កម្ពុជា និង​ទី​ម័​រ​ខាងកើត បានបង្ហាញ​បំណង​ចង់​បង្កើតឱ្យមាន​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា ​(MoU) ​ក្នុង​វិស័យ​សន្តិសុខ និង​មានការ​ផ្លាស់ប្តូរ​បទពិសោធ​ន៍​រវាង​នគរបាល នៃ​ប្រទេស​ទាំង​២ ក្នុង​គោលបំណង​កសាង​ធនធាន​នគរបាល សហការ​អំពី​បញ្ហា​ឧក្រិដ្ឋកម្ម​ឆ្លងដែន​ដែលមាន​អង្គការ​ចាត់តាំង​។


នេះ​បើ​យោងតាម​ខ្លឹមសារ​នៃ​ជំនួប​កាលពី​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២៤ នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃរ​វាង​លោក ស សុខា និង លោក អ៊ី​មេ​ណេ​ហ្ស៊ី​ល​ដូ គូ​ប៉ា ឡូ​ប៉េ​ស ឯកអគ្គរដ្ឋទូត​ទី​ម័​រ​ខាងកើត​ប្រចាំ​កម្ពុជា ដែល​បាន​ផ្សព្វផ្សាយ​នៅលើ​គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ នៃ​ក្រសួងមហាផ្ទៃ​។

គេហទំព័រ​ដដែល​បានឱ្យដឹងថា​៖ «​បន្ទាប់ពី​ភាគី​ទាំង​២ បាន​ពិភាក្សាគ្នា​អំពី​បញ្ហា​ឧក្រិដ្ឋកម្ម​ឆ្លងដែន​មាន​អង្គការ​ចាត់តាំង ដែល​ទាំង​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ឧបនាយករដ្ឋមន្ត្រី និង​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​ទី​ម័​រ​ខាងកើត បានបង្ហាញ​គោលជំហរ​ដូចគ្នា​ថា ទាមទារ​ចាំបាច់​នូវ​កិច្ចការ​សហប្រតិបត្តិកា​រ​ខ្ពស់​ដើម្បី​ប្រឆាំង​បញ្ហា​នេះ​ក្នុង​តំបន់​។ ភាគី​ទាំង​២ ក៏​សង្ឃឹម​មុតមាំ​ថា​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​នេះ​នឹង​បន្ត​រីកចម្រើន​ដើម្បី​នាំមក​នូវ​ផលប្រយោជន៍​ជូន​ប្រជាជន​នៃ​ប្រទេស​ទាំង​២»​។​


​គេហទំព័រ​ដដែល​នេះ​ក៏បាន​ស្រង់​សម្ដី លោក អ៊ី​មេ​ណេ​ហ្ស៊ី​ល​ដូ គូ​ប៉ា ឡូ​ប៉េ​ស បានបង្ហាញ​ពី​ឆន្ទៈ​ដោយ​ជឿជាក់ថា រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជឿជាក់ថា ក្រោម​ការដឹកនាំ​របស់ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ក្រសួងមហាផ្ទៃ​កម្ពុជា​នឹង​បន្ត​រក្សាបាន​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម ជូន​ប្រជាជន នៃ​ប្រទេស​កម្ពុជា​។​

ប្រភព​ដដែល​បញ្ជាក់ថា នៅក្នុង​ក្របខ័ណ្ឌ​នយោបាយ​ភាគី​ទាំង​២​ក៏បាន​សម្ដែង​ការយកចិត្តទុកដាក់​លើ​ការលើកកម្ពស់ ទំនាក់ទំនង​នៃ​ប្រទេស​ទាំង​២ ព្រមទាំង​ដើរតួនាទី​យ៉ាងសកម្ម​ក្នុងការ​ជំរុញ​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​គ្រប់​វិស័យ ជាពិសេស​វិស័យ​ពាណិជ្ជកម្ម វិនិយោគ និង​ទេសចរណ៍ រវាង​កម្ពុជា​-​ទី​ម័​រ​ខាងកើត​។


