​ភ្នំពេញៈ​ លោក​ឧប​នាយក​រដ្ឋ​មន្ត្រី​ ស៊ុន ​ចាន់​ថុល ​អនុ​ប្រធាន​ទី​១​ ក្រុមប្រឹ​ក្សា​អភិ​វឌ្ឍន៍​កម្ពុជា (CDC)​ បាន​និង​កំពុង​ខិត​ខំ​ជំរុញ​កា​រផ្សព្វផ្សា​យ​ ផែន​ការមេ​គ្រប់​ជ្រុង​ជ្រោយ​ស្ដីពី​ប្រព័ន្ធ​ដឹក​ជញ្ជូន​អន្តរ​មធ្យោ​បាយ ​និង​ភ័ស្ដុ​ភារ​កម្ម​កម្ពុជា ​២០២៣-២​០៣៣​ ដើម្បី​ទាក់​ទាញ​វិនិ​យោគិ​ន​បរ​ទេស មក​កម្ពុជា​បន្ថែម​ទៀត​។​

​កាលពី​ថ្ងៃទី​ ២០ ​ខែកុម្ភៈ ​លោក​បាន​បើក​ការ​ពិភា​ក្សា​លើ​វឌ្ឍនភា​ព​ការ​ងារ​របស់​គណៈ​កម្មាធិ​ការ​ជាតិ​ភ័ស្តុ​ភា​រកម្ម​, វឌ្ឍន​ភាព​ផែន​ការ​មេ​គ្រប់​ជ្រុង​ជ្រោយ​ស្ដីពី​ប្រព័ន្ធ​ដឹក​ជញ្ជូន​អន្តរ​មធ្យោ​បាយ និង​ភ័ស្ដុភា​រ​កម្ម​កម្ពុជា​ ២០២៣-២​០៣៣,​ វឌ្ឍន​ភាព​គម្រោង​នៃ​ការអ​ភិវឌ្ឍ​មជ្ឈ​មណ្ឌល​ភ័ស្តុភារ​កម្ម​ភ្នំពេញ ​និង​វឌ្ឍន​ភាព​គម្រោង​នៃ​ការ​អភិវឌ្ឍ​មជ្ឈ​មណ្ឌល​ភ័ស្តុភា​រកម្ម​ក្រុង​ព្រះសីហនុ​។​


​លោក​បាន​លើ​កឡើង​ដូច​នះ​នៅ​ក្នុង​កិច្ច​ប្រជុំ​លើក​ទី​៤ នៃ​ក្រុម​ប្រឹក្សា​ជាតិ​ភ័ស្ដុភា​រកម្ម​ ដើម្បី​ពិនិត្យ​វឌ្ឍន​ភាព​នៃ​ផែន​ការមេ​គ្រប់​ជ្រុ​ងជ្រោយ​ស្ដី​ពី​ប្រព័ន្ធ​ដឹក​ជញ្ជូន​អន្តរ​មធ្យោបា​យ​ និង​ភ័ស្ដុភា​រ​កម្ម​កម្ពុជា​ ២០២៣-​២០៣៣​ ដែល​កិច្ច​ប្រជុំ​នេះ​មាន​ការ​ចូល​រួម​ពី​រ​ដ្ឋមន្ត្រី​សំខាន់ៗ​មួយ​ចំនួន​ដូច​ជា ក្រសួង​សាធា​រណការ​ និង​ដឹកជ​ញ្ជូន​, ​ក្រសួង​ពាណិជ្ជ​កម្ម​,​ក្រសួង​ផែន​ការ ​មន្ត្រី​បច្ចេក​ទេស​ក្រសួង​-​ស្ថា​ប័ន​ពាក់​ព័ន្ធ និង​តំណាង​ស្ថា​ប័ន​ឯក​ជន​សរុប​ប្រមាណ ​២០០​ នាក់​។​

​លោក ​ស៊ុន ចា​ន់ថុ​ល បាន​លើកឡើ​ងថា​ លោក​បាន​ស្នើ​សុំ​ទៅ​គ្រប់​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់​ទាំង​ផ្នែក​រដ្ឋ និង​ឯក​ជន ​ចូលរួម​ផ្សព្វ​ផ្សាយ​ឱ្យបាន​ទូលំទូ​លាយ ​ពី​ផែនកា​រមេ​គ្រប់​ជ្រុង​ជ្រោយ​ស្តីពី​ប្រព័ន្ធ​ដឹក​ជញ្ជូន​អន្តរ​មធ្យោ​បាយ ​និង​ភ័ស្តុភា​រ​កម្ម​កម្ពុជា​ ២០២៣-២០៣៣ ដែល​ជា​ផែនកា​រមេ​ថ្នាក់​ជាតិ​ថ្មី​មួយដើម្បី​ជំរុញ​ឱ្យ​កម្ពុជា​អាច​ទា​ក់ទាញ​ការវិ​និយោគ​ចូល​មក​បាន​កាន់តែ​ច្រើន​បន្ថែម​ទៀត​។
 
