លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែលជា​ប្រធាន​គណៈកម្មការ​គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​កម្ពុជា កាលពី​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២៤ បាន​សេចក្តីណែនាំ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ត្រូវ​គ្រប់គ្រង​តាម​ដាន​ត្រួតពិនិត្យ​រាល់​សកម្មភាព​ការ​លួចលាក់​បង្កប់​ល្បែងស៊ីសង​ខុសច្បាប់​នៅតាម​មូលដ្ឋាន​រាជធានី​-​ខេត្ត​មួយចំនួន​នៅ​ទូទាំងប្រទេស ក្រោយពី​បាន​សង្កេតឃើញថា​មានការ​លួចលាក់​នាពេល​កន្លងមក​ដែល​ធ្វើឱ្យប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សណ្ដាប់ធ្នាប់​សាធារណៈ សន្តិសុខ​សង្គម និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​។​


សេចក្ដីណែនាំ​នេះ​បាន​បញ្ជាក់ថា ចំពោះ​អ្នក​កាន់​អាជ្ញាប័ណ្ណ​ល្បែង​ផ្សងសំណាង និង​អ្នកមាន​លិខិតអនុញ្ញាត​ប៉ុស្តិ៍​សេវា​ល្បែង​ផ្សងសំណាង ត្រូវអនុវត្ត​ទៅតាម​សៀវភៅ​បន្ទុក​លក្ខខណ្ឌ​នៃ​អាជ្ញាប័ណ្ណ ដូចជា ត្រូវ​លើក​ស្លាក​យីហោ​ឱ្យបាន​ត្រឹមត្រូវ ត្រូវ​ដាក់តាំង​បង្ហាញ​អាជ្ញាប័ណ្ណ​ល្បែង​ផ្សងសំណាង ត្រូវ​ដំណើរការ​ប្រភេទ​ល្បែង​និង​ឧបករណ៍​ល្បែង​ដែលមាន​ការអនុញ្ញាត និង​ត្រូវ​ដាក់តាំង​វិញ្ញាបនបត្រ​ចុះបញ្ជី​ប្រភេទ និង​ឧបករណ៍​ល្បែង​។​

សេចក្ដីណែនាំ​នេះ​បានឱ្យដឹងថា​៖ «​ករណី​មិន​អនុវត្តតាម​ការណែនាំ ឬ​លួចលាក់​បង្កប់​ការលេង​ល្បែង​ដែល​មិន​អនុញ្ញាត​ពី​គណៈកម្មការ​គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​កម្ពុជា ត្រូវ​ចាត់ទុកថា​បាន​ប្រព្រឹត្តល្មើស​ទៅនឹង​ច្បាប់ និង​ត្រូវ​ប្រឈម​នឹង​ការពិន័យ​អន្តរការណ៍ ព្រមទាំង​ឈានដល់​ការព្យួរ ឬ​ដកហូត​អាជ្ញាប័ណ្ណ និង​លិខិតអនុញ្ញាត និង​ត្រូវ​ផ្ទ​ន្ទា​ទោស​តាមច្បាប់​»​។​


សេចក្ដីណែនាំ​នេះ​បញ្ជាក់ថា ចំពោះ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ​វិញ គណៈកម្មការ​គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​កម្ពុជា ស្នើឱ្យ​តាមដាន និង​ចុះ​ត្រួតពិនិត្យ​ជាប្រចាំ​តាម​ទីតាំង​សកម្មភាព​ល្បែង​ផ្សងសំណាង​នៅ​ទូទាំងប្រទេស ហើយ​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ក្នុងករណី​មានការ​អនុវត្ត​ផ្ទុយ​ពី​សេចក្តីណែនាំ​នេះ​។ អាជ្ញា​ធរមាន​សមត្ថកិច្ច​ត្រូវ​សហការ​គ្រប់គ្រង​តាមដាន​ជាប្រចាំ​ចំពោះ​រាល់​សកម្មភាព​លួចលាក់​បង្កប់​ការលេង​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ និង​ចាត់វិធានការ​តាមរ​ផ្លូវច្បាប់​ឱ្យទាន់​ពេលវេលា​។​

​លោក​មាស នី អ្នកស្រាវជ្រាវ​ការអភិវឌ្ឍន៍​សង្គម បាន​ថ្លែង​គាំទ្រ​ចំពោះ​វិធានការ​របស់​រដ្ឋាភិបាល​ក្នុងការ​គ្រប់គ្រង​ល្បែងស៊ីសង និង​ល្បែង​ផ្សងសំណាង​នេះ ហើយ​លោក​ចង់ឱ្យ​រដ្ឋាភិបាល​កំ​ណ​ត់​ឱ្យ​ច្បាស់លាស់​រវាង​ល្បែងស៊ីសង​ខុសច្បាប់ និង​ល្បែង​ដែល​ស្របច្បាប់​។​


