ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានត្រៀមរួចជាស្រេចហើយ ក្នុងការដកថវិកាចំនួន ៣០ លានដុល្លារ ដើម្បីប្រមូលទិញគ្រាប់ស្វាយចន្ទី សម្រាប់រដូវកាលឆ្នាំ ២០២៤ ខណៈសមាគមស្វាយចន្ទីកម្ពុជា ស្នើឱ្យមានការបន្ធូរបន្ថយលក្ខខណ្ឌ និងបង្កលក្ខណៈងាយស្រួលបន្ថែមទៀត ក្នុងការទទួលបានកម្ចី។
លោក ចាន់ សីហា អ្នកនាំពាក្យធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានប្រាប់ឱ្យដឹងនៅថ្ងៃទី ២១ ខែកុម្ភៈថា កញ្ចប់ថវិកា ៣០ លានដុល្លារ ដែលធនាគារនឹងយកមកប្រើប្រាស់សម្រាប់រដូវកាលប្រមូលទិញស្វាយចន្ទីនេះ មិនមែនជាកញ្ចប់ថវិកាថ្មីទេ តែជាកញ្ចប់ថវិកាដែលមានតាំងពីឆ្នាំមុន ហើយប្រើប្រាស់មិនសម្រាប់តែស្វាយចន្ទី ១ មុខទេ តែមានប្រើប្រាស់សម្រាប់ស្រូវ និងដំណាំឧស្សាហកម្មយុទ្ធសាស្ត្រផ្សេងទៀតផងដែរ។
លោកថ្លែងថា៖ «កញ្ចប់ថវិកា ៣០ លានដុល្លារនេះ យើងទទួលបាននិងប្រើប្រាស់តាំងពីឆ្នាំមុន (២០២៣) មកម្ល៉េះ ដោយបានប្រើប្រាស់ជាទូទៅ មិនសម្រាប់តែដំណាំស្វាយចន្ទី ១ មុខទេ ហើយក៏មិនសម្រាប់តែពេលប្រមូលផលដែរ មានន័យថា កសិករ ឬម្ចាស់ហគ្រាស អាចដាក់សំណើកម្ចីទៅប្រើប្រាស់លើការដាំដុះ ប្រមូលផល ជាដើម ដូចជាសម្រាប់ដំណាំស្រូវ ស្វាយចន្ទីជាដើម»។
លោក ចាន់ សីហា បានបន្ថែមថា កាលពីឆ្នាំ ២០២៣ អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានចុះផ្សព្វផ្សាយច្រើនពីការផ្តល់ឥណទានក្នុងអត្រាការប្រាក់ទាប សម្រាប់ប្រជាកសិករ សមាគម និងម្ចាស់សហគ្រាសកែច្នៃគ្រាប់ស្វាយចន្ទី ដើម្បីជំរុញការកែច្នៃក្នុងស្រុក។
ប្រធានសមាគមស្វាយចន្ទីកម្ពុជា លោក អួន ស៊ីឡុត បានប្រាប់ឱ្យដឹងដែរថា បញ្ហាលក្ខខណ្ឌមានភាពស្មុគស្មាញពេក បានធ្វើឱ្យសមាជិក ជាសហគ្រិន របស់សមាគមរួញរាក្នុងការស្វែងរកកម្ចីពីធនាគារ។
លោកបានបញ្ជាក់ថា៖ «សមាជិកសមាគមស្វាយចន្ទីកម្ពុជា បានរអ៊ូរទាំចំពោះភាពយឺតយ៉ាវលើកម្ចី ធ្វើឱ្យហួសការប្រមូលទិញវត្ថុធាតុដើមសម្រាប់កែច្នៃ។យើងចង់ឱ្យមានការសម្រួលលក្ខខណ្ឌដែលជាឧបសគ្គនៃកម្ចីនេះ។ រាល់ដងលក្ខខណ្ឌមួយចំនួន ធ្ងន់ពេកដែលសហគ្រាសមិនអាចទទួលកម្ចីបាន»។
លោក អួន ស៊ីឡុត ថ្លែងថា៖ «សំណូមពរដល់ធនាគារ សូមមេត្តាជួយបញ្ចេញថវិកា និងសម្រួលលក្ខខណ្ឌមួយចំនួន ដើម្បីឱ្យសហគ្រិនក្នុងស្រុកអាចទទួលបាននូវកម្ចីបានទាន់ពេលវេលានៃការប្រមូលផលនេះព្រោះពេលបច្ចុប្បន្នតម្លៃនៃគ្រាប់ស្វាយចន្ទីសើមនៅក្នុងស្រុកកំពុងតែធ្លាក់ថ្លៃ ដូច្នេះប្រសិនបើបានទុនបង្វិលណាមួយជួយដល់វិនិយោគិនក្នុងស្រុកដើម្បីឱ្យមានស្ថិរភាពតម្លៃស្វាយចន្ទីនៅក្នុងស្រុក»។
