ភ្នំពេញៈ ក្នុងជំនួប​ពិភាក្សា​ការងារ​ជាមួយនឹង​មន្ត្រីជាន់ខ្ពស់​នៃ​ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​កាលពី​ថ្ងៃទី​ ១៩ ខែកុម្ភៈ រដ្ឋមន្ត្រី​ក្រសួងផែនកា​រលោក ប៊ិន ត្រឈៃ បានស្នើ​សហភាព​អឺរ៉ុប ​(European Union) ផ្តល់​ការគាំទ្រ​ជា​ជំនួយ​បច្ចេកទេស និង​សម្ភារ​លើ​ការងារ​ជំរឿន និង​អង្កេត​របស់​កម្ពុជា​នៅក្នុង​ឆ្នាំ​ ២០២៤​ នេះ​។​


​ជំនួប​នេះ​ធ្វើឡើង​ក្នុង​គោល​បំណង​ពិភាក្សា​ការងារ​លើ​កិច្ច​សហប្រតិបត្តិការ​រវាង​ក្រសួងផែនការ និង​សហភាព​អឺរ៉ុប​ដើម្បី​គាំទ្រ និង​ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា សម្រេច​ឱ្យបាន​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ រវាង​លោក lgor DRIESMANS ឯកអគ្គរដ្ឋទូត​នៃ​ស្ថាន​ប្រតិភូ​សហភាព​​អឺរ៉ុប​ប្រចាំ​កម្ពុជា និង​លោក ប៊ិន​​ត្រឈៃ​។ នេះ​បើ​យោងតាម​ហ្វេ​ស​ប៊ុ​ក​ក្រសួងផែនការ​។​

​លោក ប៊ិន ត្រឈៃ បាន​លើក​ឡើង​នាឱកាស​នោះ​ថា សហភាព​​អឺរ៉ុប​បាន​ចូលរួមចំណែក​យ៉ាងសំខាន់​ក្នុង​កិច្ចដំណើរការ​កសាង​ការអភិវឌ្ឍ​សង្គមជាតិ​កម្ពុជា ហើយ​លោក​រដ្ឋមន្ត្រី​ក៏បាន​បង្ហាញ​ពី​បំណង​ចង់​ប្រែក្លាយ​ការធ្វើជំរឿន និង​អង្កេត​ដែល​ផ្អែកលើ​ការប្រើប្រាស់​ក្រដាស ទៅប្រើ​ប្រាស់​ជា​ឧបករណ៍​ឌីជីថល (Digital)​ ផងដែរ​។


លោក ប៊ិន​​ ត្រឈៃ បាន​ថ្លែងថា​៖ «​សូម​ស្នើ​ដល់​សហភាព​អឺរ៉ុប​ផ្តល់​ការគាំទ្រ​បន្ថែមទៀត​លើ​គម្រោង​ដែល​បាន​ឯកភាពគ្នា ជា​ជំនួយ​បច្ចេក​​ទេស និង​សម្ភារ​បច្ចេកវិទ្យា​ព័​ត៌​មាន និង​ទំនាក់ទំនង (Information and communication technology-ICT)​ លើ​ការងារ​ជំរឿន និង​អង្កេត ហើយ​ដែល​ក្នុង​ឆ្នាំ​ ២០២៤ ​នេះ ក្រសួងផែនការ​នឹង​រៀបចំ​ការធ្វើអង្កេត​ចន្លោះ​ជំរឿន​ប្រជាជន​ផងដែរ​»​។​

​បើតាម​ក្រសួងផែនការ ក្នុងជំនួប​នោះ លោក lgor DRIESMANS ក៏បាន​លើកឡើង​ដែរ​ថា ចាប់តាំងពី​ការឆ្លង​រាតត្បាត នៃ​ជំងឺ​កូ​វីដ​ ១៩​ ជាស​កល​មក​សហ​ភាព​អឺរ៉ុប​ដើរតួនាទី​យ៉ាងសំខាន់ និង​បាន​គាំទ្រ​ដល់​រាជ​រដ្ឋា​​ភិ​បាល​កម្ពុជា ជាពិសេស​បានផ្តល់​ការឧបត្ថម្ភ​គាំទ្រ​ដល់​កម្មវិធី​កំណត់​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ​ជាដើម​។


លោក​បន្តថា​៖«​ជំនួយ​ទាំងនេះ​បានរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការធានា​ធ្វើឱ្យមាន​ប្រក្រតីភាព​ឡើងវិញ​ក្នុង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​»​។

