​ភ្នំពេញៈ លោក ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ម្សិលមិញ​បានចេញ​បទបញ្ជា​ដោយ​ដាក់ចេញ​វិធានការ​ម៉ឺងម៉ាត់​ក្នុងការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុស​ច្បាប់​នៅតាម​ក្រសួង ស្ថាប័ន និងរដ្ឋបាល​ថ្នាក់ក្រោម​ជាតិ និង​ក្នុង​ជួរ​កង​កម្លាំងប្រដាប់អាវុធ ដោយ​ត្រូវ​បញ្ចប់​មុខតំណែង និង​បណ្តេញ​ចេញពី​ក្រប​ខ័​ណ្ឌ​ដោយ​គ្មាន​ការលើកលែង ចំពោះ​បុគ្គល​ណា​ត្រូវបាន​រកឃើញថា មានការ​ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់ ឬ​មាន​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​។


​លោក ហ៊ុន ម៉ា​ណែ​ត ក៏បាន​ថ្លែង​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​​ ២០២៣ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ ​២០២៤ របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន នា​រសៀល​ថ្ងៃទី​ ២០ ខែកុម្ភៈ ឆ្នាំ ​២០២៤ ដោយបាន​បញ្ជាក់ថា នៅ​កម្ពុជា រាជរដ្ឋាភិបាល​មិនអាច​អនុញ្ញាតឱ្យ​មានច្បាប់​ដាំ​កញ្ឆា​ជា​លក្ខណៈ​ស្របច្បាប់​នៅក្នុង​ប្រទេស​កម្ពុជា​នោះទេ​នៅពេលដែល​លោក​ស្ថិតនៅក្នុង​តំណែង​នាយករដ្ឋមន្ត្រី​។​

​លោក ហ៊ុន ម៉ា​ណែ​ត ថ្លែងថា​៖ «​ខ្ញុំ​ទើបតែ ​(​បាន​)​ ស៊ី​ញ៉េ​នូវ​បទបញ្ជា​មួយ​របស់​រាជរដ្ឋាភិបាល គឺ​ពន្លាត​ការអនុវត្ត​នៅ​ទូទាំង​រដ្ឋាភិបាល​តែម្តង បានន័យថា មន្ត្រីរាជការ​ស៊ីវិល កងកម្លាំង​ប្រដាប់​អាវុធ ទាំង​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ​ឱ្យ​តែមាន​រកឃើញថា​មានការ​ប្រើប្រាស់​គ្រឿងញៀន​គឺ​ត្រូវតែ​បណ្តេញ​ចេញពី​ក្របខ័ណ្ឌ មិន​ទុក​នោះទេ​»​។​


​លោក ហ៊ុន ម៉ា​ណែ​ត បាន​បន្តថា៖ «​កុំឱ្យ​ថា​យើង​អនុវត្ត​តែ​សម្រាប់​ប៉ូលិស ទាហាន អ៊ីចឹង​មន្ត្រី​ស៊ីវិល​គឺ​អនុវត្ត​ដូចគ្នា​ដើម្បី​ពង្រឹង​វិន័យ​ការអនុវត្ត មន្ត្រី​រាជ​ការ ទាំង​កងកម្លាំងប្រដាប់អាវុធ ទាំង​ស៊ីវិល គឺ​ត្រូវមាន​ក្របខ័ណ្ឌ​វិន័យ ក្របខ័ណ្ឌ​សីលធម៌​ដែល​ត្រូវ​ទទួល​ខុស​ត្រូវជា​ប្រជាពលរដ្ឋ​ធម្មតា ហើយ​យើង​ជា​គំរូ​គេ អ៊ីចឹង​យើង​ត្រូវ​ចាប់ផ្តើម​អនុវត្ត​ផ្ទះ​របស់​យើង​តែម្តង ដោយ​មិនមាន​ការអនុគ្រោះ​បន្តទៀត​ទេ​នៅក្នុង ជួរ​រាជរដ្ឋាភិបាល​»​។​

