ភ្នំពេញៈ​ក្រសួង​អប់រំ​ យុវ​ជន ​និង​កីឡា​បាន​សម្ពោធ​ដាក់​ឱ្យ​អនុវត្ត​គម្រោង​ UNICATION Erasmus ​ដែល​មាន​ការ​គាំទ្រ​ដោយ​សហ​ភាព​អឺរ៉ុប​ដើម្បី​កែ​លម្អ​គុណ​ភាព​អប់រំ​ឧត្ដម​សិក្សា​នៅ​កម្ពុជាឈាន​ទៅ​សម្រេច​គោល​ដៅ​អភិវឌ្ឍ​ន៍​មូល​ធន​មនុស្ស​។​


​ពិធី​សម្ពោធ​គម្រោង​នេះ​ ​ធ្វើឡើ​ង​ក្រោម​អធិប​តី​ភាពលោក​ ហង់​ជួន​ ណារ៉ុន ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ យុវជន និង​កីឡា​ និង​មាន​ការ​ចូល​រួម​ពី​លោក ​ឌ្រី​ស​ម៉ាន់ អ៊ី​ហ្គោ​រ៍ (DRIESMANS Igor)​ ឯក​អគ្គរ​ដ្ឋទូត​សហ​ភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​, លោក​ស្រី ម៉ា​រៀ ​អា​មេ​លី​តា ​ស៊ី ​អាគី​ណូ (Maria Amelita C. Aquino) ឯក​អគ្គរដ្ឋ​ទូត​ហ្វីលីពី​ន​ប្រចាំ​កម្ពុជា និង​មន្ត្រី​ពាក់​ព័ន្ធ​ជា​ច្រើន​រូប​ទៀត​។ នេះ​បើ​យោងតាម​ហ្វេ​ស​ប៊ុ​ក​របស់​ក្រសួង​អប់រំ យុវ​ជន និង​កីឡា ​នៅ​ថ្ងៃទី​១៩ ខែ​កុម្ភៈ ​ឆ្នាំ​២០២៤​។

​ប្រភព​ដដែល​បាន​ឱ្យដឹង​ថា នៅ​ក្នុង​ឱកាស​នោះ ​លោក​ ហង់​ជួន ​ណា​រ៉ុន បាន​លើក​ឡើង​​ថា ​គម្រោង​ UNIFICATION Eramus​ ​ជា​និមិត្ត​រូប​នៃ​កិច្ច​ខិតខំ​ប្រឹង​ប្រែង​រួមគ្នា និង​ការ​ប្ដេជ្ញា​ចិត្ត​យ៉ាង​មុត​មាំ​រវាង​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់​ដោយ​ផ្ដោត​ជា​ចម្បង​លើ​ការ​កសាង​សមត្ថ​ភាព​ ការ​បង្កើន​ជំនាញ​ទំនាក់​ទំនង​អន្តរ​វប្បធ​ម៌ និង​ការ​គ្រប់​គ្រង​គម្រោង​។

​លោក​បាន​ថ្លែង​ថា​៖«​យើង​ជឿ​ជាក់​ថា ការ​អនុវត្ត​គម្រោង​នេះ​នឹង​នាំមក​នូវ​លទ្ធ​ផល​ជា​ផ្លែផ្កា​ និង​ផលិតភា​ព​បន្ថែមទៀ​ត​សម្រាប់​កិច្ច​សហ​ប្រតិបត្តិ​ការ​រ​យៈ​ពេល​វែង​ស្រប​តាម​ចក្ខុ​វិស័យ​កែលម្អ​គុណ​ភាព​អប់រំ​ឧត្ដម​សិក្សា​នៅ​កម្ពុជា​ឈាន​ទៅ​សម្រេច​គោល​ដៅ​អភិ​វឌ្ឍន៍​មូល​ធន​មនុស្សនិង​ជំរុញ​ការ​ផ្លាស់​ប្ដូរ​បទពិ​សោធន៍​រវាង​ប្រជា​ជន​សហ​គមន៍​អឺរ៉ុប និង​អាស៊ី​»​។​

​តាម​រយៈ​គម្រោង ​UNIFICATION Eramus ​ក្រសួង​អប់រំ​ រំពឹង​ថា​នឹង​ផ្តល់​​អត្ថប្រ​យោជន៍​ជាច្រើ​ន​ដល់​ការអ​ភិវឌ្ឍ​វិស័យ​អប់រំ​ឧត្តម​សិក្សា ​និង​ការផ្សារ​ភ្ជាប់​ទំនាក់​ទំនង​រវាង​អឺរ៉ុប​និង​អាស៊ី ​ដូចជា​  ពង្រឹង​កិច្ច​សហ​ការ និង​ការ​ចែក​រំលែក​ចំណេះ​ដឹង​,​យល់​ដឹង​ពី​វប្បធម៌​និង​ការ​គោរព​គ្នា​ទៅ​វិញ​ទៅមក​,​ពិសោធ​កម្ម​វិស័យ​អប់រំ​,ជំរុញ​ឱ្យមាន​ការ​ងារ​ធ្វើ និង​អាជីព​ជា​សកល ​និង​ពង្រឹង​ចំណង​មិត្ត​ភាព​អន្តរ​ជាតិ​។​


​ក្រសួង​អប់រំ​ បាន​បញ្ជាក់​ដែរ​ថា ​តាម​រយៈ​គម្រោង​នេះ​អាច​បង្កើត​ជា​បណ្ដាញ​សម្រាប់​ការ​ស្រាវ​ជ្រាវ​រួមគ្នា​ ការ​បណ្ដុះ​បណ្ដាល​ ការ​ផ្លាស់​ប្តូរ​មហា​វិទ្យា​ល័យ ​និង​ការ​អភិវឌ្ឍ​កម្មវិធី​សិក្សា​។ ជាពិ​សេស​កិច្ច​សហ​ការ​ឆ្លង​ទ្វីប​នេះ​នឹង​នាំ​ទៅ​រក​របក​គំហើញ​ថ្មីៗ ​និង​ចែក​រំលែក​ឧ​ត្ត​មា​នុ​វត្ត​ន៍ឈាន​ទៅ​លើក​កម្ពស់​វិស័យ​អប់រំ​នៅ​កម្ពុជា​។​

​ប្រភព​ដដែល​បាន​បន្ត​ថា ​បង្កើត​កម្មវិ​ធី​ផ្លាស់​ប្តូរ​និស្សិត​ជាការជំរុញ​ការ​យល់​ដឹង​អំពី​វប្បធម៌​ កា​រយល់​ចិត្ត​ និង​ការគោ​រព​ដែល​ត្រួស​ត្រាយ​ផ្លូវ​សម្រាប់​ទំនាក់​ទំនង​អន្តរជា​តិ​កាន់​តែ​រឹងមាំ​ និង​កិច្ច​សហ​ការ​ក្នុង​វិស័យ​ផ្សេងៗ ​និង​សិក្សា​ស្វែង​យល់​ពីគ្នា​ទៅ​វិញ​ទៅ​មក ​និង​ពង្រីក​វិសាល​ភាព​នៃ​ចំណេះ​ដឹង​បង្កើត​បរិយាកា​ស​សិក្សា​ដែល​រួម​បញ្ចូល​កាន់​តែច្រើ​ន​សម្រាប់​សិស្ស​មកពី​ទ្វីប​ទាំង​២​៕