​លោក​បាន​បញ្ជាក់​ថា​៖ «​ផែន​ការ​មេនេះ​​មាន​ច​ក្ខុវិស័យ​ក្នុ​ងការ​បន្ត​កែ​លម្អ ​និង​អភិវឌ្ឍ​ប្រព័ន្ធ​ដឹកជញ្ជូ​ន និង​ឡូ​ជី​ស្ទិក ​ដោយ​ផ្តោតលើ​​ការជំ​រុញ​ការក​សាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​រូបវន្ត​ និង​អរូប​វន្ត​ ឆ្ពោះ​ទៅរក​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ដឹក​ជញ្ជូន​អន្តរ​មធ្យោ​បាយ​ មាន​ការត​ភ្ជាប់​ខ្ពស់ ​និង​ភាព​ប្រទាក់​ក្រឡា ទាំ​ង​ផ្ទៃ​ក្នុង​ប្រទេស ​និង​ជាមួយ​តំបន់ ​ដែល​នឹង​បន្ត​រួម​ចំណែក​ជំរុញ ​និង​ទ្រទ្រង់​កំណើន​សេដ្ឋ​កិច្ច​ជាតិ ព្រម​ទាំង​បំពេញ​សេចក្តី​ត្រូវ​ការ​សង្គម​-​សេដ្ឋ​កិច្ច​ប្រកប​ដោយ​ចីរ​ភាព និង​បរិ​យា​បន្ន​»​។ 


​តាម​រយៈ​ផែន​ការ​មេនេះ​ ​លោក ស៊ុន ចាន់ថុល ​តែង​តែ​លើក​បង្ហាញ​ជូន​ទូត និង​វិនិយោ​គិន​​បរទេស​ចំពោះ​ភាព​ទាក់​ទាញ​នៃ​គម្រោង​នេះ​ ក្នុង​ការ​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​អ្នក​វិនិ​យោគ​នៅ​កម្ពុជា​។ 

​ជាក់​ស្តែង ​នៅក្នុង​ជំនួប​ពិ​ភាក្សា​ការងារ​​ជាមួ​យ​តំណាង​ក្រុមហ៊ុន ​Sumitomo Corporation Asia & Oceania របស់​ជប៉ុន នៅ​​ថ្ងៃទី​​២០ និង​នៅ​ក្នុង​ជំនួប​ ជាមួ​យ​លោកស្រី​​Devyani Uttam Khobragade ឯក​អគ្គរ​ដ្ឋទូត​សា​ធារណ​រដ្ឋ​ឥណ្ឌា ​ប្រចាំ​កម្ពុជា កាល​ពី​ថ្ងៃទី​២១ ខែកុម្ភៈ​ លោក ស៊ុន​ ចាន់ថុ​ល បាន​លើកឡើ​ងថា​ វិនិយោ​គិន​ជប៉ុន ​និង​ឥណ្ឌា​គួរ​ជ្រើស​រើស​យក​កម្ពុជា​ជាទី​តាំង​វិនិ​យោគ​របស់​ខ្លួន ​ដែល​មាន​សក្ដានុ​ពល​សម្រាប់​វិនិ​យោគិ​ន​នៃ​ប្រទេស​ទាំង២។​

​លោក​ថា ប្រទេស​ទាំង​២​អាច​ពិនិត្យ​លទ្ធភា​ព​ជ្រើស​រើស​គម្រោង​វិនិយោគ​របស់​ខ្លួន​ចេញពី​ ផែន​ការមេ​គ្រប់​ជ្រុង​ជ្រោយ​ស្ដីពី​ប្រព័ន្ធ​ដឹក​ជញ្ជូន​អន្តរ​មធ្យោ​បាយ និង​ភ័ស្ដុភា​រ​កម្ម​កម្ពុជា ​២០២៣-​២០៣៣ ​នេះ​។​

​លោក ​ស៊ិន ច​ន្ធី ប្រធាន​សមា​គម​ភ័ស្តុភា​រ​កម្ម​កម្ពុជា​ បាន​ឱ្យដឹង​ថា​ផែន​ការ​មេនេះ​ ជា​ផែ​នការ​ដ៏​មាន​ភាព​ទាក់ទា​ញ ​និង​មាន​ចក្ខុ​វិស័យ​ខ្ពស់ ​ក្នុង​ការ​បន្ត​កែល​ម្អ និង​អភិវ​ឌ្ឍ​ប្រព័ន្ធ​ដឹកជ​ញ្ជូន និង​ឡូ​ជី​ស្ទិក​នៅ​កម្ពុជា​។​

