​ភ្នំពេញៈ លោកនាយក​រដ្ឋ​មន្ត្រី ហ៊ុន ម៉ា​ណែ​ត បានបង្ហាញ​មហិច្ឆតា​ចង់ឱ្យ​កូន​ខ្មែរ​ធ្វើ​ផ្លូវ​ល្បឿន លឿន​ទាំង​ក្រោម​ដី លើដី និង​សាងសង់​អគារ​ពាណិជ្ជកម្ម​ទំនើបៗ​ច្រើន​ជាន់​ដោយ​ខ្លួនឯង ប្រកបដោយ​គុណភាព​ខ្ពស់​មិន​ចាញ់​ប្រទេស​ដែលមាន​ការ​អភិ​វ​ឌ្ឍ​។ លោក​បាន​ថ្លែង​បែបនេះ​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប សកម្មភាព​ការងារ ឆ្នាំ​ ២០២៣ និង​លើក​ទិសដៅ​ការងារ ឆ្នាំ​ ២០២៤ របស់​ក្រសួង​ឧស្សាហ​កម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ នៅ​រសៀល​ថ្ងៃទី ​២១ ខែកុម្ភៈ ឆ្នាំ​ ២០២៤​។​


​លោក​ថ្លែងថា​៖​ «​ថ្ងៃក្រោយ​កម្ពុជា​នឹងមាន​សមត្ថភាព​ធ្វើ​ហេដ្ឋារចនាសម្ព័ន្ធ ទាំង​ផ្លូវ​ល្បឿន​លឿន​អ្វីៗ ក្រោម​ដី លើដី​ទាំង​​អស់ ហើយ​ធ្វើ​ដោយ​កូន​ខ្មែរ និង ក្រុមហ៊ុន​ខ្មែរ​ទៀត ខ្ញុំ​ចង់   មហិច្ឆតា​ខ្ញុំ​អ៊ីចឹង​»​។

​លោក​បានលើកឡើង​ថា ស​ម​ត្ថ​ភាព​នៃ​ការធ្វើការ​ទាំងនោះ​មិនមែន​ទាញ​ចំណេះដឹង​ពី​ការជួយ​របស់គេ ហើយ​ត្រូវ​ចប់​នោះទេ​។


លោក​បញ្ជាក់ថា កាលពី​ឆ្នាំ ​១៩៩០ មាន​ជំនាញការ​មកពី ធនាគារពិភពលោក និង​ជំនាញ​ការ​អន្តរជាតិ​ផ្សេងៗ​មកជួយ​សរ​សេរ​គោលនយោបាយ​សម្រាប់​ប្រទេសជាតិ ប៉ុន្តែ​ពេលនេះ​អ្នក​ជំនាញ​ជា​កូន​ខ្មែរ​ទទួលបាន​ជំនាញ​ទាំងនោះ ព្រមទាំង​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​​ធ្វើ​អគារ​ពាណិជ្ជកម្ម​ច្រើន​ជាន់ និង​អាចធ្វើ​ស្ពាន​ឆ្លងទន្លេ​បាន​ទៀតផង​។ ថ្វីបើ​ក្រោម​ដី​មិនទាន់មាន​ការសាងសង់ ប៉ុន្តែ​រឿង​ចំណុច​នេះ​នឹង​កើតឡើង​នៅពេល​ខាងមុខ​មិន​ខាន​។​

​ដើម្បីឱ្យ​មហិច្ឆតា​នេះ​សម្រេចបាន​ជោគជ័យ លោកនាយក​រដ្ឋមន្ត្រី លើកឡើងថា វិស័យ​ឯកជន​ត្រូវតែមាន​ការពង្រឹង ឱ្យបាន​រឹងមាំ ពោលគឺ​ដកដង្ហើម​ខ្លួនឯង​និង​លើកទឹកចិត្ត​ក្នុងការ​ម្ចាស់​ការធ្វើ​ដោយ​ខ្លួនឯង​។ ក្រសួង​ឧស្សាហកម្ម ដែលជា​សេនាធិការ​របស់​រាជរ​ដ្ឋា​ភិ​បាល ជា​ស្នូល​ក្នុង​ការជួយ​លើកកម្ពស់ សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ត្រូវធ្វើ​យ៉ាង​ណា​យកចិត្តទុកដាក់ និង​មានការ​ទទួលខុសត្រូវ​ខ្ពស់ ធ្វើការ​ពង្រឹង​ឱ្យបាន​លឿន​។ ជាមួយគ្នា​នោះ​ត្រូវ​រៀបចំ​បទដ្ឋាន​គតិយុត្ត​ផ្សេងៗ​ដើម្បី​ជំនួយ​ដល់​ការ​​ពង្រឹង​កិច្ចការងារ​នេះ​។


