លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន ម៉ា​ណែ​ត បាន​លើកឡើងថា ការកត់ត្រា​មន្ត្រី​ពាក់ព័ន្ធ​គ្រឿងញៀន​នៅក្នុង​បញ្ជីខ្មៅ មិនមែនជា​ការរំលោភ​សិទ្ធិមនុស្ស​នោះឡើយ ប៉ុន្តែ​ជាការ​លើកតម្កើង​សិទ្ធិមនុស្ស​ដែល​ជួយ​បង្ការ​ពលរដ្ឋ និង​សហគមន៍​ទាំងមូល​មិនឱ្យ​ពាក់ព័ន្ធ​គ្រឿងញៀន ដើម្បី​ជំរុញ​សន្តិភាព និង​សុខដុម​នីយកម្ម​ក្នុងសង្គម​។


នេះ​បើ​យោងតាម​សុន្ទរកថា​នា​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២៣ និង​លើក​ទិសដៅ​ឆ្នាំ​២០២៤ របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿង ញៀន និង​ផ្សព្វផ្សាយ​ផែនការ​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​លើក​ទី​៩ កាលពី​រសៀល​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០២៤​។​

​សុន្ទរកថា​នេះ​បានឱ្យដឹងថា នាយករដ្ឋមន្ត្រី​បាន​ឯកភាព​ទៅលើ​ការស្នើ​ឡើង​របស់​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស សុខា ដោយ​សហការ​ជាមួយនឹង​ក្រសួងការពារជាតិ និង​ក្រសួង​មុខងារសាធារណៈ ឱ្យ​រៀបចំ​ទិន្នន័យ​មួយ​ដោយ​ចែករំលែក​ទិន្នន័យ​អ្នក​ដែល​បាន​បណ្តេញ​ចេញពី​ក្របខ័ណ្ឌ​ដោយសារ​គ្រឿងញៀន ដើម្បី​ការពារ​កុំឱ្យ​បណ្តេញ​ពី​ស្ថាប័ន​មួយ​ទៅ​ចូលក្នុង​ស្ថាប័ន​មួយទៀត​។​


លោក​បាន​បញ្ជាក់ថា៖ «​ទៅ​ថ្ងៃ​ខាងមុខ​ទៀត យើង​នឹង​គិតគូរ​ទៅលើ​ក្រម​វិធានការ​ដោយ​ផ្អែកលើ​គោ​លក​រណ៍​ច្បាប់ គោលការណ៍​សន្តិសុខ​ជាតិ សន្តិសុខ​សង្គម សិទ្ធិ​បុគ្គល និង​គោលការណ៍​ផលប្រយោជន៍​សហគមន៍ ថា​តើ​អ្នក​ ដែល​ទទួល​ការបណ្តេញចេញ​ហើយ នឹងត្រូវ​ទទួលទោស ឬ​ទទួល​អី​ទៀត​។ កុំឱ្យ​រួច​តែ​ខ្លួន យើង​មិនមែន​ផ្តាច់ជីវិត​គាត់​ទេ មិនមែន​ផ្តល់ឱកាស​ទី​២​ទេ តែ​ត្រូវមាន​លក្ខខណ្ឌ​បែបណា​មួយទៀត​យើង​មិន​បិទ​ច្រក​គាត់​ទេ​»​។​

លោក​បាន​បញ្ជាក់ថា ៖ «​ការធ្វើ​បែបនេះ មិនមែនជា​ការរំលោភ​សិទ្ធិមនុស្ស​នោះទេ ផ្ទុយទៅវិញ​ជាការ​លើកកម្ពស់​សិទ្ធិមនុស្ស​ទៅវិញ​ទេ ដោយ​ជួយ​តម្រង់ទិស​ដល់​អ្នកពាក់ព័ន្ធ​គ្រឿងញៀន ហើយ​ដើម្បី​សិទ្ធិមនុស្ស ពោលគឺ​សិទ្ធិ​របស់​ប្រជាពលរដ្ឋនៅក្នុង​សហគមន៍​ដែល​ចង់​រស់នៅ​ដោយ​សន្តិភាព ដែល​មិន​ចង់​ព្រួយបារម្ភ​ពី​បញ្ហា​គ្រឿងញៀន ក៏ដូចជា​ដើម្បី​អនាគត​កូនចៅ​ជំនាន់​ក្រោយ​។​


​ជាមួយគ្នា​នោះដែរ លោក​ក៏បាន​លើកទឹកចិត្ត​ឱ្យ​វិស័យ​ឯកជន​ចូលរួម​យុទ្ធនា​ការប្រឆាំង​គ្រឿងញៀន​ជាមួយ​រដ្ឋាភិបាល ដោយ​មិន​ទទួល​អ្នកពាក់ព័ន្ធ​គ្រឿងញៀន​ឱ្យចូល​បម្រើ​ការងារ ហើយ​រដ្ឋាភិបាល​ក៏​គ្រោង​ដាក់​វិធានការ​តឹងរ៉ឹង​ជាង​មុន​ចំពោះ​ស្ថាប័ន​ណា​ដែល​ទទួល​បុគ្គលិក​ពាក់ព័ន្ធ​គ្រឿងញៀន​ផងដែរ ដោយ​អាច​ជាប់​ក្នុង​បញ្ជីខ្មៅ ឬ​ទទួលរង​វិធានការ​ធ្ងន់ធ្ងរ​ផ្សេងទៀត​ផងដែរ​។​

