​ភ្នំពេញៈ លោក​ ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេក​​វិទ្យា និង​នវានុវត្តន៍​បានលើកឡើង​នៅក្នុង​ពិធី​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​ ២០២៣ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​​ ២០២៤ ​នៅ​ទីស្តីការក្រសួង​ឧស្សាហកម្ម​នា​ថ្ងៃទី​ ២០ ខែកុម្ភៈថា ក្រសួង​បានកំណត់​យក​ការងារ​ជំរុញ​ការផ្គត់ផ្គង់​ទឹកស្អាត​ជា​ទិសដៅ​អាទិភាព​ទី​១ ​សម្រាប់​អនុវត្ត​នៅក្នុង​ឆ្នាំនេះ​។​


​លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា​៖ «​ការជំរុញ​ការផ្គត់ផ្គង់​ទឹកស្អាត​នេះ​ជាការ​ងារ​ចម្បង​ដែល​ក្រសួង​នឹង​ខិតខំ​អនុវត្ត​ដោយ​សុច្ឆន្ទៈ និង​ប្រកបដោយ​ការទទួលខុសត្រូវ ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​គោលដៅ​ផ្គត់ផ្គង់​ទឹកស្អាត ​១០០ ​ភាគរយ​ បាន​ជោគជ័យ​ត្រឹម​ឆ្នាំ​ ២០៣០»​។​

​លោក​ ញឹម ខេមរា រដ្ឋលេខាធិការ​ប្រចាំការ​នៃ​ក្រសួង​ឧស្សា​ហក​ម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​បានឱ្យដឹង​ដែរ​ថា តាមរយៈ​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ ​រាជរដ្ឋាភិបាល​បានកំណត់​យក​អាទិភាព​គន្លឹះ​ចំនួន​ ៥ គឺ​មនុស្ស ផ្លូវ ទឹក ភ្លើង និង​បច្ចេកវិទ្យា ដែល​ទឹក​ត្រូវបាន​រំកិល​មកជា​អាទិភាព​ទី៣ ​វិញ​។​


​លោក​បាន​បន្ដថា ក្នុងន័យនេះ ក្រសួង​បាន​បន្ត​ពង្រឹង​ការគ្រប់គ្រង និង​ការអនុវត្ត​ទឹកស្អាត​ព្រម​ទាំង​បាន​បន្ត​គោលនយោបាយ​លើកទឹកចិត្ត​វិស័យ​ឯកជន​ក្នុងការ​វិនិយោគ​លើទឹក​ស្អាត​ដើម្បី​ឆ្លើយតប​តម្រូវការ​របស់​ប្រជា​​ពលរដ្ឋ​ទូទៅ​ក្នុងការ​ប្រើប្រាស់​ទឹកស្អាត ដែលមាន​ភូមិសាស្ត្រ​អាទិភាព​មួយចំនួន​ដូចជា តំបន់​សេដ្ឋកិច្ច​ពិសេស បណ្តុំ​សហគ្រាស​​ធុន​តូច និង​មធ្យម និង​តំបន់​ប៉ូល​សេដ្ឋកិច្ច នៅតាម​រាជធានី​ខេត្ត​ជាដើម ដែលជា​កត្តាចាំបាច់​ក្នុងការ​ជំរុញ​សេដ្ឋកិច្ចជាតិ​។​

​លោក​បាន​បញ្ជាក់ថា​៖ «​ជាក់​​ស្តែង​នៅក្នុង​ឆ្នាំ ​២០២៣ កន្លងមកនេះ ការផលិត និង​ផ្គត់ផ្គង់​ទឹកស្អាត​សរុប​មាន​ចំនួន​ប្រមាណ​ ៤៦១ ​លាន​ម៉ែត្រគុប ប្រៀប​ធៀប​នឹង​ឆ្នាំ​ ២០២២ មាន​កំណើន​ប្រមាណ ៦៣ ​លាន​ម៉ែត្រគុប ស្មើនឹង​ ១៦ ​ភាគរយ​»​។​


