​ភ្នំពេញៈ កូន​ផ្សោត​ ១​ ក្បាល​ទម្ងន់​ជាង ​១០​ គីឡូ​ងាប់​កាលពី​ថ្ងៃទី​ ១៨ ខែកុម្ភៈ ដោយសារ​ជាប់​មង​អ្នកនេសាទ​នៅក្នុង​ភូមិ​បឹង​ត្រែង ឃុំ​សោ​ប ស្រុក​ព្រែក​​ប្រសព្វ ខេត្តក្រចេះ ដែលមាន​ចម្ងាយ​ប្រមាណ ១៦​ គីឡូម៉ែត្រ​ពី​អន្លង់​កាំ​ពី​។​


​មន្ត្រី​ជំនាញ​នៃ​រដ្ឋបាល​ជលផល និង​អង្គការ​មូលនិធិ​សកល​សម្រាប់​អភិរក្ស​ធនធាន​ធម្ម​​ជាតិ (WWF) បានឱ្យដឹងថា កូន​ផ្សោត​ឈ្មោល ១ ​ក្បាល​នេះ មាន​ប្រវែង ១,៤​ ម៉ែត្រ ទម្ងន់ ១៤​ គីឡូក្រាម ដោយ​ធ្វើ​កោសល្យ​ វិច័យ​បាន​សន្និដ្ឋានថា កូន​ផ្សោត​នេះ ងាប់​ដោយ​ឧ​ប​ករ​ណ៍​មង​នេសាទ ព្រោះ​មាន​ស្លាកស្នាម​ក្រឡាមង​លើ​ដង​ខ្លួន​ផ្នែក​ខាងក្រោយ​។​ នេះ​បើ​យោងតាម​សេចក្ដីប្រកាស​របស់​រដ្ឋ​បាល​ជលផល នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានឱ្យដឹង​នៅ​ថ្ងៃទី​ ២០ ខែកុម្ភៈ ឆ្នាំ​ ២០២៤​។​

​លោក អ៊ុក វិបុល ប្រធាន​នាយកដ្ឋាន​អភិរក្ស​ជលផល នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​ ២១ ខែកុម្ភៈ​ថា ទាំង​មន្ត្រីជលផល ក៏ដូចជា​អង្គការ​ដៃគូ បាន​ប្រឹងប្រែង​ខ្លាំងណាស់​លើ​ការងារ​ការពារ​សត្វ​ផ្សោត តាមរយៈ​ការអនុវត្ត​យ៉ាង​តឹងរ៉ឹង​នូវ​វិធានការ​របស់​រាជ​រដ្ឋា​ភិ​បាល​ដែល​បាន​ដាក់ចេញ​កន្លងមក​នេះ​។​


​លោក​បាន​ប្រាប់ថា ទន្លេ​​មេគង្គមាន​បណ្ដោយ​ប្រវែង ១២០​ គីឡូម៉ែត្រ ចាប់ពី​ខេត្តស្ទឹងត្រែង រហូតមកដល់​ខេត្តក្រចេះ ហើយ​មាន​កម្លាំង​មន្ត្រី​អភិរក្ស​តែ ៧២ ​ក្រុម​ប៉ុណ្ណោះ​ដែល​ប្រចាំ​ការចុះ​ល្បាត ហេតុនេះហើយ​ទីតាំង​ដែល​ចុះ​ល្បាត គឺ​វា​មាន​ទំហំ​ធំ​ពេក ដែល​ធ្វើឱ្យ​កម្លាំង​មន្ត្រី​អភិរក្ស​មិនអាច​គ្របដណ្ដប់បាន​ស្រុង​។​

​លោក​បាន​ថ្លែងថា​៖ «​ប្រសិនជា​យក​ទំហំ​ទីតាំង​ចុះ​ល្បាត​ហ្នឹង មក​បែងចែក​ជាមួយ​ក​ម្លាំ​ង​មន្ត្រី​អភិរក្ស គឺ​វា​អាចមាន​កន្លែង​ចន្លោះប្រហោង​ខ្លះ ដោយសារ​ទីតាំង​ធំ ហើយ​មន្ត្រី​យើង​មានកំណត់ ចំណែកឯ​ផ្សោត​ក៏​មិនបាន​នៅតែ​មួយកន្លែង​ដែរ​។ អ៊ីចឹងទៅ​ការ​លួច​ប្រព្រឹត្ត​បទល្មើស តែងតែ​កើតមាន​ហេតុនេះ​បានជា​យើង​ហាមឃាត់​មិនឱ្យ​ប្រើ​មង​នេសាទ​ធំ​ជាង ៤​ សង់ទីម៉ែត្រ​»​។​


​លោក អ៊ុក វិបុល បានបញ្ជាក់​ទៀតថា ការហាមឃាត់​មិនឱ្យ​ប្រើប្រាស់ ឬក៏​ដាក់មង​នេសាទ​ដែលមាន​ក្រឡា​ធំ​ជាង ៤​ សង់ទីម៉ែត្រ អាច​ជាប់​សត្វ​ផ្សោត និង​ប្រភេទ​ត្រី​ដែល​ជិត​ផុត​ពូជ​ផ្សេងទៀត​បាន ប៉ុន្តែ​បើ​ប្រើប្រាស់​មង​នេសាទ​ដែលមាន​ក្រឡា​តូច​ជាង ៤ ​សង់ទីម៉ែត្រ គឺ​រដ្ឋបាល​ជលផល​អាច​អនុញ្ញាតឱ្យ​ប្រើប្រាស់​បាន តែ​ត្រូវ​តម្រូវឱ្យ​ឃ្លាំមើល​ការ​ដាក់មង​របស់ខ្លួន ដើម្បី​ធានា​ឱ្យបាន​ថា​នៅក្នុង​ករណី​មាន​ផ្សោត​ជាប់​មង គឺអាច​នឹង​ជួយ​សង្គ្រោះបាន​។

