​ភ្នំពេញៈ ​មន្ត្រីជាន់ខ្ពស់​សហរដ្ឋអាមេរិក​កំពុង​បំពេញ​ទស្សន​​កិច្ច​នៅ​កម្ពុជា​ ដើម្បី​ពិភាក្សា​ពី​ភាពជា​ដៃគូ​ផ្នែក​សន្តិសុខ​នុយ​​ក្លេ​អ៊ែរ ជាមួយ​មន្ត្រីជាន់ខ្ពស់​​កម្ពុជា​នៅ​រាជធានី​ភ្នំពេញ និង​ក្រុងព្រះសីហនុ​។​


​លោក Frank Rose នាយក​​រង​ប្រចាំការ​នៃ​រដ្ឋបាលជាតិ​សន្តិសុខ​អាវុធ​នុយក្លេអ៊ែរ​សហរ​ដ្ឋ​អាមេរិក​ ​(NNSA)​ ដែល​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​នេះ​នៅ​ថ្ងៃទី ​២១ ខែកុម្ភៈ​​ បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក អ៊ឹង អៀង រដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល និង​ជា​អនុ​​ប្រធាន​លេខាធិការដ្ឋាន​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​ប្រឆាំង​ភេរវកម្ម និង​លោក លី វណ្ណា រដ្ឋលេខា​ធិ​ការ​ក្រសួង​រ៉ែ និង​ថាមពល​។​

​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​បញ្ជាក់​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​​ ២១ ខែកុម្ភៈថា កិច្ចពិភាក្សា​នេះ​ទទួលបាន​លទ្ធផល​ផ្លែផ្កា ដោយ​ផ្តោតលើ​ការលើកកម្ពស់​សុវត្ថិភាព​នុយក្លេអ៊ែរ និង​ការត្រៀម​បង្ការ​សម្រាប់​គ្រាអាសន្ន​មាន​វិទ្យុសកម្ម​។​


​លោក Rose ក៏បាន​ជួប​ដាច់ដោយឡែក​ផងដែរ ជាមួយ​មន្ត្រី​នៃ​ក្រសួងការបរទេស និង​សហ​​ប្រតិបត្តិការ​អន្តរជាតិ ដោយ​កិច្ចពិភាក្សា​ផ្តោតលើ​កិច្ច​សហ​ប្រតិបត្តិការ​លើ​ការខិតខំ​ធ្វើ​មិនឱ្យ​មានការ​រីកសាយ និង​សន្តិសុខ​នុយក្លេអ៊ែរ​។​

​ស្ថានទូត​សហរដ្ឋអាមេរិក​ដក​ស្រង់​សម្ដី​លោក ​Rose​ ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ថា​៖ «​រដ្ឋបាល​ជាតិ​ផ្នែក​សន្តិសុខ​អាវុធ​នុយក្លេអ៊ែរ​របស់​សហរដ្ឋអាមេរិក​វាយ​តម្លៃ​ខ្ពស់ ចំពោះ​កិច្ចសហការ​ជាមួយ​ព្រះរាជាណាចក្រ​កម្ពុជា លើ​សុវត្ថិភាព​នុយក្លេអ៊ែរ និង​ការត្រៀម​បង្ការ និង​ការឆ្លើយ​តប​សម្រាប់​គ្រាអាសន្ន​មាន​វិទ្យុ​សកម្ម ហើយ​យើង​ផ្តល់​តម្លៃ​ដល់​កិច្ចសហការ​ជា​ដៃគូ​របស់​យើង​ក្នុងការ​តាមដាន​លើ​ការ​ជួញដូរ​ខុសច្បាប់​ទាក់ទង​នឹង​សារធាតុ​នុយក្លេអ៊ែរ​»​។​


​ក្នុងពេល​ស្នាក់នៅ​កម្ពុជា លោក Rose ត្រូវ​ជួប​ផងដែរ ជាមួយ​មន្ត្រី​កំពង់ផែ និង​គយ ហើយ​ប្រាស្រ័យ​ជាមួយ​និស្សិត​សាកលវិទ្យាល័យ​ស្តីពី​សន្តិសុខ​តាម​អ៊ីន​​ធឺ​ណិ​ត មុនពេល​បន្តដំណើរ​រ​បស់​លោក​ទៅ​វៀតណាម​។​

លោក​ យង់ ពៅ អគ្គលេខា​ធិ​ការ​នៃ​រាជបណ្ឌិត្យសភាកម្ពុជាថ្លែងថា ជំនួប​រវាង​លោក Rose មន្ត្រី​នៃ​ក្រសួង​រ៉ែ និង​ថាមពល​កម្ពុជា​ គឺជា​ការបញ្ជាក់​គ្នា​ល្អ​ចៀសវាង​ «​សាចទឹក​ដាក់គ្នា​» ​ក្នុង​បញ្ហា​ណាមួយ​ដែល​មិនបាន​យល់​គ្នា​ពី​សន្តិសុខ​នុយក្លេអ៊ែរ​។ រាជរដ្ឋាភិបាល​កម្ពុជា​ក៏ដូចជា​រដ្ឋាភិបាល​ក្នុង​អាស៊ាន​ដែរ​គឺ​ប្រ​ឆាំង​ដាច់ខាត​ក្នុងការ​រីកសាយ​ភាយ​អាវុធ​នុយក្លេអ៊ែរ​។​

​លោក​បាន​បញ្ជាក់ថា​៖ «​កម្ពុជា​យើង​គ្មាន​លទ្ធភាព​ទៅលើ​បញ្ហា​ហ្នឹង​ទេ ហើយ​បញ្ហាសំខាន់​គឺ​ការបង្ការ​គ្រាអាសន្ន​វិទ្យុសកម្ម​នោះ​នឹង​ជា​រឿង​ត្រឹមត្រូវ​ហើយ គឺជា​ការណ៍​មួយ​ដែល​យើង​ទប់​ស្កាត់​ទាំងអស់គ្នា​។ យើង​គិតថា សហរដ្ឋអាមេរិក​គឺជា​ប្រទេស​ដែល​ឈានមុខ​ទី​​១ ទៅលើ​បញ្ហា​នេះ ហើយ​បើ​បាន​ពិនិត្យ​រួមគ្នា ហើយ​បានទទួល​ស្គាល់​រួមគ្នា​ថា​យើង​ពុំមាន​បញ្ហា​ហ្នឹង​កើតឡើង​ទេ វា​ជា​ការល្អ​។ ដូច​ខ្ញុំ​និយាយ​ខាងដើម​ថា កុំឱ្យ​សាចទឹក​ដាក់គ្នា​ទៅលើ​កិច្ចការ​ហ្នឹង នាំទៅដល់​ការភាន់ច្រឡំ​ទំនាក់ទំនង​ក៏ដូចជា​ន​យោ​បាយ​ការទូត​»៕