​ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន ម៉ា​ណែ​ត លើកឡើងថា រដ្ឋាភិបាល​មាន​ភាពចាំបាច់​ក្នុងការ​ដំឡើង​តួនាទី​អ្នកកាន់ការ​​ងារ​ក្រសួង​មុខងារសាធារណៈ​ទៅជា​ឧបនាយករដ្ឋមន្ត្រី ដើម្បី​អាចមាន​ទម្ងន់​ក្នុងការ​ដឹកនាំ ឬ​ប្រាប់​ទៅកាន់​បណ្តា​ក្រសួង​-​ស្ថា​​ប័ន​ផ្សេងទៀត​ក្នុង​ជួរ​រដ្ឋាភិបាល ក្នុងនាម​ជា​សេនាធិការ​អនុវត្ត​កំណែទម្រង់ មុខងារសាធារណៈ បើទោះបី​អ្នក​កាន់​ក្រសួង​នេះ​មិនមែនជា​លោក​ ហ៊ុន ម៉ា​នី​ ដែល​ត្រូវជា​ប្អូនប្រុស​លោក​ក្តី​។​


​ការលើកឡើង​របស់លោក ​ហ៊ុន ម៉ា​ណែ​ត នេះ​ធ្វើឡើង​នៅក្នុង​ពិធី​ប្រកាស​ជយលាភី​អង្គ​ភាព​ផ្ដល់​សេវាសាធារណៈ​គំរូ ក្នុង​វិស័យ​អប់រំ​និង​សុខាភិបាល​ឆ្នាំ​​ ២០២៣ និង​ប្រកាស​ដាក់ឱ្យអនុវត្ត សម្រាប់​ឆ្នាំ ​២០២៤ នៅ​ព្រឹក​ថ្ងៃទី​ ២២ ខែកុម្ភៈ ឆ្នាំ​ ២០២៤​។

​ការបញ្ជាក់​នេះ​ជាការ​ឆ្លើយតប​ទៅនឹង​មតិ​រិះគន់​មួយចំនួន​បន្ទាប់ពី​លោក ​ហ៊ុន ម៉ា​នី ត្រូវបានតែងតាំង​ជា​ឧ​ប​នា​យក​រដ្ឋមន្ត្រី​ទី​១១ ក្នុង​ជួរ​រដ្ឋាភិបាល​អា​ណ​ត្តិ​ទី​៧ បន្ថែម​លើ​មុខងារ​ជា​រដ្ឋមន្ត្រី​ក្រសួង​មុខងារសាធារណៈ តាមរយៈ​ព្រះរាជក្រឹត្យ​តែងតាំង​ដោយ​ព្រះមហា​ក្សត្រ ព្រះបាទ​សម្ដេច ព្រះបរមនាថ​នរោត្តម សីហមុនី នៅ​ថ្ងៃទី ​២១ ខែកុម្ភៈ ឆ្នាំ​ ២០២៤​ ក្រោយពី​សមាជិក​រដ្ឋសភា​ចំនួន​ ១២០ ​រូប បាន​បោះឆ្នោត​គាំទ្រ ជា​ឯកច្ឆន្ទ​ក្នុងសម័យ​ប្រជុំ​វិសាមញ្ញ​រដ្ឋ​សភា​នីតិកាល​ទី៧​។​


​លោក ហ៊ុន ម៉ា​ណែ​ត សង្កត់ធ្ងន់ថា​៖ «​ទោះបី​អ្នក​កាន់​នេះ ​[​រដ្ឋមន្ត្រីក្រសួង​​មុខងារសាធារណៈ​] មិនមែន​ ហ៊ុន ម៉ា​នី អ្នកណា​ក៏ដោយ ក៏ត្រូវ​ដំឡើង​ដែរ ​[​ទៅជា​ឧបនាយករដ្ឋមន្ត្រី​] ដោយសារ​អ្វី​? ដោយសារ​ក្រសួង​នេះ ដើរតួនាទី​ជា​សេនាធិការ​នៅក្នុង​ការអនុវត្ត​កែទម្រង់​មុខងារសាធារណៈ ដែល​ពាក់ព័ន្ធ​ទៅដល់​គ្រប់​ក្រសួង​ស្ថាប័ន​ទាំងអស់​»​។​

​លោក​បន្តថា​៖ «​បើ​សេនាធិការ​ទម្ងន់​ទាប​ទៅប្រាប់​គេ​ធ្វើការ​យ៉ាងម៉េច​? ឱ្យ​នាយករដ្ឋមន្ត្រី​ដើរ​ធ្វើការ​ខ្លួនឯង​ឬ​យ៉ាងម៉េច​? គឺ​តម្រូវការ​ក្រសួង​ស្ថាប័ន វា​គ្រាន់តែ​រដ្ឋមន្ត្រី​មានត្រកូល​ដូច​ខ្ញុំ ប៉ុន្តែ​តម្រូវការ​កំណែទម្រង់​អាទិភាព យើង​ត្រូវ​បង្កើន​សិទ្ធិ បង្កើន​តួនាទី ឱ្យធ្វើ​»​។​


