ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត លើកឡើងថា ការបង្រួបបង្រួមជាតិ សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្រោមនយោបាយ «ឈ្នះ ឈ្នះ» នៅចុងឆ្នាំ ១៩៩៨ រដ្ឋាភិបាលមានលទ្ធភាពដោះស្រាយផលអវិជ្ជមានលើគ្រប់វិស័យក្នុងនោះសកម្មភាពមីន ក៏បានចូលរួមចំណែកយ៉ាងសំខាន់ដល់កិច្ចគាំពារសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមផងដែរ។
លោកនាយករដ្ឋមន្ត្រីបានលើកឡើងបែបនេះតាមរយៈសារលិខិតក្នុងឱកាសប្រារព្ធខួបលើកទី២៥ នៃទិវាជាតិយល់ដឹងអំពីមីន ២៤ កុម្ភៈ ២០២៤ ក្រោមប្រធានបទ «រួមគ្នាលុបបំបាត់គ្រោះថ្នាក់ដោយសារមីន និងគ្រាប់មិនទាន់ផ្ទុះក្នុងសហគមន៍»។ តាមរយៈសារលិខិតនេះដែរ លោក ហ៊ុន ម៉ាណែត បានក្រើនរំឭកដល់ជនរួមជាតិទាំងអស់ជាពិសេសប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងតំបន់រងផលប៉ះពាល់ដោយសារមីន និងគ្រាប់មិនទាន់ផ្ទុះឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះថ្នាក់ដែលបង្កឡើង ដោយសារគ្រាប់ទាំងនោះ។
លោកថា៖ «សង្គ្រាមបានបន្សល់នូវមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមយ៉ាងច្រើនសន្ធឹកសន្ធាប់ដែលបណ្តាលឱ្យប្រជាពលរដ្ឋរាប់ម៉ឺននាក់ រងរបួស ធ្លាក់ខ្លួនពិការ និងស្លាប់ព្រមទាំងបង្កនូវសោកនាដកម្មដ៏ឈឺចាប់ និងរាំងស្ទះដល់ការអភិវឌ្ឍប្រទេស»។
លោកបន្ថែមថា៖ «ជាមួយនឹងការបង្រួបបង្រួមជាតិ សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្រោម នយោបាយ «ឈ្នះ ឈ្នះ» នៅចុងឆ្នាំ ១៩៩៨ រាជរដ្ឋាភិបាលកម្ពុជា មានលទ្ធភាពដោះស្រាយផលអវិជ្ជមានលើគ្រប់វិស័យ។ ជាមួយគ្នានេះ សមិទ្ធផលសកម្មភាពមីន បានចូលរួមចំណែកយ៉ាងសំខាន់ដល់កិច្ចគាំពារសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម»។
គិតចាប់ពីឆ្នាំ ១៩៩២ ដល់ឆ្នាំ ២០២៣ រយៈពេល ៣១ ឆ្នាំ ផ្ទៃដីទំហំ ៣ ០២៤ គីឡូម៉ែត្រការ៉េ ត្រូវបានបោសសម្អាតសម្រាប់យកដីប្រើប្រាស់ និងបង្កបង្កើនផល ក្នុងនោះវិស័យកសិកម្ម ៧៦ ភាគរយ ហេដ្ឋារចនាសម្ព័ន្ធ ៥ ភាគរយ និងផ្សេងៗ ១៩ ភាគរយ ដែលរួមមានការសាងសង់លំនៅឋាន ភូមិករ សាលារៀន មណ្ឌលសុខភាពជាដើម ដោយប្រជាពលរដ្ឋទទួលផលចំនួន ១១ ៩៨០ ១៧២ នាក់។ ដោយឡែកក្នុងឆ្នាំ ២០២៣ ផ្ទៃដីចំនួន ៤៤៤ គីឡូម៉ែត្រការ៉េ ត្រូវបានបោសសម្អាតរួចក្នុងនោះបានរកឃើញ និងបំផ្លាញចោលមីនប្រឆាំងមនុស្សចំនួន ២៣ ៩៤៦ គ្រាប់ មីនប្រឆាំងរថក្រោះចំនួន ២០៤ គ្រាប់ និងគ្រាប់មិនទាន់ផ្ទុះចំនួន ៦៦ ៣៧៤ គ្រាប់។
ចំនួនជនរងគ្រោះបានថយចុះពី ៤ ៣២០ នាក់ ក្នុងឆ្នាំ ១៩៩៦ មកត្រឹម ៣២ នាក់ក្នុងឆ្នាំ ២០២៣ និងមកនៅក្រោម ១០០ នាក់ ក្នុង ១ ឆ្នាំជាមធ្យមរយៈពេល ១០ ឆ្នាំ និងមកក្រោម ៥០ នាក់ ក្នុង ១ ឆ្នាំ ជាមធ្យមរយៈពេល ៥ ឆ្នាំចុងក្រោយ។
