លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន កាលពី​ថ្ងៃទី​២០ ខែកុម្ភៈ បានប្រកាស​ដាក់ចេញ​នូវ​យុទ្ធនាការ «​សម្អាត​កម្ពុជា​» ថ្មី​មួយទៀត បន្ទាប់ពី​ជោគជ័យ លើ​យុទ្ធនាការ​កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ក ក្រោម​ប្រធានបទ​«​ថ្ងៃនេះ ខ្ញុំ​មិន​ប្រើ​ថង់​ប្លា​ស្ទិ​ក​ទេ​»​ដោយ​ទទួលបាន​អ្នកចូលរួម​នៅ​ទូទាំងប្រទេស ប្រមាណ ៥ លាន​នាក់​។​


លោក​ថា ក្រសួងបរិស្ថាន បាននិងកំពុង​ធ្វើឱ្យ​កម្ពុជា​ស្អាត ខណៈពេល​យុទ្ធនាការ​កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ក រហូតមកដល់​ថ្ងៃនេះ មាន​ប្រជាជន​ប្រមាណ​៥​លាន​នាក់​បាន​ចូលរួម ដែលមាន​ទាំង​សិស្សានុសិស្ស លោកគ្រូ​អ្នកគ្រូ នៅតាម​សាលារៀន កម្មករ​កម្មការិនី នៅតាម​រោងចក្រ​សហគ្រាស កាកបាទក្រហមកម្ពុជា អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ ថ្នាក់ដឹកនាំ​និង​មន្ត្រី​មកពី​ក្រសួង ស្ថាប័ន​នានា និង​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​។ នេះ​បើ​យោងតាម​ក្រសួងបរិស្ថាន​។​

​លោក អ៊ាង សុ​ល្លែ​ត បាន​ថ្លែងថា ៖ «​ក្រសួងបរិស្ថាន​នឹង​ស្នើ​សុំឱ្យ​ប្រជាពលរដ្ឋ​ទូទាំងប្រទេស ជាពិសេស​យុវជន សិស្សានុសិស្ស ចូលរួម​ចំណាយពេល ១០ ទៅ​១៥​នាទី​ចូលរួម​ប្រមូល​សំរាម សម្អាត​អនាម័យ​ជុំវិញ​ផ្ទះ សាលារៀន និង​មូលដ្ឋាន​យកមក​ទុកដាក់​ឱ្យបាន​ត្រឹមត្រូវ ដើម្បី​កម្ពុជា គ្មាន​សំរាម​ផ្តេសផ្តាស រាយប៉ាយ​ឡើយ​»​។


 លោក អ៊ាង សុផល្លែត បានលើកឡើង​ដែរ​ថា​យុទ្ធនាការ​«​ថ្ងៃនេះ ខ្ញុំ​មិន​ប្រើ​ថង់​ប្លា​ស្ទិ​ក​ទេ​» របស់​ក្រសួងបរិស្ថាន ទទួលបាន​ការគាំទ្រ និង​ទទួលបាន​ការចូលរួម​កាន់តែច្រើន ដែល​នៅក្នុង​ជំហាន​បន្ទាប់ ក្រសួង​នឹង​ចែក​ធុង​ញែក​សំរាម​តាម​សាលារៀន និង​ជួយ​បង្រៀន​សិស្សានុសិស្ស​បន្ថែមទៀត ឱ្យ​ចេះ​ញែក​សំរាម​ឱ្យបាន​ត្រឹមត្រូវ​ផងដែរ​។​

លោក​ថា ៖ «​យុទ្ធនា​ការបន្ត​នេះ គឺជា​ការបណ្តុះ​ផ្នត់គំនិត​យុវជន​យើង ក៏ដូចជា​ប្រជាពលរដ្ឋ ឱ្យ​ចេះ​ញែក​សំរាម ចេះ​បែងចែក​សំរាម កាត់បន្ថយ​សំរាម​បញ្ចេញ​ចោល​»​។​


ក្នុងឱកាស​ពិនិត្យមើល​សកម្មភាព​ស​ម្អា​ត​ដង​ទន្លេ​មុខ​ព្រះបរមរាជវាំង ដោយ​ម៉ាស៊ីន​ប្រមូល​សំរាម​លើ​ផ្ទៃ​ទឹក របស់​ក្រុមហ៊ុន Everwave​លោក អ៊ាង សុផល្លែត បាន​ថា នៅ​ថ្ងៃទី​១ ខែមីនា ខាងមុខនេះ ក្រសួង​នឹងដាក់​អនុវត្ត​នូវ​យុទ្ធនាការ​ផ្ទៃ​ទឹកស្អាត ដែល​ចាប់ផ្តើម​ពី​ការសម្អាត​ទន្លេសាប​ជា​អាទិភាព​ទី​១ ព្រោះ​កន្លងមក​ទន្លេសាប បាន​ទទួលរង​ការបោះ​សំរាម​ប្លា​ស្ទិ​ក ចូល​យ៉ាងច្រើន​។​

​លោក អ៊ាង សុផល្លែត បាន​លើកឡើងថា យុទ្ធនាការ​សម្អាត​លើ​ផ្ទៃ​ទឹក​គឺ​សម្អាត​ថង់​ប្លា​ស្ទិ​កលើ​ផ្ទៃ​ទឹក ទប់ស្កាត់​មិនឱ្យ​ហូរ​ចូល​ទន្លេសាប​តែម្តង ដែលជា​អាទិភាព​ចម្បង ដោយ​ក្រសួង​ចង់ឱ្យ​ត្រី​ដែលជា​ប្រភព​ប្រូតេអ៊ីន​ដ៏​ល្អ​អាច​រស់នៅ​គង់វង្ស​។​