​លោក​បញ្ជាក់ថា កំណែទម្រង់​មុខងារសាធារណៈ មាន​ភាពចាំបាច់​ខ្លាំងណាស់ ដើម្បី​ជា​ប្រយោជន៍​ជាតិ ខណៈ​ក្រសួង​​មុខងារសាធារណៈ ទទួលបន្ទុក​កិច្ចការ​ងារ​ធំជាងគេ គឺ​កំណែទម្រង់រដ្ឋបាល សាធារណៈ​ទាំង​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ ហើយ​កម្ពុជា​មិនមាន​ពេល​ច្រើន​ទៀតឡើយ ក្នុងការ​ធ្វើកំណែទម្រង់​នេះ ដែល​ទាមទារ​ការងារ​ដ៏​ច្បាស់លាស់​​និង​ម៉ឺងម៉ាត់​បំផុត​។

លោក​បន្ថែមថា កិច្ចការ​នេះ​ត្រូវការ​ទម្ងន់ ដូចជា​ការបង្កើត​គណៈ​កម្ម​ការ​ជាតិ​លើ​កំណែទម្រង់​ ៣ គឺ​វិស័យ​អប់រំ សុខាភិបាល និង​មុខងារសាធារណៈ ខណៈ​មាន​នាយករដ្ឋមន្ត្រី​ជា​ប្រធាន​គណៈកម្មការ និង​រដ្ឋមន្ត្រី​ពី​ក្រសួង​ជំនាញ​ជា​សេនាធិការ និង​ជា​ប្រធាន​លេខាធិការដ្ឋាន​ក្នុងការ​ដឹកនាំ​អនុវត្ត តួយ៉ាង​ក្នុង​វិស័យ​អប់រំ មាន​លោក​ហង់​ជួន ណា​រ៉ុ​ន វិស័យ​សុខាភិបាល​មាន​លោក​ឈាង រ៉ា ចំណែក​វិស័យ​មុខងារសាធារណៈ​មាន​លោក​ហ៊ុន ម៉ា​នី​។​

​ជុំវិញ​បញ្ហា​នេះ លោក ប៉ា ច័ន្ទ​រឿន ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា យល់ស្រប​ចំពោះ​ទស្សនៈ​របស់លោក នាយករដ្ឋមន្ត្រី ក្នុងន័យ​អភិបាលកិច្ច ការធ្វើកំណែទម្រង់​រដ្ឋបាល​សាធារណៈ ដែល​ទាមទារ​ឱ្យ​រដ្ឋមន្ត្រី​មុខងារសាធារណៈ​មានអំណាច និង​ឥទ្ធិពល​គ្រប់គ្រាន់​ក្នុងការ​ដឹកនាំ និង​ចាត់ចែង​កម្មវិធី​ន​យោ​បាយ​កំណែទម្រង់​ដែល​ការដំឡើងឋានៈ​រដ្ឋមន្ត្រី​មុខងារសាធារណៈ​ជា​ឧបនាយក​​រដ្ឋមន្ត្រី​ឱ្យមាន​អំណាច​អាជ្ញាសឹក​ជា ភាពចាំបាច់​។

ទោះជា​យ៉ាងណា​លោក ប៉ា ច័ន្ទ​រឿន​ថា សម្រាប់​បរិបទ​នយោបាយ​កម្ពុជា​សព្វថ្ងៃ ដែល​ក្នុង​ជួរ​រដ្ឋាភិបាល មាន​នាយករដ្ឋមន្ត្រី​ជា​បង ហើយ​ដំឡើង​រដ្ឋមន្ត្រី​ដែល​ត្រូវជា​ប្អូនប្រុស​ទៅជា​ឧបនាយករដ្ឋមន្ត្រី ប្រាកដ​ណាស់​ចៀស​មិន​ផុតពី​ការរិះគន់​ក្នុង​រង្វង់​សាធារណៈ​ឡើយ​។​

