សៀមរាបៈ អង្គភាព ស្ថាប័នពាក់ព័ន្ធនៅក្នុងខេត្តសៀមរាប បានប្តេជ្ញាថា នឹងរួមគ្នាជំរុញការអនុវត្តចលនាភូមិ ១ ផលិតផល ១ ឱ្យបានជោគជ័យ ដើម្បីរួមចំណែកលើកកម្ពស់ជីវភាពរស់នៅ និងគុណភាពជីវិតរបស់ប្រជាជនតាមសហគមន៍។
ការប្តេជ្ញានេះបានធ្វើឡើងនៅក្នុងវេទិកាផ្គូផ្គងរវាងអ្នកផលិត និងអ្នកទិញ និងពិគ្រោះយោបល់នៅសាលប្រជុំសាលាខេត្តសៀមរាប កាលថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២៤។ វេទិកានេះ មានការចូលរួមពីរដ្ឋបាលខេត្តសៀមរាប គណៈកម្មាធិការជាតិជំរុញចលនាភូមិ ១ ផលិតផល ១ និងអង្គការពាក់ព័ន្ធ។ នេះបើតាមហ្វេសប៊ុករបស់រដ្ឋបាលខេត្តសៀមរាប។
បើតាមប្រភពពីរដ្ឋបាលខេត្ដ នាឱកាសនោះ លោក យុន លីនណេ អភិបាលរងខេត្តសៀមរាបបានលើកឡើងថា ការរៀបចំវេទិកាផ្គូផ្គងរវាងអ្នកផលិត និងអ្នកទិញនេះ ធ្វើឡើងក្រោមគម្រោងអភិវឌ្ឍន៍អាជីវកម្ម និងការទទួលបានទីផ្សារសម្រាប់អ្នកផលិតក្នុងស្រុក និងសហគ្រាសធុនមីក្រូ តូច និងមធ្យម (ភូមិ ១ ផលិតផល ១) និងគម្រោងសហគមន៍នេសាទបង្កើតការងារ ដែលជាសេដ្ឋកិច្ចវិលជុំនៅបឹងទន្លេសាបប៉ែកខាងលិច ខេត្តសៀមរាប។
លោកបានបន្តថា៖ «គោលបំណងនៃការរៀបចំវេទិកានេះ ដើម្បីជំរុញឱ្យមានការគាំទ្រការចូលរួមផ្សព្វផ្សាយ និងជំរុញការអនុវត្តចលនាភូមិ ១ ផលិតផល ១ ឱ្យបានជោគជ័យដើម្បីរួមចំណែកអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល»។
លោក យុន លីនណេ បានបន្តថា ដើម្បីសម្រេចផែនការសកម្មភាពនេះ រដ្ឋបាលខេត្ត ក៏ដូចជា គណៈកម្មាធិការជំរុញចលនាភូមិ ១ ផលិតផល ១ ថ្នាក់ខេត្ត ប្តេជ្ញាខិតខំសហការជាមួយរដ្ឋបាលក្រុង-ស្រុក និងមន្ទីរអង្គភាពពាក់ព័ន្ធដើម្បីចូលរួមផ្សព្វផ្សាយ ជំរុញ និងចងក្រងផលិតនៅតាមមូលដ្ឋានឱ្យចូលជាសមាជិកចលនា ភូមិ ១ ផលិតផល ១។
លើសពីនេះលោកថា៖ «ស្ថាប័នពាក់ព័ន្ធក៏នឹងខិតខំអភិវឌ្ឍធនធានមនុស្សទាក់ទងនឹងការជំរុញចលនាភូមិ ១ ផលិតផល ១ នៅថ្នាក់ខេត្តដើម្បីទទួលបានចំណេះដឹងបទពិសោធន៍ និងចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ កាត់បន្ថយចំណាកស្រុក លើកកម្ពស់ជីវភាពរស់នៅ និងគុណភាពជីវិតរបស់ប្រជាជនតាមសហគមន៍ផងដែរ»។
ក្នុងឱកាសនោះ លោក សួង ណយ អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិជំរុញចលនាភូមិ ១ ផលិតផល ១ ក៏បានលើកឡើងដែរថា កាលឆ្នាំ ២០២១ ចលនាភូមិ ១ ផលិតផល ១ នៅខេត្តចំនួន ១០ ចងក្រងបានចំនួន ១២០ ផលិតផល ហើយកាលឆ្នាំ ២០២២ កន្លងទៅ ទាំង ២៥ រាជធានី ខេត្ត ចងក្រងបានចំនួន៦០០ផលិតផល ក្នុងនោះខេត្តសៀមរាបមាន ៤២ ផលិតផល។
លោកបានបន្តថា ដើម្បីជំរុញការងារនះ គណៈកម្មាធិការជាតិជំរុញចលនាភូមិ ១ ផលិតផល ១ ក៏បានរៀបចំឡើងវិញនូវគោលនយោបាយជាតិស្តីពីកា-ជំរុញចលនាភូមិ ១ ផលិតផល ១ ឆ្នាំ ២០១៦-២០២៦ និងបានកសាងផែនការយុទ្ធសាស្ត្រជាតិជំរុញចលនាភូមិ ១ ផលិតផល ១ លើកទី១ ឆ្នាំ ២០១៩-២០២៣ សំដៅជំរុញកៀរគរសក្ដានុពលសេដ្ឋកិច្ចក្នុងស្រុកនៃផលិតផល និងសេវាកម្ម ដើម្បីលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ និងសហគមន៍មូលដ្ឋាន។
ទាក់ទិនរឿងនេះដែរ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានគាំទ្រចំពោះការប្តេជ្ញារបស់ភាគីពាក់ព័ន្ធ និងគាំទ្រឱ្យមានរៀបចំវេទិកាផ្គូផ្គងរវាង អ្នកផលិត អ្នកលក់ និងអ្នកទិញនេះឡើង ដើម្បីពង្រីកសក្តានុពល បើកច្រកទីផ្សារឱ្យផលិតផលខ្មែរកាន់តែធំ ខណៈការធ្វើបែបនេះក៏អាចជួយទាក់ទាញទេសចរទៅកាន់សហគមន៍ដែលបានផលិតផលិតផលផ្ទាល់ផងដែរ។
លោកបានថ្លែងថា៖ «ខ្ញុំជឿថានេះ អាចជាឱកាសភ្ជាប់ទំនាក់ទំនងជាមួយតួអង្គផ្សេងៗពីគ្រប់មជ្ឈដ្ឋាន និងជួយដោះស្រាយបញ្ហាប្រឈមទីផ្សារផលិតផលខ្មែរ និងអ្នកទិញក្នុងស្រុក ដើម្បីនាំចេញនៅនឹងកន្លែង ហើយនឹងឈានទៅដល់ការនាំចេញទៅក្រៅប្រទេស ដែលអាចរួមចំណែកយ៉ាងច្រើនដល់កំណើនសេដ្ឋកិច្ចគ្រួសារពលរដ្ឋអ្នកផលិតផ្ទាល់»។
ជាមួយនេះដែរ លោក ហុង វណ្ណៈ ក៏បានជំរុញឱ្យភាគីពាក់ព័ន្ធទាំងអស់បង្កើតវេទិកាបែបនេះឱ្យបានច្រើនបន្ថែមទៀត ខណៈលោកក៏ស្នើឱ្យភាគីពាក់ព័ន្ធខិតខំរិះរកទីផ្សារថ្មីៗបន្ថែមទៀតដើម្បីនាំចេញផលិតផលកម្ពុជាឱ្យកាន់តែទូលំទូលាយជាងនេះទៀត៕