ព្រះវិហារៈអាជ្ញាធរជាតិព្រះវិហារ បានផ្ដល់វគ្គបណ្ដុះបណ្ដាលទៅដល់ភ្នាក់ងារទេសចរណ៍ជាង ៣០ នាក់មកពីរមណីយដ្ឋានប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ ឱ្យចេះជំនាញសង្គ្រោះបឋម ដើម្បីជួយសង្គ្រោះភ្ញៀវទេសចរនៅពេលជួបគ្រោះថ្នាក់ផ្សេងៗ ក្នុងអំឡុងពេលទស្សនានៅតំបន់រមណីយដ្ឋានទាំងនោះ។
វគ្គបណ្ដុះបណ្ដាលនេះមានការចូលរួមពីភ្នាក់ងារទេសចរណ៍សរុបចំនួន៣៧នាក់ ក្នុងនោះមានស្រីចំនួន ២២ នាក់ រយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤។
លោក គង់ ពុទ្ធិកា អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ បានឱ្យដឹងនៅថ្ងៃទី២២ ខែកុម្ភៈថា វគ្គបណ្តុះបណ្តាលនេះ គឺរៀបចំឡើងក្នុងគោលបំណងផ្តល់ចំណេះដឹងបន្ថែមដល់ភ្នាក់ងារទេសចរណ៍ឱ្យទទួលបាននូវចំណេះ ជំនាញ អំពីការជួយសង្គ្រោះបឋមជូនភ្ញៀវទេសចរ ដែលជួបគ្រោះថ្នាក់ផ្សេងៗ ក្នុងអំឡុងពេលទស្សនាក្នុងរមណីយដ្ឋានប្រាសាទព្រះវិហារ និងរមណីយដ្ឋានប្រាសាទកោះកេរ។
លោកបន្តទៀតថា ការពង្រឹងតួនាទីភារកិច្ចរបស់ភ្នាក់ងារទេសចរណ៍ទាំងនេះ នឹងរួមចំណែកធ្វើឱ្យការបម្រើសេវាកម្មជូនភ្ញៀវទេសចរកាន់តែមានប្រសិទ្ធភាព និងល្អប្រសើរឡើង។
លោកបានថ្លែងថា៖ «ដូច្នេះទាំងនេះ វាជាការយកចិត្តទុកដាក់មួយរបស់យើង ចំពោះការរក្សាសុខសុវត្ថិភាពជូនភ្ញៀងទេសចរ ពីព្រោះបើមិនមានការសង្គ្រោះបឋមពីយើងទេ រង់ចាំដល់មន្ទីរពេទ្យវាអាចមានគ្រោះថ្នាក់។ អ៊ីចឹងពួកគាត់ត្រូវចេះសង្គ្រោះបឋម ដើម្បីអាចជួយភ្ញៀវបាននៅពេលមានករណីខ្យល់គរឬវិលមុខជាដើម»។
បន្ថែមពីនេះ លោកថា ការបណ្ដុះបណ្ដាលភ្នាក់ងារទេសចរណ៍ឱ្យចេះជំនាញសង្គ្រោះបឋមនេះដែរ ក៏ដោយសារភ្នាក់ងារទាំងនោះគឺជាអ្នកបម្រើសេវាកម្មជួរមុខនៅក្នុងរមណីយដ្ឋានប្រាសាទព្រះវិហារ ក៏ដូចជា រមណីយដ្ឋានប្រាសាទកោះកេរ ខណៈដែលភ្នាក់ងារទាំងនោះមានតួនាទីសំខាន់ណាស់ ទាំងមើលការខុសត្រូវប្រាសាទផង ព្រមទាំងមើលការខុសត្រូវសុវត្ថិភាពជូនភ្ញៀវទេសចរផងដែរ។
ជុំវិញការបណ្ដុះបណ្ដាលភ្នាក់ងារទេសចរណ៍នេះ លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា(CATA) ក៏បានឱ្យដឹងដែរថា ការផ្ដល់ចំណេះដឹង និងជំនាញសង្គ្រោះបឋមទៅដល់ភ្នាក់ងារទេសចរណ៍ គឺជារឿងល្អណាស់ ពីព្រោះរមណីយដ្ឋានប្រាសាទព្រះវិហារ ស្ថិតនៅតំបន់ដាច់ស្រយាល ហើយថែមទាំងស្ថិតនៅលើកំពូលភ្នំដែលខ្ពស់។
លោកស្រីបានបញ្ជាក់ថា៖ «ប្រសិនបើអ្នកនាំភ្ញៀវទេសចរអត់មានចំណេះដឹងសង្គ្រោះបឋមហ្នឹងទេ វាអាចឱ្យភ្ញៀវដែលមានគ្រោះថ្នាក់តិចតួចក្ដី ទៅជាមានបញ្ហាធ្ងន់ធ្ងរផងដែរ។ ដូច្នេះហើយប្រសិនបើគាត់យល់ដឹងពីការសង្គ្រោះបឋមហ្នឹង គឺគាត់អាចជួយសង្គ្រោះភ្ញៀវទេសចរបានច្រើន»។
លោកស្រីសង្ឃឹមថា នៅតាមតំបន់រមណីយដ្ឋានផ្សេងៗទៀតក៏ដូចជា តំបន់អង្គរគួរតែមានការរៀបចំបណ្ដុះបណ្ដាលភ្នាក់ងារទេសចរណ៍ឱ្យចេះជំនាញសង្គ្រោះបឋមនេះ។
លោកស្រី បានបន្ថែមថា៖«ប្រសិនបើអាចនៅក្នុងខេត្តនានា ក៏គួរតែមានការបណ្ដុះបណ្ដាលបែបនេះទៅដល់ភ្នាក់ងារទេសចរណ៍គ្រប់ៗគ្នា ពីព្រោះក្នុងតំបន់រមណីយដ្ឋានរបស់កម្ពុជាភាគច្រើន សុទ្ធតែស្ថិតក្រោមការអភិរក្ស មិនមានការកែច្នៃឬអភិវឌ្ឍច្រើននោះទេ ដូច្នេះគឺអ្វីៗគ្រប់យ៉ាងនៅតាមបែបលក្ខណៈធម្មជាតិ»៕