សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា បានឱ្យដឹងថា ពិព័រណ៍​ទេសចរណ៍​អន្តរជាតិ​នៅ​ក្រុង​ប៊ែ​រ​ឡាំង ប្រទេស​អាល្លឺម៉ង់ នា​ខែមីនា ឆ្នាំ​២០២៤​ ខាងមុខនេះ នឹងមាន​ក្រុមហ៊ុន​ទេសចរណ៍​ប្រមាណ​ជាង ​២០ ក្រុមហ៊ុន ចូលរួម​ក្នុងការ​តាំងពិព័រណ៍ ដើម្បី​បង្ហាញ​ពី​ផលិតផល​ទេសចរណ៍ និង​សក្តានុពល​ទេសចរណ៍​កម្ពុជា ទៅកាន់​ពិភពលោក​។​

លោកស្រី ឆាយ ស៊ីវ​លីន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​២០ ខែកុម្ភៈ​ថា សមាគម និង​ខាង​ក្រុមហ៊ុន​ឯកជន ក្នុង​វិស័យ​ទេសចរណ៍ បាន​ជួបប្រជុំ​ជាមួយ​ក្រសួងទេសចរណ៍ កាល​ចុង​សប្តាហ៍​មុន​ ដើម្បី​ពិភាក្សា​ពី​ការចូលរួម​តាំងពិព័រណ៍​ទេសចរណ៍​អន្តរជាតិ ដែលជា​ពិព័រណ៍​ដ៏​ធំ​ប្រចាំឆ្នាំ ប្រមូលផ្តុំ​ដោយ​ក្រុមហ៊ុន​ទេសចរណ៍ និង​អ្នកទស្សនា មកពី​ជុំវិញ​ពិភពលោក​។​


លោកស្រី​បាន​បន្ថែមថា ពិព័រណ៍​ពាណិជ្ជកម្ម​ទេសចរណ៍ គឺជា​ពិព័រណ៍​ឈានមុខ​គេ​របស់​ពិភពលោក ដែល​នឹង​ធ្វើឡើង​ទីក្រុង​ប៊ែ​រ​ឡាំង ប្រទេស​អាល្លឺម៉ង់ ចាប់ពី​ថ្ងៃទី ៥-៧ ខែមីនា ឆ្នាំ​២០២៤​។​

លោកស្រី ឆាយ ស៊ីវ​លីន បានបញ្ជាក់​បន្ថែមថា​៖«​សម្រាប់​កម្ពុជា ក្រសួងទេសចរណ៍ នឹង​ទិញ​ជា​ពន្លា​សម្រាប់​ប្រទេស​កម្ពុជា​ទាំងមូល​តែម្តង ដោយ​ពន្លា​នោះ​នឹង​បែងចែក​មកឱ្យ​ផ្នែក​ឯកជន​យើង​ប្រមាណ​ជាង​ ២០​​ ក្រុមហ៊ុន ដើម្បី​បង្ហាញ​ពី​ផលិតផល​ទេសចរណ៍​របស់​កម្ពុជា ហើយ​ក្រសួងទេសចរណ៍ នឹងមាន​បង្ហាញ​ពី​សិល្បៈ​វប្បធម៌​បុរាណ​ខ្មែរ​យើង​»​។​


ទីផ្សារ​អាល្លឺម៉ង់ គឺជា​ទីផ្សារ​ដ៏​ធំ​មួយ​របស់​ប្រទេស​កម្ពុជា ខណៈដែល​ការ​ទៅ​ចូលរួម​ក្នុង​ពិព័រណ៍​នេះ មិន​សំដៅ​តែ​ទាក់ទាញ​អ្នកទេសចរ​អាល្លឺម៉ង់​នោះទេ តែមាន​ទីផ្សារ​ដទៃទៀត​ផងដែរ ដែល​នឹងមាន​វត្តមាន​នៅក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ​ដ៏​ធំ​មួយ​នេះ​។ ក្រុមហ៊ុន​ដែល​ចូលរួម​ក្នុងការ​តាំងពិព័រណ៍​នេះ សុទ្ធសឹងតែ​ជា​ក្រុមហ៊ុន​ដែលមាន​ភាពប្រាកដប្រជា និង​ជំនាញ​ច្បាស់លាស់​នៅក្នុង​វិស័យ​ទេសចរណ៍ ទើប​ហ៊ាន​ចំណាយ​ក្នុង​ការចូលរួម​តាំងពិព័រណ៍​។ នេះ​បើតាម​លោកស្រី​ប្រធាន​សមាគម​បានបញ្ជាក់​បន្ថែម​។​

ប្រធាន​ក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន IMCT ខូ​អិ​ល​ធី​ឌី និង​ជា​ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា ​(PATACC)​លោក​ធួន ស៊ីណាន បានឱ្យដឹង​ដែរ​ថា​ការតាំងពិព័រណ៍​ទេសចរណ៍ ITB Berlin ២០២៤​នេះ មិនមែន​ផ្តោត​តែ​លើ​ទីផ្សារ​អាល្លឺម៉ង់​នោះទេ ព្រោះ​វា​ជា​ព្រឹត្តិការណ៍​ប្រចាំឆ្នាំ​ដ៏​ធំ​មួយ​របស់​ពិភពលោក​។

