​សៀមរាបៈ អាជ្ញាធរ​ខេត្តសៀមរាប​បាន​គាំទ្រ​សំណើ​របស់​ស្ថានទូត​ថៃ ​ដែល​គ្រោង​បើក​ស្ថាន​អគ្គ​កុងស៊ុល​របស់ខ្លួន​ប្រចាំខេត្ត​សៀមរាប​នៅ​ពាក់​កណ្តាល​ឆ្នាំ ​២០២៤​ ខាងមុខ ដើម្បី​រួមគ្នា​ពង្រឹង​កិច្ចសហប្រតិបត្តិការ​អភិ​វឌ្ឍន៍​រវាង​ប្រទេស​ទាំង​ ២ ជាពិសេស​ធ្វើឱ្យ​ខេត្តសៀមរាប​កាន់តែ​មាន​ភាព​រីកចម្រើន​។​


​សំណើ​នេះ​បានធ្វើ​ឡើង​ក្នុងជំនួប​រវាង​លោក​ប្រាក់ សោភ័ណ អភិបាលខេត្ត​សៀមរាប​ជាមួយ​លោក ឈើ​ត​កៀត អត្ថា​កន ឯកអគ្គរាជទូត​ថៃ​ប្រចាំ​កម្ពុជា ដើម្បី​ពិភាក្សា​ការងារ​មួយចំនួន​ពាក់ព័ន្ធ​នឹង​កិច្ចសហការ និង​គម្រោង​បើក​ស្ថាន​អគ្គ​កុងស៊ុល​ថៃ​ប្រចាំខេត្ត​​សៀមរាប​។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក​ប្រាក់ សោភ័ណ តាមរយៈ​ហ្វេ​ស​ប៊ុ​ក​របស់លោក​ កាលពី​ថ្ងៃទី​ ១៩ ខែកុម្ភៈ ឆ្នាំ​ ២០២៤​។​

​ប្រភព​ដដែល​បានឱ្យដឹងថា នៅក្នុង​ជំនួប​នោះ លោក ប្រាក់ សោភ័ណ បាន​ស្វាគមន៍​ចំពោះ​ការចាប់អារម្មណ៍​របស់​ភាគី​ថៃ​ក្នុង​ការបើក​ស្ថាន​អគ្គ​កុង​ស៊ុ​ល​របស់ខ្លួន​ប្រចាំ​នៅ​ខេត្តសៀមរាប​នៅ​ពាក់កណ្តាល​ឆ្នាំ​ ២០២៤​ ខាងមុខ ដើម្បី​ជាការ​រឹតចំណង​មិត្តភាពរ​វា​ង​ប្រទេស​ទាំង​ ២​ ឱ្យមាន​កិច្ច​សហ​ប្រតិ​​ប​ត្តិ​ការ​កាន់តែ​ល្អប្រសើរ​។​


​លោក​បាន​បញ្ជាក់ថា​៖ «​ខ្ញុំ​គាំទ្រ​យ៉ាង​កក់ក្តៅ​ចំពោះ​ការគ្រោង​បើក​ស្ថាន​អគ្គ​កុងស៊ុល​ថៃ​ប្រចាំខេត្ត​សៀមរាប ដើម្បី​រួមគ្នា​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ទាំង​ ២ ជាពិសេស​ខេត្តសៀមរាប​ឱ្យ​កាន់តែ​រីកចម្រើន​»​។​

​លោក​ លី វណ្ណៈ នាយក​រដ្ឋបាលខេត្ត​សៀមរាប​បាន​ប្រាប់​នៅ​ថ្ងៃទី​ ២១ ខែកុម្ភៈ​ថា ក្នុងនាម​ជា​រដ្ឋបាលខេត្ត គាំទ្រ​ចំពោះ​សំណើ​របស់​ស្ថានទូត​ថៃ ដែល​គ្រោង​បើក​ស្ថាន​អគ្គ​កុងស៊ុល​របស់ខ្លួន​ប្រចាំ​នៅ​ខេត្តសៀមរាប​ដើម្បី​ជួយ​សម្រួល និង​បម្រើ​ដល់​ភ្ញៀវទេសចរ​ជន​ជាតិ​ថៃ​ដែល​មក​ទស្សនា​ខេត្តសៀមរាប ក៏ដូចជា​ផ្ដល់​ភាពងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ក្នុងការ​ទាក់ទង​ជាមួយ​ស្ថាន​អគ្គ​កុងស៊ុល​ថៃ​ទៅលើ​ការស្នើ​​សុំ​ធ្វើឯកសារ​ចេញ ចូល​ផ្សេងៗ​។​


​លោក​បាន​បញ្ជាក់ថា​៖ «​ចំពោះ​ផល​ប្រយោជន៍​នៃ​បើក​ស្ថាន​អគ្គ​កុងស៊ុល​នេះ គឺមាន​ភ្ញៀវទេសចរ​ថៃ​ដែល​គាត់​មក​តាម​ច្រក​ប៉ោយប៉ែត ឬ​ច្រក​ព្រលាន​យន្តហោះ​ថ្មី​យើង ប្រសិនបើ​គាត់​មានការ​អី​ទៅ​គឺ​គាត់​មាន​ភាពកក់ក្ដៅ ដោយ​​សារ​នៅ​សៀមរាប​នេះ​មាន​អគ្គ​កុង​ស៊ុ​ល​របស់គាត់​មួយ​ហើយ​»​។​

