ភ្នំពេញៈ​កម្ពុជា​ និង​កា​ណាដា​ បាន​ចុះហត្ថ​លេខា​លើ​អនុ​ស្សរណៈ​នៃ​ការ​យោគយ​ល់​គ្នាស្តីពី​ការ​បង្កើត​កិច្ច​ពិគ្រោះ​យោបល់​ទ្វេភា​គី​រវាង​ក្រសួង​ការ​បរទេស​ទាំង ​២​ ដើម្បី​ជំរុញ​ការ​វិនិយោគ ​ពាណិជ្ជ​កម្ម និង​វិស័យ​អាទិ​ភាព​មួយ​ចំនួនទៀត​ ខណៈ​កំណើន​ភ្ញៀវ​ទេស​ចរ​កា​ណា​ដា​មក​កាន់​កម្ពុជា​កើន​ឡើង​ទ្វេ​ដង​ក្នុង​ឆ្នាំ​២០២៣​។​

​ពិធី​ចុះ​ហត្ថ​លេខា​នេះធ្វើ​ឡើង​រវាង​លោក ​ឈូក​ ប៊ុណ្ណា ​អគ្គ​នាយក​នៃ​អគ្គ​នាយ​កដ្ឋាន​អឺរ៉ុ​ប អាមេរិ​ក និង​អាហ្វ្រិក​-​មជ្ឈិ​មបូព៌ា​ និង​លោក អា​ឡិន បូ​មិន អគ្គ​នាយក​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍ ​និង​អូ​សេ​អា​នី នៃ​ក្រសួង​ការបរទេស ពាណិជ្ជ​កម្ម​ និង​អភិ​វឌ្ឍន៍​នៃ​ប្រទេស​កាណា​ដា​កាល​ពី​ថ្ងៃទី ២០​ ខែកុម្ភៈ ​ឆ្នាំ ២០២៤​។ នេះ​បើយោង​តាម​សេចក្តី​ប្រកាស​ព័ត៌​មាន​របស់ក្រសួង​ការ​បរទេស​កម្ពុ​ជា។


​ការ​ចុះ​អនុ​ស្សរណៈ​នេះ​ធ្វើ​ឡើង​ស្រប​ពេល​ដែល​គណៈប្រ​តិភូ​កាណា​ដា មកបំពេញ​ទស្សន​កិច្ច​ការងារ​នៅ​ប្រទេស​កម្ពុជា​ពីថ្ងៃ​ទី​ ១៩ ដល់​ថ្ងៃទី​ ២១ ​ខែកុម្ភៈ ឆ្នាំ​ ២០២៤ ដោយ​ក្នុង​នោះភាគី​ទាំង​២​បាន​ផ្លាស់​ប្តូរ​ទស្សនៈ​ក្នុង​ការ​លើក​កម្ពស់​ទំនាក់​ទំនង​ និង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ទាំ​ង​ក្នុង​ក្រប​ខ័ណ្ឌ​ទ្វេ​ភាគី​ និង​ពហុ​ភាគី​។​

​សេចក្តី​ប្រកាស​ព័ត៌មាន​ក្រសួង​ការ​បរទេស​កម្ពុ​ជា​ចុះ​ថ្ងៃទី​ ២០ កុម្ភៈ ​បាន​ឱ្យ​ដឹង​ថា​ការ​ចុះហ​ត្ថលេខា​លើ​អនុស្សរ​ណៈ​នៃ​ការ​យោគយល់​គ្នា​នេះ ​គឺជា​ព្រឹត្តិ​ការណ៍​ដ៏​សំខាន់​មួយ​ទៀត​សម្រាប់​ទំនាក់​ទំនង​ទ្វេភាគី​រវាង​កម្ពុជា ​និង​កា​ណា​ដា ហើយ​ភាគី​ទាំង ២​ ក៏​បាន​ពិភាក្សា​ពី​របៀប​វារៈនិង​កាល​បរិច្ឆេទ​សម្រាប់​កិច្ចប្រជុំ​ដំបូង​នៃ​កិច្ច​ពិគ្រោះ​យោ​បល់​ទ្វេ​ភាគី​ដែល​នឹង​ប្រព្រឹត្ត​ទៅ​ក្នុង​ឆ្នាំ​នេះ​ផង​ដែរ​។​


