សៀមរាបៈអាជ្ញាធរជាតិអប្សរា និងរដ្ឋបាលបេតិកភណ្ឌវប្បធម៌នៃសាធារណរដ្ឋកូរ៉េ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាដើម្បីដំណើរការអភិរក្សលើវិស័យបេតិកភណ្ឌវប្បធម៌ឱ្យកាន់តែល្អប្រសើរសំដៅជំរុញកំណើនទេសចរណ៍បន្ថែមទៀត។
ពិធីចុះហត្ថលេខាលើអនុស្សរណៈនេះបានធ្វើឡើងក្រោមវត្តមានលោកហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរានិងលោក Choi Eung-Chon ប្រធានរដ្ឋបាលបេតិកភណ្ឌវប្បធម៌នាទីក្រុងសេអ៊ូលកាលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤។នេះបើយោងតាមគេហទំព័រអាជ្ញាធរជាតិអប្សរា។
អាជ្ញាធរជាតិអប្សរាបានឱ្យដឹងទៀតថា អនុស្សរណៈនៃការយោគយល់គ្នារវាងភាគីទាំង២នេះផ្តោតសំខាន់ទៅលើកិច្ចការងារអភិរក្ស និងជួសជុល រួតបាកាណនៃប្រាសាទអង្គរវត្ត ដែលមានរយៈពេល ៣ ឆ្នាំ។
ប្រភពដដែលថា៖«ក្រៅពីការជួសជុលរួតបាកាណនៃប្រាសាទអង្គរវត្តដែលមានសារៈសំខាន់ជាងគេរបស់ប្រទេសកម្ពុជាហើយនោះ កិច្ចសហប្រតិបត្តិការនេះ ក៏មានការបណ្តុះបណ្តាល និងការផ្លាស់ប្តូរនូវចំណេះដឹងទាក់ទងនិងបច្ចេកវិទ្យាថ្មីៗ ក្នុងការបង្ហាញទៅកាន់ភ្ញៀវជាតិ និងអន្តរជាតិផងដែរ»។
លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានឱ្យដឹងបន្ថែមនៅថ្ងៃទី២០ ខែកុម្ភៈថា អនុស្សរណៈនៃការយោគយល់គ្នាលើវិស័យបេតិកភណ្ឌវប្បធម៌នេះមានរយៈពេល៣ឆ្នាំដោយចាប់ផ្តើមអនុវត្តពីឆ្នាំ២០២៤នេះទៅ ហើយនេះមិនមែនជាលើកទី១ទេដែលកូរ៉េបានជួយមកជួសជុលប្រាសាទនៅក្នុងរមណីយដ្ឋានអង្គរ។
លោកបានបញ្ជាក់ថា៖«ចំពោះការជួសជុលរួតបាកាណ ដែលស្ថិតនៅប្រាង្គកណ្តាលប្រាសាទអង្គរវត្ត នឹងចាប់ផ្តើមពីពេលនេះតទៅក្រៅពីនេះយើងនិងកូរ៉េក៏នឹងសហការគ្នាលើកិច្ចការស្រាវជ្រាវ ចែករំលែកបទពិសោធន៍រួមគ្នា និងការបណ្តុះបណ្តាលធនធានមនុស្សបន្ថែមជាមួយគ្នាផងដែរ»។
ចំពោះអនុស្សរណៈនេះដែរភាគីកូរ៉េ រំពឹងទុកថាភ្ញៀវទេសចរកូរ៉េនឹងមកទស្សនាប្រទេសកម្ពុជាកាន់តែច្រើន ហើយនឹងបានឃើញពីកិច្ចសហការគ្នារវាងកម្ពុជា-កូរ៉េនាពេលបច្ចុប្បន្ននិងកន្លងមកផងដែរ។លើសពីនេះ អាជ្ញាធរជាតិអប្សរាក៏បានលើកឡើងដែរថា មិនថាការចូលរួមចំណែករបស់ប្រទេសកូរ៉េ ឬប្រទេសណាមួយនោះទេ គឺសុទ្ធតែជាការបង្ហាញឱ្យឃើញពីសមិទ្ធផលនិងមោទនភាពនៃកិច្ចសហការគ្នាសំដៅជួយជំរុញឱ្យមានកំណើនទេសចរទៅកាន់ប្រាសាទអង្គរវត្តឱ្យកាន់តែច្រើន។
ពាក់ព័ន្ធនឹងគម្រោងនេះដែរ លោក ញឹម ស៊ីដេត មគ្គុទ្ទេសក៍ទេសចរណ៍នៅតំបន់អង្គរខេត្តសៀមរាបបានគាំទ្រចំពោះសកម្មភាពជួសជុសរួតបាកាណនៃប្រាសាទអង្គរវត្តនេះឡើងវិញរបស់អ្នកជំនាញជាតិអន្តរជាតិដែលបានយកចិត្តទុកដាក់ក្នុងកិច្ចការអភិរក្សនិងជួសជុលប្រាសាទដ៏អស្ចារ្យមួយនេះឱ្យមានភាពស្រស់ស្អាតរឹងមាំបានយូរ អង្វែងតទៅមុខ។
លោកបានបញ្ជាក់ថា៖«ប្រាសាទអង្គរគឺជាប្រាសាទដែលមានស្ថាបត្យកម្មដ៏អស្ចារ្យបំផុតមួយរបស់ពិភពលោក ហើយភាគច្រើនភ្ញៀវទេសចរមកកាន់តំបន់អង្គរមិនដែលរំលងប្រាសាទនេះនោះទេហេតុនេះតាមរយៈកិច្ចសហការរវាងអាជ្ញាធរអប្សរានិងកូរ៉េនឹងជួយជំរុញកំណើនទេសចរណ៍មកកាន់តំបន់អង្គរកាន់តែមានសម្ទុះខ្លាំងថែមទៀត»៕