​ភ្នំពេញៈ​ គណៈ​កម្មាធិ​ការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (​គ​.​ជ​.​ប ) នឹង​ចាប់​ផ្តើម​ពិនិត្យ​បញ្ជី​ឈ្មោះ​  ការ​ចុះឈ្មោះ​បោះ​ឆ្នោត​ និង​ការ​ផ្តល់​សុពល​ភាព​លើ​បញ្ជី​បោះ​ឆ្នោត ឆ្នាំ​ ២០២៤ ​នេះ ​ចាប់​ពី​ថ្ងៃទី​ ១​ ខែកញ្ញា ​ដល់​ថ្ងៃទី ​៣០​ ខែវិច្ឆិកា​ ដើម្បី​អនុញ្ញាតឱ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ​ ដែល​មិន​ទាន់​បាន​ចុះ​ឈ្មោះ​ពី​មុន ​អ្នក​ដែល​ទើប​គ្រប់​អាយុ​ ១៨​ ឆ្នាំ ​អ្នក​ដែល​បាន​ផ្លាស់​លំនៅ​ឋាន​ ឬ​ទី​សំណាក់​ចូល​ថ្មី ​មាន​សិទ្ធិ​ស្នើ​សុំ​ចុះ​ឈ្មោះ​បោះ​ឆ្នោត ក្នុង​ឃុំ​ សង្កាត់​ ដែល​ខ្លួន​កំពុង​រស់​នៅ ឬ​​ស្នាក់​អាស្រ័យ​នៅ​ជាក់​ស្តែង​។​


​សេចក្តី​សម្រេច​របស់​ គ​.​ជ​.​ប​ ចុះ​ហ​ត្ថេ​ល​ខា​ដោយ​ លោក​ ប្រាជ្ញ ចន្ទ ​ប្រធាន គ​.​ជ​.​ប​ ដែល​បាន​ផ្សព្វ​ផ្សាយ​កាលពី​ថ្ងៃទី​ ១៩ ខែ​កុម្ភៈ ​បាន​ឱ្យ​ដឹង​ថា ការ​រៀបចំ​ការ​គ្រប់​គ្រង និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ ​និង​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ និង​ការ​ផ្តល់​សុពល​ភាព​លើ​បញ្ជី​បោះ​ឆ្នោត​ ឆ្នាំ​ ២០២៤ ​ត្រូវ​អនុវត្ត​ដោយ​អនុ​លោម​ទៅ​តាម​បទ​បញ្ជា និ​ង​នីតិវិ​ធី​សម្រាប់​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ប្រចាំ​ឆ្នាំ (​ប​.​ន​.​ព​.​ច​)​។​

​សេចក្តី​សម្រេច​បាន​បញ្ជាក់​ថា​៖ «​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ និ​ង​ការចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅតា​ម​ឃុំ ​សង្កាត់​ទូទាំង​ប្រទេស​ ត្រូវ​អនុវត្ត​ចាប់​ពី​ថ្ងៃទី​ ១ ​ដល់​ថ្ងៃទី ​១៦​ ខែកញ្ញា ឆ្នាំ​ ២០២៤​។ ការ​កំណត់​អាយុ ​១៨ ឆ្នាំ ​ត្រូវ​គិត​ដល់​ថ្ងៃទី ​៣០ ​ខែវិច្ឆិកា​ ឆ្នាំ ​២០២៤ (​កើត​មុន ឬ​ត្រឹម ​ថ្ងៃទី​ ១ ​ខែធ្នូ ឆ្នាំ ​២០០៦)»​។​


​នា​យក​ដ្ឋាន​គ្រប់​គ្រង​ទិន្នន័​យ​អ្នក​បោះឆ្នោត​ និង​បញ្ជី​បោះ​ឆ្នោត​នៃ​អគ្គ​នាយក​ដ្ឋាន​សេវា​កម្ម​ច្បាប់​ និង​បច្ចេក​ទេស​របស់​គ​.​ជ​.​ប ត្រូវ​ចាត់​ចែង​ផលិត​បញ្ជី​បោះ​ឆ្នោត​ផ្លូវ​ការ ឆ្នាំ ​២០២៣​ ដែល​ជា​បញ្ជី​បោះ​ឆ្នោត​ចុង​ក្រោយ ​ចំនួន​៣ច្បាប់ ​ផ្តល់​ជូន​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​(​កប ​ឃ​.​ស​) សម្រាប់​បិទ​ផ្សាយ​នៅ​តាម​សា​លា​ឃុំ​ សង្កាត់ ​និង​ទីប្រជុំ​ជន​ណា​មួយ​ក្នុង​ឃុំ ​សង្កាត់ ​ព្រម​ទាំង​រក្សា​ទុក១ច្បាប់​ ដើម្បី​បម្រើ​ឱ្យ​ការ​ពិនិត្យបញ្ជី​ឈ្មោះ និង​ការ​ចុះឈ្មោះ​បោះ​ឆ្នោត ឆ្នាំ​២០២៤​។​

