ហ៊ាន​មក​ប្រទេស​កម្ពុជា​ទេ​»​។ 

​លោក យង់ ពៅ​ បន្ថែមថា ប្រសិនបើ​មានការ​ទប់​ស្កាត់​ព័ត៌មាន​បែបនេះ​បាន ហើយ​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​ពី​ទិដ្ឋភាព​ពិត​របស់​កម្ពុជា រូបភាព​វិជ្ជមាន​ពី​កម្ពុជា រួម​នឹង​ការរៀបចំ​សន្តិសុខ​សណ្តាប់ធ្នាប់​ឱ្យបាន​ល្អ​ព្រមជាមួយ​គ្នា​នោះដែរ នោះ​នឹង​ផ្តល់​ជំនឿ ទំនុកចិត្ត​ដល់​អន្តរជាតិ ក៏ដូចជា​ភ្ញៀវទេសចរ​ទៀតផង​៕