​ភ្នំពេញៈ លោក​ ហេង សួរ រដ្ឋមន្ត្រីក្រសួង​​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ជំរុញ​ឱ្យ​សិស្ស​-​និស្សិត​ដែល​កំពុង​ត្រៀមខ្លួន​ចូល​ទីផ្សារការងារ​ក្នុង​យុគសម័យ​ឌីជីថល ត្រូវ​តែ​ស្គា​ល់ពី​តម្រូវការ​ទីផ្សារ​ច្បាស់លាស់ និង​ស្គា​ល់ពី​ក្តី​ស្រមៃ​របស់ខ្លួន​ក្នុងការ​ជ្រើសរើស​ការសិក្សា​មួយ​ដែល​ត្រឹមត្រូវ​ដើម្បី​នាំមក​នូវ​ជោគជ័យ​ផ្ទាល់ខ្លួន សង្គម​គ្រួសារ និង​សង្គមជាតិ​។​


លោក​បានលើកឡើង​ដូចនេះ កាលពី​ថ្ងៃទី​​ ២០ ខែកុម្ភៈ​ ក្នុង​វេទិកា​ការងារ និង​សិក្ខា​សា​លា​ចែករំលែក​ចំណេះដឹង និង​បទពិសោធន៍​ស្តីពី​ការត្រៀមខ្លួន​ចូល​ទីផ្សារការងារ​ក្នុង​យុគសម័យ​ឌីជីថល ដែល​ធ្វើឡើង​នៅ​សា​កល​វិទ្យាល័យ​ពាណិជ្ជ​សាស្ត្រ​អេស៊ីលីដា​។​

​វេទិកា​នេះ​ត្រូវ​បានរៀបចំ​រួមគ្នា​រវាង​ទី​ភ្នា​ក់​ងារ​ជាតិ​មុខរបរ និង​ការងារ ​(NEA) នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា វិស័យ​ការងារ និង​ធនាគារ​អេស៊ីលីដា និង​វិស័យ​ឯកជន​ចំនួន ​២០ ​ក្រុមហ៊ុន​ផ្សេងទៀត​។ នេះ​បើ​យោងតាម​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។​


​លោក ​ហេង សួរ បាន​បញ្ជាក់ថា​៖ «​សិក្ខា​សាលា​នេះ​នឹង​ផ្តល់​ធាតុ​ចូល​សម្រាប់​សិក្ខា​កាម​ក្នុងការ​ត្រិះរិះ​ពិចារណា​លើ​ការជ្រើសរើស​វិថី​ជីវិត​នាពេល​អនាគត​ដើម្បី​សម្រេច​ក្តី​ស្រមៃ​ដោយ​ឈរលើ​មូលដ្ឋាន​បទ​ពិសោធន៍​របស់​អ្នកជំនាញ និង​តម្រូវការ​ទីផ្សារ​ជាក់ស្តែង​ពី​វិស័យ​ឯកជន​»​។​

​លោក​បាន​បន្តថា​៖ «​ការធ្វើ​យ៉ាងដូច​នេះ នឹង​ជំរុញ​ឱ្យកម្លាំង​ពលកម្ម​វ័យក្មេង​កម្ពុជា សម្រេច​ក្តី​ស្រមៃ​របស់ខ្លួន​ហើយក៏​ស្របទៅនឹង​ផែនការ​យុទ្ធសាស្ត្រ​រយៈពេល ​៥ ​ឆ្នាំ​របស់​ក្រសួង​ការងារ​លើ​វិស័យ​ការងារ សន្តិសុខ​​សង្គម និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដោយ​អនុវត្តតាម​យុទ្ធសាស្ត្រ​បញ្ច​កោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​អាណត្តិ​ទី៧​ នេះ ដែលមាន​ទិសដៅ​ផ្តល់ព័ត៌មាន​គ្រប់គ្រាន់ ទូលំទូលាយ និង​ច្រើន​ជម្រើស​សម្រាប់​ប្រជា​ពលរដ្ឋ និង​យុវជន​»​។​