​លោក​ថ្លែងថា​៖ «​កាល​មុន​យើង​ធ្វើ​ម្តង​ហើយ មុន​បោះឆ្នោត​ចុងក្រោយ​នេះ មាន​ភាព​តឹងតែង​ម្តង​ហើយ ដោយមាន​ការដើរ​បង្ក្រាប​ទីតាំង​ល្បែង​គ្រប់កន្លែង មាន​បិទ​ច្រើន​កន្លែង​ដែរ តែ​វិធានការ​រឹង​នេះ​មិនបាន​ដល់ ២​ខែ​ផង បែរជា​មក​ប្រក្រតី​វិញ​»​។​

លោក​បាន​ស្នើឱ្យ​រដ្ឋាភិបាល និង​អាជ្ញាធរ​ពាក់ព័ន្ធ​អនុវត្ត​វិធានការ​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ​ឱ្យបាន​ម៉ឺងម៉ាត់ និង​ប្រកបដោយ​ប្រសិទ្ធភាព ចៀសវាង​ចាត់​វិធាន​តែ​រយៈពេល​ខ្លី ហើយ​ស្ងប់ស្ងាត់​ទៅវិញ ជាពិសេស​មិនត្រូវ​លើកលែង​ឡើយ​ក្នុងករណី​រកឃើញថា​មាន​មន្ត្រី អ្នកមានអំណាច​ណាមួយ​ពាក់ព័ន្ធ ឃុបឃិត​ក្នុង​បញ្ហា​បើក​អាជីវកម្ម​ល្បែងស៊ីសង​នេះ ដើម្បី​អាច​ដោះស្រាយបាន​ដោយ​សង្គតិភាព​។​

ដោយឡែក លោកប៉ា ច័ន្ទ​រឿន ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា ក៏បាន​បង្ហាញ​ការគាំទ្រ​នូវ​វិធាន​ម៉ឺង​ម​ម៉ាត់​របស់​រដ្ឋាភិបាល​ក្នុង​កិច្ច​អន្តរាគមន៍​នេះដែរ​។​

លោក​ថ្លែងថា មួយរយៈ​កាល​ចុង​ក្រោយនេះ ទីតាំង​អាជីវកម្ម​ល្បែងស៊ីសង ល្បែង​ផ្សងសំណាង រីកដុះដាល​ជាច្រើន​កន្លែង​នៅ​ទូទាំងប្រទេស ហើយ​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន​ភូមិ​ស្រុក​នានា​ក៏​ផ្ទុះ​ប្រព្រឹត្ត​ល្បែងស៊ីសង​នេះ​ផង​។​

​លោក​បានឱ្យដឹងថា​៖ «​ការប្រកាស​បង្ក្រាប​ល្បែងស៊ីសង ល្បែង​ផ្សងសំណាង​នេះ មាន​ជា​ហូរហែ​មកហើយ ប៉ុន្តែ​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​វិធានការ​នៅមានកម្រិត​។ ដើម្បីឱ្យ​វិធានការ​នេះ​មាន​ប្រសិទ្ធភាព​ទាល់តែ​យន្តការ​ត្រួតពិនិត្យ តាមដាន និង​វាយតម្លៃ ទាំង​ការអនុវត្ត​របស់​អាជ្ញា​ធរ​ពាក់ព័ន្ធ និង​ការចូលរួម​របស់​ប្រជាពលរដ្ឋ ជាពិសេស​អ្នកបើក​ទីតាំង​អាជីវកម្ម​ល្បែងស៊ីសង​»​។​

​សូម​រំឭក​ដែរ​ថា កាលពី​ថ្ងៃទី​១៤ ខែកុម្ភៈ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន ម៉ា​ណែ​ត បាន​ណែ​នាំឱ្យ​រដ្ឋបាល​រាជធានី​ខេត្ត ក្រុង ស្រុក ខណ្ឌ យកចិត្តទុកដាក់​ត្រួតពិនិត្យ និង​បង្ក្រាប​ទីតាំង​លែង​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ ដោយសារ​ទិន្នន័យ​បង្ហាញថា​ចំនួន​ទីតាំង​ល្បែង​អន​ឡាញ​កំពុង​ប្រតិបត្តិការ​ច្រើនជាង​ចំនួន​ដែល​បាន​ចុះបញ្ជី​តាមផ្លូវ​ច្បាប់​៕