ក្នុង​ក្របខ័ណ្ឌ​អាស៊ាន​វិញ​កម្ពុជា ក៏បាន​អបអរសាទរ​ចំពោះ​ប្រទេស​ទី​ម័​រ​ខាងកើត ដែល​ត្រូវបាន​ថ្នាក់ដឹកនាំ​អាស៊ាន​ឯកភាព​ជាគោលការណ៍​ឱ្យ​ប្រទេស​ទី​ម័​រ​ខាងកើត​ក្លាយជា​សមាជិក​ទី​១១ របស់​អាស៊ាន កាលពី​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី​៤០ និង​៤១ ដែល​ស្ថិតក្នុង​អាណត្តិ​ជា​ប្រធាន​អាស៊ាន​របស់​កម្ពុជា ក្នុង ឆ្នាំ​២០២២ កន្លងមក​។​

​លោក​ សេង វណ្ណ​លី សាស្ត្រាចារ្យ​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ និង​ជា​អ្នកតាមដាន​នយោបាយ​តំបន់ បាន​ប្រាប់​ឱ្យដឹងថា ការ​រឹតចំណង​កិច្ចសហប្រតិបត្តិការ​ផ្នែក​សន្តិសុខ និង​នគរបាល​រវាង​កម្ពុជា​និង​ទី​ម័​រ​ខាងកើត គឺជា​រឿង​ថ្មី​មួយ ខណៈ​ទី​ម័​រ​ខាងកើត​កំពុង​ជំរុញ​ទំនាក់ទំនង​លើ​គ្រប់​វិស័យ​ជាមួយ​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន ជាពិសេស​ទៅលើ​ផ្នែក​សន្តិសុខ និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​ដែលជា​រឿង​លេចធ្លោ​ក្នុង​តំបន់​អាស៊ាន​ផ្ទាល់​។​

លោក​បានឱ្យដឹងថា​៖ «​ទី​ម័​រ​ខាងកើត​ក៏​កំពុង​រង​ហានិភ័យ​ពី​ឧក្រិដ្ឋកម្ម​ឆ្លងដែន ការវាយប្រហារ​តាម​ប្រព័ន្ធ​អន​ឡាញ ហើយ​សមត្ថភាព​ឆ្លើយតប​របស់ខ្លួន​នៅមានកម្រិត វិស័យ​ការពារជាតិ​នៅមាន​ភាពទន់ខ្សោយ​ដែល​ត្រូវមាន​កិច្ចសហការ ការរៀនសូត្រ​ពី​ប្រទេស​ក្នុង​តំបន់​»​។ 

លោក​បាន​បន្តទៀតថា ទន្ទឹមនឹងនេះ កម្ពុជា​ជា​ប្រទេស​ជិតស្និទ្ធ​មួយ​របស់​ទី​ម័​រ​ខាងកើត​ចាប់តាំងពី​សម័យ​ដឹកនាំ​ដោយ​លោក​អតីត​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ដែល​ធ្លាប់ជួយ​ទី​ម័​រ​ខាងកើត​ចូលក្នុង​អង្គការ​អាស៊ាន​។​

លោក​ សេង វណ្ណ​លី យល់ថា ជា​រឿង​ល្អ​ក្នុង​កិច្ចសហប្រតិបត្តិការ​ស​ន្តិ​សុខ​រវាង​កម្ពុជា និង​ទី​ម័​រ​ខាងកើត​នេះ ដើម្បី​ដោះស្រាយ​​បញ្ហា​ឧក្រិដ្ឋកម្ម​ឆ្លងដែន​ដែលមាន​អង្គការ​ចាត់តាំង ហើយ​កម្ពុជា​ ធ្លា​ប់រង​ការរិះគន់​ពី​មតិ​អន្តរជាតិ​ជុំវិញ​បញ្ហា​នេះ​ផង ស្របពេល​ទី​ម័​រ​ខាងកើត​ផ្តល់​តម្លៃ​ខ្លាំង​លើ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ជាមួយ​កម្ពុជា ហើយ​កម្ពុជា​ក៏​តែង​ផ្តល់​តម្លៃ លើកទឹកចិត្ត​ដល់ទី​ម័​រ​ខាងកើត​ផងដែរ​៕