​កំ​ពតៈ ​ក្រសួង​សុខា​ភិបាល​ បាន​ក្រើន​រំឭក​សា​ជាថ្មី​ដល់​ប្រជា​ពលរដ្ឋ​ទាំង​អស់ឱ្យប្រុង​ប្រយ័ត្ន​លើ​ជំងឺ​ផ្តា​សាយ​បក្សី​ប្រភេទ​ (H5N1)​ ជានិច្ច​ ខណៈ​ក្រសួងទើបតែ​បន្ត​រក​ឃើញ​ករណី​ជំងឺ​នេះ​បាន​ឆ្លង​ទៅ​កាន់​ក្មេង​ស្រី​ម្នាក់ទៀត​ នៅ​ក្នុង​ស្រុក​ឈូក ខេ​ត្តកំព​ត​។​


​ការ​ក្រើន​រំឭក​ជាថ្មី​នេះ​ ដោយ​សា​រតែ​ក្រសួង​សុខាភិ​បាល​ បាន​រក​ឃើញ​ក្មេង​ស្រី​អាយុ ​១៧​ ឆ្នាំ​ ម្នា​ក់ នៅ​ស្រុក​ឈូកខេត្ត​កំពត​ បាន​វិជ្ជ​មាន​វីរុស​ផ្តាសា​យ​បក្សីប្រ​ភេទ ​H5N1 ដោយ​ការ​បញ្ជាក់​លទ្ធ​ផល​ពី​វិទ្យា​ស្ថាន​ជាតិ​សុខ​ភាព​សា​ធារណៈ​។ ក្មេង​ស្រី​ដែល​វិជ្ជ​មាន​វីរុស​ផ្តាសា​យ​បក្សី​នេះមាន​អាការ​គ្រុន​ក្តៅ​ក្អក​ហត់ ​និង​ពិបាក​ដក​ដង្ហើម ហើយ​បច្ចុប្បន្ន​ស្ថានភា​ព​អ្នក​ជំងឺ​បាន​ធូរ​ស្រាល និង​កំពុង​ទទួ​លបាន​ការថែ​ទាំ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ពី​សំណាក់​ក្រុម​គ្រូពេទ្យ​។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ក្រសួង​សុខាភិ​បាល​កាល​ពី​ថ្ងៃទី​ ​២១​ ខែកុម្ភៈ ឆ្នាំ​ ២០២៤​។​

​ប្រភព​ខាង​លើ​បាន​ឱ្យដឹង​ទៀត​ថា ទន្ទឹម​នេះ​ក្រុម​ឆ្លើយ​តប​បន្ទាន់​របស់​ក្រសួង​សុខាភិ​បាល​ថ្នាក់​ជាតិ ​និង​ថ្នាក់​ក្រោម​ជាតិបាន​ និង​កំពុង​សហ​ការ​ជា​មួយ​ក្រុម​ការងារ​នៃ​ក្រសួង​កសិ​កម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​និង​ក្រសួង​បរិ​ស្ថានអាជ្ញា​ធរ​មូល​ដ្ឋាន​គ្រប់​លំដាប់​ថ្នាក់​ធ្វើការ​អង្កេត​ស្រាវ​ជ្រាវ​យ៉ាង​សកម្ម​លើ​ករណី​កើត​ជំងឺ​ផ្តា​សាយ​បក្សីនិង​ធ្វើការ​ឆ្លើយ​តប​ទៅ​តាម​វិធី​សាស្ត្រនិង​ពិធី​សារ​បច្ចេក​ទេស​បន្ត​ការស្វែ​ងរក​ប្រភព​ចម្លង​ទាំង​លើសត្វ​និង​មនុស្ស និង​បន្ត​ស្វែង​រក​ករណី​សង្ស័យ​និង​អ្នក​ប៉ះពា​ល់​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​បន្ត​ទៅ​អ្នក​ដទៃ​ទៀត​ ក្នុង​សហ​គមន៍ព្រម​ទាំង​ចែក​ជូន​ឱសថ​តា​មី​ភ្លូ ​(Tamiflu) ដល់​អ្នក​ប៉ះ​ពាល់​ជិត​ស្និទ្ធនិង​ធ្វើ​យុទ្ធ​នា​ការ​អប់រំ​សុខ​ភាព​ប្រជា​ពលរ​ដ្ឋ នៅ​ក្នុង​ភូមិ​ដែល​កើត​ហេតុ​ខាង​លើ​។​


