​ភ្នំពេញៈ លោក ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី កាលពី​ម្សិលមិញ​បានធ្វើ​ដំណើរ​តាម​យន្តហោះ​ផ្ទាល់ខ្លួន​ចាក​ចេញពី​រាជធានី​ភ្នំពេញ​ទៅកាន់​ទី​​ក្រុង​បាងកក ប្រទេស​ថៃ ក្នុង​គោលបំណង​ជួប​សួរសុខទុក្ខ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីត​នាយករដ្ឋមន្ត្រី​ថៃ ដែល​ត្រូវជា​បងធម៌​របស់លោក បន្ទាប់ពី​អាជ្ញាធរ​ថៃ​សម្រេច​ដោះលែង​ឱ្យមាន​សេរីភាព​ពី​ការជាប់​ឃុំ​ក្នុង​ពន្ធនាគារ​មុនពេល​កំណត់​។​


​នៅ​ព្រឹក​ថ្ងៃទី​ ២១ ខែកុម្ភៈ លោក​ហ៊ុន សែន បាន​បង្ហោះ​សារ​ជាមួយ​រូបភាព​អង្គុយ​លើ​យន្តហោះ​ផ្ទាល់ខ្លួន​របស់លោក​ថា​៖ «​ខ្ញុំ​កំពុងធ្វើដំណើរ​ទៅកាន់ ទីក្រុង​បាងកក​ដើម្បី​សួរសុខទុក្ខ​បងធម៌​របស់ខ្ញុំ គឺ​ឯកឧត្តម ថាក់​ស៊ីន ស៊ីណាវ៉ាត្រា អតីត​នាយក​​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​ថៃ​»​។​

​បន្ទាប់មក​នៅ​ថ្ងៃ​ដដែល​នោះដែរ លោក ហ៊ុន សែន ក៏បាន​បញ្ជាក់​តាម​បណ្តាញ​សង្គម​ផ្លូវ​ការ​របស់លោក​ដោយ​ភ្ជាប់​ជា​មួយ​នឹង​រូបភាព​អង្គុយ​ជាប់​នឹង​លោក​ថាក់ស៊ីន ព្រមជាមួយ​វត្ត​មាន​លោកស្រី អ៊ុង​អ៊ីង កូនស្រី​ពៅ​លោក ថាក់ស៊ីន និង​ជា​ប្រធាន​គណបក្ស​ភឿ​ថៃ ថា លោក​បាន​ទៅដល់​គេហដ្ឋាន​របស់លោក​ថាក់​ស៊ីន​ហើយ​។​


​លោក​បញ្ជាក់ថា​៖ «​អតីត​នាយករដ្ឋមន្ត្រី​​ ២ ​នាក់​ជួបគ្នា​មិនបាន​និយាយ​រឿង​ន​យោ​បាយ​នោះទេ តែ​បាន​រំឭក​អនុ​ស្សារី​យ៍​រយៈពេល​ ៣២ ​ឆ្នាំ​នៃ​មិត្តភាព​របស់​យើង​ទាំង​ ២ ​តាំង​ពី​ឆ្នាំ​១៩៩២ ​មក​។ អរគុណ​បង​​ប្រុស និង​ក្មួយ​ស្រី​ដែល​បានទទួល​ខ្ញុំ​នៅថ្ងៃនេះ​»​។

​លោក ហ៊ុន សែន បាន​ថ្លែង​ទៀតថា ដើម្បី​រឹតចំណង​មិត្ត​ភាព លោក​បាន​អញ្ជើញលោក​ស្រី អ៊ុង​អ៊ីង  មក​បំពេញ​ទស្សន​កិច្ច​នៅ​កម្ពុ​ជានា​ថ្ងៃទី​ ១៤ និង​ ១៥ ខែមិថុនា ឆ្នាំ​ ២០២៤ ខាងមុខ​ផងដែរ​។​


​លោក សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា ដំណើរ​សួរសុខទុក្ខ​របស់លោក​ហ៊ុន សែន ចំពោះ​លោក ថាក់​ស៊ីន គ្រានេះ​ជា​រឿង​បុគ្គល​សុទ្ធ​សាធ ដែល​នឹងមិន​ឡូកឡំ​ជា​មួយ​នឹង​បញ្ហានយោបាយ​ឡើយ ហើយ​លោក​ក៏​មិន​បានដឹង​ដែរ​ថា ភាគី​ទាំង ​២ អាច​នឹង​ជជែក​គ្នា​ពី​រឿង​អ្វីខ្លះ​។​

​លោក​បាន​ថ្លែងថា​៖ «​យើង​ដឹង​ហើយ​ថា សម្តេច​ហ៊ុន សែន លែង​កាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​ទៀតហើយ ឯកឧ​ត្ត​ម​ថាក់ស៊ីន ក៏​មិន​មានមុខ​តំណែង​អ្វី​នៅក្នុង​ជួរ​រដ្ឋាភិបាល​ថៃ​ដែរ​។ ដូច្នេះ​ភាគី​ទាំង​ ២ ដូច​ជា​មិន​ពិភាក្សា​ការងារ​អ្វី​អំពី​ទំនាក់ទំនង​ទ្វេភាគី​ទេ គ្រាន់តែ​ជា​រឿង​ឯកជន​របស់គាត់​ទាំង ២ ​នាក់​ប៉ុណ្ណោះ​»​។​