​សេចក្តី​សម្រេច​បាន​បញ្ជាក់​ថា ៖« គ​.​ជ​.​ប​ ត្រូវ​អនុវត្ត​ការផ្តល់​លិខិត​អញ្ជើញ​ប្រជា​ពលរដ្ឋ​ ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​ផ្លូវការ ឆ្នាំ​២០២៣ ជា​ពិសេស​អ្នក​​ ដែល​បាន​ប្រើ​ប្រាស់​អត្ត​សញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​ដែល​អស់​សុពល​ភាព​និង​ឯកសា​រ​បញ្ជាក់​អត្ត​សញ្ញាណ​បម្រើ​ឱ្យ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត ​ក្នុង​ការ​ចុះឈ្មោះ​បោះ​ឆ្នោត​កន្លង​មក និង​អ្នក​ដែល​មាន​ទិន្ន​ន័យ​ក្នុង​បញ្ជី​បោះ​ឆ្នោត​កត់​ត្រា​មិន​បាន​ត្រឹម​ត្រូវ​ដើម្បី​ឱ្យ​មក​ធ្វើ​បច្ចុប្បន្ន​ភាព​ទិន្ន​ន័យ​ក្នុង​បញ្ជី​បោះ​ឆ្នោត​ ក្នុ​ងអំឡុង​ពេល​នៃ​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ ​និង​កា​រចុះ​ឈ្មោះ​បោះ​ឆ្នោត​ ឆ្នាំ​២០២៤​នេះ​»​។ 


​លោក​ ម៉ុក ដា​រ៉ា អ្នក​នាំ​ពាក្យ​គ​.​ជ​.​ប បាន​ឱ្យ​ដឹង​បន្ថែម​នៅ​ថ្ងៃទី​២០ ​ខែកុម្ភៈ​ថា​ ការពិ​និត្យ​បញ្ជី​ឈ្មោះ ​និង​ការ​ចុះឈ្មោះ​​បោះ​ឆ្នោត និង​ការ​ផ្តល់​សុពល​ភាព​លើ​បញ្ជី​បោះ​ឆ្នោត​ ឆ្នាំ​២០២៤​ ដែល​គ​.​ជ​.​ប​នឹង​អនុវត្ត​នៅ​ពេល​ខាង​មុខជាការ​ចុះឈ្មោះ​​ប្រចាំ​ឆ្នាំ ដែល​ត្រូវ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ​ស្រប​តាម​ច្បាប់​កំណត់​។​

លោក​ថា ៖ «​យើង​ខ្ញុំ​សូម​អំពាវ​នាវ​ដល់​ប្រជា​ពល​ដ្ឋ ដែល​មាន​កា​រផ្លាស់​លំនៅ ​ប្រជាព​លរដ្ឋ​ដែល​មិន​ធ្លាប់​បាន​ចុះ​ឈ្មោះ​ពីមុន​មក ព្រម​ទាំង​ប្រជា​ពល​រដ្ឋ​ដែល​ទើប​គ្រប់​អាយុ ១៨ ឆ្នាំ សូ​ម​ទៅ​ចុះ​ឈ្មោះ​ក្នុង​ពេល​នេះ​ ដើម្បី​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​បោះ​ឆ្នោត​ និង​មាន​សិទ្ធិ​បោះ​ឆ្នោត​»​។  

​ចំណែក ​លោក ​លី សុធា​រ៉ា​យុត្តិ​ អ​គ្គលេខាធិ​ការ​នៃ​គណ​បក្ស​ភ្លើង​ទៀន បាន​ឱ្យដឹង​ដែរ​ថា វា​ជា​រឿង​ល្អ​ដែល​គ​.​ជ​.​ប​ចាប់​ផ្តើម​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ និង​ចុះ​ឈ្មោះ​អ្ន​កបោះ​ឆ្នោត​ថ្មី ដើម្បី​ឱ្យ​អ្នក​បោះឆ្នោ​ត​ថ្មី ​បាន​ចុះ​ឈ្មោះ ​និង​ពិនិត្យ​កែ​ឈ្មោះ​ឱ្យ​បាន​ត្រឹម​ត្រូវ​។​

​ជា​មួយ​គ្នា​នេះ ​លោក​ក៏​ស្នើឱ្យ​ការ​ផ្សព្វ​ផ្សាយ​ព័ត៌​មាន​ពី​រឿង​នេះ ​បាន​ទូលំ​ទូលាយ​បំផុត​ និង​ឱ្យ​អង្គការ​សង្គម​ស៊ីវិល​ចូល​រួម​ផង​ដែរ​។ ជាង​នេះ​ទៅ​ទៀត ​អាជ្ញា​ធរ​ពាក់​ព័ន្ធ​ត្រូវ​ជួយ​សម្រួល​ឯក​សារ​បម្រើ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឱ្យ​បាន​លឿន ​និង​តម្លា​ភាព​ និង​មាន​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់ ​ដើម្បី​ធានា​ថា​ពល​រដ្ឋ​ ដែល​មិន​ទាន់​បាន​ចុះ​ឈ្មោះ ​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នា​ពេល​អនា​គត​។​

​លោក ​សំ គ​ន្ធា​មី នាយក​អង្គកា​រ​ឃ្លាំមើ​ល​ការ​បោះឆ្នោ​ត និច​ហ្វិ​ក មិនអា​ច​ទាក់​ទង​សុំ​ធ្វើ​អត្ថា​ធិប្បាយ​បានទេ​ រីឯ​លោក​ញឿ​ន រ៉ា​ដែន អ្ន​កនាំ​ពាក្យ​គណ​បក្ស​ហ៊្វុន​ស៊ិនប៉ិចស្នើ​សុំ​មិន​ធ្វើ​អត្ថាធិ​ប្បាយ​ឡើយ​៕