​មួយវិញទៀត ការ​មាន​ស្ថាន​អគ្គ​កុង​ស៊ុ​ល​នេះ វា​ក៏​ផ្ដល់​ភាពល្អ​សម្រាប់​ភ្ញៀវ​បរទេស​ផ្សេងៗ​ដែល​ត្រូវ​ទៅ​ថៃ​ក្នុងការ​​ស្នើសុំ​ទិដ្ឋាការ គឺ​ពួកគាត់​មិនចាំបាច់​ត្រឡប់​ទៅ​ទីក្រុង​ភ្នំពេញ​វិញ​ដើម្បី​ស្នើសុំ​ធ្វើ​ទិដ្ឋាការ ព្រោះ​ស្ថាន​អគ្គ​កុងស៊ុល​ថៃ ដែល​គ្រោង​នឹង​បើក​ក្នុង​ខេត្ត​សៀម​រាប​នេះ​នឹង​ផ្ដល់​សេវា​ជូន​ភ្ញៀវ​បរទេស​ទាំងនោះ​។ នេះ​បើតាម​ការបន្ថែម​របស់​លោក លី វណ្ណៈ​។​

​ជុំវិញ​រឿងនេះ លោក ម៉ម រិទ្ធី ប្រធាន​សហព័ន្ធ​សហជីព​វិស័យ​ទេសចរណ៍ និង​សេវាកម្ម​កម្ពុជា​ក៏បាន​ថ្លែង​ដែរ​ថា​ប្រសិនបើ​ថៃ​មាន​ស្ថាន​អគ្គ​កុងស៊ុល​របស់ខ្លួន​ប្រចាំ​នៅ​ខេត្តសៀមរាប​ពិត​ប្រាកដ​មែន​នោះ វា​ជា​រឿង​ល្អ ព្រោះ​ជាការ​ផ្ដល់​ភាពងាយស្រួល​ក្នុង​ទំនាក់​ទំនង​រវាង​ខេត្តសៀមរាប​ដែល​ខេត្ត​នៅ​ជិត​ព្រំដែន​ប្រទេស​ថៃ​ដើម្បី​ធ្វើឱ្យ​ប្រជា​ជន​ខ្មែរ និង​ប្រជាជន​ថៃ មិនចាំបាច់​ទៅ​ឆ្ងាយ​ក្នុងការ​ធ្វើឯកសារ​ផ្សេងៗ​សម្រាប់​ចេញ​-​ចូលទៅ​ប្រទេស​ថៃ​។​

​លោក​បាន​ថ្លែងថា​៖ «​ខ្ញុំ​គិតថា​ការដាក់​ស្ថាន​អគ្គ​កុងស៊ុល​ថៃ​នៅ​ខេត្ត​សៀម​រាប​គឺ​វា​ពិតជា​ល្អ​មែនទែន​ដើម្បី​ជួយ​សម្រួល​ដល់​ប្រជាជន​ដែល​ចេញ​-​ចូលទៅ​ប្រទេស​ថៃ​រៀងៗ​ខ្លួន ជាពិសេស​រួមចំណែក​កាត់បន្ថយ​ការចំណាយ​របស់​ប្រជាជន​ក៏ដូចជា​ពលករ​ចំណាក​ស្រុក​ខ្មែរ​ផងដែរ​»​។​

​លោក​បាន​បន្តថា ការ​ដែលមាន​ស្ថាន​អគ្គ​កុងស៊ុល​នៅតាម​ខ្សែបន្ទាត់​​ព្រំដែន​ក្នុងប្រទេស​រៀងៗ​ខ្លួន វា​មាន​ភាព​ងាយស្រួល​ទៅដល់​ភ្ញៀវទេសចរ​ដែល​ចេញ​-​ចូលក្នុង​ប្រទេស​ទាំងសងខាង​ទៅវិញទៅមក ជាពិសេស​ផ្ដល់​ភាពកក់ក្ដៅ និង​មាន​ទំនុកចិត្ត សុវត្ថិភាព សម្រាប់​ភ្ញៀវ​មក​ទស្សនា​ក្នុងប្រទេស​ទាំង​សង​ខាង​ផងដែរ​។​

​សូមបញ្ជាក់ថា មកទល់ពេលនេះ​នៅក្នុង​ខេត្តសៀមរាប​មាន​ប្រទេស​ចំនួន​ ៤​ ហើយ ដែល​បាន​បើក​ស្ថាន​អគ្គ​កុង​ស៊ុ​ល​របស់ខ្លួន​ប្រចាំខេត្ត​នេះ ក្នុងនោះ​មាន​ប្រទេស​កូរ៉េខាងត្បូង ចិន ជប៉ុន និង​ប្រទេស​កាណាដា​៕