​ជា​មួយ​គ្នា​នេះក្រ​សួង​សុ​ខាភិបា​ល​ក្រើន​រំឭក​ជាថ្មី​ម្តង​ទៀត​ដល់​បងប្អូន​ប្រជា​ពលរដ្ឋ​ទាំង​អស់​ឱ្យ​យក​ចិត្តទុក​ដាក់​ប្រុង​ប្រយ័ត្ន​លើ​ជំងឺ​ផ្តា​សាយ​បក្សី​ជានិច្ច​ពីព្រោះ​ជំងឺ​ផ្តា​សាយ​បក្សី​ H5N1 នៅតែ​បន្ត​គំរាម​កំហែង​ដល់​សុខ​ភាព​ប្រជា​ពល​រដ្ឋ​។​

​បន្ថែម​ពីនេះ​ក្រសួង​ក៏​ណែនាំ​ដល់​ប្រជា​ពល​រដ្ឋថា ​ប្រសិន​បើ​មាន​អាការ​ក្តៅ​ខ្លួន​ក្អកហៀរ​សំបោរ ​ឬ​ពិបាក​ដក​ដង្ហើម និង​មាន​ប្រវត្តិ​ធ្លាប់​បាន​ប៉ះ​ពាល់​ជាមួយ​មាន់​-ទា​ឈឺ ​ឬ​ស្លាប់​ក្នុង​អំឡុង​ ១៤​ ថ្ងៃ​ មុន​ថ្ងៃ​ចាប់​ផ្ដើម​មាន​រោគ​សញ្ញា​សូម​កុំទៅ​ជួប​ជុំ ឬ​ទីប្រជុំ​ជន​ដែល​មាន​មនុស្ស​ច្រើន​ និង​ត្រូវ​ស្វែង​រក​ការ​ពិគ្រោះ​យោ​បល់និង​ការ​ពិនិត្យ​ព្យា​បាល​នៅ​តាម​មូល​ដ្ឋាន​សុខាភិ​បាល​ដែល​នៅ​ជិត​ខ្លួន​បំផុត​ឱ្យ​បាន​ឆាប់​ទាន់​ពេល​វេលា​។

​ពាក់​ព័ន្ធ​ករណី​នេះ​លោក​ចាន់ រិ​ទ្ធិ ប្រធាន​មន្ទីរ​កសិ​កម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​កំពត​បាន​​ឱ្យដឹង​នៅ​ថ្ងៃទី​២២​ ខែកុម្ភៈ​ថា ​តាមរ​យៈ​កិច្ចស​ហការ​ជាមួ​យ​មន្ត្រី​ផ្នែក​សុខភា​ព​សត្វ​អាជ្ញា​ធរ​ភូមិ​-​ឃុំនិង​ភ្នាក់​ងារ​សុខ​ភាព​សត្វ​ភូមិ​បាន​ចុះ​ទៅ​មូល​ដ្ឋាន​ប្រជា​ពលរដ្ឋ​ដែល​រស់​នៅ​ជុំវិញ​ផ្ទះ​ក្មេង​ស្រី ​ដែល​ឆ្លង​ជំងឺ​ផ្ដាសាយ​បក្សី​នេះ​។ ក្នុង​នោះ​បាន​ឃើញ​ថា កាល​ពី​ជាង ១ ខែ​មុន​ទាំង​ផ្ទះ​អ្នក​ឆ្លង​ជំងឺ​ក៏ដូ​ចជា​ផ្ទះ​ប្រជា​ពលរដ្ឋ​ផ្សេង​ទៀត​សរុប​ចំនួន ​៦​ គ្រួសារ ក៏មាន​ករណី​បក្សី​ឈឺ​ងាប់​ជា​បន្ត​បន្ទាប់​ចំនួន​ ៩៥​ ក្បាល​ ក្នុង​ចំណោម​សត្វ​បក្សី​ ក្នុង​ភូមិ​សរុប​ចំនួន​ ៤ ២២១ ​ក្បាល​។​


