​ថ្នាល​ផ្ទៀងផ្ទាត់​ឯកសារ verify.gov.kh របស់​កម្ពុជា បានឈ្នះ​មេដាយមាស​នៃ “​ពានរង្វាន់​ឌីជីថល អាស៊ាន​ឆ្នាំ​២០២៤” (ASEAN Digital Awards 2024) លើ​ផ្នែក​ដំណោះស្រាយ​ឌីជីថល​ក្នុង​ការផ្តល់​សេវាសាធារណៈ​ល្អ​បំផុត​របស់​អាស៊ាន ដែល​ជ័យជម្នះ​នេះ​បង្ហាញថា ថ្នាល​ផ្ទៀងផ្ទាត់​ឯកសារ​កម្ពុជា​ត្រូវបាន​ទទួលស្គាល់​ជា​កម្រិត​អន្តរជាតិ​ផងដែរ​។


គួរ​ជម្រាប​ថា កាលពី​ថ្ងៃទី ​១ ខែកុម្ភៈ ឆ្នាំ​ ២០២៤ “​ថ្នាល​ផ្ទៀងផ្ទាត់​ឯកសារ​របស់​រាជរដ្ឋាភិបាល verify.gov.kh” ដែល​អភិវឌ្ឍ​ដោយ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ ក​.​ប​.​ទ​. បានឈ្នះ​មេដាយមាស នៃ​ពានរង្វាន់​ឌីជីថល​អាស៊ាន​ឆ្នាំ ​២០២៤ ដែល​រៀបចំ​នៅ​ប្រទេស​សិង្ហ​បុរី ក្រោម​ក្របខ័ណ្ឌ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ឌីជីថល​អាស៊ាន លើក​ទី​៤ ដោយមាន​ការចូលរួម​ពី​រដ្ឋមន្ត្រី​ឌីជីថល​អាស៊ាន ប្រទេស​ទី​ម័​រ​ខាងកើត និង​ដៃគូ​អាស៊ាន ដែល​រួមមាន​សាធារណរដ្ឋ​កូរ៉េ ចិន ជប៉ុន ឥណ្ឌា សហរដ្ឋអាមេរិក និង​សហភាព​ទូរគមនាគមន៍​អន្តជាតិ​។

សេចក្តីប្រកាស​ព័ត៌មាន​របស់ ក​.​ប​.​ទ បានឱ្យដឹងថា ក្នុងការ​ប្រកួតប្រជែង​ពានរង្វាន់​ឌីជីថល​អាស៊ាន​ឆ្នាំ​ ២០២៤ នេះ ប្រទេស​សមាជិក​អាស៊ាន​ទាំង​១០​ បាន​សម្រិតសម្រាំង​ផលិតផល​ឌីជីថល សេវា និង​កម្មវិធី (Digital Products, Services and Programs) ល្អៗ​ចំនួន​ ១២៥ មក​ដាក់ពាក្យ​ប្រកួតប្រជែង​។ ឆ្លងកាត់​វគ្គ​ជម្រុះ​ជាច្រើនលើក “​ថ្នាល​ផ្ទៀងផ្ទាត់​ឯកសារ​របស់​រាជរដ្ឋាភិបាល verify.gov.kh” ជា​បេក្ខភាព​តំណាង​របស់​កម្ពុជា​ដែល​ឈានដល់​វគ្គ​ផ្តាច់ព្រ័ត្រ​នេះ​។ បន្ទាប់ពី​ការប្រកួតប្រជែង​ជាមួយ​បេក្ខភាព​ចុងក្រោយ​ទាំងអស់ “​ថ្នាល​ផ្ទៀងផ្ទាត់​ឯកសារ​របស់​រាជរដ្ឋាភិបាល verify.gov.kh” បានឈ្នះ​មេដាយមាស លើ​ផ្នែក​ដំណោះស្រាយ ឌីជីថល​ក្នុង​ការផ្តល់​សេវាសាធារណៈ​ល្អ​បំផុត​របស់​អាស៊ាន ឆ្នាំ​ ២០២៤​។


លោក ជា វ៉ាន់​ដេ​ត រដ្ឋមន្ត្រី ក​.​ប​.​ទ​. និង​ជា​ប្រធាន​គណៈកម្មាធិការ​រដ្ឋាភិបាល​ឌីជីថល (​គ​.​រ​.​ឧ​.) បាន​ថ្លែង​ដោយ​មោទនភាព​ថា នេះ​ជា​លើក​ទី​១ ដែល​កម្ពុជា​បានឈ្នះ​មេដាយមាស​លើ​ផ្នែក​ដំណោះស្រាយ​ឌីជីថល​ក្នុង​ការផ្តល់​សេវាសាធារណៈ​ល្អ​បំផុត​របស់​អាស៊ាន​។