លោក ហ៊ុន ម៉ាណែត ថ្លែងថា៖ «មកទល់ពេលនេះយើងបានរួមគ្នាសម្រេចបាននូវសមិទ្ធផលជាផ្លែផ្កាធំៗជាច្រើនលើសកម្មភាពមីនដែលជាកត្តាមួយដ៏សំខាន់ក្នុងការរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្រ»។
លោកលើកឡើងថា បើទោះបីទទួលបានជោគជ័យដ៏ត្រចះត្រចង់បែបនេះក៏ដោយក៏មិនបានធ្វើឱ្យរាជរដ្ឋាភិបាលព្រងើយកន្តើយនោះទេ ប៉ុន្តែតម្រូវឱ្យខិតខំបន្ថែមទៀតដើម្បីឈានទៅសម្រេចគោលដៅតាមផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីនឆ្នាំ ២០១៨-២០២៥ ដើម្បីអាចធានាបាននូវការរស់នៅរបស់ពលរដ្ឋ និងការអភិវឌ្ឍជាតិប្រព្រឹត្តទៅបានប្រកបដោយសុវត្ថិភាពខ្ពស់គ្រប់ទីកន្លែង។
ថ្វីបើវិស័យសកម្មភាពមីន បាននិងកំពុងទទួលលទ្ធផលដ៏ធំធេងយ៉ាងណាក្តី កម្ពុជាត្រូវធ្វើការ បោសសម្អាតផ្ទៃដីដែលមានមីនចំនួន ៥៣៣ គីឡូម៉ែត្រការ៉េ និងសំណល់ជាតិផ្ទុះពីសង្គ្រាមរួមទាំងគ្រាប់បែកចង្កោម ចំនួន ១ ៣២១ គីឡូម៉ែត្រការ៉េបន្ថែមទៀតដើម្បីសម្រេចបានតាមផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន ២០១៨-២០២៥ និងចក្ខុវិស័យ «កម្ពុជាគ្មានមីនឆ្នាំ ២០២៥»។
ក្នុងន័យនេះ រដ្ឋាភិបាលប្ដេជ្ញាបន្តការយកចិត្តទុកដាក់ដោះស្រាយបញ្ហាដែលបង្កឡើងដោយសារមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាមដោយអនុវត្តឱ្យបានត្រឹមត្រូវតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយ ចីរភាពកម្ពុជា ២០១៦-២០៣០ ផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន ២០១៨-២០២៥ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ «ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព កសាងមូលដ្ឋានគ្រឹះឆ្ពោះទៅ សម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០»។
សារលិខិតនេះដែរ លោក ហ៊ុន ម៉ាណែត បានលើកទឹកចិត្តឱ្យមានការចូលរួមឱ្យបានកាន់តែទូលំទូលាយពីសហគមន៍អន្តរជាតិ ដើម្បីបញ្ជ្រាបការយល់ដឹងពីគ្រោះថ្នាក់នៃមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះដែលជាឃាតករលាក់មុខ និងបន្តគំរាមកំហែងដល់សន្តិសុខមនុស្សជាតិ បើទោះបីជា សង្គ្រាមប្រដាប់អាវុធបានបញ្ចប់ក្តី។
ទន្ទឹមនឹងនេះ កម្ពុជាត្រូវបានរដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា ដែលមានសមាជិក ១៦៤ ប្រទេស បោះឆ្នោតជ្រើសតាំងជាប្រធាន និងជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ដែលកម្ពុជាប្រសិទ្ធនាមជា «កិច្ចប្រជុំកំពូលសៀមរាបអង្គរស្ដីពីពិភពលោកមួយដែលគ្មានមីន» ដែលគ្រោងប្រព្រឹត្តទៅនៅខេត្តសៀមរាប ចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២៤៕