​លោក​បាន​ថ្លែងថា​៖ «​ថ្ងៃក្រោយ​នឹងមាន​វិធានការ​ចំពោះ​អាជីវកម្ម​ឯកជន​ណា​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន អាច​ថា​ត្រូវមាន​វិធានការ​ធ្ងន់​ជាង​មុន ឬ​ដាក់​ក្នុង​បញ្ជីខ្មៅ​ប៉ុន្មាន​ឆ្នាំ ឬ​ត្រូវមាន​វិធានការ​យ៉ាងណា​ខ្លះទៀត​»​។​

លោកនាយក​រដ្ឋមន្ត្រី​បាន​ប្រមើលមើល​ដោយ​សង្ឃឹមថា បញ្ហា​គ្រឿងញៀន​នៅ​កម្ពុជា​អាច​នឹង​អស់​នៅត្រឹម​រយៈពេល​ពី ១៥​ឆ្នាំ ទៅ​២០​ឆ្នាំ ខាងមុខ តាមរយៈ​យុទ្ធ​នាគារ​ប្រឆាំង​គ្រឿងញៀន​ដ៏​ម៉ឺងម៉ាត់​របស់​រដ្ឋាភិបាល​ជាមួយ​ផែនការ​ច្បាស់លាស់​។​

លោក​អំ សំអាត នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការសិទ្ធិមនុស្ស​លីកាដូ បាន​ថ្លេ​ង​ដោយ​បង្ហាញ​ការគាំទ្រ​ចំពោះ​ចំណាត់ការ​របស់​រដ្ឋាភិបាល​ដែល​តឹងតែង​ចំពោះ​មន្ត្រីរាជការ​របស់ខ្លួន​មិនឱ្យ​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​មិន​ថា មន្ត្រី​ស៊ីវិល ឬ​កងកម្លាំងប្រដាប់អាវុធ សម្រាប់​ធ្វើជា​គំរូ​ពលរដ្ឋ ដែលជា​ការចង់បានរ​បស់​ក្រុម​សង្គម​ស៊ីវិល​។​

​លោក ថ្លែងថា ដើម្បី​លើកកម្ពស់​សិទ្ធិមនុស្ស រដ្ឋាភិបាល​មិន​ត្រឹមតែ​ដាក់ចេញ​វិធានការ​ម៉ឺងម៉ាត់​ដល់​អ្នកពាក់ព័ន្ធ​គ្រឿងញៀន​នោះទេ ប៉ុន្តែ​ត្រូវ​ព្យាយាម​ស្តារនីតិសម្បទា​អ្នកប្រើប្រាស់​គ្រឿងញៀន ដែលជា​ការគិតគូរ​អនាគត​អ្នក​ទាំងនេះ​ផងដែរ ជាពិសេស​ត្រូវ​តឹងរ៉ឹង​ចំពោះ​បញ្ហា​អំពើពុករលួយ​នៅក្នុង​កិច្ចការងារ​នេះ​។​

​សម្រាប់​លោក យង់ គិ​ម​អេង ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​និង​សន្តិភាព ថ្លែងថា វិធានការ​តឹងរ៉ឹង​របស់​រដ្ឋាភិបាល​នេះ ជាការ​ផ្តល់​ក្តីសង្ឃឹម​ដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​ទន្ទឹងរង់ចាំ​មើល​ចំណាត់ការ​របស់​រដ្ឋាភិបាល​ចំពោះ​បញ្ហា​គ្រឿងញៀន​ដែល​កំពុង​រាលដាល​នៅក្នុង​សង្គម​។​

លោក​បាន​ប្រាប់ថា​៖ «​វា​សំខាន់​ណាស់ នៅ​ក្នុងការ​បោសសម្អាត មន្ត្រី​ដែលជា​ប់​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​នេះ ដែល​នេះ​ជាម​ធ្យោ​យ​បាយ​ល្អ​។ កាលណា​មន្ត្រី​មិន​ពាក់ព័ន្ធ​គ្រឿងញៀន មន្ត្រី​មិន​ប្រើប្រាស់​គ្រឿងញៀន មន្ត្រី​មិន​ជួញដូរ​គ្រឿងញៀន នោះ​រដ្ឋបាល​សាធារណៈ​របស់​រដ្ឋ​នឹង​កាន់​តែមាន​ប្រសិទ្ធភាព​និង​មាន​គុណភាព​ផងដែរ​»៕