ឧបនាយករដ្ឋមន្តី្រ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ជួន ណារ៉ុន បានលើកឡើងថា ដើម្បីជំរុញកំណែទម្រង់វិស័យអប់រំឱ្យកាន់តែល្អប្រសើរទាមទារចាំបាច់ត្រូវចាប់ផ្តើមពីលោកគ្រូ អ្នកគ្រូ ដែលមានគុណវុឌ្ឍិមានសិល្បៈក្នុងការបង្រៀន និងលើកទឹកចិត្តដល់គ្រូសិក្សាពីឫសគល់នៃបញ្ហាប្រឈមនានា ដើម្បីធ្វើឱ្យការបង្រៀនកាន់តែល្អប្រើសើរ។
លោកបានលើកឡើងបែបនេះ នៅកិច្ចប្រជុំស្តីពី «វឌ្ឍនភាពនៃការអនុវត្តកំណែទម្រង់សាលាគរុកោសល្យ» កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ ២០២៤ ដោយមានចូលរួមពីសំណាក់ មន្ត្រីពាក់ព័ន្ធក្រោមឱវាទក្រសួង និងលោកគ្រូ អ្នកគ្រូមកពីគ្រឹះស្ថានអប់រំគ្រូបង្រៀនគ្រប់ខេត្ត ក្រុង សរុបចំនួន ១៤៨ នាក់ នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ។
ក្រសួងអប់រំ បានឱ្យដឹងថា គោលបំណងនៃកិច្ចប្រជុំនេះគឺ ដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តកំណែទម្រង់សាលាគរុកោសល្យសិក្សាពីបញ្ហាប្រឈមនានាដើម្បីស្វែងរកដំណោះស្រាយ និងណែនាំគ្រឹះស្ថានអប់រំគ្រូបង្រៀនទាំងអស់ ដើម្បីត្រៀមខ្លួនអនុវត្តក្នុងការកែទម្រង់គ្រូបង្រៀនជំរុញឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ឈានទៅសម្រេចគោលដៅយុទ្ធសាស្ត្រកំណែទម្រង់វិស័យអប់រំរបស់រដ្ឋាភិបាលនីតិកាលទី៧ ដែលផ្តោតលើការអភិវឌ្ឍមូលធនមនុស្សជាអាទិភាព។
ក្នុងកិច្ចប្រជុំនេះ លោករដ្ឋមន្រ្តី បានលើកឡើងថា ដើម្បីជំរុញកំណែទម្រង់វិស័យអប់រំឱ្យកាន់តែល្អប្រសើរទាមទារចាំបាច់ត្រូវចាប់ផ្តើមពីលោកគ្រូ អ្នកគ្រូ ដែលមានគុណវុឌ្ឍិមានសិល្បៈក្នុងការបង្រៀនខណៈក្រសួងនៅតែបន្តកិច្ចខិតខំប្រឹងប្រែងបង្កើត និងចងក្រងឯកសារបង្រៀនថ្មីៗ និងកញ្ចប់អំណានផ្តល់ជូនដល់សាលាគរុកោសល្យជាបន្តបន្ទាប់ដើម្បីជាទុនដល់ការបង្រៀន។
ទន្ទឹមគ្នានេះដែរ លោកបានផ្ដល់អនុសាសន៍ឱ្យលោកគ្រូ អ្នកគ្រូទាំងអស់សិក្សាពីឫសគល់នៃបញ្ហាប្រឈមនានា បន្តពង្រឹងពង្រីកចំណេះដឹងសមត្ថភាពភាសាបរទេស និងបច្ចេកវិទ្យា និងបង្កើតវិធីសាស្ត្របង្រៀនថ្មីៗ ឆ្លើយតបនឹងវិធានគន្លឹះ៤ ដាក់ចេញដោយរាជរដ្ឋាភិបាលអាណត្តិថ្មី ក្នុងគោលដៅដើម្បីឈានទៅពង្រឹងគុណភាពអប់រំលើកកម្ពស់លទ្ធផលសិក្សាសិស្ស។
គន្លឹះទាំងនោះរួមមាន (ទី១). ពង្រឹងអភិបាលកិច្ចសាលារៀន (ទី២). ពិនិត្យកែសម្រួលនិងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សា ឱ្យស្របទៅតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស (ទី៣) . សុខភាពសិក្សាតាមរយៈកម្មវិធីអាហារូបត្ថម្ភ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន និង (ទី៤). ជំរុញ និងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ក្នុងការអប់រំ។
គួរបញ្ជាក់ដែរថា ដើម្បីអនុវត្តគោលនយោបាយផែនការយុទ្ធសាស្ត្រគាំទ្រវិស័យអប់រំ និងក្របខ័ណ្ឌ កម្មវិធីអប់រំរបស់ក្រសួងអប់រំ យុវជន និងកីឡា ឱ្យមានប្រសិទ្ធភាពក្រុមការងារកំណែទម្រង់គ្រូបង្រៀននៃលេខាធិការដ្ឋានអភិវឌ្ឍន៍ធនធានគ្រូបង្រៀន ត្រូវបានបង្កើតឡើងនៅឆ្នាំ២០២២។
ក្នុងនោះ ដោយមានក្រុមការងារចំនួន ៦ ក្រុម៖ (១) ក្រុមការងារកម្មវិធីសិក្សា និងវិធីសាស្ត្របង្រៀន (២) ក្រុមការងារការអភិវឌ្ឍសមត្ថភាព និងការពង្រឹងគុណភាពគ្រូឧទ្ទេស (៣) ក្រុមការងារកែលម្អធនធានសិក្សា និងហេដ្ឋារចនាសម្ព័ន្ធ (៤) ក្រុមការងារភាពជាអ្នកដឹកនាំ (៥) ក្រុមការងារផ្សារភ្ជាប់គ្រឹះស្ថានបណ្តុះបណ្តាលគ្រូ និងសាលាអនុវត្តន៍ (៦) ក្រុមការងារធានាគុណភាពគ្រឹះស្ថានបណ្តុះបណ្តាលគ្រូ។
ក្រុមការងារកំណែទម្រង់គ្រូបង្រៀននេះ បានប្រជុំរៀបចំផែនការសកម្មភាពដើម្បីអនុវត្តទៅតាមតួនាទី និងភារកិច្ចរៀងៗខ្លួន និងទទួលបានលទ្ធផល ឆ្លើយតបទៅតាមគោលនយោបាយរបស់ក្រសួងអប់រំ យុវជន និងកីឡា៕