ក្រសួង​អប់រំ យុវជន និង​កីឡា និង​ធនាគារជាតិ​នៃ​កម្ពុជា បានរៀបចំ​សិក្ខាសាលា​ស្ដីពី “​ការអនុវត្ត​គម្រោង​បញ្ជ្រាប​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ ទៅក្នុង​កម្មវិធីសិក្សា​ចំណេះ​ទូទៅ ដំណាក់កាល​ទី​៣” ដែល​កម្មវិធី​នេះ មិនមែន​គ្រាន់តែ​ផ្ដោតលើ​លេខនព្វន្ត និង​ការ​គណនា​ប៉ុណ្ណោះ​ទេ តែ​នឹង​រួមបញ្ចូល​នូវ​ជំនាញ និង​ចំណេះដឹង​ជាច្រើន​សម្រាប់​សុខុមាលភាព​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​ផងដែរ​។


សិក្ខាសាលា​នេះ ត្រូវបាន​រៀបចំឡើង​ក្រោម​អធិបតីភាព​លោកស្រី គឹម សេដ្ឋា​នី រដ្ឋលេខាធិការ​ប្រចាំការ ក្រសួង​អប់រំ យុវជន និង​កីឡា លោកស្រី ជា សិរី ទេសាភិបាល ធនាគារជាតិ នៃ​កម្ពុជា និង​មានការ​ចូលរួម​ពី​តំណាង ដៃគូ​អភិវឌ្ឍន៍ មន្ត្រី​មកពី​ស្ថាប័ន​ពាក់ព័ន្ធ រដ្ឋ និង​ឯកជន កាលពី​ថ្ងៃទី​ ១ ​ខែកុម្ភៈ ឆ្នាំ ២០២៤​។ នេះ​បើតាម​ហ្វេ​ស​ប៊ុ​ករ​បស់​ក្រសួង​អប់រំ​។

ក្នុងឱកាស​នោះ លោកស្រី គឹម សេដ្ឋា​នី បាន​ថ្លែងអំណរគុណ​ចំពោះ​ធនាគារជាតិ​នៃ​កម្ពុជា ដែល​បាន​សហការ​ជាមួយ​ក្រសួង​អប់រំ ក្នុងការ​បញ្ជ្រាប​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ទៅក្នុង​កម្មវិធីសិក្សា​រប​ស់​ជាតិ រហូត​សម្រេចបាន​លទ្ធផល​ជា​បន្តបន្ទាប់ នាពីរ​ដំណាក់កាល​កន្លងមក ដោយ​ក្រសួង​បាន​ដាក់ឱ្យ​សាកល្បង​អនុវត្ត​ការបញ្ជ្រាប​មេរៀន​មួយចំនួន​នៅ​កម្រិត​ថ្នាក់​ទី៤ និង​ទី​៧ ក្នុង​ឆ្នាំ​សិក្សា ២០២២-២០២៣​។


លោកស្រី​បាន​បញ្ជាក់ថា​៖ «​គោលដៅ​បញ្ជ្រាប​ចំណេះដឹង​អក្ខរកម្ម​ហិរញ្ញវត្ថុ មិនមែន​គ្រាន់តែ​ផ្ដោតលើ​លេខនព្វន្ត និង​ការ​គណនា​ប៉ុណ្ណោះ​ទេ តែ​នឹង​រួមបញ្ចូល​នូវ​ជំនាញ និង​ចំណេះដឹង​ជាច្រើន​ដែល​ចាំបាច់​សម្រាប់​សុខុមាលភាព​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​ផងដែរ​។ ឧទាហរណ៍ ការយល់ដឹង​អំពី​គំនិត​ថវិកា ការ​សន្សំ ការវិនិយោគ ធនាគារ និង​ការខ្ចីប្រាក់​ជាដើម​ដែល​តម្រូវឱ្យ​អនុវត្ត​ប្រកបដោយ​ការទទួលខុសត្រូវ​»​។

លោកស្រី​បាន​ថ្លែងថា ជំនាញ​ទាំងនេះ មាន​សារៈសំខាន់​សម្រាប់​បុគ្គល​ម្នាក់ៗ ក្នុងការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​របស់​ពួកគេ​ប្រកបដោយ​ប្រសិទ្ធភាព ចៀសវាង​អន្ទាក់​បំណុល និង​ធ្វើការ​សម្រេចចិត្ត​ផ្នែក​ហិរញ្ញវត្ថុ​ខុស​។ លើសពីនេះទៅទៀត តាមរយៈ​ការរួមបញ្ចូល​ការអប់រំ​ផ្នែក​ហិរញ្ញវត្ថុ​ទៅក្នុង​កម្មវិធីសិក្សា យើង​អាចជួយ​បណ្តុះ​វប្បធម៌​ទំនួល​ខុសត្រូវ​ផ្នែក​ហិរញ្ញវត្ថុ និង​ភាព​ប្រុងប្រយ័ត្ន​ខ្ពស់​រួមទាំង Crypto-currency ផងដែរ​។


លោកស្រីបាន​សង្កត់ធ្ងន់​ទៀតថា ការអប់រំ​ផ្នែក​ហិរញ្ញវត្ថុ នឹង​ផ្ដល់ឱ្យ​សិស្ស​នូវ​ជំនាញ​ក្នុង​ការរុករក​ទិដ្ឋភាព​ហិរញ្ញវត្ថុ​ដ៏​ស្មុគស្មាញ រៀន​ពី​របៀប​បង្កើត និង​គ្រប់គ្រង​ថវិកា ស្វែងយល់​ពី​ផលប៉ះពាល់​នៃ​ការសម្រេចចិត្ត​ហិរញ្ញវត្ថុ និង​វាយតម្លៃ​ជម្រើស​នៃ​ការវិនិយោគ​ផ្សេងៗ​។ ដូច្នេះ​វា​ពិតជា​ចាំបាច់​ដែល​ត្រូវ​បញ្ជ្រាប​ការអប់រំ​ផ្នែក​ហិរញ្ញវត្ថុ​ទៅក្នុង​មុខវិជ្ជា​ដែលមាន​ស្រាប់ ដើម្បី​ឆ្លើយតប​នឹង​យុទ្ធសាស្ត្រ​បញ្ច​កោណ ដំណាក់កាល​ទី​១ ដែល​ផ្ដោតលើ​ការអភិវឌ្ឍ​មូលធន​មនុស្ស​ជា​អាទិភាព ឈានទៅ​ប្រែក្លាយ​កម្ពុជា ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​ក្នុង​ឆ្នាំ ២០៣០​។

គួរ​បញ្ជាក់ដែរថា ការដាក់បញ្ចូល​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ទៅក្នុង​កម្មវិធីសិក្សា​ចំណេះ​ទូទៅ គឺជា​គំនិត​ផ្ដួចផ្ដើម​របស់​អតីត​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយ​លោក​យល់ឃើញថា ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​គឺជា កត្តា​គន្លឹះ​មួយ​ក្នុងការ​អភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ​ប្រកបដោយ​ចីរភាព ដើម្បី​រួមចំណែក​ដល់​ការអភិវឌ្ឍ​ជីវភាព​រស់នៅ​របស់​ប្រជាជន និង​សេដ្ឋកិច្ចជាតិ​៕