​បើ​តាម​ក្រសួង​ការ​បរទេស នៅ​ក្នុង​ឱកាស​នោះ ​លោក​ជុំ ​សុន្ទរី​ រដ្ឋ​លេខាធិ​ការ​ក្រសួង​ការ​បរទេស​និង​សហ​ប្រតិ​បត្តិកា​រ​អន្តរ​ជាតិបាន​ចាត់​ទុក​ការចុះ​អនុស្ស​រណៈ​នេះថា​ជា​ជំហាន​ដ៏​សំខាន់​មួយ​ក្នុង​ទិសដៅ​ពង្រឹង​កិច្ច​សហប្រ​តិបត្តិ​ការ​ទ្វេ​ភាគី​ឆ្ពោះទៅ​កាន់​កម្រិត​ថ្មី​មួយ​បន្ថែម​ទៀត​។​

​លោក​បាន​បញ្ជាក់​ថា​៖ «​កម្ពុជា​ត្រៀម​ខ្លួន​រួច​ជាស្រេ​ចក្នុងការ​រៀបចំនិង​សម្រប​សម្រួលជា​មួយ​ក្រសួងស្ថា​ប័ន​ពាក់​ព័ន្ធ​នានា​ ដើម្បី​អនុវត្ត​​សេចក្តី​សម្រេច​នានា​រវាង​ភាគី​ទាំង ​២​​»​។​

​ដោយ​កត់​សម្គាល់និង​ពេញ​ចិត្ត​ខ្លាំង​ចំពោះ​ភ្ញៀវទេស​ចរ​កាណា​ដា​ដែលមក​កាន់​ប្រទេស​កម្ពុជា​មាន​ការ​កើនឡើង​ទ្វេ​ដង​ក្នុង​ឆ្នាំ​ ២០២៣ ​ធៀប​នឹង​ឆ្នាំ​២០២២ ​លោក ជុំ ស​ន្ទ​រី បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ការ​សម្ពោធ​ស្ថាន​កុង​ស៊ុល​កិត្តិ​យស​កាណា​ដា​ប្រចាំ​ខេត្ត​សៀម​រាប កាលពី​ថ្ងៃទី​ ១៣ ​ខែកុម្ភៈ ​ថ្មីៗ​នេះ​។

​តាមរ​យៈ​កំណើន​ភ្ញៀវ​ទេស​ចរ​កាណា​នេះ​លោក​បាន​បង្ហាញកា​រ​ជឿ​ជាក់​ថា ការ​សម្រេច​បើក​ស្ថាន​កុង​ស៊ុល​កិត្តិ​យស​របស់​កា​ណាដា​នឹង​ចូល​រួម​ចំណែក​ក្នុង​ការ​ជំរុញ​កិច្ច​សហ​ប្រតិ​ប​ត្តិការ​ឱ្យ​កាន់តែ​ខ្លាំង​ឡើងក្នុង​វិស័យ​ទេស​ចរណ៍​ ពាណិជ្ជ​កម្ម និង​ការ​វិនិ​យោគ​រវាង​ប្រទេស​ទាំង​២​។​

​ពាក់​ព័ន្ធ​ក្នុង​ក្រប​ខ័ណ្ឌ​អាស៊ាន​-​កាណា​ដាវិញ លោក​រដ្ឋលេ​ខាធិការ​ ជុំ សុន្ទ​រី ​បាន​សន្យា​ថា​នឹង​បន្ត​ផ្តល់​ការ​គាំទ្រ​របស់​កម្ពុជាក្នុង​ការ​ពង្រឹង​បន្ថែម​ទៀត​នូវ​ទំនាក់​ទំនង​ដៃគូ​សន្ទ​នា​អាស៊ាន​-​កាណា​ដា រួម​ទាំង​ការ​ឈាន​ទៅ​សម្រេច​បាន​​ការ​បញ្ចប់​ការ​ចរចា​លើ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​សេរី​អាស៊ាន​-​កាណា​ដា​។​

​ពាក់​ព័ន្ធនឹ​ងទំ​នាក់ទំ​នង​កម្ពុជា-កាណាដានេះ លោក​ យង់ ពៅ អគ្គ​លេខា​ធិកា​រ​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា បាន​ថ្លែង​ថាជារួម​កិច្ច​សហ​ប្រតិបត្តិ​ការ​រ​វាង​ប្រទេស​ទាំង២​ដែល​បង្កើត​ឱ្យ​មាន​យន្តការ​ជជែកពិភាក្សា​ពិគ្រោះ​យោបល់​គ្នានោះ​នឹង​ផ្តល់​ផល​ប្រយោ​ជន៍​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ទោះ​តិច​ឬ​ច្រើន​ក្តី​។​