​លោក​បាន​បន្តថា​៖ «​ទោះបីជា​យ៉ាងណា​យើង​ក៏​ទទួលស្គាល់ថា​នៅមាន​ភាព​ចន្លោះប្រហោង ដូច្នេះ​យើង​បាន​ប្រឹង​​ប្រែង​ពន្យល់​គាត់ ហើយ​ពន្យល់​គាត់​ទៀត ថា​ការរក្សាបាន​នូវ​វត្តមាន​ផ្សោត គឺ​យើង​អាច​ទាញ​ធនធាន​ទេសចរណ៍ ដើម្បី​ផ្ដល់​ជា​ចំណូល​ក្នុង​មូលដ្ឋាន​»​។​

​លោក អ៊ុក វិបុល ថ្លែងថា រដ្ឋ​បាល​ជលផល នឹងមាន​ផែន​ការបន្ថែម​ទៀត​ដោយ​ការដាក់​ប​ង្ហ្រោះ​ដូន ដើម្បី​ចូលរួម​ការ​ទប់ស្កាត់​ការបាត់បង់​សត្វ​ផ្សោត​ទន្លេមេគង្គ ក្រៅពី​ការ​ងារ​ចុះ​ល្បាត និង​ការហាម​ឃាត់​មិន​ឱ្យមាន​ឧបករណ៍​នេសាទ​ខុសច្បាប់​ក្នុង​តំបន់​ផ្សោត​រស់នៅ​។ លោក​ក៏បាន​អំពាវនាវ​ដល់​អ្នកនេសាទ​ត្រូវ​បញ្ឈប់​ការនេសាទ​ដោយ​ឧ​បក​រណ៍​មង​ក្នុង​តំបន់​ផ្សោត និង​ឧបករណ៍​ឆក់​នៅតាម​ដង​ទន្លេមេគង្គ បើ​ពុំ​នោះទេ នឹងត្រូវ​ទទួលទោស​តាមច្បាប់​ជា​ធរមាន​។​

​លោក សេង ទៀក នាយក​ប្រតិបត្តិ​អង្គការ ​WWF បាន​ប្រាប់ឱ្យដឹង​ដែរ​ថា ថ្វីដ្បិតតែ​ថ្នាក់ដឹកនាំ​មានការ​យកចិត្ត​​ទុកដាក់​ខ្ពស់​ក្នុងការ​ការពារ​ផ្សោត ក៏ប៉ុន្តែ​នៅមាន​បញ្ហា​ប្រឈម​មួយចំនួន​ដែល​ទាក់​ទង​នឹង​ការប្រើ​ឧបករណ៍​ឆក់ ការដាក់​មង​នៅ​តំបន់​ផ្សោត​រស់នៅ​។ ដូច្នេះ សូម​ចូលរួម​ទាំងអស់គ្នា ដើម្បី​ធ្វើយ៉ាងណា​កាត់បន្ថយ​បញ្ហា​ប្រឈម​ទាំងនោះ​ឱ្យដល់​ចំណុចសូន្យ​តែម្ដង គឺ​មានន័យថា​មិនឱ្យ​មាន​បទ​​ល្មើស​នេសាទ​ដែល​ប្រើប្រាស់​ឧបករណ៍​ខុសច្បាប់​នៅ​តំបន់​ផ្សោត​រស់នៅ​ឡើយ​។​

​លោក​បាន​ថ្លែងថា​៖ «​យើង​សូម​អំពាវនាវ​យ៉ាងទទូច​ដល់​ប្រជា​នេសាទ សូមមេត្តា​បញ្ឈប់​ការនេសាទ​ខុសច្បាប់​ក្នុង​តំបន់​អភិរក្ស​សត្វ​ផ្សោត និង​ហាម​ដាច់ខាត​ការប្រើប្រាស់​ឧ​ប​ករ​ណ៍​ឆក់ ដែលនាំឱ្យ​អន្តរាយ​ដល់​ការរស់រាន​របស់​សត្វ​ផ្សោត និង​ត្រី​មេ​ពូជ​សំខាន់ៗ​ក្នុង​ទន្លេ​»​។​

​លោក​ថ្លែង​ដោយ​សម្ដែង​ការ​​សោកស្តាយ​ជាខ្លាំង ចំពោះ​ការបាត់បង់​កូន​ផ្សោត​ឈ្មោល​ ១ ​ក្បាល​នេះ​។ នៅ​ដើមឆ្នាំ​ ២០២៤​ នេះ មានកូន​ផ្សោត​កើត​ចំនួន ២​ ក្បាល​ ខណៈ​សត្វ​ផ្សោត​ទន្លេមេគង្គ ត្រូវបាន​ចាត់ទុកជារ​តន​​សម្បត្តិ​ជាតិ​មានជីវិត​នៃ​ប្រទេស​កម្ពុជា ហើយ​សត្វ​ដ៏​មានតម្លៃ​នេះ​ស្ថិតនៅក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN ជា​ប្រភេទ​សត្វ​រងគ្រោះថ្នាក់​ជិត​ផុត​ពូជ​បំផុត​។ លោក វិបុល ថ្លែងថា បើតាម​ការប៉ាន់ស្មាន សព្វថ្ងៃនេះ​ផ្សោត​ដែល​រស់នៅក្នុង​ខេត្តស្ទឹងត្រែង និង​ក្រចេះ មាន​ចំនួន​ប្រមាណ​ជា ៩០​ ក្បាល​៕