លោក ចាន់ សីហា ថ្លែងថា ការផ្តល់មូនិធិកម្ចីពីធនាគារ ក៏ត្រូវការការពិនិត្យលទ្ធភាពនៃការសងត្រឡប់មកវិញពីសំណាក់អ្នកខ្ចីផងដែរ ខណៈដែលកន្លងទៅ មានសហគ្រិនខ្លះ មានស្តុកបញ្ចាំទាល់តែសោះ ទើបធនាគារមិនអាចឱ្យខ្ចីបាន។
លោកបានប្រាប់ថា៖ «មិនមែនធនាគារ បង្កការលំបាក និងមិនចង់ឱ្យខ្ចីនោះទេ ប៉ុន្តែយើងត្រូវការពិនិត្យលទ្ធភាពរបស់គាត់ដែរ ថាតើគាត់អាចមានលទ្ធភាពសងត្រឡប់មកវិញឬយ៉ាងណា ហើយគាត់មានស្តុកសម្រាប់ធានាឬអត់។ ស្វាយចន្ទី ជាដំណាំទី២ បន្ទាប់ពីស្រូវ ដែលយើងត្រូវការស្តុកធានា។ស្តុកធានា មានន័យថា សហគ្រិនត្រូវមានដើមទុន ខ្លួនឯងខ្លះដើម្បីទិញស្តុកមកទុកនិងដាក់ធានា នោះធនាគារនឹងអាចផ្តល់កម្ចីដល់គាត់បាន ៧០ភាគរយនៃតម្លៃស្តុក ដែលគាត់មាននោះ»។
នៅក្នុងវេទិកាសាធារណៈ ស្ដីពីការផ្សព្វផ្សាយច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៤ កាលពីថ្ងៃទី ១៩ ខែកុម្ភៈ កន្លងទៅថ្មីៗនេះលោក ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា ដើម្បីចូលរួមលើកកម្ពស់ផលិតកម្មដំណាំស្វាយចន្ទី និងជំរុញការនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃ ទៅកាន់ទីផ្សារអន្តរជាតិ រដ្ឋាភិបាលតាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងធនាគារសហគ្រាសធុនតូច និងមធ្យម (SME Bank) បានបញ្ចេញទុនជាបន្តបន្ទាប់ សម្រាប់អភិវឌ្ឍវិស័យដ៏មានសក្តានុពលនេះ។
លោកបាននិយាយថា៖ «កន្លងមក ARDB បានផ្តល់កម្ចីប្រមាណ ៣០ លានដុល្លារ សម្រាប់វិស័យស្វាយចន្ទី ហើយក៏បានត្រៀម (ផ្តល់កម្ចី) ៣០លានដុល្លារទៀត លើការប្រមូលទិញស្វាយចន្ទីនៅក្នុងរដូវកាលនេះ»។
លោកបានបន្ថែមថា ចំណែកធនាគារសហគ្រាសធុនតូច និងមធ្យម ក៏ទទួលបានកញ្ចប់ថវិកាពីរដ្ឋាភិបាលប្រមាណ ១០០ លានដុល្លារ សម្រាប់ផ្តល់ទៅឱ្យសហគ្រាសធុនតូច និងមធ្យម ដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងខ្សែច្រវាក់ផលិតកម្មស្វាយចន្ទី ព្រមទាំងជួយលើកកម្ពស់វិស័យឧស្សាហកម្មកែច្នៃស្វាយចន្ទីនៅកម្ពុជា ឱ្យរីកចម្រើនដែរ។
លោក ផាន់ ផល្លា បន្ថែមថា៖ «សម្រាប់ធនាគារសហគ្រាសធុនតូច និងមធ្យម គឺយើងចាប់ពីកែច្នៃចន្ទីឡើងទៅ ហើយយើងអនុញ្ញាតឱ្យអ្នកដែលមានបំណងចង់បង្កើតសិប្បកម្ម ឬសហគ្រាសកែច្នៃស្វាយចន្ទីនេះ អាចយកសុំកម្ចីបានពីធនាគារសហគ្រាសធុនតូច និងមធ្យម»។
សូមជម្រាបថា កម្ចីដែលផ្ដល់ដោយធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងធនាគារសហគ្រាសធុនតូច និងមធ្យម មានអត្រាការប្រាក់ត្រឹម ៥,៥ភាគរយ ក្នុង ១ ឆ្នាំ ឬស្មើ ០,៤១ ភាគរយ ក្នុង ១ ខែ៕