លោក ហ៊ុន សែន និងគ្រួសារលោក ថាក់ស៊ីន។ រូបថត SHS

​លោក គិ​ន ភា ប្រធាន​វិទ្យា​ស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា បាន​ថ្លែង​កាលពី​ម្សិលមិញ​ដែរ​ថា ទោះបី​ដំណើរ​របស់​អតីត​នាយក​រដ្ឋមន្ត្រី​កម្ពុជា​សួរសុខទុក្ខ​អតីត​នាយករដ្ឋមន្ត្រី​ថៃ​ជា​រឿង​បុគ្គល​ក្តី ប៉ុន្តែ​តិច ឬ​ច្រើន​ភាគី​ទាំង​ ២ អាច​ជជែក​ពី​បញ្ហានយោបាយ និង​ទំនាក់ទំនង​កម្ពុជា​-​ថៃ មិន​ខាន ខណៈ​ទាំង​លោក​ហ៊ុនសែន និង​លោក​ថាក់ស៊ីន សុទ្ធ​សឹង​ជា​ឥស្សរជន​នយោបាយ​មាន​ឥទ្ធិពល និង​ជា​អ្នកមាន​ឥទ្ធិពល​ដល់​បក្ស​កាន់អំណាច​ក្នុងប្រទេស​ទាំងសងខាង​។​

​លោក គិ​ន ភា បាន​បញ្ជាក់ថា​៖ «​ដំណើរ​នេះ ក៏​ជា​សារ​មួយ​ចង់បង្ហាញ​ផងដែរ​ថា ទំនាក់ទំនង​របស់គាត់​ [​លោក​ហ៊ុន សែន​] ជាមួយ​លោក​ថាក់​ស៊ីន នេះ​មិនមាន​ការផ្លាស់ប្តូរ​ឡើយ​ក្នុង​រយៈពេល​ជាង ​៣០ ​ឆ្នាំ​ប្លាយ​មកនេះ តាំងពី​ទស​​វត្សរ៍​ឆ្នាំ​ ១៩៩០ មកទល់​សព្វ​ថ្ងៃ ដែល​បុគ្គល​សម្តេច​តេ​ជោ​ជា​មនុស្ស​រក្សា​ទំនាក់ទំនង​មិត្តភាព​បានយូរ​អង្វែង​»​។​

​លោក គិ​ន ភា អះអាងថា ទំនាក់ទំនង​រវាង​បុគ្គល និង​បុគ្គល​ក៏មាន​សារៈសំខាន់​ផង​​ដែរ​សម្រាប់​ទំនាក់ទំនង​រដ្ឋ ជាក់​​ស្តែង​ទាំង​លោក ហ៊ុន សែន និង​លោក ថាក់ស៊ីន ដែល​នៅ​ពី​ក្រោយ​គណបក្សកាន់អំណាច​នៃ​ប្រទេស​ទាំង ​២ ពោលគឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​ភឿ​ថៃ ដែល​ទំនាក់​ទំនង​កម្ពុជា និង​ថៃ ក៏​អាចមាន​ការប្រែប្រួល​តាម​រយៈ​ទំនាក់​ទំនង​លោក​ហ៊ុន សែន និង​លោក​ថាក់ស៊ីន ផងដែរ​។​

​លោក ហ៊ុន សែន និង​លោក​ថាក់ស៊ីន ស៊ីណាវ៉ាត្រា បាន​រាប់អាន​គ្នា​ជា​បង​ប្អូនធម៌​ចាប់​​តាំងពី​ឆ្នាំ​ ១៩៩២ គឺ​នៅមុន​គ្រា​លោក​ថាក់ស៊ីន​ក្លាយជា​នាយករដ្ឋមន្ត្រី​ថៃ​។ បន្ទាប់ពី​លោក​ថាក់ស៊ីន​ត្រូវបាន​ក្រុម​យោធា​​ថៃ​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​លោក​ពី​តំណែង​នៅ​ឆ្នាំ ​២០០៦ លោក​នៅតែមាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​លោក​ហ៊ុន សែន ដែល​គ្រានោះ លោក​ហ៊ុន សែន តែង​​តាំង​លោក ថាក់ស៊ីន ជាទី​ប្រឹក្សា​ថែមទៀត​ផង ហើយ​រយៈពេល​រង្វង់​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ លោក​តែង​ធ្វើដំណើរ​មក​កម្ពុជា​ជួប​លោក​ហ៊ុន សែន ជា​ញឹកញាប់​។​

​សូមបញ្ជាក់​ផងដែរ​ថា នៅ​ថ្ងៃទី​ ១៨ ខែកុម្ភៈ ឆ្នាំ​ ២០២៤ អាជ្ញាធរ​ថៃ​បានសម្រេច​ដោះ​លែង​លោក​ថាក់ស៊ីន ស៊ីណាវ៉ាត្រា ពី​ការ​ឃុំឃាំង​ដោយ​ហេតុផល​សុខភាព និង​បំពេញ​កាតព្វកិច្ច​បានល្អ ខណៈ​លោក​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​។ លោក ថាក់ស៊ីន ត្រូវបាន​ព្រះមហាក្សត្រ​សម្រាលទោស​ពី​៨​ឆ្នាំ មក​ត្រឹម​ ១​ ឆ្នាំ នៅពេល​លោក​វិលត្រឡប់​ចូល​ប្រទេស​វិញ កាលពី​ថ្ងៃទី ​២២ ខែសីហា ឆ្នាំ​ ២០២៣ បន្ទាប់ពី​និរទេស​ខ្លួន​នៅក្រៅ​ប្រទេស​អស់​រយៈពេល ១៥​ ឆ្នាំ​៕