​កញ្ញា ឆេង ធា​រី មន្ត្រី​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ ​(NEA)​ បានឱ្យដឹង​នៅ​ថ្ងៃទី​ ២១ ខែកុម្ភៈ​ថា វេទិកា​ការងារ និង​សិក្ខា​សាលា​ចែករំលែក​ចំណេះដឹង និង​បទ​ពិសោធន៍​ស្តីពី​ការត្រៀមខ្លួន​ចូល​ទីផ្សារការងារ​ក្នុង​យុគសម័យ​ឌីជីថល​នេះ មានការ​ចាប់​អារម្មណ៍ និង​ចូលរួម​ច្រើន​ពី​សិស្ស និស្សិត​កម្ពុជា​។ ពួកគេ​បាន​យល់ដឹង​ច្រើន​ពី​ទីផ្សារការងារ ក្នុងសម័យ​ឌីជីថល​នេះ​។​

​កញ្ញា​បាន​បញ្ជាក់ថា​៖ «​ដោយ​មើល​ពី​សារៈសំខាន់​នៃ​វេទិកា​ការងារ និង​សិក្ខាសាលា​ចែករំលែក​ចំណេះដឹង និង​បទពិសោធន៍​ស្តីពី​ការត្រៀមខ្លួន​ចូល​ទីផ្សារការងារ​ក្នុង​យុគសម័យ​ឌីជីថល​នេះ NEA​ នឹង​បន្ត​រៀបចំ​នៅតាម​បណ្តា​សាកលវិទ្យាល័យ​នានា នៅក្នុង​ខែមីនា​ខាងមុខ​ថែមទៀត​ដើម្បី​ចែក​រំលែក​ចំណេះដឹង និង​បទពិសោធន៍​ផ្សេងៗ ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​សិស្ស និស្សិត​របស់​យើង​បាន​ត្រៀមខ្លួន​ចាប់យក​ឱកាស​ទីផ្សារ​ការ​ងារ​ក្នុងសម័យ​ឌីជីថល​នេះ​»​។  

​កញ្ញា ឆេង ធា​រី បាន​បន្ថែមថា​៖ «​យើង​នឹង​បន្ត​រៀបចំ​ជា​បន្តបន្ទាប់ និង​ជា​រៀងរហូត​នូវ​វេទិកា​នេះ ព្រោះ​វា​បានរួម​ចំណែក​ដល់​សិស្ស និស្សិត​របស់​យើង​ឱ្យ​ប្រឡូក​នៅក្នុង​ទីផ្សារការងារ​ក្នុង​យុគសម័យ​បច្ចេកវិទ្យា និង​ឌីជីថល​ទំនើប​នាពេល​បច្ចុប្បន្ន និង​ទៅ​អនាគត​»​។​

​ដោយឡែក កាលពី​ថ្ងៃទី ​២០ ខែកុម្ភៈ លោក ងុ​យ រិ​ទ្ធ រដ្ឋលេខាធិការ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ណែនាំ​ដល់​សិក្ខាកាម​ដែល​ត្រូវ​ចេញទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​លើ​វិស័យ​សំណង់​ថា ក្រៅពី​ដើម្បី​ប្រាក់ចំណូល គឺ​សូម​មាន​គោលដៅ​ដើម្បី​អភិវឌ្ឍន៍​ជំនាញ​របស់ខ្លួន​ផងដែរ​។​

​លោក​បាន​ថ្លែង​ដូចនេះ​ក្នុង​ពិធី​បើក​វគ្គ​​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ មុន​ចេញដំណើរ​សម្រាប់​ពលក​រ​ទេសន្តរប្រវេសន៍​កម្ពុជា ក្នុង​វិស័យ​សំណង់​ដែលមាន​កិច្ច​សហការ រវាង IOM, TPQI, JILAF, ECOT, ACRA និង KCEMENT៕