​គណៈកម្មាធិការ​ទទួល​បន្ទុក​បាត់​ខ្លួន​ដោយ​បង្ខំ​នៃ​អង្គការសហប្រជាជាតិ បាន​កោតសរសើរ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​កម្ពុជា​ក្នុង​ការដាក់​របាយការណ៍​ជាតិ​លើកដំបូង​ពាក់ព័ន្ធ​ការអនុវត្ត​អនុសញ្ញា​អន្តរជាតិ​ស្តីពី “​ការការពារ​ជន​គ្រប់រូប​ពី​ការបាត់​ខ្លួន​ដោយ​បង្ខំ​ ”​ដោយ​ស្ថាប័ន​នេះ​បាន​ត្រៀមលក្ខណៈ​រួចរាល់​ក្នុងការ​ផ្ដល់​កិច្ចសហប្រតិបត្តិការ​ជា​ជំនួយ​បច្ចេកទេស​ជូន​ចំពោះ​កម្ពុជា​។​


​ការវាយតម្លៃ​នេះ ធ្វើឡើង​ស្របពេល​ដែល​លោក កែវ សុទ្ធិ អនុប្រធាន​គណៈកម្មាធិកា​រ​សិទ្ធិមនុស្ស​កម្ពុជា ​(​គ​.​ស​.​ម​.​ក​) បាន​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា ដែល​រួមមាន​មន្ត្រីជាន់ខ្ពស់​ពី​ក្រសួងយុត្តិធម៌ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ ក្រសួងមហាផ្ទៃ អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​ពិនិត្យ​របាយការណ៍​ជាតិ​លើកដំបូង​របស់​កម្ពុជា ពាក់ព័ន្ធ​នឹង​ការអនុវត្ត​អនុសញ្ញា​អន្តរជាតិ​ស្តីពី​ការការពារ​ជន​គ្រប់រូប​ពី​ការបាត់​ខ្លួន​ដោយ​បង្ខំ នា​សម័យប្រជុំ​លើក​ទី​២៦ របស់​គណៈកម្មាធិការ​ទទួលបន្ទុក​បាត់​ខ្លួន​ដោយ​បង្ខំ អង្គការសហប្រជាជាតិ ថ្ងៃទី​ ១៩-២០ ខែកុម្ភៈ ឆ្នាំ​ ២០២៤ នៅ​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វ៊ី​ស​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ គ​.​ស​.​ម​.​ក ស្តីពី​លទ្ធផល​នៃ​កិច្ចប្រជុំ​ខាងលើ ចុះ​ថ្ងៃទី ​២១ ខែកុម្ភៈ​។​

​គួរ​ជម្រាប​ថា កិច្ចប្រជុំ​ពិនិត្យ​របាយការណ៍​ជាតិ ជា​យន្តការ​ប្រក្រតី​មួយ​របស់​គណៈកម្មាធិកា​រ​ទទួលបន្ទុក​បាត់​ខ្លួន​ដោយ​បង្ខំ ដែល​ធ្វើឡើង​ដើម្បី​តាមដាន​ការអនុវត្ត​បទ​ប្បញ្ញត្តិ​ទាំងឡាយ​ដែលមាន​ចែង​នៅក្នុង​អនុសញ្ញា​ដោយ រដ្ឋ​ភាគី​។


​គ​.​ស​.​ម​.​ក បាន​គូសបញ្ជាក់ថា ការពិនិត្យ​របាយការណ៍​នេះ មិនមែនជា​វេទិកា​បន្តុះបង្អាប់ រិះគន់ ឬ​វាយប្រហារ​គ្នា​អំពី​បញ្ហា​សិទ្ធិមនុស្ស ទេ ប៉ុន្តែ​ជា​កិច្ចសន្ទនា​បែប​ស្ថាបនា រវាង​គណៈប្រតិភូ​នៃ​រដ្ឋ​ភាគី និង​សមាជិក​-​សមាជិកា​នៃ​គណៈកម្មាធិការ ក្នុង​គោលដៅ​ចែករំលែក ឬ​ផ្លាស់ប្ដូរ​គ្នា​ទៅវិញទៅមក​នូវ​ឧ​ត្ត​មា​នុ​វត្ត​ន៍ បទពិសោធន៍ ចំណុច​ខ្វះខាត កង្វល់ ឬ​បញ្ហា​ប្រឈម​ផ្សេងៗ ដោយ​រួមទាំង​ទិសដៅ​ការងារ និង​លទ្ធភាព ការធ្វើ​កិច្ចសហប្រតិបត្តិការ​ទៅ​ថ្ងៃ​អនាគត ដើម្បី​ធានា​ការអនុវត្ត​និង​ការគោរព​តាម​បទ​ប្បញ្ញត្តិ​នៃ​អនុសញ្ញា​នៅក្នុង​រដ្ឋ​ភាគី​។​