 លោក​បាន​បន្ថែមថា ការចូលរួម​លក់​កញ្ចប់​ទេសចរណ៍​នៅ​ទីនោះ​មិន​ត្រឹម​សម្រាប់​ទីផ្សារ​អាល្លឺម៉ង់​មួយ​នោះទេ ថែមទាំង​ទីផ្សារ​សហភាព​អឺរ៉ុប​ទាំងមូល​ផងដែរ​។​

លោក​បាន​ប្រាប់ថា​៖«​ការចូលរួម​របស់រ​ដ្ឋា​ភិ​បាល និង​វិស័យ​ឯកជន​កម្ពុជា នៅក្នុង​ពិព័រណ៍​ទេសចរណ៍​នេះ មាន​សារៈ​សំខាន់​​ខ្លាំងណាស់ ក្នុងការ​ផ្សព្វផ្សាយ​ពី​កម្ពុជា ជា​គោលដៅ​ទេសចរណ៍​មួយ​ដែលមាន​ភាពសម្បូរ​បែប ដោយ​មិន​ត្រឹមតែ​ជា​ការលក់​កញ្ចប់​ទស្សន​កិច្ច​ប៉ុណ្ណោះ​នោះទេ​»​។​

​លោក ធួន ស៊ីណាន បាន​បន្តថា ខាង​ក្រុមហ៊ុន​របស់លោក​តែងតែ​ផ្សព្វផ្សាយ​នូវ​កញ្ចប់​ទេសចរណ៍ នៅ​ប្រទេស​អាល្លឺម៉ង់​នេះ រៀងរាល់​៣​ទៅ ​៦​ ខែម្តង ព្រោះថា​ការជំរុញ​ការផ្សព្វផ្សាយ​កាន់តែច្រើន នឹង​ទាក់ទាញ​ទេសចរណ៍​មក​កម្ពុជា​កាន់តែច្រើន ជាពិសេស​នូវ​រដូវ​ High Season​ នេះ​។​

«​ប្រទេស​កម្ពុជា មាន​ភាពល្បីល្បាញ​ចំពោះ​រមណីយដ្ឋាន​បេតិកភណ្ឌ​វប្បធម៌​ពិភពលោក ដូចជា​ឧទ្យាន​បុរាណ​អង្គរ​ក្នុង​ខេត្តសៀមរាប ប្រាសាទព្រះវិហារ ប្រាសាទ​កោះ​កេរ និង​រមណី​ដ្ឋា​ន​បុរាណ​សំបូរ​ព្រៃ​គុក ក្រៅពីនេះ កម្ពុជា មាន​ឆ្នេរសមុទ្រ​ប្រវែង ៤៥០ គីឡូម៉ែត្រ លាតសន្ធឹង​លើ​ខេត្ត​ភាគ​និរតី​ចំនួន ៤ គឺ ខេត្ត​ព្រះសីហនុ កំពត កែប និង​កោះកុង​។​ទាំងនេះហើយ​ជា​អ្វីដែល​យើង​ចង់​ផ្សព្វផ្សាយ​ទៅកាន់​ពិភពលោក​»​។ នេះ​បើតាម​លោក ធួន ស៊ីណាន​បញ្ជាក់​។​

យោងតាម​របាយការណ៍​ក្រសួងទេសចរណ៍ បាន​បង្ហាញថា ប្រទេស​កម្ពុជា​បាន​ទាក់ទាញ​ភ្ញៀវទេសចរ​អន្តរជាតិ​ចំនួន ៥,៤៣ លាន​នាក់ ក្នុង​ឆ្នាំ​២០២៣ ដែល​កើនឡើង​ខ្ពស់​ដល់ ១៣៩ ភាគរយ ពី ២,២៧​ លាន​នាក់ ក្នុង​ឆ្នាំ​២០២២​។ នៅក្នុង​នោះ​ប្រទេស​ថៃ​បាន​ឈរ​កំពូល​តារាង​ក្នុងចំណោម​ភ្ញៀវ​បរទេស​មកកាន់​កម្ពុជា​ចំនួន ១,៨២ លាន​នាក់ តាម​ពីក្រោយ​ដោយ​ប្រទេស​វៀតណាម ចំនួន ១,០១ លាន​នាក់​, ចិន​ចំនួន ៥៤៧ ៧៨៩​ នាក់​, ឡាវ ចំនួន ៣៧២ ២៨៥​ នាក់ និង​សហរដ្ឋអាមេរិក ចំនួន ១៨៤ ៧៨០​ នាក់​។​

យោងតាម​ក្រសួងទេសចរណ៍​ដដែល ចំនួន​ភ្ញៀវ​អន្តរជាតិ​មក​ទស្សនា​កម្ពុជា​ត្រូវបាន​គេ​ព្យាករ​ថា​នឹង​កើនឡើង​ដល់ ៧ លាន​នាក់ នៅ​ឆ្នាំ​២០២៥ លើសពី​មុនពេល​មាន​ជំងឺ​រាតត្បាត​កូ​វីដ​១៩ ដែលមាន​ចំនួន ៦,៦ លាន​នាក់ ក្នុង​ឆ្នាំ​២០១៩៕