លោក​បន្ត​ទៀត​ថា ប៉ុន្តែ​មួយរ​យៈ​ចុង​ក្រោយ​នេះ​ផ្ទះ​របស់​ប្រជា​ពលរដ្ឋ​ទាំង​នោះ​ពុំមាន​សត្វ​បក្សី​ឈឺ​ងាប់​បន្ត​ទៀត​ទេ​ដូច្នេះ​ទោះបី​មិន​មាន​សត្វ​បក្សី​បន្ត​ឈឺ​ងាប់​ទៀត​មែន​តែ​បានធ្វើ​ឱ្យ​ប្រជា​ពលរដ្ឋ​មាន​ឆ្លង​ជំងឺ​នេះ​។​

​លោក​ចាន់ រិ​ទ្ធិ បញ្ជាក់​ថា​៖ «​ដើម្បី​ចៀស​វាង​ការ​ឆ្លង​រាល​ដាល​បន្ត​ទៀត​ទៅកាន់​ប្រជាព​លរដ្ឋ​ក៏ដូ​ចជា​សត្វ​បក្សី​ផ្សេង​ទៀតគឺ​ក្រុម​ការ​ងារ​ពាក់​ព័ន្ធ​បាន​ចាត់វិ​ធាន​ការ​បសុពេទ្យ​សម្លាប់​សត្វ​បក្សី​នៅក្នុង​តំបន់​ដែល​ផ្ទុះ​ជំងឺ​ដោយ​ធ្វើការ​សម្លាប់​សត្វ​បក្សី​សរុប​បាន​ចំនួន​ ១១៧​ ក្បាល​ក្នុង​នោះ​ទា​ចំនួន ​២២​ ក្បាល​»​។

​លោក​បន្ថែមថា ​ក្រៅពីនេះក្រុម​ការងារ​ក៏បាន​​ណែនាំ​ដល់​ប្រជា​ពលរដ្ឋ​ក្នុងភូ​មិ​មិនឱ្យ​ទិញ​លក់​សត្វ​បក្សី​ ហាម​ធ្វើ​ចរា​ចរណ៍​សត្វ​បក្សី​ចេញ​ ចូល​និង​ឆ្លង​កាត់​តំបន់​ផ្ទុះ​ជំងឺឆ្ល​ងហើយក៏​បាន​ចុះ​សម្រប​សម្រួល​ជាមួយ​ប្រជា​ពល​រដ្ឋ​នៅ​ក្នុង​តំបន់​ដែល​មាន​ហានិ​ភ័យ​ដោយ​បន្តធ្វើ​ជីវ​សុវត្ថិ​ភាព​បាញ់ថ្នាំ​​រម្ងាប់​មេរោគ​នៅ​កន្លែង​ចិញ្ចឹម​បក្សី​។

​សូម​រំ​ឭក​ផងដែ​រ​ថា កាលពី​​ពេល​ថ្មី​នេះៗក្រ​សួ​ងសុខា​ភិបាលបា​នប្រកា​សថា​មាន​ករណី​កុមារា​អាយុ៩​ឆ្នាំ​ម្នាក់​នៅ​ខេត្ត​ក្រចេះ​បាន​បាត់​បង់​ជីវិត​ដោយ​សារ​មាន​វីរុស​ផ្ដាសា​យ​បក្សីប្រភេទ​H5N1ដែលកើតឡើង​ពី​ការ​បរិភោគ​សាច់សត្វ​បក្សី​ដែល​មានជំងឺ​​៕