​គ​.​ស​.​ម​.​ក បានឱ្យដឹង​ទៀតថា​៖ «​នៅក្នុង​កិច្ចសន្ទនា​រយៈពេល ២ ​ថ្ងៃនេះ សមាជិក​-​សមាជិកា​នៃ​គណៈកម្មាធិការ​ទទួលបន្ទុក​បាត់​ខ្លួន​ដោយ​បង្ខំ បាន​សម្តែង​ការកោតសរសើរ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​កម្ពុជា​ក្នុង​ការដាក់​របាយការណ៍​ជាតិ​លើកដំបូង ដោយបាន​ពន្យល់​ពី​មូលដ្ឋាន​ច្បាប់​ជាតិ បទ​ប្បញ្ញត្តិ និង​លិខិតបទដ្ឋាន​គតិយុត្ត​នានា ដែល​ធានា​ការអនុវត្ត​ស្របតាម​បទ​ប្បញ្ញត្តិ​ចែង​ក្នុង​អនុសញ្ញា​នេះ​»​។


​លោក អំ សំអាត នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​លីកាដូ នៅ​ថ្ងៃទី​ ២២ ខែកុម្ភៈ​នេះ​បាន​ថ្លែងថា ជាធម្មតា​នៅពេល​មាន​ជំនួប​ពិភាក្សា​ជា​លើកដំបូង ភាគី​គណៈកម្មាធិការ​ទទួលបន្ទុក​បាត់​ខ្លួន​ដោយ​បង្ខំ​គេ​ចង់​ស្វែងយល់​ពី​កម្ពុជា​ទាក់ទង​ការអនុវត្ត​អនុសញ្ញា​នេះ និង​ក្របខ័ណ្ឌ​គតិយុត្ត​ដែល​ពាក់ព័ន្ធ​។​

​លោក​ថ្លែងថា​៖ «​យើង​ដឹង​ហើយ​ថា​នៅ​កម្ពុជា កាលពី​ប៉ុន្មាន​ឆ្នាំមុន​ធ្លាប់មាន​បញ្ហា​ចម្រូងចម្រាស​មួយ​ទាក់ទង​ការបាត់​ខ្លួន​របស់​សកម្មជន​សិទ្ធិមនុស្ស​ថៃ​លោក វ៉ាន់​ឆា​ឡឺម រហូតដល់​ក្រុមគ្រួសារ​ដាក់ពាក្យ​បណ្តឹង​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​»​។​

​លោក​បន្តថា​៖ «អ៊ីចឹង វា​ជា​ការល្អ​នៅពេលដែល​កម្ពុជា​យើង​មានការ​ជួបប្រជុំ​ជា​លើកដំបូង​ជាមួយ​គណៈកម្មាធិការ​ទទួល​បន្ទុក​បាត់​ខ្លួន​ដោយ​បង្ខំ ហើយ​ការសាកសួរ​ពាក់ព័ន្ធ​បញ្ហា​គតិយុត្ត​ទាំងអស់នេះ ព្រោះ​មាន​ការពាក់ព័ន្ធគ្នា​ជាមួយនឹង​ការលើកកម្ពស់​វិស័យ​សិទ្ធិមនុស្ស ជាពិសេស​ទាក់ទង​អនុសញ្ញា​ការការពារ​ជន​គ្រប់រូប​ពី​ការបាត់​ខ្លួន​ដោយ​ការបង្ខំ​។ បើសិនជា​ក្របខ័ណ្ឌ​នៃ​ច្បាប់​ទាំងអស់នេះ ធានា​ការពារ​បាន​ទៅលើ​ជន​គ្រប់រូប វា​ជា​ភាពល្អប្រសើរ​ទាក់ទង​ការលើកតម្កើង​បញ្ហា​សិទ្ធិមនុស្ស​»​។