​ជាមួយគ្នា​នោះ លោក ហ៊ុន ម៉ា​ណែ​ត ក៏បានផ្តល់​អនុសាសន៍​ណែនាំ​ដល់​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ត្រូវ​ចូលរួម​ព​ន្លឿ​ន​ការ​ធ្វើ​បដិវត្ត​កម្ម​ឧស្សាហកម្ម​កម្ពុជា ពី​ឧស្សាហកម្ម​អតិពលកម្ម ទៅ​ឧស្សាហកម្ម​ផ្អែកលើ​ជំនាញ និង​ចំណេះដឹង ដោយ​ត​ភ្ជាប់​ទៅនឹង​ខ្សែ​ច្រវាក់​តម្លៃ​សកល ធ្វើ​សមាហរណកម្ម នៅក្នុង​បណ្តាញ​ផលិតកម្ម​តំបន់ និង​អភិវឌ្ឍន៍​កន្សោម ផលិតកម្ម​ប្រទាក់ក្រឡា តាមរយៈ​លើកកម្ពស់​ផលិតភាព​ឧស្សាហកម្ម ការពង្រឹង​សុវត្ថិ​ភាព​ការងារ និង​បរិស្ថាន និង​ការ​វាយតម្លៃ​ការទទួលស្គាល់​សមត្ថ​ភាព​របស់​អង្គភាព​វាយតម្លៃ​អនុ​លោម​ភាព ដើម្បី​ធានាបាន​នូវ​សមត្ថភាព​ប្រកួតប្រជែង​របស់​កម្ពុជា ទាំង​ក្នុង​តំបន់ និង​សកល​លោក​។​

​លោក ហែម វណ្ណឌី រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ថ្លែងថា ក្នុង​ឆ្នាំ​ ២០២៣  ​ក្រសួង​បានផ្តល់​ការបណ្តុះបណ្តាល​នូវ​ជំនាញ​បច្ចេកទេស និង​សុវត្ថិ​ភាព​ឧស្សាហកម្ម ជូន​សិក្ខាកាម​សរុប​ចំនួន ២ ៨២៥​ នាក់ មកពី ៦៨៧ រោងចក្រ កើនឡើង ២៤% ព្រមទាំង​ជំរុញ​ការអភិវឌ្ឍ​ឧស្សា​ហ​កម្ម​បៃតង និង​ឧស្សាហកម្ម​ជំនាន់​ថ្មី បានធ្វើការ​ត្រួតពិនិត្យ​ការបំពុល និង​គ្រប់គ្រង​សំណល់​ឧស្សាហកម្ម​ផងដែរ​។​

​លោក​បន្ថែមថា ក្រសួង​ក៏បាន​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ភាពជា​ដៃគូ​គ្រប់​ជ្រុងជ្រោយ លើ​ការងារ​ចុះបញ្ជី​កម្មសិទ្ធិ​ឧស្សាហកម្ម ជាមួយ​អង្គការ​កម្មសិទ្ធិ​បញ្ញា​អន្តរជាតិ​នានា​។​

​លោក​បញ្ជាក់ថា​៖ «​គិត​ត្រឹម​ថ្ងៃទី ​២៩ ខែធ្នូ ឆ្នាំ​ ២០២៣ ការ​ទទួល​សំណុំលិខិត​ស្នើសុំ​ផ្តល់​ប្រកាសនីយបត្រ​តក្ក​កម្មស​រុ​ប​មាន​ចំនួន ១០៩៩»​។

​លោក​ថ្លែងថា ក្រសួង​នឹង​បន្ត​យកចិត្តទុកដាក់​ពង្រឹង​សមត្ថភាព សាមគ្គីភាព និង​គុណភាព​នៃ​កម្លាំង​ធនធានមនុស្ស​ដែល​ក្រសួង​មាន ដើម្បី​អាច​សម្រេចបាន​នូវ​បេសកកម្ម​ដែល​រាជរដ្ឋាភិបាល​បានប្រគល់​ជូន​។ ជាមួយគ្នា​នោះ ក្រសួង​នឹង​ព​ន្លឿ​ន​ការតាក់តែង​សេចក្តីព្រាង​ច្បាប់ អនុក្រឹត្យ បទដ្ឋាន គតិយុត្ត និង​ផែនការមេ​ពាក់ព័ន្ធ​នានា ដែល​នឹង​គាំទ្រ​ដល់​ការគ្រប់គ្រង និង​ការអភិវឌ្ឍ​របស់​វិស័យ​៕