​យោងតាម​បទបញ្ជា ស្តីពី​ការដាក់ចេញ​វិធានការ​ម៉ឺងម៉ាត់​ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់ នៅតាម​ក្រសួង ស្ថាប័ន និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដែល​ចុះហត្ថលេខា​ដោយ​លោក ហ៊ុន ម៉ា​ណែ​ត នា​ថ្ងៃទី​ ២០ ខែកុម្ភៈ បាន​លើកឡើងថា រាជរដ្ឋាភិបាល​បាន​សង្កេតឃើញថា គ្រោះថ្នាក់​ដែល​បណ្តាលមកពី​ឧក្រិដ្ឋកម្ម​គ្រឿងញៀន​នៅតែ​បន្ត រីក​រាលដាល​គួរឱ្យ​ព្រួយបារម្ភ ទាំង​ក្នុង​តំបន់ និង​លើ​ពិភពលោករួមទាំង​កម្ពុជា​ផងដែរ​។​


​បទបញ្ជា​បាន​បន្តថា ដើម្បី​ចូលរួមចំណែក​ធានា​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​យុទ្ធនាការ​ប្រឆាំង​គ្រឿងញៀន​ខុស​ច្បាប់ រាជរដ្ឋាភិបាល​មាន​ភាពចាំបាច់​ក្នុងការ​ដាក់ចេញ​នូវ​វិធានការ​ដ៏​ម៉ឺងម៉ាត់ តាមរយៈ​បទបញ្ជា​ដាច់ខាត ដោយ​គ្រប់​ក្រសួង ស្ថាប័ន និង​រដ្ឋបាល​ថ្នាក់ក្រោម​​ជាតិ ត្រូវ​បង្កើន​ការត្រួតពិនិត្យ​ជាប្រចាំ​ចំពោះ​មន្ត្រី រាជការ​ស៊ីវិល មន្ត្រី​នគរ​បាល​ជាតិ និង​យោធិន ព្រមទាំង​មន្ត្រី​ជាប់កិច្ចសន្យា​ដែល​ស្ថិតក្រោម​ឱវាទ​របស់ខ្លួន លើ​ការប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់ ឬ​មានការ​ពាក់ព័ន្ធ​នឹង​គ្រឿង​ញៀន​ខុសច្បាប់​។​

​បទបញ្ជា​របស់​នាយក​រដ្ឋមន្ត្រី​បានបញ្ជាក់​ថា​៖ «​គ្រប់​ក្រសួង ស្ថាប័ន និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ត្រូវ​ចាត់​វិធាន​ការបញ្ចប់​មុខតំណែង និង​បណ្ដេញ​ចេញពី​ក្របខ័ណ្ឌ​ដោយ​គ្មាន​ការលើក​លែង ចំពោះ​មន្ត្រីរាជការ​ស៊ីវិល មន្ត្រី​នគរបាលជាតិ និង​យោធិន ព្រមទាំង​មន្ត្រី​ជាប់កិច្ចសន្យា​ណា​ដែល​ត្រូវបាន​រកឃើញថា មានការ​ប្រើប្រាស់​គ្រឿង​ញៀន​ខុសច្បាប់ ឬ​មានការ​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​ខុសច្បាប់​»​។​

​លោក​ថា ការអនុវត្ត​ទណ្ឌកម្ម​ខាង​វិន័យ​នេះ ពុំ​រារាំង​ដល់​ការអនុវត្ត​ទណ្ឌ កម្ម​ព្រហ្មទណ្ឌ​ដោយ​អនុលោម តាមច្បាប់ និង​បទ​ប្បញ្ញត្តិ​ជា​ធរមាន​ឡើយ​។​គ្រប់​ក្រសួង ស្ថាប័ន រដ្ឋបាល​រាជធានី​-ខេត្ត ត្រូវអនុវត្ត​បទបញ្ជា​នេះ​ឱ្យបាន​ម៉ឺង​ម៉ាត់​បំផុត និង​មាន​ប្រសិទ្ធភាព​ខ្ពស់​។​

