​ភ្នំពេញៈ លោក ប៉ែន បូ​ណា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​អង្គភាព​អ្នក​នាំ​ពាក្យ​រាជរដ្ឋាភិបាល​លើកសរសើរ​ថា រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ដឹកនាំ​ដោយ​លោក​ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី​បាន​កសាង​ប្រទេស​កម្ពុជា​ឱ្យ​ស្គាល់​ការអភិវឌ្ឍ​កម្រិត​កំពូល​មិនដែល​ធ្លាប់មាន​នៅក្នុង​ប្រវត្តិសាស្ត្រ​សម័យ​ទំនើប​រយៈពេល​ជាង ៥០០​ ឆ្នាំ​ចុង​ក្រោយនេះ​។​


​លោក ប៉ែន បូ​ណា បានលើកឡើង​បែបនេះ នៅក្នុង​សន្និសីទ​សារព័ត៌មាន​បង្ហាញ​សមិទ្ធផល​ការងារ ៦​ ខែ នៃ​ការដឹកនាំ​របស់លោក​នាយ​ក​រដ្ឋមន្ត្រី​ហ៊ុន ម៉ា​ណែ​ត កាលពី​រសៀល​ថ្ងៃទី​ ១៩ ខែកុម្ភៈ នាទី​ស្តីការគណៈរដ្ឋមន្ត្រី​។

លោក​ថ្លែងថា ប្រវត្តិសាស្ត្រ​សម័យ​ទំនើប​ត្រូវបាន​គេ​ចាប់ផ្តើម​រាប់​ពី​ចុង​សតវត្សរ៍​ទី​ ១៥ ដោយឡែក​បើ​និយាយ​ពី​ប្រទេស​កម្ពុជា​វិញ​ត្រូវបាន​គេ​រាប់​ចាប់ពី​សម័យ​ក្រោយ​អង្គរ សម័យ​ចតុម្មុខ លង្វែក ឧដុង្គ និង​សម័យ​បន្ត​បន្ទាប់មក ប៉ុន្តែ​មិនមាន​សម័យ​ណា​មាន​សន្តិភាព​ពេញលេញ ហើយ​យូរអង្វែង ដូច​សម័យ​ដឹកនាំ​របស់លោក ហ៊ុន សែន នោះទេ​ក្នុង​រយៈពេល ៥០០ ​ឆ្នាំ​មកនេះ​។


​លោក ​ប៉ែន បូ​ណា​ថា​៖ «​រាល់​សម័យកាល​ទាំង​អស់នៃ​ប្រវត្តិ​សាស្ត្រ​របស់​កម្ពុជា ក៏​មិនមាន​សម័យ​ណា ដែល​ប្រទេស​កម្ពុជា មាន​ប្រព័ន្ធ​គមនាគមន៍​ខ្វែងខ្វាត់ មាន​ផ្លូវ​ហាយ​វេ និង​មាន​ផ្លូវ​ល្បឿន​លឿន​ត​ភ្ជាប់​យ៉ាង​រលោង​ស្រិល​ដូចជា​សម័យ​ដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ដែរ​»​។

លោក​បញ្ជាក់ទៀតថា នៅ​គ្រប់​សម័យ​​កាល​ទាំងអស់ មានតែ​សម័យ​កាល​ដឹកនាំ​របស់លោក ​ហ៊ុន សែន ដែល​ធ្វើឱ្យ​ប្រទេស​កម្ពុ​ជាមាន​អគារ​ខ្ពស់ៗ​នៅតាម​រាជធានី​ភ្នំ​ពេញ​ឬក៏​តាម​ប្រជុំជន​ដែល​មើល​ច្រឡំ​នឹង​បណ្តា​ប្រទេស​អភិវឌ្ឍន៍​ផ្សេងៗ​ទៀត​។ ជាពិសេស​ក្រោម​ការដឹកនាំ​របស់លោក​ហ៊ុន សែន​កម្ពុជា​សម្បូរ​ទៅដោយ​ម្ហូប​អា​ហារ ប្រជាជន​ខ្មែរ​អាច​ចេញដំណើរ​ដើរ​កម្សាន្ត គ្រប់​ទីកន្លែង គ្រប់​ខេត្ត និង​រហូត​ធ្វើដំណើរ​កម្សាន្ត​នៅក្រៅ​ប្រទេស​យ៉ាងច្រើន​កុះករ​។​