បន្ថែម​ពីនេះ តំណាង EU ក៏បាន​វាយ​​តម្លៃ​ខ្ពស់ ចំពោះ​សំណើ​របស់លោក​រដ្ឋមន្ត្រី ខណៈ​លោក​ស្ថាន​​ប្រតិភូ​អឺរ៉ុប​ប្រចាំ​កម្ពុជា​នឹង​ពិនិត្យ​លទ្ធភាព​ជាក់ស្តែង​ដើម្បី​ផ្តល់​ការ​គាំទ្រ​ដល់​កិច្ច​សហប្រតិបត្តិ​ការ​នេះ​។​

​បើតាម​ក្រសួងផែនការ ជា​លទ្ធផល​នៃ​ជំនួប​នេះដែរ​សហ​ភាព​អឺរ៉ុប នឹង​ផ្តល់​ការគាំទ្រ​គម្រោង​លើកកម្ពស់​សមត្ថភាព​ដ​ល់​វិទ្យាស្ថាន​ជាតិ​ស្ថិតិ​នៃ​ក្រសួង​​ផែនការ លើ​ការពង្រឹង​ការ​សម្របសម្រួល និង​ដំណើរការ​ការងារ ដោយ​ផ្តោត​សំខាន់​ចំពោះ​ការគ្រប់គ្រង​គុណភាព​នៃ​ស្ថិតិ​ផ្លូវការ ការលើកកម្ពស់​ភាពស៊ីចង្វាក់​គ្នា​នៃ​វិធីសាស្ត្រ​សម្រាប់​ការប្រមូល ការផលិត និង​ការផ្សព្វផ្សាយ​ទិន្នន័យ​ស្ថិតិ​ព្រម​ទាំង​ការធ្វើឱ្យ​ប្រសើរឡើង​នូវ​ប្រព័ន្ធ​បណ្តុះបណ្តាល​មន្ត្រី​ទាំង​នៅក្នុង​វិទ្យាស្ថាន​ជាតិ​ស្ថិតិ និង​ក្នុង​ប្រព័ន្ធ​ស្ថិតិ​ជាតិ​។​

​ជុំវិញ​រឿងនេះ នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ នៃ​អង្គការ​​លីកាដូ លោក អំ សំអាត បាន​ថ្លែងថា ការស្នើ​ឱ្យមាន​ជំនួយ​បច្ចេកទេស​គឺជា​រឿង​ល្អ ដើម្បីឱ្យ​ដើរ​ទាន់​សម័យកាល​ឌីជីថល ព្រមទាំង​ឈានទៅ​ថែរក្សា​ទុក​ដាក់​ប្រព័ន្ធ​ជំរឿន​ឱ្យ​កាន់​តែមាន​គុណភាព និង​សុវត្ថិភាព​ខ្ពស់​។​

​លោក​បន្តថា​៖«​យើង​ឃើញថា ពិភពលោក​ដើរ​ដល់​សម័យ​ឌី​ជី​ថ​ល​ទៅហើយ ហេតុនេះ​កម្ពុជា​ត្រូវការ​ជំនួយ​បច្ចេកទេស​បន្ថែម ដើម្បី​ធ្វើឱ្យ​កិច្ចការ​ជំរឿន​កាន់តែ​រហ័ស និង​អនុវត្ត​ផែនការ​របស់ខ្លួន​នៅ​ឆ្នាំ​ ២០២៤ ​មាន​ភាពច្បាស់​លាស់ ហើយ​ខ្ញុំ​យល់ថា ប្រសិន​បើ​គ្មាន​ជំនួយ​បច្ចេកទេស មិនអាច​ធ្វើឱ្យ​ប្រព័ន្ធ​ជំរឿន​មាន​ភាពប្រសើរ​បានឡើយ​»​។​

​សូម​រំឭក​ដែរ​ថា ប្រទេស​កម្ពុជា​ធ្លាប់ធ្វើ​ជំរឿន ៥​ លើក​រួចមកហើយ គឺ​នៅ​ឆ្នាំ​ ១៩២១, ឆ្នាំ ​១៩៦២, ឆ្នាំ​ ១៩៩៨, ឆ្នាំ​ ២០០៨ និង​ឆ្នាំ​ ២០១៩​។ ជំរឿន​ប្រជាជន​កម្ពុជា ចុងក្រោយ​នៅ​ឆ្នាំ ២០១៩ បង្ហាញថា កម្ពុ​ជាមាន​ប្រជាជន​សរុប​ចំនួន ១៥,៥៥​ លាន​នាក់​៕