លោក​បញ្ជាក់ថា​៖ «​ជោគជ័យ​នេះ​បានបង្ហាញ​អំពី​សមិទ្ធផល​ប្រកបដោយ​ផ្លែផ្កា​នៃ​ការខិតខំ​បង្កើត​ដំណោះស្រាយ​ឌីជីថល​របស់ ក​.​ប​.​ទ​. និង គ​.​រ​.​ឧ​. ដើម្បី​បម្រើសេវា​សាធារណៈ​ឱ្យ​កាន់តែ​ល្អប្រសើរ​ដែល​សមិទ្ធផល​នេះ​មានការ​ទទួលស្គាល់​មិន​ត្រឹមតែ​ក្នុង​ក្របខ័ណ្ឌ​កម្ពុជា​ទេ តែ​ពេលនេះ ក៏ត្រូវ​បានទទួល​ស្គាល់​ថា​ជា​ដំណោះស្រាយ​ឌីជីថល​ល្អ​បំផុត​ក្នុង​កម្រិត​អន្តរជាតិ​ផងដែរ​»​។

លោក​បានបញ្ជាក់​ផងដែរ​ថា ជោគជ័យ​នេះ​បង្ហាញ​ឱ្យ​កាន់តែច្បាស់​ថា “​ថ្នាល​ផ្ទៀងផ្ទាត់​ឯកសារ​របស់​រាជរដ្ឋាភិបាល verify.gov.kh” មិន​ត្រឹមតែ​ពង្រីក​វិសាលភាព​ការប្រើប្រាស់​នៅក្នុង​កម្ពុជា​ទេ ថែមទាំង​អាច​ប្រើប្រាស់​ជា​ថ្នាល​ផ្ទៀងផ្ទាត់​ឯកសារ​រួម​របស់​ប្រទេស​សមាជិក​អាស៊ាន ដើម្បី​ផ្ទៀងផ្ទាត់ ភាពត្រឹមត្រូវ​នៃ​ឯកសារ​ពាណិជ្ជកម្ម និង​ឯកសារ​ផ្លូវការ​របស់​បណ្ដា​ប្រទេស​ក្នុង​តំបន់​បាន​ដោយ​មិន​តម្រូវឱ្យមាន​ឯកសារ ច្បាប់ដើម ឬ​ការធ្វើ​នីត្យានុកូលកម្ម​លើ​ឯកសារ​ថតចម្លង​ក្នុង​ទម្រង់​ជា​ក្រដាស​ឡើយ​។

តាមរយៈ​កិច្ចខិតខំ​រួមគ្នា​នេះ ប្រទេស​សមាជិក​អាស៊ាន​នឹង​សម្រេចបាន​គោលដៅ​រួម​ក្នុង​ការទាញយក​សក្តានុពល​ជា​អតិបរមា​ពី​បច្ចេកវិទ្យា​ឌីជីថល ហើយ ក​.​ប​.​ទ​. ប្ដេជ្ញា​ចូលរួម​យ៉ាង​មុតមាំ​ក្នុង​ដំណើរការ​នេះ​។

សូមបញ្ជាក់ថា ពានរង្វាន់​ឌីជីថល​អាស៊ាន ត្រូវបាន​បែងចែក​ជា​៦​ផ្នែក មានដូចជា ១) ដំណោះស្រាយ​ឌីជីថល ក្នុង​ការផ្តល់​សេវាសាធារណៈ ២) ដំណោះស្រាយ​ឌីជីថល​ក្នុង​ការផ្តល់សេវា​វិស័យ​ឯកជន ៣) ដំណោះស្រាយ​សម្រាប់ បរិ​យាប​ន្ន​ឌីជីថល ៤) ដំណោះស្រាយ​សម្រាប់​មាតិកា​ឌីជីថល ៥) ដំណោះស្រាយ​សម្រាប់​ធុរកិច្ច​ថ្មី​ឌីជីថល និង​៦) ដំណោះស្រាយ​សម្រាប់​នវានុវត្តន៍​ឌីជីថល​។

ក្នុងការ​ប្រកួតប្រជែង​ពានរង្វាន់​ឌីជីថល​អាស៊ាន ផ្នែក​ដំណោះស្រាយ​ឌីជីថល ក្នុង​ការផ្តល់​សេវាសាធារណៈ​ល្អ​បំផុត​របស់​អាស៊ាន​ឆ្នាំ​ ២០២៤ នេះ “​ប្រព័ន្ធ​សុខាភិបាល​ឌីជីថល​” របស់​ប្រទេស​ថៃ ទទួលបាន​មេដាយប្រាក់ ហើយ “​ប្រព័ន្ធ​សំបុត្រកំណើត​និង​សំបុត្រមរណភាព​” របស់​ប្រទេស​សិង្ហ​បុរី​ទទួលបាន​មេដាយ​សំរឹទ្ធ​៕