​លោក ប៉ែន បូ​ណា​ បញ្ជាក់ថា​៖ «​ទាំងនេះ​ជា​អំណះអំណាង​ច្បាស់​លាស់​។ នេះ​គេ​អាច​ផ្ទៀងផ្ទាត់​បាន កុំឱ្យ​ថា ខ្ញុំ​ចេះតែ​ថា សូមអ្នក​ទាំងអស់គ្នា​ផ្ទៀងផ្ទាត់​មើល​។ អ៊ីចឹង​! អាច​និយាយបានថា ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន​ សែន កម្ពុជា​ឈានដល់​កម្រិត​មួយ​ខ្ពស់បំផុត​កម្រិត​កំពូល​រយៈ​ពេល​ ៥០០​ ឆ្នាំ​ចុងក្រោយ​»​។​

​លោក​បន្តថា​៖ «​សូមបញ្ជាក់​ជូន​ថា សម្តេច​តេ​ជោ​ ហ៊ុន សែន ​ដែល​លោក​ដឹកនាំ​ប្រទេស អភិវឌ្ឍ​បាន​ប៉ុណ្ណឹង ដែល​ខ្ញុំ​ហៅថា កម្រិត​កំពូល​ក្នុង​ប្រវត្តិសាស្ត្រ​សម័យ​ទំនើប​ដឹកនាំ​ចេញពី​ណា​? គឺ​ចេញពី​គំនរ​ផេះផង់ ឈាម​ទឹកភ្នែក ក្រោយ​របប​ប្រល័យពូជសាសន៍ ប៉ុលពត​»​។ រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែលមាន​លោក ហ៊ុន សែន ជា​ប្រមុខ ហើយ​ឥឡូវនេះ​កំពុង​តែមាន​រាជរដ្ឋាភិបាល​បន្តវេន ដឹកនាំ​ដោយ​លោក​ហ៊ុន ម៉ា​ណែ​ត​។ បច្ចុប្បន្ននេះ អ្នក​បន្តវេន​ជំនា​ន់ទី​ ២ ​របស់​គណបក្ស​ប្រជាជន​កម្ពុជា បានចាប់ផ្តើម​ចេញដំណើ​រ ៦ ​ខែ​ហើយ​។ នេះ​បើតាម​ការបន្ថែម​ពី​លោក ប៉ែន បូ​ណា​។​

​លោក ស៊ឺន សម អ្នកជំនាញ​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជ​​បណ្ឌិត្យសភា​កម្ពុជា​បាន​ថ្លែង​នៅ​ថ្ងៃទី ​២០ ខែកុម្ភៈ ដោយ​លោក​បាន​ទទួលស្គាល់ថា បើ​ពិនិត្យមើល​ទៅតាម​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា ដែល​បាន​កើតមាន​ជា​បន្តបន្ទាប់​រហូតមក​នេះ អ្វីដែល​លោក ប៉ែន បូ​ណា​ លើកឡើង គឺជា​រឿង​ពិត​។

លោក ​ស៊ឺន សម បានចាត់ទុក​ប្រទេស​កម្ពុជា នាពេល​កន្លងមកនេះ គឺជា​ប្រទេសមួយ​អភ័ព្វ ដែលមាន​ទាំង​សង្គ្រាមស៊ីវិល និង​សង្គ្រាម​ឈ្លានពាន​ជាច្រើន ដែល​ធ្វើឱ្យ​ការអភិវឌ្ឍ​ប្រទេស​ជួប​បញ្ហា និង​រឿងរ៉ាវ​ជាច្រើន​។

លោក​បាន​ថ្លែងថា​៖ «​វា​ជា​ការពិត​ជាក់ស្តែង ដែល​មិនអាច​បដិសេធ​បានទេ ពីព្រោះ​នោះ​គឺជា​ប្រវត្តិសាស្ត្រ និង​បាន​កើតឡើង​សម្រាប់​ប្រទេស​កម្ពុជា​។ អ៊ី​​ចឹ​ង​ខ្ញុំ​យល់ស្រប​ចំពោះ​ការលើកឡើង​របស់​អ្នកនាំពាក្យ​រាជ​រដ្ឋា​​ភិ​បាល ពីព្រោះ​នោះ​ជា​ទិដ្ឋភាព​ពិត​នៃ​ប្រវត្តិសាស្ត្រ​កម្ពុជា​»​។​

​លោក ស៊ឺន សម ក៏បាន​លើកឡើង​ដែរ​ថា នៅក្នុង​សម័យកាល​នៃ​ការដឹកនាំ​ប្រទេស​ណាមួយ​នៅលើ​ពិភពលោក​ក៏ដោយ ក៏​ការ​​ដឹកនាំ​នោះ ចៀស​មិន​ផុត​ទេ គឺ​តែងតែមាន​បញ្ហា​កើតឡើង​នៅក្នុង​ដំណាក់កាល​នៃ​ការដឹក​​នាំ​របស់​ថ្នាក់ដឹកនាំ​ម្នាក់ៗ និយាយ​ជារួម វា​មិនមាន​អ្វីដែល​ល្អ​ឥត​​ខ្ចោះ​នោះទេ​៕