​សម្រាប់​កិច្ច​សហប្រ​តិប​ត្តិការ​រ​វាង​កម្ពុជានិង​កាណាដា​វិញ​លោក​កត់​សម្គាល់​ថា​ភាគី​ទាំង​២​កន្លង​ទៅ​មិន​ទាន់​មាន​ទំនាក់​ទំនង​ច្រើន​ជា​មួយ​គ្នា​ទេ​ ប៉ុន្តែ​ការចុះ​អនុ​ស្សរណៈ​​នេះ នឹង​ផ្តល់​ផល​ប្រយោជន៍​ឱ្យ​គ្នា​ទៅវិញ​ទៅ​មក​តាម​រយៈ​ការប​ង្កើន​ការ​វិនិ​យោគ​របស់​កាណាដា​​មក​កម្ពុជា ក៏ដូចជា​លក់​ទំនិញ​កម្ពុជា​ទៅ​កាណា​ដា​វិញ​ផង​ដែរ​។​

​លោកយង់ ពៅ បាន​ថ្លែងថា​៖«​ម្យ៉ាង​ទៀតក៏​ជា​ផល​ប្រយោជន៍​នៅ​ក្នុង​កិច្ច​ការ​នយោ​បាយ​អន្តរ​ជាតិ​កាល​ណា​មាន​ទំនាក់​ទំនង​គ្នា​កាន់​តែ​ខ្លាំង​នោះ​កិច្ច​គាំពា​រ​អន្តរ​ជាតិ​ក៏​កាន់​តែ​មាន​ការ​គាំពារ​កាន់​តែ​ច្រើន​ដែរ​។​កាណាដា​គឺជា​ប្រទេស​នៅ​ទ្វីប​អាមេ​រិក​ខាង​ជើង​ដែល​មាន​តួនាទី​សំខាន់​នៅ​ក្នុង​កិច្ច​ការ​អន្តរ​ជាតិ​»​។​

​សូម​រំឭ​កថា កម្ពុជា និង​កាណា​ដា បានប​ង្ហាញ​ពី​បំណង​ក្នុង​ការ​បង្កើត​កិច្ច​ពិគ្រោះ​យោ​បល់​ទ្វេ​ភាគី​កាល​ពី​អំឡុង​ខែ​មិថុនា ឆ្នាំ​២០២៣​ ដើម្បី​ជា​វេទិកា​ស្វែង​រក​ឱកាស​បង្កើន​កិច្ច​សហប្រ​តិប​ត្តិការ​លើ​វិស័យ​ផ្សេងៗ ​បន្ទាប់​ពី​ភាគី​ទាំង​២​បានក​ត់ស​ម្គាល់​ពី​កំណើន​ជា​បន្ត​បន្ទាប់​នៃ​ការផ្លាស់​ប្តូរ​ពាណិជ្ជ​កម្មនិង​ការ​កើន​ឡើង​ជា​លំដាប់​នៃ​ភ្ញៀវទេស​ចរ​កា​ណា​ដា​ដែល​មក​ទស្ស​នា​កម្ពុជា​។​

​សួ​ម​បញ្ជាក់​ដែរ​ថា ក្រោម​ឥទ្ធិ​ពល​វិបត្តិ​នយោ​បាយនិង​សេដ្ឋ​កិច្ច​សកល​ដែល​កំពុង​តែ​កើត​មាន​ឡើង បា​នធ្វើឱ្យ​ពាណិ​ជ្ជកម្ម​ទ្វេ​ភាគី​កម្ពុជា​និង​កាណា​ដានៅ​ក្នុង​ឆ្នាំ​២០២៣​សម្រេច​បាន​ត្រឹមតែ៩៤០,​៤៩​លាន​ដុល្លា​រប៉ុណ្ណោះ គឺធ្លាក់​ចុះ​១៨,៥​ភាគ​រយ​បើ​ធៀប​ឆ្នាំ​២០២២ ​ដែល​មាន​ចំនួន​១,១៥​ពាន់​លាន​ដុល្លារ​៕