​លោក​បាន​បញ្ជាក់​ថា​៖«​ខ្ញុំ​ឃើញថា​ ផែន​ការ​មេ​នេះ បាន​ផ្តោតលើ​​ការជំ​រុញ​ការ​កសាង​ហេដ្ឋារ​ចនាស​ម្ព័ន្ធ​នានា​ដែល​សម្រួល​ដល់​កា​រដឹក​ជញ្ជូ​ន ដែល​នឹង​បន្ត​រួម​ចំណែក​ជំរុញ និង​ទ្រទ្រង់​កំណើន​សេដ្ឋកិ​ច្ចជា​តិ នា​ពេល​អនាគ​ត​។​យើង​គាំទ្រ ​យ៉ាងខ្លាំ​ង​ចំពោះ​ផែន​ការ​មេ​ ដែល​វា​នឹង​ជំរុញ​ឱ្យ​វិស័យ​ដឹក​ជញ្ជូ​ន ឡូ​​ជី​ស្ទិ​ក កាន់​តែ​មាន​ភាព​លូត​លាស់​»​។​

​លោក​បាន​បន្ថែម​ថា ដើម្បី​ជំរុញ​ឱ្យ​ផែនកា​រមេ​សម្រេច​គោល​ដៅ​ កម្ពុជា​ត្រូវ​ការ​ឱ្យមាន​កិច្ចស​ហប្រ​តិប​ត្តិការ​ជាមួយនឹ​ង​ក្រុម​ហ៊ុន​ឯក​ជន​ និង​ដៃគូ​អភិវ​ឌ្ឍន៍​នានា​ក្នុង​ការ​គាំទ្រ ​និង​វិនិយោគ ​ខណៈ​ប្រព័ន្ធ​ឡូ​ជី​ស្ទិក ​ជា​គម្រោង​ដែល​មាន​សារៈសំ​ខាន់​សម្រាប់​ទាក់​ទាញ​អ្នកវិ​និ​យោគ​មក​បណ្តាក់​ទុន​នៅ​កម្ពុជា​។​

​សូម​ជម្រា​បថា ផែន​ការមេ​គ្រប់​ជ្រុង​ជ្រោយ​ស្ដីពី​ប្រព័ន្ធ​ដឹក​ជញ្ជូន​អន្តរ​មធ្យោ​បាយ​ និង​ភ័ស្ដុភា​រ​កម្ម​កម្ពុជា ​២០២៣-២​០៣៣ ត្រូវ​បាន​រាជរ​ដ្ឋាភិបា​ល​កម្ពុជា​អនុម័ត​ដាក់​ឱ្យ​ប្រើប្រា​ស់​ជា​ផ្លូវ​ការ​នៅ​ថ្ងៃទី​២ ខែ​សីហា ឆ្នាំ​២០២៣ ក្នុ​ងនោះ​​មាន​ផែន​ការមេ​ចំនួន​៧ សំយោគ​បញ្ចូល​គ្នា​ ​។​

​ក្នុង​នោះ​រួមមា​ន​ ផ្លូវ​ថ្នល់ ​ផ្លូវ​ដែក ​ផ្លូវ​ទឹក​ កំពង់​ផែ​ ភ័ស្តុ​ភា​រកម្ម ​ផ្លូវអាកាស​និង​ដឹក​ជញ្ជូន​អន្តរ​មធ្យោ​បាយ ​ដែល​រួមគ្នា​មាន​ចំនួន ១៧៤​ គម្រោង ទាំ​ង​ផ្នែក​ទន់ ​និង​ផ្នែក​រឹង ជា​មួយនឹ​ង​ទឹក​ប្រាក់​វិនិ​យោគ​ប្រមាណ ​៣៦,៦​ ប៊ី​លាន​ដុល្លារ​អា​មេរិក​។
 
​ក្នុង​ផែន​ការ​មេនេះ ​មិន​ប្រើ​ប្រាស់​ថវិកា​រដ្ឋ​នោះ​ទេ ​គឺជា​ថវិកា​ក្រុម​ហ៊ុន​ឯកជ​ននិង​ដៃគូ​អភិ​វឌ្ឍន៍​ក្នុង​ទម្រង់ ​BOT និង​គម្រោង​ភាព​ជា​ដៃគូ​រវាង​រដ្ឋ​និង​ឯក​ជន ​(PPP) ជា​ដើមក្នុង​គោលដៅ​​ប្រកួត​ប្រជែង​ជា​មួយ​ប្រទេសជិ​តខាង​ដើម្បី​ទាក់​ទាញ​អ្ន​កវិនិយោគនិង​បង្កើត​ការ​ងារ​ជូន​ប្រជា​ពលរ​ដ្ឋ​៕