​លោក​បន្ថែមថា គិត​ត្រឹម​ឆ្នាំ​ ២០២៣ រដ្ឋ និង​ឯកជន​បាន​ភ្ជាប់​តំណ​ជូន​អតិថិជន​សរុប​ប្រមាណ ​១ ៣០៧ ៨១០ ​តំណ កើនឡើង ១០២ ២៧៩​ តំណ ស្មើនឹង ​៨,៥​ ភាគរយ ហើយ​បើ​គិត​ជា​ភូមិ​មាន​ចំនួន ៦ ៥១៩ ភូមិ​នៃ​ចំនួន​ភូមិ​សរុប​ ១០ ១៧០ ដែល​ស្ថិតក្នុង​តំបន់​សេវាកម្ម​។​

​យោងតាម​របាយការណ៍​លទ្ធផល​ការងារ​ឆ្នាំ​ ២០២៣​ និង​ទិសដៅ​ការងារ​ឆ្នាំ​ ២០២៤ ​របស់​ក្រសួង​ឧស្សាហកម្ម​បានឱ្យដឹងថា រាជរដ្ឋាភិបាល​អា​ណ​ត្តិ​ថ្មី​បានគិត​គូរ​ដល់​ការ​​ពង្រឹងសមត្ថភាព​ផលិត និង​ការផ្តល់សេវា​ផ្គត់ផ្គង់​ទឹកស្អាត​នៅ​គ្រប់​តំបន់​ទីប្រជុំជន រហូតដល់​ទីជនបទ​ដទៃទៀត សម្រាប់​ការប្រើប្រាស់​ទូទៅ​ដល់​សា​​ធារ​ណ​ជន​ដើម្បី​ជំរុញ​ស្វ័យភាព ពង្រឹង និង​ធានា​ប្រសិទ្ធ​​ភាព​នៃ​ការផលិត ការចែក​ចាយ និង​ការធ្វើ​អាជីវកម្ម​ប្រកប​ដោយ​គុណភាព សុវត្ថិភាព និរន្តរភាព និង​ថ្លៃ​សមរម្យ​។​

​បច្ចុប្បន្ន​ការផ្គត់ផ្គង់​ទឹកស្អាត​នៅ​ទីប្រជុំជន​ទូទាំងប្រទេស​មាន​ប្រតិបត្តិ​ករ​ផ្តល់​សេវា​ផ្គត់​​ផ្គង់​ទឹកស្អាត​សរុប​ចំនួន ៤១៨ ដែល​ក្នុងនោះ​មាន រដ្ឋាករទឹក​​សាធារណៈ​ចំនួន​ ១១ រួមមាន រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​, ​រដ្ឋាករទឹក​ស្វយ័ត​សៀមរាប​, រដ្ឋាករទឹក​ស្ទឹងត្រែង​,​ រដ្ឋាករទឹក​បាត់ដំបង​,​ រដ្ឋាករទឹក​កំពង់ចាម រដ្ឋាករទឹក​ក្រុង​ស្ទឹងសែន​,​ រដ្ឋាករ​​ទឹក​កំពត​,​ រដ្ឋាករទឹក​មណ្ឌលគិរី​, រដ្ឋាករទឹក​ពោធិ៍សាត់​, រដ្ឋាករ​ទឹក​ស្វាយរៀង​,​ រដ្ឋាករទឹក​ស្ទោង​តាំងក្រសាំង និង​ប្រតិបត្តិ​ករ​ឯកជន​ចំនួន​ ៤០៧​។​

​ទន្ទឹមនេះ ក្រសួង​បាន​អនុវត្ត​គោលនយោបាយ​ទឹកស្អាត ដោយបាន​ត​ភ្ជាប់​បណ្ដាញ​ជូន​ប្រជាពលរដ្ឋ​ដែលមាន​បណ្ណ​​សមធម៌​[​ប្រភេទ​ក្រ​ ១ និង​ក្រ ​២] និង​ប្រជាពលរដ្ឋ​ដែលមាន​ប្រាក់​ចំណូល​ទាប​សរុប ១០ ៣៣៥​ តំណ និង​បាន​ភ្ជាប់​បណ្តាញ​ជូន​ចំពោះ​អតិថិជន​ជា​កម្មករ កម្ម​កា​​រិ​នី និង​សិស្ស និស្សិត សរុប​ចំនួន​ ១១១ ៥៣៧ ​តំណ​៕