​គួរ​ជម្រាប​ថា នា​កិច្ចប្រជុំ​ខាងលើ គណៈកម្មាធិការ​ទទួល​បន្ទុក​បាត់​ខ្លួន​ដោយ​បង្ខំ​ក៏បាន​លើក​ជា​សំណួរ​ដើម្បី​ទទួលបាន​ព័ត៌មាន ការបំភ្លឺ ការបកស្រាយ និង​សេចក្តីពន្យល់​បន្ថែម ពាក់ព័ន្ធ​នឹង វិស័យ​មួយចំនួន ដូចជា ក្របខ័ណ្ឌ​ច្បាប់​ជាតិ ការបង្កើត​ស្ថាប័ន​សិទ្ធិ​មនុស្សជាតិ ការប្រឆាំង​អំពើពុករលួយ​ច្បាប់​គ្រប់គ្រង​ប្រទេស​ក្នុង​គ្រាអាសន្ន ពលករ​ទេសន្តរប្រវេសន៍ ការប្រឆាំង​ការជួញដូរ​មនុស្ស ឯករាជភាព តុលាការ ប្រព័ន្ធយុត្តិធម៌​អនីតិជន ជាដើម​។

​ជាការ​ឆ្លើយតប គណៈប្រតិភូ​កម្ពុជា​បានរួម​សហការគ្នា​បាន​យ៉ាង​ល្អ ដោយ​ភាពម្ចាស់ការ និង​ការទទួលខុសត្រូវ​ខ្ពស់ ក្នុងនាម​ជា​តំណាង​រដ្ឋ​អធិបតេយ្យ ធ្វើការ​ឆ្លើយតប បកស្រាយ និង​បំភ្លឺ​លើ​បញ្ហា ដែល​បានលើកឡើង​ទាំងអស់នោះ ដោយ​ផ្អែកលើ​ទិដ្ឋភាព​ច្បាប់​ជាតិ​និង​អន្តរជាតិ ការអនុវត្ត​ជា​អន្តរជាតិ ទិដ្ឋភាព​នយោបាយ​និង​បច្ចេកទេស​ពាក់ព័ន្ធ​នឹង​បញ្ហា​សិទ្ធិមនុស្ស​និង​ការអនុវត្ត​ច្បាប់​។​

​សេចក្តីប្រកាស​បន្ថែមថា​៖ «​គ​.​ស​.​ម​.​ក  ព្រមទាំង​បានបង្ហាញ ពី​វឌ្ឍនភាព​និង​កិច្ចខិតខំ​ប្រឹងប្រែង​នានា​របស់​រាជរដ្ឋាភិបាល​ក្នុងការ​លើកស្ទួយ​និង​ការពារ​សិទ្ធិមនុស្ស និង​ការកសាង​ថែរក្សា​បាន​នូវ​សន្តិភាព​ដែលជា​មូលដ្ឋានគ្រឹះ​នៃ​សិទ្ធិមនុស្ស​និង​ការអភិវឌ្ឍ​»​។​

​គណៈកម្មាធិការ​នេះ​ក៏បាន​កោតសរសើរ​ដល់​ប្រទេស​កម្ពុជា​ក្នុង​កិច្ចខិតខំ និង​ទទួលស្គាល់​ឆន្ទៈ​និង​ការប្ដេជ្ញាចិត្ត​របស់​កម្ពុ​ជា​ក្នុងការ​អនុវត្ត​អនុសញ្ញា ព្រមទាំង​ការពន្យល់ និង​ការ​ឆ្លើយតបបាន​យ៉ាង​ល្អ ដែល​ធ្វើឱ្យ​កិច្ចសន្ទនា​បែប​ស្ថាបនា​លើ​របាយការណ៍​ជាតិ​លើកដំបូង​របស់​កម្ពុជា​កាន់​តែមាន​អត្ថន័យ​។

បន្ថែម​ពីលើ​នេះ គណៈកម្មាធិការ​ទទួល​បន្ទុក​បាត់​ខ្លួន​ដោយ​បង្ខំ បាន​ត្រៀមលក្ខណៈ​រួចរាល់​ក្នុងការ​ផ្ដល់​កិច្ចសហប្រតិបត្តិការ​ជា​ជំនួយ​បច្ចេកទេស​ជូន​ចំពោះ​កម្ពុជា ដើម្បី​សម្រួល​ដល់​ការអនុវត្ត​អនុសញ្ញា​អន្តរជាតិ​នេះ​ឱ្យ​កាន់​តែមាន​ភាពល្អប្រសើរ​ឡើង​ថែមទៀត​៕