​ក្នុង​ពិធី​បិទ​សន្និបាត​នោះដែរ លោក ហ៊ុន ម៉ា​ណែ​ត ក៏បាន​ថ្លែង​បញ្ជាក់ដែរថា៖ «​ខ្ញុំ​ជឿថា មន្ត្រីរាជការ​របស់​យើង បើ​មិនបាន​ប្រើ​គ្រឿងញៀន មិន​ដាច់​ពោះ​ស្លាប់​នោះទេ​។ បើ​មិនបាន​ប្រើ​ប្រាស់ មិនបាន​ប៉ះ​គ្រឿងញៀន​នេះ ប្រហែលជា​កាន់តែ​មាន​សុភមង្គល​ក្នុង​គ្រួសារ​។ នេះ​គឺជា​វិធីសាស្ត្រ​មួយ​ក្នុងការ​សម្អាត​ចក​ក្នុង​បឹង​ធំ​របស់​យើង​។  ខ្ញុំ​ជឿថា យើង​អាច​ធ្វើបាន​»​។​

​ឆ្លៀតឱកាស​នោះដែរ លោក​ក៏បាន​ថ្លែង​បញ្ជាក់​ជាថ្មី និង​ផ្តាំ​ទៅដល់​អ្នក​ដែល​បានស្នើ​មក​លោក​សុំច្បាប់​វិ​និ​​យោគ​ដាំ​កញ្ឆា​នៅក្នុង​ប្រទេស​កម្ពុជា​សម្រាប់​បម្រើឱ្យ​វិស័យ​សុខាភិបាល ប៉ុន្តែ​លោក​បាន​ឆ្លើយ​ត្រឡប់​ទៅវិញ​ថា៖ «​សម្រាប់​ខ្ញុំ ដរាបណា​ខ្ញុំ​នៅ​ធ្វើជា​នាយករដ្ឋមន្ត្រី ខ្ញុំ​មិន​ឯកភាព​លើ​ការ​​បង្កើត​ច្បាប់​នេះ​ដាច់ខាត​»​។​

​លោក ហ៊ុន ម៉ា​ណែ​ត បាន​បន្ថែមថា សម្រាប់​ប្រទេស​កម្ពុជា​គឺ​មិន​មានការ​​ចំណេញ​អី​ទេ​ក្នុងការ​ធ្វើការ​វិនិយោគ​លើ​កសិកម្ម​ដាំ​កញ្ឆា​លើដី​រាប់រយ ​រាប់ពាន់​ហិកតា​នោះទេ​។​

​លោក​បញ្ជាក់ថា​៖ «​អ៊ីចឹង​! ខ្ញុំ​សូម​ផ្តាំ​ទៅ​អ្នក​ដែល​ចង់​ដាក់ទុន​វិនិយោគ​ដាំ​កញ្ឆា​នៅ​កម្ពុជា កុំ​ចំណាយពេល​ជិះកប៉ាល់​ហោះ​មក អត់​ប្រយោជន៍​ទេ មិនបាច់​មក​ទេ​។ ក្របខ័ណ្ឌ​ច្បាប់​របស់​យើង​ក៏​មិន​អនុញ្ញាតឱ្យ​ធ្វើទៅ​បានដែរ ហើយក៏​មិនមាន​ការចាំបាច់​អី​ត្រូវ​ធ្វើការ​ស​ម្រ​ប​សម្រួល​ក្រៅ​ផ្លូវច្បាប់​អី​ដែរ​។ កុំ​ធ្វើ​តែម្តងទៅ យើង​គ្រប់គ្រង​មិន​បានទេ​»​។​

​លោក​បាន​បន្តទៀតថា ក្នុង​ពេលនេះ​គឺ​ត្រូវ​ទុក​ឱកាស​ដើម្បី​រួមគ្នា​ដើម្បី​ចាប់​ផ្តើម​បើក​លម្ហ​នូវ​ផ្ទៃ​បឹង​លែង​ឱ្យមាន​ចក (​គ្រឿងញៀន​) និង​រួមគ្នា​សម្អាត​ចក​នៅតាម​មូលដ្ឋាន តាម​ផ្នែក​នីមួយៗ ដោយ​មិន​ឱ្យមាន​គ្រឿងញៀន​បន្តទៀត​ក្នុង​មូលដ្ឋាន ក្នុងប្រទេស​កម្ពុជា​។​