​លោក​បាន​ថ្លែងថា​៖«​យើង​មិន​ចង់ឱ្យមាន​ការបាត់បង់​ត្រី ដោយសារ​ការបំពុល​ដោយ​សំរាម និង​ថង់​ប្លា​ស្ទិ​ក​ទេ​។ នៅពេល​ថង់​ប្លា​ស្ទិ​ក​ចូល​នៅក្នុង​ទន្លេ នាំឱ្យ​ខូច​បរិស្ថាន ពេល​វា​ពុកផុយ ក្លាយជា​ចំណី​ត្រី ហើយ​ពេល​មនុស្ស​បរិភោគ​ត្រី នាំឱ្យ​ខូចសុខភាព​យើង​ផងដែរ នោះ​យើង​នឹង​ខាត​បង់ធំ​។​ ដូចនេះ​ជំហាន​ទី​១ ​នៃ​យុទ្ធនាការ​ផ្ទៃ​ទឹកស្អាត ចាប់ផ្តើម​ពី​ការសិក្សា​លើ​ប្រព័ន្ធ ព្រែក អូរ ស្ទឹង ដែល​ភ្ជាប់​នឹង​ទន្លេសាប និង​ការរៀបចំ​របាំង​តាម​ប្រព័ន្ធ​ទាំងនោះ ទប់ស្កាត់​មិនឱ្យ​ប្លា​ស្ទិ​ក​ហូរ​ចូល​ទន្លេ​ឡើយ​»​។ 

​លោក អ៊ាង សុផល្លែត ​បន្ថែមថា​៖«​យើង​ត្រូវ​ទប់ស្កាត់​ជាមុន កុំឱ្យ​សំរាម​ហូរ​តាម​ទឹក​ព្រែក អូរ​ទាំងនោះ ទៅ​ចាក់ចោល​ក្នុង​ទន្លេសាប ព្រោះ​ទន្លេសាប​មិនមែនជា​ធុងសំរាម ឬ​ធុង​ដាក់​ថង់​ប្លា​ស្ទិ​ក​នោះទេ​»​។

 ​លោក​បន្តថា ៖ «​បន្ទាប់មក​ក្រសួងបរិស្ថាន និង​បន្ត​សហការ​ជាមួយ​ដៃគូ សម្អាត​ទន្លេសាប​ដោយ​ស្នើ​ឱ្យជួយ​បង្កើត​ម៉ាស៊ីន​ប្រមូល​សំរាម​លើ​ផ្ទៃ​ទឹក​នៅ​កម្ពុជា ឱ្យបាន​ច្រើន នោះ​ទន្លេសាប​យើង​នឹងមាន​សង្ឃឹម​ឆ្ពោះទៅ​ភាព​ស្អាត​ជាទី​មនោ​រម្យ ទាក់ទាញ​ទេសចរ​ផង និង​រក្សាបាន​ប្រភពធនធាន​ធម្មជាតិ​ល្អ តទៅ​កូនចៅ​ជំនាន់​ក្រោយ​ទៀត​»​។​

លោក ជុំ ហួត ប្រធាន​សមាគម​អ្នក​ស្រឡាញ់​បរិស្ថាន និង​សង្គម បាន​ប្រាប់ឱ្យដឹង​ដែរ​ថា ការប្រកាស​ដាក់ចេញ​នូវ​យុទ្ធនា​ការសម្អាត​ប្រទេស​កម្ពុ​ជាថ្មី​មួយទៀត​ របស់​ក្រសួងបរិស្ថាន​នៅពេលនេះ​គឺជា​ការជំរុញឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​សម្អាត​បរិស្ថាន និង​អនាម័យ​នៅតាម​ផ្ទះ តាម​ឃុំ​សង្កាត់ និង​ជាពិសេស​បានឱ្យ​ប្រជាពលរដ្ឋ​យល់ដឹង​ពី​ការ​វេច​ខ្ចប់ និង​ទុកដាក់​សំរាមឱ្យបាន​ត្រឹមត្រូវ​។​

​លោក ជុំ ហួត បញ្ជាក់ទៀតថា យុទ្ធនាការ​នេះ​នឹង​នាំមក​នូវ​បរិស្ថាន​ស្អាត​តាម​ទីតាំង​សាធារណៈ និង​នៅផ្ទះ​របស់​ប្រជាពលរដ្ឋ​ជាពិសេស បំផុសស្មារតី​ចូលរួម​ឱ្យ​ប្រជាពលរដ្ឋ​ស្រឡាញ់​បរិស្ថាន​និង​មាន​ភាព​បៃតង​នៅក្នុង​សហគមន៍​របស់​ប្រជាពលរដ្ឋ នៅ​ទូទាំងប្រទេស​កម្ពុជា​។​

លោក​បាន​ថ្លែងថា​៖ «​វា​ជា​កិច្ចការ​មួយ​ល្អ​មែនទែន​ដែល​ធ្វើឱ្យមាន​ភាពល្អ​ក្នុងការ​អនុវត្ត​គោលនយោបាយ​គ្រប់គ្រង​សំរាម​នៅក្នុង​ទីប្រជុំជន​ឱ្យមាន​ប្រសិទ្ធភាព និង​មាន​អនាម័យ​បរិស្ថាន​ល្អប្រសើរ ទៅ​អនាគត​តាមរយៈ​ការកាត់បន្ថយ​ការប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក និង​ធ្វើឱ្យ​ប្រជាពលរដ្ឋ​ចេះ​គ្រប់គ្រង​សំរាម​បានល្អ​ថែមទៀត​»៕