​យ៉ាងណាក្តី​លោក​ថា​៖ «​អ្វីដែល​គេ​ចាំមើល​ទាំងអស់គ្នា​នោះ រួមទាំង​ប្រជា​ពលរដ្ឋ ថា​តើ​ការដំឡើង និង​ផ្តល់​អាជ្ញា​​សឹក​បន្ថែម​ទៅដល់​រដ្ឋមន្ត្រី​មុខងារ​សាធារណៈ​នេះ​នឹង​អាចជួយ​ព​ន្លឿ​ន និង​ធ្វើឱ្យ​ដំណើរការ នៃ​ការកែទម្រង់​វិស័យ​សេវាសាធារណៈ​ហ្នឹង​មាន​ប្រសិទ្ធភាព​ប៉ុនណា​»​។

លោក​បន្ថែមថា ដើម្បី​ឆ្លើយ​តប​ចំពោះ​មតិ​រិះគន់ លោក ​ហ៊ុន ម៉ា​នី ដែល​បាន​ក្លាយជា​ឧបនាយករដ្ឋមន្ត្រី ធា្ល​ប់​បំពេញ​តួនាទី​ជា​តំណាងរាស្ត្រ ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ផង​នោះ ត្រូវតែ​បង្ហាញ​ស្នាដៃ​នៅក្នុង​កិច្ចការងារ​កំណែទម្រង់​រដ្ឋបាល​សា​ធា​​រណៈ ដើម្បីឱ្យ​ស័ក្តិសម​ទៅនឹង​សេចក្តី​ទុកចិត្ត​ចំពោះ​ការតែងតាំង​រូបលោក​។​

​លោក ​ប៉ែន បូ​ណា ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល គូសបញ្ជាក់ថា ដើម្បី​អាចបំពេញ​ចក្ខុវិស័យរ​ដ្ឋា​ភិ​បាល​ប្រែក្លាយ​កម្ពុជា​ជា​ប្រទេស​ចំណូល​កម្រិត​ខ្ពស់​ក្នុង​ឆ្នាំ​ ២០៥០ ខាងមុខ លោក ហ៊ុន ម៉ា​ណែ​ត ​មាន​ផែនការ​ច្បាស់លាស់​លើ​ការងារ​កំណែទម្រង់ និង​អភិបាលកិច្ច​ជា​ស្នូល​ដែល​បំផុស​ក្នុង​យុទ្ធសាស្ត្រ​បញ្ច​កោណ​របស់ខ្លួន ជាការ​ងារ​បន្ត​ពី​យុទ្ធសាស្ត្រ​ចតុកោណ​នៃ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​អតីត​នាយករដ្ឋមន្ត្រី​លោក​ ហ៊ុន សែន​។

លោក​សង្ក​ត​ធ្ងន់​ថា​៖ «​អ្វីៗ​ដែល​ដាក់ចេញ​នៅពេលនេះ ជាការ​​សម្រួច​ដើម្បី​សម្រេច​គោលដៅ​ចក្ខុ​​វិស័យ​កម្ពុជា​ឆ្នាំ​ ២០៥០ ដែល​នៅសល់​ជាង ​២៥​ ឆ្នាំ​ទៀត ដែល​វា​មិនយូរប៉ុន្មាន​ឡើយ ដែល​ត្រូវ​ការធ្វើ​កំណែ​​ទម្រង់​ឱ្យ​លឿន​រហ័ស​»​។​

​កាលពី​ខែសីហា ឆ្នាំ​ ២០២៣ គ្រា​លោក​ ហ៊ុន ម៉ា​នី ទើប​ឡើងកាន់តំណែង​ជា​រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ លោក​បាន​ថ្លែង​ប្តេជ្ញាចិត្ត​ជំរុញ​ការធ្វើកំណែទម្រង់ និង​ពង្រឹង​រដ្ឋបាល​សាធារណៈ និង​ការធ្វើ​ទំនើបកម្ម​ស្ថាប័ន​សា​ធា​រណៈ​ជា​គោលដៅ​ធំ​ក្នុង​អាណត្តិ​ទី​៧​។

​ជាមួយគ្នានេះ​លោក​ក៏បាន​កំណត់​បេសកកម្ម​ធំៗ​ចំនួន​ ២ ដោយ​ក្នុងនោះ ទី​១ អនុវត្ត​ចក្ខុវិស័យ​នាយករដ្ឋមន្ត្រី​ ហ៊ុន ម៉ា​ណែ​ត ទី២ ជំរុញ​កំណែទម្រង់ និង​ពង្រឹង​រដ្ឋបាល​សាធារណៈ​ប្រកប​​ដោយ​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល​ក្នុង​រដ្ឋាភិបាល​អាណត្តិ​ទី​៧ ឆ្ពោះទៅ​ឆ្នាំ​ ២០២៨ និង​អនាគត និង​ទី​៣​ ចូលរួមចំណែក​ក្នុងការ​លើកស្ទួយ និង​ការធ្វើ​ទំនើបកម្ម​ស្ថាប័ន​សាធារណៈ​៕​