​លោក នេ​ត សាវឿន ឧបនាយក​រដ្ឋ​មន្ដ្រី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន បាន​ថ្លែង​ដែរ​ថា សម្រាប់​រាជរដ្ឋាភិបាល​អាណត្តិ​ទី​ ៧ បានចាត់ទុក​បញ្ហា​គ្រឿងញៀន ជា​បញ្ហា​អាទិភាព​មួយ ក្នុងចំណោម​បញ្ហា​អាទិភាព​មួយចំនួនទៀត ដែល​ត្រូវ  ​ដោះស្រាយ​ចំពោះមុខ ដើម្បី​ឆ្លើយតប​ទៅនឹង​ក្តី​ព្រួយបារម្ភ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងមូល​។​

​លោក​បាន​ថ្លែងថា​៖ «​ការបន្ត​ដាក់​ចេញ​នូវ​ផែនការ​យុទ្ធនា​ការលើក​ទី​៩ ក៏ដូចជា បង្កើត​គណៈបញ្ជាការ​យុទ្ធនាការ សម្រាប់​អាណត្តិ​ថ្មី​នេះ គឺជា​ការបង្ហាញ​ឆន្ទៈ​មោះមុត និង​ទស្សនវិស័យ​ច្បាស់​លាស់​របស់​រាជរដ្ឋាភិបាល ក្នុង​ការកែ​ប្រែ​កម្ពុជា ទៅជា​ប្រទេសមួយ ដែល​គ្រឿងញៀន​លែង​ជា​ឧបសគ្គ និង​បញ្ហា​របស់​សង្គមជាតិ​»​។ «​ចំពោះ​ការងារ​អនុវត្ត​ច្បាប់ ដែល​កន្លងមក​ក្រសួងមហាផ្ទៃ បាន​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់ ចំពោះ​មន្ត្រី​អនុវត្ត​ច្បាប់​ណា ដែល​ពាក់​ព័ន្ធ​ទាំង​បទល្មើស និង​ការប្រើប្រាស់​គ្រឿងញៀន​»​។​

​យោងតាម​របាយការណ៍​អាជ្ញាធរ​​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន បានឱ្យដឹងថា ការអនុវត្ត​ផែនការ​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​ចំនួន ៨ ​លើក​កន្លងទៅ (២០១៧-២០២៣) សមត្ថកិច្ច​បាន​បង្ក្រាប​បទ​ល្មើស​គ្រឿងញៀន​សរុប​ចំនួន​ ៥៥ ៣០៥ ករណី ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ១២០ ៣០៧ ​នាក់ ចាប់យក​សារធាតុ​ញៀន​គ្រប់​ប្រភេទ​ទម្ងន់​ប្រមាណ​ ២៧-៦៤១​ គីឡូក្រាម និង​សារ​ធាតុគីមី​ផ្សំ​ប្រមាណ ៥២០ ០០៥​ គីឡូក្រាម រួម​ទាំង​មធ្យោបាយ សម្ភារ និង​វត្ថុតាង​ជាច្រើន​ទៀត​។ ចំណែក​ការងារ​ផ្សព្វផ្សាយ អប់រំ បាន​គ្របដណ្តប់​លើ​អ្នក​ដែល​បានទទួល​នូវ​សារ​អប់រំ​ពី​បញ្ហា​គ្រឿងញៀន​មាន ចំនួន​ ១៥ ៧៩៨ ៩១៤ ​នាក់ រួមទាំង​ព្រះសង្ឃ​។​

​របាយការណ៍​បន្តថា ការងារ​ព្យាបាល ស្តារនីតិសម្បទា និង​សមាហរណកម្ម បាន​គ្រប់គ្រង​អ្នកប្រើប្រាស់ និង​អ្នក​ញៀន​គ្រឿងញៀន​ចំនួន​ ២៣ ០៤៦​ នាក់ ធៀប​នឹង​ឆ្នាំ​ ២០២២ ដែលមាន​ ២២ ២១៣ ​នាក់​៕